ពលលាវ
ខេត្តពលលាវ
ពលលាវ ជាខេត្តមួយនៃដែនដីកម្ពុជាក្រោម ឋិតនៅតំបន់ ដែនដីសណ្តទន្លេមេគង្គ ។ ខេត្តពលលាវ សម្បូរ ដោយ ភោគផលកសិកម្ម មានចំការ ដំណាំស្រែស្រូវ ស្រែអំបិល ជលផលទឹកសាបទឹក ប្រៃ និងរចនាសម្ព័ន្ធ ធារាសាស្ត្រ ធម្មជាតិខ្វាត់ខ្វែង ។ ទិដ្ឋភាពខេត្តពលលាវ ។
ទិដ្ឋភាពខេត្តពលលាវ ។
ពលលាវ ស្ថិតនៅបែកខាងលិចនៃដែនដីកម្ពុជាក្រោម មជ្ឈមណ្ឌលនៃខេត្តនេះគឺ ទីរួមខេត្តពលលាវ (យួនៈthị xã Bạc Liêu) ។ ពីទីរួមខេត្តពលលាវទៅទីក្រុងព្រៃនគរ (Sài Gòn ឬ Ho Chi Minh ) មានចម្ងាយ ២៨០ គ.ម. តាមផ្លូវជាតិ លេខ ១ A ។
ទីតាំងភូមិសាស្ត្រ៖
ពលលាវ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តព្រែកឬស្សី (Cần Thơ) ទិសឦសានជាប់នឹងខេត្តឃាំ្លង (Sóc Trăng) ពាយ័ព្យជាប់នឹងខេត្តក្រមួនស ( Kiên Giang ) នីរតីជាប់ នឹងខេត្តទឹកខ្មៅ ( Cà Mau ) ខាងកើតនិងទិស អាគ្នេយ៍ជាប់ នឹងឈូងសមុទ្រចិន ដែលមានឆ្នេរប្រវែង ៥៦ គ.ម. ។
ផ្ទៃដី៖
ខេត្តពលលាវ មានផ្ទៃដីទំហំ ២៥២០,៦ គម២ ។
រដ្ឋបាលភូមិសាស្ត្រ៖
ខេត្តពលលាវ ( Bạc Liêu ) ត្រូវបានបក្សកុម្មុយនិស្តវៀតណាមបែងចែកជា ៦ ស្រុក និង ទីរួមខេត្ត ១ ។ ក្នុងនោះមាន ៦៤ ឃុំ / សង្កាត់ / ទីរួមស្រុក និង មានវត្តខ្មែរចំនួន ២២ វត្ត ។
ស្រុកទាំង ៦ គឺ ៖
ស្រុកវាលភ្លង់ Phước Long ស្រុកក្បាលក្រពើ Hồng Dân ស្រុកព្រែកជ្រៅ Vĩnh Lợi ស្រុកយ៉ារ៉ាយ Giá Rai ស្រុកកោះម្ហាត Đông Hải ស្រុកពុតធ្លេ Hòa Bình
(បង្កើតថ្មី ខែកក្កដា ឆ្នាំ ២០០៥ )
វត្តអារាមពុទ្ធសាសនាថេរវាទខ្មែរខេត្តពលលាវមាន ២២ គឺ ៖
១.វត្តយ៉ារ៉ាយចាស់ ២.វត្តយ៉ារ៉ាយថ្មី ៣.វត្តហូផុងចាស់ ៤.វត្តហូផុងថ្មី ៥.កាយខ្វាង ៦.ង៉ាងយឿ ៧.វត្តខ្មារង ៨.វត្តខ្វែងដង្ហិត ៩.វត្តក្បាលក្រពើ ១០.វត្តកោះធំ ១១.វត្តកោះដូង ១២.វត្តគម្ពីរសាគរសិរី (ដើមពោន) ១៣.វត្តតាខា ១៤.វត្តពលលាវថ្មី ១៥.វត្តគម្ពីរសាគរព្រែកជ្រៅ ១៦.វត្តឃោសិតារាម ( ពលលាវចាស់ ) ១៧.វត្តបុប្ផារាម ( ខ្វែងបបែលកណា្តល) ១៨.វត្តខ្វែងបបែលថ្មី ១៩.វត្តកោះមួយហ័ត្ថ (កោះម្ហាត ) ២០.វត្តពុតធ្លេថ្មី ២១.វត្តពុតធ្លេចាស់ ២២.វត្តអណ្តូងចេក
ប្រជាជន៖
តាមជំរឿនរបស់រដ្ឋអំណាចវៀតណាមក្នុងឆ្នាំ ២០០៤ ខេត្តពលលាវមានប្រជាជនសរុប ៧៨៦. ២០០ នាក់ ៣០០,២/គម ២ ។ ការធ្វើជំរឿនក្នុងឆ្នាំ ១៨៨៨(១) (សម័យបារាំងត្រួតត្រា) ប្រជាជនខ្មែរ នៅខេត្តពលលាវ (Bac Lieu) មានចំនួន ១០.៦៧៣ នាក់។
ប្រវត្តសង្ខេប៖
ខេត្តពលលាវ សព្វថ្ងៃយួនហៅថា បាកលីវ ( Bạc Liêu ) ។ ពាក្យថា ពលលាវ បានកើតមាននៅ តំបន់នេះតាំងពី ២០០០(២) ឆ្នាំមុនគ្រឹសករាជដែល មានរឿងព្រេងនិទានសរសេរដោយដៃ របស់ព្រះ ភិក្ខុ ថាច់ ប៉ាង ដំណាលថា៖
កាលពីព្រេងនាយមានរាជ បុត្រមួយអង្គជាបុត្ត នៃមហាក្សត្រនគរគោកធ្លកបាន រៀបអភិសេកជាមួយបុត្រី នៃស្តេចនគរចម្ប៉ាសាក់ ( លាវ ) ។
ចំណេរក្រោយមក គូស្វាមីភរិយាទាំងនេះត្រូវបានមហាក្សត្រិយានីទី ២ នៃនគរចម្ប៉ាសាក់និរទេស ចេញពីនគរ ដោយបណ្តែត តាមសំពៅអម ដោយ ពោងពាយចំនួន ២ ដែលមានបរិវារ ជាជន សាមញ្ញ ៥០០ នាក់ និងជាទាហាន ៥០០ នាក់ ។
ក្បួននិរទេស បានបណ្តែតមកដល់ជិតកោះមួយ នៅដែនដីសណ្តដែលកាន់កាប់ដោយអ្នកនេសាទស្រាប់តែ មានខ្យល់ព្យុះ បក់បោកយ៉ាងខាំ្លង បណ្តាលឲ្យសំពៅ និងពោងពាយទាំងពីរ ត្រូវរសាត់ អណ្តែតបែកខ្ញែកពីគ្នាហើយក៏ទៅ ទើនៅលើកោះចំនួន ៣ ដាច់ ដោយឡែកពីគ្នា ។
កោះអ្នកនេសាទដែលព្រះអង្គម្ចាស់នគរគោកធ្លក និងព្រះក្សត្រីចម្ប៉ាសាក់ គឿងសំពៅជាប់នៅ ។ ចំណេរក្រោយមកកោះនោះ ក៏បាន ក្លាយជាទីតាំងនៃស្រុកបាសាក់ ( ប្រហែលជា ទីទួលនៃខ្ទម អ្នកតា បាសាក់ជាប់នឹងវត្តហ្លួងប៉ាសាក់ ( បាយឆៅ ) នៅ ស្រុកបាយឆៅ (Mỹ Xuyên) ខេត្តឃ្លាំង សព្វថ្ងៃ ។
ចំណែកពោងពាយទីមួយផ្ទុកដោយទាហានជនជាតិលាវចំនួន ៥០០ នាក់ ក៏បានរសាត់ទៅ ទើនឹងកោះ មួយទៀតស្ថិត នៅពីខាងលិច កោះ អ្នកនេសាទ (បាសាក់) ហើយចំណេរក្រោយ មកអ្នកស្រុក ក៏បានហៅកោះនោះថា “ កោះពលលាវ “និងបន្ទាប់មកកោះ ( តំបន់ ) នោះនៅសល់ ត្រឹមពាក្យថា ពលលាវ(៣) គឺជាទីតាំងទីរួម ខេត្តពល លាវសព្វថ្ងៃ ។ រីឯពោងពាយទី ២ ផ្ទុកដោយ មនុស្សចំនួន ៥០០ នាក់មានទាំងជនសម័ញនិង កវីបណ្ឌិតផងនោះបានរសាត់ ទៅទើឯកោះមួយផ្សេងទៀត ដែលស្ថិតនៅ ពីខាងត្បូងកោះអ្នកនេ សាទ ( កោះបាសាក់ ) ។ ផែនទីខេត្តពលលាវ ។
ផែនទីខេត្តពលលាវ ។
ចំណេរក្រោយមកអ្នក ស្រុកហៅកោះនោះ ថា “ កោះគ្រូលាវ “ ។ កោះគ្រូលាវ សព្វថ្ងៃគឺភូមិ ព្រែកកុយ (គយ) នៃតំបន់ដងក្តោងនៃ ខេត្តឃ្លាំង នេះឯង ។
ខេត្តពលលាវ ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទទី ១ ក្នុងអំឡុង គ.ស. ១៥៥១ ត្រូវបានចាត់ ជាមណ្ឌល រដ្ឋបាលមួយ ដោយស្និទ្ធ ភូបាលនាម តាត ក្នុង ចំណោមមណ្ឌលរដ្ឋបាលទាំង ៥ នៅ ស្រុកបាសាក់ ដោយឲ្យឈ្មោះថា ខេត្ត “ពលលាវ(៤)“ ដែលមាន វិសាលភាព លាតសន្ធឹងពីទន្លេបាសាក់ទៅដល់ជ្រោយខ្មែរ ( ទឹកខ្មៅ ) ពួកអតីតអ្នកដំ ណើរព័រទុយ ហ្គេបានដាក់ឈ្មោះថា “ជ្រោយ Cambodia “ ។
ក្នុងរបបអាណានិគមបារាំង ( ១៨៦២ – ១៩៤៨ ) ការធ្វើជំរឿននៅឆ្នាំ ១៨៨៨ ខេត្តពលលាវ មានប្រជាជនខ្មែររស់នៅចំនួន ១០.៦៧៣ នាក់ ។
ខេត្តពលលាវ ក៏ដូចជាខេត្តដទៃទៀតដែរនៃ ដែនដីកម្ពុជាក្រោមត្រូវបានរបូតពីការគ្រប់គ្រង់របស់ ប្រទេសកម្ពុជានៅឆ្នាំ ១៩៤៩ ។
ខេត្តពលលាវ ត្រូវបានប្តូរឈ្មោះនិងចាត់ជាខេត្ត “ Bạc Liêu “ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ តាមសេចក្តីសម្រេចរបស់ ទេសាភិបាលបារាំង ចុះថ្ងៃ ទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ ។
ឆ្នាំ១៩០៤ ពលលាវ មានចំណុះស្រុក ៣ គឺ ៖
ស្រុកព្រែកជ្រៅ Vĩnh Lợi ស្រុកជ្រោយញក៍ Vĩnh Châu ស្រុកទឹកខ្មៅ Cà Mau ។
ឆ្នាំ ១៩១៤ បង្កើតថែមមួយស្រុកទៀតគឺ ស្រុកសារ៉ាយ ( Gia Rai ) ។
ឆ្នាំ ១៩៤៧ ស្រុកវាលភ្លង់ ( Phứơc Long ) ត្រូវបានកាត់ពីខេត្តក្រ មួនស មកបញ្ចូលនឹងខេត្ត ពលលាវ ថែមមួយទៀត រីឯស្រុក ទឹកខ្មៅ ( Cà Mau ) ត្រូវបានបង្កើតជាខេត្ត ដោយឡែកមួយហៅថា ខេត្តកាម៉ាវ ។
ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ក្រោមរបបយួនសេរី បានបញ្ចូលខេត្តទាំងពីរ គឺឃ្លាំង ( Sóc Trăng ) និងខេត្តពលលាវ ( Bạc Liêu ) ចូលតែ មួយហៅថា បាស្វៀង ( Ba Xuyên ) ។
ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៦៤ ខេត្ត ពលលាវត្រូវបានបំបែកចេញ ជាខេត្តពលលាវដដែល ដែលរួមមាន ៤ ស្រុក៖
ស្រុកសារ៉ាយ (Giá Rai ) ស្រុលវាលភ្លង់ (Phứơc Long ) ស្រុកព្រែកជ្រៅ (Vinh Lợi ) ស្រុកជ្រោយញក៍ (VĩnhChâu)។
ក្រោយរបបកម្មុយនិស្តយួនបានឡើងកាន់អំណាច នៅឆ្នាំ ១៩៧៦ ខេត្តពលលាវ ( Bạc Liêu ) និងខេត្តទឹកខ្មៅ ( អាង ស្វៀង An Xuyen ) ត្រូវបានច្របាច់បញ្ចូលតែមួយមាន ឈ្មោះថា មិញហាយ ( Minh Hai ) ។
ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ ខេត្តម៉ិញហាយ (Minh Hải) ត្រូវបានចែកជា ២ ខេត្តវិញមាន ឈ្មោះថា ពលលាវ (Bạc Liêu) និងទឹកខ្មៅ (Cà Mau) ៕
ឯកសារយោង៖
(១) រឿងរ៉ាវទឹកដីកម្ពុជាក្រោមរបស់លោក ទៀ ថេន (២០០៥) ទំព័រ១៤៨ ។
(២)រឿងរ៉ាវទឹកដីកម្ពុជាក្រោមរបស់ លោក ទៀ ថេន (២០០៥) ទំព័រ១៤៦ ។
(៣)NguoiViet Goc Mien របស់ Lê Hương (១៩៦៩) ទំព័រ ២៥៤ ។
(៤)រឿងរ៉ាងទឹកដីកម្ពុជាក្រោមរបស់ លោក ទៀថេន ( ២០០៥ ) ទំព័រ ១៥៤ ។
(៥) រឿងរ៉ាវទឹកដីកម្ពុជាក្រោមរបស់លោក ទៀ ថេន (២០០៥) ទំព័រ១៦៨ ។