ចក្រីកែវ (មានជ័យ)
ឧកញ៉ាចក្រីកែវ (កាន់.គស.១៥១៦-ប្រ.១៥៦៧) គឺជាមន្ត្រីចតុស្ដម្ភនៃព្រះបាទបរមខត្តិយា មហាចន្ទរាជា។ កាលពីដំបូងលោកមានងារជា ហ្លួងភក្ដីនុរ័ក្ស ជាព្រះភីលៀងរបស់ទ្រង់តាំងពីនៅកម្ពុជារហូតដល់ត្រឡប់ចូលស្រុកវិញ។
ចក្រីកែវ | |
---|---|
ឧកញ៉ាចក្រីនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស. ១៥១៦ – ១៥២២ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ហ្លួងភក្ដីនុរ័ក្សនៃក្រុងមានជ័យ | |
ក្នុងការិយាល័យ គ.ស.១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | កែវ |
សមរភូមិសំរោងទង គស.១៥១៧ កែប្រែ
សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបានឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខេត្ដសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។
ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខេត្ដលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែឲ្យឃុំពល ២០០០០ នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យោយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌នៅខេត្ដលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែលើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយកព្រះរាជានុកូលទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។
សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨ កែប្រែ
លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយគ្មានស្រូវវេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ្វាទឡ្ហៈទេព ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាពេជ្រមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
សមរភូមិកំពង់សៀម គស.១៥១៩ កែប្រែ
សម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំងឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រី ឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជ ឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈ ឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតី ឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខែត្រកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខែត្រកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខែត្រកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខែត្រធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរា-មកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួងខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះ ក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។
ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះ ព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបំរើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជជាសេនាបតីសំរាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខែត្រកំពង់សៀម។ ខណៈនោះ កងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចំបាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល ៥ ឬ ៦ នាក់នៅរក្សា។ ក្នុង ១៥០ ទូកនោះមានរេហ៍ពលតែ ១៥០០ នាក់ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចំបាំងងទាំងអស់មកក្រាបបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចំបាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជចាប់បានសត្រូវចំនួន ៨០០ នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជរាយការណ៍តាមដំណើរ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់។
ឯកងទ័ព សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវប្រមាណ ៥០០ នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចំបាំង ១៥០ នោះហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។ សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចំបាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា ៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជជាទ័ពអម្ចាស់ត្រើយខាងលិច។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយឲ្យឃុំពល ២០០០០ នាក់ទៅចោមបន្ទាយខែត្រកំពង់សៀមទៀត។ មេកងធំទាំង ៣ នាក់ទទួលព្រះរាជតំរាស់ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង នឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រាម្ដងចាញ់ម្ដងឈ្នះ ពុំបានសំរេចជ័យជំនះទៅខាងណាៗឡើយ។
លុះដល់ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។
ផែនការធ្វើគតស្ដេចកន កែប្រែ
រួចស្រេចស្ដេចចូលគង់ ទ្រង់មានព្រះរាជបន្ទូលនឹងអស់សព្វមុខមន្ដ្រីថា ទំនៀមទំលាប់ពីបុរាណរៀងមកដល់រដូវមហាសង្ក្រាន្ដចូលឆ្នាំថ្មី ហើយព្រះមហាក្សត្រាធិរាជ ស្ដេចតែងចេញទតព្រះនេត្រអស់សេនាទាហាន និងអាណាប្រជានុរាស្ដ្រក្នុងខែត្រដែលបានហាត់ក្បួនគុនដាវអាវុធមក ប្រជុំថ្វាយថ្វីដៃ។ បើគូណាដៃជាទ្រង់តែងប្រោសព្រះរាជទានរង្វាន់ និងចិញ្ចឹមឲ្យជារេហ៍ពលតទៅទៀត។ ៣ ឆ្នាំមកហើយយើងបានឃើញថា មនុស្សដែលចូលមកប្រឡងយកថ្វីដៃតិចណាស់ យើងនឹងរើសដាក់ជាទាហានក៏ពុំគ្រប់គ្រាន់ពុំធួននឹងរាជការដែលត្រូវការ។
ឥឡូវនេះ ជិតចូលឆ្នាំថ្មីហើយគប្បីឲ្យអស់សេនាបតីប្រកាសឲ្យគ្រប់ខែត្របានដឹងថា បើឈ្មោះណាបាញ់កាំភ្លើង ធ្នូ ស្នាត្រង់ ច្បាំងលើខ្នងដំរីឈ្នះគេ ៣ ថ្ងៃយើងនឹងទុកជាលេខ១ ហើយនឹងប្រោសព្រះរាជទានឲ្យមានយសស័ក្ដិ ៥ ហ៊ូពាន់ព្រមទាំងព្រះរាជទានរង្វាន់មាស ប្រាក់ដីស្រែចំការច្បារដំណាំ ភូមិឋានឲ្យមានសមគួរ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាលើខ្នងសេះឈ្នះគេ ៣ ថ្ងៃ យើងទុកជាលេខ ២ ហើយនឹងព្រះរាជទានយសស័ក្ដិជា ៤ ហ៊ូពាន់ និងរង្វាន់មាសប្រាក់ភូមិឋានឲ្យតាមសមគួរ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាឈ្នះគេនៅលើដី ៣ ថ្ងៃទុកជាលេខ៣ ហើយនឹងប្រោសព្រះរាជទានយសស័ក្ដិ ៣ ហ៊ូពាន់ និងរង្វាន់មាសប្រាក់តាមសមគួរ។ បើគូណាមានថ្វីដៃចុះជារណ្ដាប់ក្រៅពីនោះ យើងនឹងព្រះរាជទានជា ឧកញ៉ាម៉ឺន ជាម៉ឺន ជានាយរាល់រូប។ អស់សេនាបតីក្រាបបង្គំទទួលព្រះរាជបន្ទូលថ្លៃវិសេសហើយក៏ថ្វាយបង្គំលាចេញទៅធ្វើសំបុត្រប្រកាសប្រាប់ទៅចៅហ្វាយស្រុកឲ្យប្រាប់អស់អ្នកមុខអ្នកការបណ្ដារាស្ដ្រឲ្យដឹងគ្រប់គ្នាតាមត្រាស់បង្គាប់។ ខណៈនោះអស់មនុស្សដែលមានចំណេះវិជ្ជាការខំហ្វឹកហ្វឺនហាត់រៀនរាល់គ្នា។ លុះចូលសង្ក្រាន្ដថ្មី ឆ្នាំរោង ទោស័កសេនាទាហាន អាណាប្រជានុរាស្ដ្រចូលមករកនាយចៅហ្វាយទីទៃៗដើម្បីរង់ចាំដល់ថ្ងៃចូលប្រឡងចំណេះវិជ្ជាការថ្វាយថ្វីដៃគ្រប់ៗគ្នា។ ការប្រឡងជាន់នោះរើសបានសេនាទាហានច្រើនលើសឆ្នាំមុនៗ ១០ សួន។ ព.ស ២០៦៤, គ.ស ១៥២០, ម.ស ១៤៤២, ច.ស ៨៨២ ឆ្នាំរោង ទោស័ក សិរីរាជសម្បត្ដិស្ដេចគ្រប់គ្រងនគរនៅខែត្រខាងលិចបាន ៥ ព្រះវស្សា សម្ដេចព្រះអគ្គមហេសីសម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាមព្រះរាមាធិបតីនោះ សម្ដេចព្រះបិតុរង្គាធិរាជជាអម្ចាស់ត្រាស់ឲ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀបទទួលតាមព្រះសិរីយស សម្ដេចព្រះឱរសាធិរាជឯកតាមទំនៀម។ លុះបានមួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឲ្យមុខងារធ្វើព្រះរាជពិធី ចំរើនព្រះកេសាព្រៃ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ដ្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញហែសុវណ្ណមាលាថ្វាយភួងព្រះហស្ថរាល់ៗគ្នា។ ឯសម្ដេចព្រះវររាជបិតាក៏ទ្រង់ព្រះរាជទានសួយសារអាករក្នុងខែត្របាត់ដំបងជាចំណងព្រះហស្ថនៃសម្ដេចព្រះប្រិយបុត្របរិសុទ្ធ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ២០៦៥, គ.ស ១៥២១, ម.ស ១៤៥៣, ច.ស ៨៨៣ នោះ អ្នកម្នាងបទុមបុប្ផាជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយអង្គទ្រង់ប្រោសព្រះនាមជាព្រះអង្គបរមិន្ទរាជា។ សម្ដេចព្រះវររាជបិតា ទ្រង់ពេញព្រះស្នេហាទាំងពីរអង្គដូចគ្នា។
នេះនឹងនិយាយអំពីឧកញ៉ាមន្ដ្រីកែវ សេនាបតីភូសំរេចរាជការផ្នែកកងទ័ពជើងគោកខាងព្រះចៅក្រុងកម្ពុជាទិសខាងលិចនោះ កាលជិតដល់ចូលឆ្នាំម្សាញ់ ត្រីស័ក ឧកញ៉ាក៏គិតថាពីមុនព្រះស្ដេចកនបានឲ្យពល ១០០ នាក់មកក្លែងកលប៉ងនឹងធ្វើអន្ដរាយអម្ចាស់យើង យើងពុំទាន់បានសងកលវាម្ដងនៅឡើយទេ។ ឥឡូវនេះជិតចូលឆ្នាំថ្មី ហើយព្រះស្ដេចកនមុខជានឹងប្រមូលសេនាទាហានឲ្យល្បងថ្វីដៃជាមិនខាន។ ដូច្នោះ នរណាហ្ន៎! បណ្ដាអ្នកអាចនឹងទទួលអាសាទៅប្លមធ្វើជាពួករបស់ពួកវា ហើយបាញ់វាសំលាប់ចេញបានសោះនឹងនឿយព្រួយរវល់ច្បាំងតទៅទៀតថា បើឯងរាល់គ្នាសំរេចការនេះឲ្យបានដូចប្រាថ្នា យើងនឹងក្រាបទូលសុំឲ្យឡើងយសស័ក្ដិឲ្យបានជាធំ។ ខណៈនោះសេនា៤ នាក់ដែលមានថ្វីដៃត្រង់ខាងបាញ់កាំភ្លើងគឺឈ្មោះប្រាច នៅខែត្រទ្រាំង ឈ្មោះ ក្ដាន់ នៅខែត្រកំពត ឈ្មោះតោ នៅខែត្របន្ទាយមាស ឈ្មោះជ័យ នៅខែត្រសំរោងទង បានចូលមកនៅជាខ្ញុំរាជការ ហើយចងជាសំឡាញ់នឹងគ្នាគិតគ្នាថា យើងចូលមកនៅជាខ្ញុំរាជការនេះប្រាថ្នាស្វែងរកគុណបំណាច់ បើបានកលហើយត្រូវទទួលយកអាសាអម្ចាស់ផែនដី។ លុះយល់ព្រមគ្នាហើយសេនាទាំង ៤ នាក់ក៏ឆ្លើយថា យើងខ្ញុំប្របាទទាំង ៤ នាក់នេះសុំទទួលយកអាសាធ្វើការថ្វាយព្រះបរមបពិត្រថា ហើយសេនាទាំង ៤ នាក់នោះក៏សំពះជំរាបលាចេញទៅ។ លុះមកដល់កំពង់ហ្លួងក្នុងខែត្រសំរោងទងទាំង ៤ នាក់ ក៏សុំដោយសារទូកគេឆ្លងកាត់ទៅដល់ខែត្របាសាន្ត ហើយកាត់ទៅដល់ក្រុងស្រឡប់ពិជ័យនគរ។ ពេលទៅដល់ក្រុងនេះពីរថ្ងៃ សេនាទាំងនោះបានសំគាល់ឃើញថា មានមនុស្សម្នាកាន់កាំភ្លើងគ្រឿងអាវុធចូលទៅទីរាំងព្រ័ត្រនៅវាល មុខព្រះពន្លាជាច្រើន ឃើញរាស្ដ្រប្រជានាំគ្នាមើលពិធីនោះរាប់ម៉ឺននាក់។ លុះដល់ថ្ងៃរសៀលម៉ោង ២ សេនាទាំង ៤ នាក់ក៏ចូលទៅបន្លំអែបនឹងអ្នកស្រុកដែលឈរមើលនោះ។ ក្នុងវេលានោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យនគរស្ដេចតើនចាកក្រឡាព្រះបន្ទំ ហើយចូលស្រង់ ទ្រង់គ្រឿងសំរាប់ព្រះមហាក្សត្ររួច ទ្រង់នាំអស់ស្នំធំតូចចេញទៅគង់នៅព្រះពន្លាខ្ពស់ចំពោះមុខ សេនាទាហានធំតូចដែលមកជួបជុំ រួចទ្រង់ផ្គូមនុស្សជិះសេះ ជិះដំរីចូលប្រកាប់គ្នា។ អស់ភ្នាក់ងារក៏វាយស្គរជ្វាតាមទំនងចូលសង្គ្រាម។ ការប្រឡងយកថ្វីដៃលុះបានឈ្នះចាញ់ហើយ ចៅពញាមហាសេនាយោធាសង្គ្រាមក៏នាំមនុស្សដែលខាងឈ្នះនោះចូលទៅថ្វាយបង្គំ ទើបសម្ដេចព្រះស្រីជេដ្ឋាប្រទានប្រាក់មួយជញ្ជីង ហើយឲ្យជានាយពលរេហ៍ រួចទ្រង់ឲ្យលើកវង់ចងឲ្យខ្ពស់ស្មើក្បាល។ វង់នោះគូសខ្សែក្រៅពណ៌ខ្មៅ ខ្សែបន្ទាប់ពណ៌ក្រហម ចំណុចខាងក្នុងវង់នោះ លាបពណ៌សរួចឲ្យមនុស្សបាញ់ម្នាក់ម្ដងគ្រប់ៗគ្នា។ មនុស្សដែលបានបាញ់ពេលនោះដល់ទៅ ២៣ នាក់តែបាញ់ពុំត្រូវក្នុងវង់ ៣ ជាន់នោះឡើយ។ អស់អ្នកកាន់ធ្នូខ្លះបាញ់ដល់ ខ្លះបាញ់ពុំដល់។ អ្នកកាន់ស្នាបាញ់ពុំដល់សោះ។ អ្នកកាន់កាំភ្លើងបាញ់ដល់តែមិនត្រូវ។ ទើបព្រះអង្គបែរព្រះភ័ក្ដ្រទៅត្រាស់នឹងស្នំឯក ទោ ត្រី ចត្វា ថា អាចោលម្សៀតទាំងអស់នេះមានថ្វីដៃយ៉ាងនេះ ស្រីណានឹងដោយកើត។ ខណៈនោះ ពួកព្រះស្នំក្រមការឮហើយក៏សើចទ្រហឹងអឺងកង។ ខ្លះទូលថា ក្រែងវង់នោះនៅឆ្ងាយណាស់ដឹងឬ? ទើបព្រះអង្គថា ឆ្ងាយប៉ុណ្ណឹងក៏អញបាញ់ត្រូវដែរ បើអញបាញ់ត្រូវឲ្យអញធ្វើម្ដេច? ពួកព្រះស្នំថា បើទ្រង់បាញ់ត្រូវនឹងក្រងផ្កាថ្វាយ។ ខ្លះថាបើទ្រង់បាញ់ត្រូវនឹងថ្វាយព្រះស្នំយ៉ាងក្រអូប ៥ ។ ខ្លះថា ឲ្យដករោមភ្នែក។ ខ្លះថា បើទ្រង់បាញ់ត្រូវខ្ញុំម្ចាស់ទទួលកោត។ លុះអស់អ្នកព្រះស្នំទូលថ្វាយកំសាន្ដចប់ហើយ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ហើយត្រូវព្រះទ័យណាស់ ទើបទ្រង់ស្ទុះចេញមកក្រៅកន្ត្រាក់យកព្រះកៅទណ្ឌចុះទៅរានហាល ហើយព្រះអង្គឡើងឈរលើព្រះកើយ ព្រះហស្ថស្ដាំចាប់ព្រួញទាំង ៥ គងឡើងហើយទ្រង់ត្រាស់ប្រាប់នាម៉ឺនមុខមន្ដ្រី ស្រីស្នំ ក្រមការដែលជួបជុំក្នុងទីនោះទាំងប៉ុន្មានថាឲ្យចាំមើលយើងៗនឹងបាញ់ឲ្យត្រូវវង់ស។ ទ្រង់ថ្លែងកៅទណ្ឌនោះទៅសរក៏ត្រូវវង់សមែន។ លុះទ្រង់ថ្លែងព្រួញមួយទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ។ លុះបាញ់ព្រួញជាប់គំរប់ ៣ ទៀត ព្រួញគំរប់ ៣ នេះទៅត្រូវព្រួញគំរប់ ២ រហូតទៅត្រូវជាប់នឹងព្រួញគំរប់មួយ។ កាលនោះ អស់ព្រះស្នំក្រុមការ និងសេនាបតីមន្ដ្រីធំតូចឃើញដូច្នោះក៏ស្រែកហ៊ោគឹកកង។ ភ្នាក់ងារតូរ្យតន្ដ្រីក៏តាំងវាយស្គរថ្វាយសព្ទសាធុការពរខ្ទរខ្ទារនៅទីនោះ។ ឯបំរើទាំង ៤ នាក់ដែលឧកញ៉ាចក្រីកែវប្រើទៅទីនោះ ឃើញវឹកវរដូច្នោះហើយក៏លើកកាំភ្លើងឡើងតំរង់ចំទៅឆ្អឹងជំនីរ ព្រះស្ដេចកនខាងឆ្វេង។ តែដោយតេជៈព្រះស្ដេចកនពុំទាន់អស់បុណ្យ គ្រាប់នោះបាញ់ខុសមួយទះដៃ និងបាញ់ថែមទៀតក៏ពុំទាន់។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីស្រឡប់ពិជ័យនគរស្ដេចកំពុងឈរមាននៅជាប់ព្រួញពីរនៅព្រះហស្ថនោះ លុះឮសូរកាំភ្លើងបាញ់ខាងឆ្វេងហើយ ក៏ក្រលេកប្រែព្រះភក្ដ្របាញ់តាមផ្សែងរំសេវនោះទៅ ព្រួញក៏ត្រូវប្រជុំចិញ្ចើមអ្នកបាញ់ព្រះអង្គស្លាប់នៅទីនោះមួយរំពេច។
ទ្រង់ទតទៅឃើញម្នាក់លូកដៃទៅគ្រាហ៍គ្នាវានោះក៏បាញ់មួយព្រួញទៅទៀត ត្រូវត្រង់សៀតផ្កាអ្នកដែលលូកដៃទៅគ្រាហ៍នោះស្លាប់មួយរំពេចទៀត។ អស់សេនាបតី មន្ដ្រី នាយកងទ័ព និងប្រជានុរាស្ដ្រ ក៏ភ្ញាក់ផ្អើលវឹកវរជាកោលាហលរចល់រកចាប់ពួកអាក្បត់ តែពួកក្បត់ក៏រត់រួច។ ព្រះស្ដេចកនក៏បញ្ជាឲ្យកាត់ក្បាលអ្នកដែលស្លាប់ទាំងពីរនាក់នោះដោតជាបំរាមរួចស្ដេចត្រឡប់ចូលព្រះរាជវាំងវិញ។
ឯបំរើឧកញ៉ាចក្រីដែលទៅលុកនោះ នៅរស់ពីរនាក់ លុះត្រឡប់ឆ្លងទន្លេដើរទៅដល់ខែត្រពោធិ៍សាត់ហើយ ក៏ចូលទៅប្រណិប័តន៍ប្ដឹងអ្នកឧកញ៉ាចក្រីតាមដំណើរសេចក្ដីគ្រប់ប្រការ។ ឧកញ៉ាចក្រីក៏នាំហេតុដំណើរនោះឡើងក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទតាមដំណើរសេចក្ដី ទើបព្រះបរមចក្រមហាចន្ទរាជាធិរាជបរមរាមាជាអម្ចាស់ទ្រង់ត្រាស់ នឹងអស់ខ្ញុំព្រះរាជការសេនាទាំងឡាយថា ឧកញ៉ាចក្រីគិតធ្វើដូច្នេះពុំគួរទេ ដ្បិតដើមនោះអាស្ដេចកនវាជាស្ដេចព្រៃ វាឲ្យមនុស្សមកលុកយើងមុន វាខុសច្បាប់ខុសទំនៀមទ័ពទៅហើយ។ កាលដែលឧកញ៉ាចក្រីឲ្យមនុស្សទៅលបលុកវាវិញនឹងនាំឲ្យខូចព្រះកិត្ដិយសដែរ។ ប៉ុន្ដែគ្រានោះ យើងអភ័យទោសឲ្យម្ដងចុះ ហើយទ្រង់ត្រាស់ប្រដៅថា វិស័យសឹកក្រស័ត្រ បើថានឹងគិតជាឧបាយកលបែបណាៗនោះ លុះត្រាតែកុំប្រទល់ប្រទះទ័ពគ្នា។ ឥឡូវនេះគេនឹងយើងវិលមកលំនៅរាល់ខ្លួនហើយ ហើយយើងប្រើមនុស្សឲ្យទៅលបលុកគេនោះ ពាក្យបុរាណលោកហៅថា ចោរសង្គ្រាមពុំប្រសើរឡើយ។ ទ្រង់ត្រាស់ហើយ ស្ដេចយាងចូលទៅទីខាងក្នុងព្រះរាជរោងរមវិញទៅ។ តាំងតែពីខែនោះរៀងមក ស្ដេចទាំងពីរព្រះអង្គទ្រង់សំរាកឈប់ធ្វើសង្គ្រាមនឹងគ្នារាស្ដ្រប្រជាក៏បានសុខបន្ដិច។ តែបើអ្នកឈ្មួញ លក់រទេះ ទូកនោះ ស្ដេចឲ្យមានកងទ័ពនៅត្រួតត្រាមើល។ បើឃើញរទេះណា ទូកណាមានគ្រឿងសាស្ដ្រាវុធត្រូវដកហូតចេញពុំឲ្យមានឡើយ។ ពេលនោះឈ្មួញទៅមកជួបទាំងនគរខាងកើត ខាងលិចលក់ដូរទំនិញជាសុខទាំងសងខាង។ កងទ័ពរបស់សម្ដេចត្រើយខាងលិចខាងកើតប្រកាន់ច្បាប់តែសព្វខ្លួនឥតខុសឆ្គងឡើយ។
សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥) កែប្រែ
ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ពទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តំរិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតំរិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទម្លាយចូលកាប់សំលាប់អាក្បត់ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សំលាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទម្លាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង ត្រូវដើមដៃស្ដេចកន ដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។ ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសំលាប់ស្ដេចកនបាននោះនៅក្នុងឆ្នាំរកា សប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជសម្បត្តិស្ដេចកនបាន ១៤ ឆ្នាំ ព្រះជន្ម ៤២ ឆ្នាំសុគត។
ឯកសារយោង កែប្រែ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ឧកញ៉ាចក្រីនៃកម្ពុជាធិបតី គ.ស.១៥១៦-១៥២២ |
តដោយ មិនស្គាល់ |
មុនដោយ មិនស្គាល់ |
ហ្លួងភក្ដីនុរ័ក្សនៃក្រុងមានជ័យ គ.ស.១៥១៦ |
តដោយ មិនស្គាល់ |