បេណាហ្សៀរ ប៊ូតូ

(ត្រូវបានបញ្ជូនបន្តពី Benazir Bhutto)
បេណាហ្សៀរ ប៊ូតូ
នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ទី១២ និង ១៨
កាន់អំណាច​លើកទីមួយ
០២ ធ្នូ ១៩៨៨ ដល់ ០៦ សីហា ១៩៩០
កាន់អំណាច​លើកទីពីរ
១៩ តុលា ១៩៩៣ ដល់ ០៥ វិច្ឆិកា ១៩៩៦
កើតនៅ
ថ្ងៃ​ទី ២១ មិថុនា ១៩៥៣
ទីក្រុង​ការ៉ាជី ខេត្ត​ស៊ីន ប៉ាគីស្ថាន
ស្លាប់នៅ
ថ្ងៃ​ទី ២៧ ធ្នូ ២០០៧
ទីក្រុង​រ៉ាវ៉ាលពីនឌី ខេត្ត​ប៉ានចាប ប៉ាគីស្ថាន
គណបក្ស​ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន
ស្វាមី​ អាស៊ីហ្វ អាលី ហ្សាដារី
កូន​ ប៊ីឡាវ៉ាល់, Bakhtwar និង Aseefa
សាសនា​ ​​សាសនាឥស្លាម (ស៊ីអា)
គេហទំព័រ​ ​​benazirbhutto.co.uk Archived 2014-02-19 at the វេយប៊ែខ ម៉ាស៊ីន.

លោកស្រី បេណាហ្សៀរ ប៊ូតូ ​(ជា​ភាសាអង់គ្លេស Benazir Bhutto, ភាសាស៊ីន​៖ بينظير ڀٽو, ភាសាអ៊ូរឌូ​៖ بینظیر بھٹو, IPA: [beːnəziːɾ bɦʊʈːoː]) (២១ មិថុនា ១៩៥៣ – ២៧ ធ្នូ ២០០៧) គឺជា​អតីត​អ្នកនយោបាយ​ប៉ាគីស្ថាន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន (Pakistan People Party) ដែល​ជា​គណបក្ស​នយោបាយ​កណ្ដាល​និយម​លំអៀង​ទៅ​ខាងឆ្វេង នៅ​ប្រទេស​ប៉ាគីស្ថាន​។ លោកស្រី ប៊ូតូ គឺជា​ស្ត្រី​ទី​មួយ ដែល​បាន​ជាប់ឆ្នោត​ជា​អ្នក​ដឹកនាំ​ប្រទេស​ក្នុង​ពិភព​ឥស្លាម ហើយ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចំនួន​ពីរ​លើក (១៩៨៨-១៩៩០ និង ១៩៩៣-១៩៩៦)​។ គិត​មកដល់​សព្វថ្ងៃនេះ គាត់​គឺជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​មួយ និង​តែ​ម្នាក់​គត់​របស់​ប៉ាគីស្ថាន​។

លោកស្រី ប៊ូតូ គឺជា​បុត្រ​ច្បង​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Zulfikar Ali Bhutto ដែល​ជា​ជនជាតិ​ប៉ាគីស្ថាន​នៃ​អម្បូរ Sindhi ជា​អ្នក​ប្រកាន់​សាសនាឥស្លាម និកាយ​ស៊ីអា (Shia Muslim) យ៉ាង​ខ្ជាប់ខ្ជួន និង អ្នកស្រី Nursrat Bhutto ដែល​ជា​ជនជាតិ​ប៉ាគីស្ថាន​នៃ​អម្បូរ ឃើដ-អ៊ីរ៉ង់ ក៏​ជា​អ្នក​ប្រកាន់​សាសនាឥស្លាម និកាយ​ស៊ីអា (Shia Muslim) យ៉ាង​ខ្ជាប់ខ្ជួន​ដូចគ្នា​។ ជីតា​ខាងឪពុក​របស់​លោកស្រី គឺ​លោក Sir Shah Nawaz Bhutto បាន​ចូល​មក​រស់នៅ​ស្រុក Larkana នៃ​ខេត្ត Sindh ដោយ​រត់​ចេញពី​ស្រុកកំណើត​របស់​គាត់​នៅ​ក្រុង Bhatto Kalan ដែល​ត្រូវ​បាន​ទៅ​ឥណ្ឌា​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Haryana មុន​ពេល​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​។

លោកស្រី ប៊ូតូ បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ជា​លើក​ដំបូង​របស់​គាត់​នៅ​ឆ្នាំ ១៩៨៨ នៅ​អាយុ ៣៥ ឆ្នាំ ប៉ុន្តែ​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ក្នុងរយៈពេល ២០ ខែ​ក្រោយមក ដោយ​លោក​ប្រធានាធិបតី Ghulam Ishaq Khan ពី​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ នៅ​ឆ្នាំ ១៩៩៣ គាត់​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី ប៉ុន្តែ​គាត់​ត្រូវ​បាន​បណ្ដេញ​ពី​តំណែង​ម្ដងទៀត ស្ដីពី​បទចោទប្រកាន់​ដូចមុន​ដែរ តែ​ម្ដង​នេះ​ដោយ​ប្រធានាធិបតី Farooq Leghai ។ គាត់​បាន​ធ្វើ​និរទេស​ដោយខ្លួនឯង​ទៅ​ទីក្រុង Dubai នៅ​ឆ្នាំ ១៩៩៨​។

លោកស្រី បេណាហ្សៀរ ប៊ូតូ បាន​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០០៧ ក្រោយ​ពី​មាន​ការ​យល់ព្រម​ពី​លោក​ប្រធានាធិបតី Pervez Musharraf ដោយ​គាត់​បាន​ទាមទារ​មាន​ការ​លើកលែងទោស និង​ដកចេញ​នូវ​រាល់​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​លោកស្រី​។ គាត់​ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ ក្រោយ​ពី​ការ​ចាកចេញ​ពី​ទីកន្លែង​ប្រជុំ​របស់​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន នៅ​ក្នុង​យុទ្ធនាការឃោសនា​ស្វែងរក​បោះឆ្នោត នៅ​ទីក្រុង​រ៉ាវ៉ាលពីនឌី (Rawalpindi) តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ពេល​ការបោះឆ្នោតសកល​ឈាន​ចូល​មកដល់ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ០៨ មករា ២០០៨ ហើយ​រូប​គាត់​គឺជា​បេក្ខជន​នៃ​គណបក្ស​ប្រឆាំង​ដែល​នាំមុខ​។

ការសិក្សា និង​ជីវិត​ឯកជន

កែប្រែ

លោកស្រី​បេណាហ្សៀរ ប៊ូតូ កើត​នៅ​ទីក្រុង​ការ៉ាជី រដ្ឋ​ដូមីណូន​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី ២១ មិថុនា ១៩៥៣ ជា​បុត្រី​របស់​លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ និង​អ្នកស្រី Nursrat Ispahari (Nursrat Bhutto) នៃ​គ្រួសារ​ដែល​ប្រកាន់​សាសនា​ឥស្លាម (ស៊ីអា) និង​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​មួយ​នៅ​ក្នុង​ស្រុក Larkana ។ គាត់​បាន​ចូលរៀន​នៅ​សាលា Lady Jennings Nursey school និង​ក្រោយមក​ចូលរៀន​នៅ Convent of Jesus and Mary ក្រុង​ការ៉ាជី​។ ក្រោយពី​ការសិក្សា​រយៈពេល ២ ឆ្នាំ នៅ Rawalpindi Presentation Convent គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សាលា Jesus and Mary Convent នៅ​ក្រុង Murree ។ គាត់​បាន​ប្រលង​ជាប់​ដោយ​ទទួល​បាន O-level (Ordinary Level) នៅ​អាយុ ១៥ ឆ្នាំ​។ បន្ទាប់​មក​ទៀត គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា Karachi Grammar School ដោយ​ទទួល​បាន A-Level (Advance Level) ។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន លោក​ស្រី​បាន​បន្ត​ការ​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ ពី​ឆ្នាំ ១៩៦៩ ដល់ ១៩៧៣ គាត់​បាន​សិក្សា​នៅ Radcliff College នៃ​សាកលវិទ្យាល័យ Harvard ជា​កន្លែង​ដែល​គាត់​បាន​ទទួល​បរិញ្ញាបត្រ ដោយ​មាន​ការ​សរសើរ​ពី​រដ្ឋាភិបាល​ផង​។ លោកស្រី​ធ្លាប់​បាន​ហៅ រយៈពេល ៤ ឆ្នាំ​នៅ​សាកលវិទ្យាល័យ Harvard ជា​ពេលវេលា​រីករាយ​បំផុត​ក្នុង​ជីវិត​របស់​គាត់ ហើយ​និយាយ​ថា វា​បាន​បង្កើត​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ខ្លួន​គាត់​។ ក្រោយ​មក​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី គាត់​បាន​រៀបចំ​ជា​អំណោយ​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន​ជូន​ដល់​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ Harvard ។

បន្ទាប់មក​ទៀត គាត់​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស​។ ចន្លោះ​ឆ្នាំ ១៩៧៣ និង ១៩៧៧ លោកស្រី​ប៊ូតូ បាន​សិក្សា​ផ្នែក​ទស្សនវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ Oxford លើស​ពី​នេះ​ទៀត​ លោក​ស្រី​ក៏​បាន​សិក្សា​ពី​ច្បាប់​អន្តរជាតិ និង​ការ​ទូត​ប្រកប​ដោយ​ជោគ​ជ័យ នៅ​សាកលវិទ្យាល័យ​ Oxford ផង​ដែរ។ នៅ​ខែ ធ្នូ ១៩៧៦ គាត់​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន Oxford Union ជា​ស្ត្រី​អាស៊ី​ទី​មួយ​ដែល​នាំមុខ​នៅ​ក្នុង​សង្គម​ប្រកបដោយ​កិត្តិយស​។

នៅ​ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៨៧ គាត់​បាន​រៀបការ​ជាមួយ​លោក អាស៊ីហ្វ អាលី ហ្សាដារី នៅ​ក្រុងការ៉ាជី​។ គូរ​ស្វាមី​ភរិយា​នេះ​មាន​កូន​បី​នាក់​ជា​ចំណងដៃ​គឺ Bilawal, Bakhtwar និងAseefa ។

គ្រួសារ

កែប្រែ

ឪពុក​របស់​លោកស្រី បេណាហ្សៀរ ប៊ូតូ គឺជា​អតីត​នាយករដ្ឋមន្ត្រី ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​អំណាច​តាមរយៈ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ ១៩៧៩ ដឹកនាំ​របស់​ប្រមុខ​កងទ័ព គឺ​លោក​ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq ដែល​បាន​ប្រកាស​ដាក់ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក ប៉ុន្តែ​បាន​សន្យា​បង្កើត​ឲ្យ​មាន​ការបោះឆ្នោត​ក្នុងរយៈពេល​បី​ខែ​។ យ៉ាងណាក៏ដោយ ជំនួស​ឱ្យ​ការសន្យា​ឱ្យ​មាន​ការបោះឆ្នោត​សកល ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq បាន​ចោទប្រកាន់​លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ថា​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើឃាត​ឪពុក​របស់​អ្នកនយោបាយ​ប្រឆាំង​ម្នាក់​គឺ​លោក Ahmed Raza Kasuri ។ លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​ដោយ​តុលាការសឹក​។

ទោះជា​ការចោទប្រកាន់​ខាងលើ​នេះ បាន​បង្កើត​ឱ្យ​មាន​មន្ទិល​ជាច្រើន​ពី​សាធារណៈ ហើយ​ក៏​មាន​ផង​ដែរ​ការ​សុំ​ឱ្យ​មាន​ការ​លើកលែងទោស​ពី​បណ្ដា​មេដឹកនាំ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​។ លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ត្រូវ​បាន​គេ​ព្យួរ​ក​នៅ​ថ្ងៃ​ទី ០៤ មេសា ១៩៧៩​។ ការ​អំពាវនាវ​ឲ្យ​មាន​ការ​លើកលែងទោស​ត្រូវ​បាន​ច្រានចោល​ដោយ​ប្រធានាធិបតី​ស្ដីទី ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq ។ លោកស្រី​ប៊ូតូ និង​ម្ដាយ​របស់​គាត់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ជំរំ​របស់​ប៉ូលិស​របស់​ដល់​ដំណាច់​ខែ ឧសភា ក្រោយ​ការ​ប្រហារជីវិត​ឪពុក​របស់​គាត់​។

នៅ​ឆ្នាំ ១៩៨៥ ប្អូន​ប្រុស​ម្នាក់​របស់​លោកស្រី​ឈ្មោះ Shahnawaz ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​គួរឲ្យ​សង្ស័យ​មួយ​នៅ​ប្រទេស​បារាំង​។ ក្រោយមក​ប្អូន​ប្រុស​ម្នាក់​ទៀត​របស់​គាត់​ឈ្មោះ Mir Murtaza ត្រូវ​បាន​គេ​ធ្វើឃាត​ទៀត ជាហេតុ​ធ្វើឲ្យ​មាន​ការផ្លាស់ប្ដូរ​ស្ថានភាព​នយោបាយ​នាំឲ្យ​លោកស្រី​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​មួយលើក​ទៀត​នៅ​ឆ្នាំ ១៩៩៦​។

តំណែង​នាយករដ្ឋមន្ត្រី

កែប្រែ

ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា លោកស្រី​ប៊ូតូ បាន​វិល​ចូល​ប្រទេស​ប៉ាគីស្ថាន​វិញ​នៅ​ខែ មិថុនា ១៩៧៧ ដែល​គ្រោង​នឹង​កាន់​តំណែង​ក្នុង​មុខងារ​ការបរទេស ខណៈ​ដែល​ឪពុក​របស់​គាត់​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​ពីរ​សប្ដាហ៍​ក្រោយ​មក ពួក​យោធា​ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq បាន​ធ្វើ​រដ្ឋប្រហារ​យោធា​មិន​បង្ហូរ​ឈាម​មួយ ទម្លាក់​លោក ហ្ស៊ូលហ្វីការ អាលី ប៊ូតូ ចេញពី​តំណែង ហើយ​រូប​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ឯ​ឪពុក​របស់​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​គុក ដែល​ក្រោយ​ត្រូវ​បាន​គេ​ប្រហារជីវិត​។ លោកស្រី​បាន​ចំណាយ​ពេល ១៨ ខែ​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ដើម្បី​ប្រមូល​ការ​គាំទ្រ​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​ការ​កាត់ទោស​ប្រហារជីវិត​ឪពុក​របស់​គាត់ ប៉ុន្តែ​មេដឹកនាំ​ផ្ដាច់ការ​យោធា​ពុំ​បាន​អើពើ​ចំពោះ​ការ​អំពាវនាវ​ទាំងនោះ​ឡើយ​។

លោកស្រី ត្រូវ​បាន​រដ្ឋអំណាច​ចាប់ខ្លួន​ជាច្រើន​ដង និង​ត្រូវ​បាន​ជាប់ឃុំ​រយៈពេល ៣ ឆ្នាំ​មុន​ពេល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៨៤​។ គាត់​បាន​ចេញទៅ​រស់នៅ​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស​មួយ​រយៈ ហើយ​ត្រឡប់​មក​កាន់​ប្រទេស​ប៉ាគីស្ថាន​វិញ​នៅ​ពេល​ដែល​ប្អូន​ប្រុស​របស់​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៨៥ ហើយ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​ពី​បទ​ចូលរួម​ប្រឆាំង​រដ្ឋាភិបាល​យោធា​។ គាត់​បាន​ចេញទៅ​ប្រទេស​អង់គ្លេស ក្រោយ​ពី​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព ហើយ​ច្បាប់​អាជ្ញាសឹក​ត្រូវ​បាន​ដកចេញ​ពី​ប្រទេស​ប៉ាគីស្ថាន​នៅ​ដំណាច់​ឆ្នាំ​នោះ​។ បាតុកម្ម​ប្រឆាំង​នឹង​ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq នៅតែ​បន្ត ហើយ​លោកស្រី​ប៊ូតូ បាន​វិល​ចូល​មាតុប្រទេស​វិញ​នៅ​ខែ មេសា ១៩៨៦​។ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ភាព​ចលាចល​នេះ លោកស្រី​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ឧត្ដមសេនីយ៍ Muhammad Zia-ul-Haq ដែល​បាន​សម្លាប់​ឪពុក​របស់​គាត់ លាឈប់​ពី​មុខ​តំណែង​។

លោកស្រី​ប៊ូតូ ត្រូវ​បាន​ជ្រើសតាំង​ជា​សហប្រធាន នៃ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​ជាមួយ​ម្ដាយ​របស់​លោកស្រី​នៅ​ឆ្នាំ ១៩៨៦​។ នៅ​ក្នុង​ការបោះឆ្នោត​ដោយ​សេរី​នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ១៩៨៨ ដែល​ជា​ការបោះឆ្នោត​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងទៅ​នេះ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​គាត់ បាន​ឈ្នះ​អាសនៈ​ច្រើនជាង​គេ​នៅ​ក្នុង​សភាជាតិ​។ លោកស្រី​ប៊ូតូ ក្លាយទៅជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ​នៅ​ថ្ងៃ​ទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៨ ដែល​ទើប​តែ​មាន​អាយុ ៣៥ ឆ្នាំ​ប៉ុណ្ណោះ ដែល​មេដឹកនាំ​ដ៏​ក្មេង​ជាងគេ​បំផុត និង​ជា​ស្ត្រី​ទី​១​ដែល​បាន​ក្លាយជា​មេដឹកនាំ​នៃ​ពិភព​ឥស្លាម​នា​សម័យ​ទំនើប​នេះ​។ នៅ​ឆ្នាំ ១៩៨៩ លោកស្រី​បាន​ទទួល​ពានរង្វាន់​សេរីភាព ពី​អង្គការ​ពលកម្ម​អន្តរជាតិ​។ ស្នាដៃ​របស់​លោកស្រី​នៅ​ក្នុង​កំលុងពេល​នេះ​គឺ​គំនិត​ផ្ដួចផ្ដើម​ឲ្យ​មាន​កំណែទម្រង់​ថ្នាក់​ជាតិ និង​ការ​ធ្វើ​ទំនើបកម្ម មាន​ដូចជា​ពី​លក្ខណៈ​អភិរក្សនិយម​ខ្លះ​ទៅជា​លក្ខណៈ​ទំនើប​តាម​បែប​លោក​ខាងលិច​។ រដ្ឋាភិបាល​របស់​លោកស្រី​ប៊ូតូ ត្រូវ​បាន​បណ្ដេញ​ចេញពី​អំណាច​នៅ​ឆ្នាំ ១៩៩០ ដោយ​ប្រធានាធិបតី Ghulam Ishaq Khan ក្រោម​ការ​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​ស្វាមី​លោកស្រី​លោក​អាស៊ីហ្វ អាលី ហ្សាដារី​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់គុក​រយៈពេល​ពីរ​ឆ្នាំ​ស្ដីពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​ណាវ៉ា សារីហ្វ បាន​ឡើង​កាន់អំណាច​ក្រោយ​ការបោះឆ្នោត ខែ តុលា ១៩៩០​។ លោកស្រី​បាន​ក្លាយជា​មេ​បក្សប្រឆាំង នៅ​ពេល​ដែល​លោក ណាវ៉ា សារីហ្វ កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល ៣ ឆ្នាំ​បន្ទាប់​។

ការបោះឆ្នោត បាន​ធ្វើឡើង​ម្ដងទៀត​នៅ​ខែ តុលា ១៩៩៣ ហើយ​សម្ពន្ធភាព​នៃ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន បាន​ទទួល​សំឡេង​ឈ្នះ​ដាច់ខាត បាន​នាំ​លោកស្រី​ប៊ូតូ​ឲ្យ​ត្រឡប់​មក​កាន់អំណាច​សាជាថ្មី ដែល​អនុញ្ញាត​ឲ្យ​គាត់​បន្ត​អនុវត្ត​គំនិត​ធ្វើ​កំណែទម្រង់​តទៅទៀត​។ នៅ​ឆ្នាំ ១៩៩៦ ដោយសារ​រឿងអាស្រូវ​នៃ​អំពើពុករលួយ​ផ្សេងៗ​ជាច្រើន លោកស្រី​ប៊ូតូ ត្រូវ​បាន​បណ្ដេញ​ចេញពី​អំណាច​ម្ដងទៀត ដោយ​ប្រធានាធិបតី Farooq Leghari ដែល​បាន​ប្រើ​មាត្រា៨ ស្ដីពី​អំណាច​នៃ​ការសម្រេចចិត្ត ដើម្បី​រំលាយ​រដ្ឋាភិបាល​។

គោលនយោបាយ​សម្រាប់​ស្ត្រី

កែប្រែ

ក្នុងកំលុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រដ្ឋាភិបាល​លោកស្រី​ប៊ូតូ បាន​លើកឡើង​ពី​កង្វល់​អំពី​បញ្ហា​សង្គម និង​សុខុមាលភាព​របស់​ស្ត្រី ដោយ​រួម​បញ្ចូល​ទាំង​ការរើសអើង​ប្រឆាំង​ស្ត្រី​ផង​ដែរ​។ លោកស្រី​ប៊ូតូ បាន​ប្រកាស​នូវ​គម្រោង​បង្កើត​ឲ្យ​មាន ស្ថានីយ​ប៉ូលិស តុលាការ និង​ធនាគារ​អភិវឌ្ឍន៍​សម្រាប់​ស្ត្រី​។ បើទោះជា ផែនការ​ទាំង​បី​នេះ លោកស្រី​ប៊ូតូ មិនបាន​ដាក់​សំណើ​ទៅ​សភា​ណាមួយ ដើម្បី​លើកកម្ពស់​សេវា​សុខុមាលភាព​សម្រាប់​ស្ត្រី​ក៏ដោយ​។ ក្នុងកំលុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​របស់​គាត់ លោកស្រី​បាន​សន្យា​ថា​នឹង​លុបចោល​ច្បាប់​វាទប្បដិវាទ (ដូចជា​បទបញ្ញត្តិ Hudood និង Zina) ដែល​បាន​រឹតត្បិត​សិទ្ធ​សេរីភាព​ស្ត្រី​នៅ​ប្រទេស​ប៉ាគីស្ថាន​។ លោកស្រី​បាន​និយាយ​បរិហារ​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​ពន្លូតកូន ដែល​គួរឲ្យ​កត់សម្គាល់​បំផុត​នោះ​គឺ​នៅ​ឯ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ប្រជាជន និង​ការ​អភិវឌ្ឍ​នៅ​ក្រុង Cairo ដែល​លោកស្រី​បាន​ចោទប្រកាន់​លោក​ខាងលិច​ថា​បាន​បង្កើត​ឲ្យ​មាន ការ​ផិតក្បត់ ការ​ពន្លូតកូន ការអប់រំ​អំពី​ការ​រួមសង្វាស និង​កត្តា​ផ្សេងទៀត​ដូចជា លក្ខណៈ​បុគ្គល សង្គម សាសនា ដែល​បង្កប់​នូវ​លក្ខណៈ​សង្គម​ផ្ទាល់​របស់​ពួកគេ​។

បទបញ្ញត្តិ Zina ត្រូវ​បាន​លុបចោល​ជាស្ថាពរ​ដោយ​លោក​ប្រធានាធិបតី ពែរវេ មូសារ៉ាហ្វ នៅ​ខែ កក្កដា ២០០៦​។

គោលនយោបាយ​ស្ដីពី​ពួក​តាលីបាន

កែប្រែ

ពួក​តាលីបាន បាន​ឡើង​កាន់អំណាច​នៅ​ក្រុងកាប៊ុល នៅ​ខែ កញ្ញា ១៩៩៦​។ ក្នុងកំលុង​ពេល​ដែល លោកស្រី​ប៊ូតូ​កំពុងតែ​គ្រប់គ្រង​អំណាច ពួក​តាលីបាន​បាន​ពង្រីក​អំណាច​នៅ​ពាសពេញ​ប្រទេស​អាហ្វហ្គានីស្ថាន​ទាំងមូល​។ តាមរយៈ​អ្នកនិពន្ធ Stephen Coll សរសេរ​ថា លោកស្រី​ប៊ូតូ ក៏​ដូចជា​មេដឹកនាំ​ជាច្រើន​នៅ​ពេលនោះ​ដែរ បាន​សម្លឹង​ឃើញ​ថា​ពួក​តាលីបាន​គឺជា​ក្រុម​មួយ ដែល​អាច​នាំ​ស្ថិរភាព​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន និង​អាច​ធ្វើការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ី​កណ្ដាល​បាន​។ គាត់​បាន​អះអាង​ទៀត​ថា ដូចជា​សហរដ្ឋអាមេរិក​ដែរ រដ្ឋាភិបាល​លោកស្រី​ប៊ូតូ បាន​ផ្ដល់​ជំនួយ​ផ្នែក​យោធា និង​ហិរញ្ញវត្ថុ​ដល់​ពួក​តាលីបាន បើទោះជា​មាន​ការ​បញ្ជូន​នូវ​កងទ័ព​ប៉ាគីស្ថាន​មួយ​ចំនួន​តូច​ទៅ​អាហ្វហ្គានីស្ថាន​ក៏ដោយ​។

ថ្មីៗ​នេះ​ទៀត លោកស្រី​មាន​ជំហរ​ប្រឆាំង​ពួក​តាលីបាន ហើយ​បាន​ថ្កោលទោស​ដល់​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ជាច្រើន ថា​បាន​រៀបចំ​ឡើង​ដោយ​ពួក​តាលីបាន និង​អ្នកគាំទ្រ​របស់​ពួក​នេះ​។

បទចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ

កែប្រែ

ឯកសារបារាំង ប៉ូឡូញ អេស្ប៉ាញ និងស្វីស បាន​ផ្ដល់​ទហនវត្ថុ​ពី​បទចោទប្រកាន់​ស្ដីពី​ការប្រព្រឹត្តអំពើពុករលួយប្រឆាំងលោកស្រីប៊ូតូ និង​ស្វាមី​របស់​គាត់​។ ពួកគាត់ត្រូវប្រឈមមុខនឹងពាក្យបណ្ដឹង ដោយរួមបញ្ចូលទាំងបទចោទប្រកាន់ពីការបង្វិលប្រាក់នៅធនាគារស្វីសផងដែរ។ ថ្វីបើ​ពុំដែល​មាន​ការកាត់ទោស​ក៏ដោយ ស្វាមីរបស់លោកស្រី លោក អាស៊ីហ្វ អាលី ហ្សាដារី បានជាប់ឃុំនៅក្នុងគុករយៈពេល ៨ ឆ្នាំ ស្ដីពី​បទចោទប្រកាន់​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ស្រដៀងគ្នានេះដែរ។ ក្រោយពីការដោះលែងឲ្យមានសេរីភាពដោយបង់ប្រាក់ធានានៅឆ្នាំ ២០០៤ លោកហ្សាដារី បានសន្មតថា ពេល​នៅ​ការរយៈពេលនៅក្នុងគុករបស់គាត់មានជាប់ពាក់ព័ន្ធការធ្វើទារុណកម្ម។ ក្រុមសិទ្ធិមនុស្ស ដែលគាំទ្រការអះអាងរបស់គាត់ថា សិទ្ធ​របស់​គាត់​ត្រូវ​បាន​គេ​រំលោភ​។

តាមរបាយស៊ើបអង្កេតមួយរបស់កាសែត ញូវយ៉ក ថែមស៍ (New York Times) នៅឆ្នាំ ១៩៩៨ បានអះអាងថា ក្រុមអ្នកស៊ើបអង្កេត​ប៉ាគីស្ថាន​មាន​ឯកសារ ដែល​លាតត្រដាង​ពី​បណ្ដាញ​នៃ​គណនីធនាគារ ដោយ​​មាន​​ទំនាក់ទំនង​​ទៅនឹង​មេធាវី​ទាំងអស់​របស់​គ្រួសារ​លោកស្រី​ប៊ូតូ ជាមួយលោក អាស៊ីហ្វ អាលី ហ្សាដារី ជាម្ចាស់ភាគហ៊ុនធំ។ ដោយផ្អែកតាមអត្ថបទនេះ ឯកសារដែលចេញផ្សាយដោយអាជ្ញាធរបារាំង បានបញ្ជាក់ថាលោក ហ្សាដារី បានផ្ដល់សិទ្ធិផ្ដាច់មុខ ឲ្យទៅក្រុមហ៊ុន Dassault ដែលជាសហគ្រាសផលិតយន្តហោះចម្បាំងរបស់បារាំង ជំនួសក្រុមហ៊ុនផលិតយន្តហោះចម្បាំង fighter jets ដោយមានកម្រៃជើងសា ៥% ទៅឲ្យសាជីវកម្មស្វីសដែលគ្រប់គ្រងដោយលោកហ្សាដារី សម្រាប់ការផ្លាស់ប្ដូរនេះ។ អត្ថបទនេះ ក៏​បាន​និយាយ​ដែរថា ក្រុមហ៊ុនឌូបៃ (Dubai Company) បាន​ទទួល​អាជ្ញាប័ណ្ណផ្ដាច់មុខក្នុងការនាំមាសចូលទៅក្នុងប្រទេសប៉ាគីស្ថាន ដែល​លោក​ហ្សាដារី​ទទួលបានប្រាក់ជាង ១០ លានដុល្លារ ទៅក្នុងគណនីរបស់គាត់នៅធនាគារ Citibank សាខាក្រុងឌូបៃ។ ម្ចាស់ក្រុមហ៊ុន​បាន​បដិសេធ​ថា​គាត់​ពុំបាន​ផ្ដល់ប្រាក់​ទៅឲ្យ​លោក​ហ្សាដារីទេ ហើយ​បានអះអាងថាឯកសារទាំងនោះត្រូវបានគេប្រឌិតឡើង។

លោកស្រីបានការពារចំពោះការចោទប្រកាន់ទាំងនោះថាអំពើរបស់លោកស្រី និងស្វាមី គឺជានយោបាយដ៏បរិសុទ្ធ។ របាយការណ៍របស់ AGP (Auditor General of Pakistan) បានគាំទ្រដល់អះអាងរបស់លោកស្រីប៊ូតូ។ វាបានផ្ដល់ព័ត៌មានដល់ការសម្រេចចិត្តក្នុងការបណ្ដេញលោកស្រីប៊ូតូ ចេញ​ពី​អំណាច​នៅឆ្នាំ ១៩៩០ ដោយលោកប្រធានាធិបតី Ghulam Ishaq Khan ។ របាយការណ៍របស់ AGP បាននិយាយថា លោកប្រធានាធិបតី Ghulam Ishaq Khan បានចំណាយប្រាក់ ២៨ លានរូពី ដោយខុសច្បាប់ឲ្យទៅពួកអ្នកច្បាប់ជាច្រើននៅក្នុងសំណុំរឿងអំពើពុករលួយចំនួន ១៩ ករណី​ប្រឆាំង​លោកស្រី​ប៊ូតូ និង​ស្វាមី​លោកស្រី នៅឆ្នាំ ១៩៩០ ដល់ ឆ្នាំ ១៩៩២។

ការធ្វើនិរទេសដើមទសវត្សឆ្នាំ ២០០០

កែប្រែ

នៅឆ្នាំ ២០០២ ប្រធានាធិបតីប៉ាគីស្ថាន ពែរវេ មូសារាហ្វ បានធ្វើការកែរដ្ឋធម្មនុញ្ញ ដែលពុំអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីកាន់តំណែងលើសពី ២ អាណត្តិទេ។ ច្បាប់នេះបានបិទផ្លូវមិនឲ្យលោកស្រីប៊ូតូ សម្រាប់ការប្រកួតប្រជែងដណ្ដើមតំណែងនាយករដ្ឋមន្ត្រីជាថ្មីបានឡើយ។ ការកែប្រែ​នេះត្រូវបានគេសន្មតថាជាការប្រឆាំងដោយផ្ទាល់ទៅលើលោកស្រីប៊ូតូ និងអតីតីនាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ។ នៅថ្ងៃទី ០៣ សីហា ២០០៣ លោកស្រីប៊ូតូបានក្លាយជាសមាជិកនៃ Minhaj ul Quran International (ដែលជាអង្គការអន្តរជាតិមួយសម្រាប់អប់រំ និងលើកកម្ពស់សាសនាឥស្លាម)។

នៅពេលរស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអ៊ិមីរ៉េត លោកស្រីបានមើលថែកូនបីនាក់ និងម្ដាយរបស់លោកស្រី ដែលបានយាយីដោយជំងឺ Alzheimer's disease ដែលបានធ្វើដំណើរទៅឲ្យដំបូន្មាន និង​រក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រគណបក្សប្រជាជនប៉ាគីស្ថានរបស់គាត់។ ពួកគេ​បាន​ជួបជុំ​ជាមួយស្វាមីរបស់លោកស្រីវិញនៅខែ ធ្នូ ២០០៤ ក្រោយពីការបែកគ្នាអស់រយៈពេល ៥ ឆ្នាំមក។ នៅឆ្នាំ ២០០៦ ប៉ូលិសអាំងទែរប៉ូល បាន​ស្វែង​រក​ចាប់ខ្លួនលោកស្រីប៊ូតូ និងស្វាមីរបស់គាត់ពីបទប្រព្រឹត្តអំពើពុករលួយ ដែលស្នើឡើងដោយរដ្ឋាភិបាលប៉ាគីស្ថាន។ លោកស្រី​ក៏​បាន​ចោទសួរ​អំពីនីតិក្រមនៃលិខិតស្វែងរកចាប់ខ្លួននៃប៉ូលិសអាំងទែរប៉ូលផងដែរ។ នៅថ្ងៃទី ២៧ មករា ២០០៧ លោកស្រី​ត្រូវ​បាន​អញ្ជើញ​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​ជាមួយលោកប្រធានាធិបតី ចច ដាប៊ិលយូ ប៊ូស។ លោកស្រីប៊ូតូ បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ BBC នៅក្នុងកម្មវិធីនាទីចោទសួរ (Question Time) នៅប្រទេសអង់គ្លេស នៅខែ មីនា ២០០៧។ លោកស្រី​ក៏​បាន​បង្ហាញមុខ​ជាច្រើន​លើក​ផងដែរ​នៅ​ក្នុង​កម្មវិធី ព័ត៌មានពេលរាត្រី (Newsnight) នៅកញ្ចក់ទូរទស្សន៍ BBC ។

លោកស្រីប៊ូតូ បាន​ប្រកាស​ពី​ចេតនា​របស់​គាត់​ក្នុងការត្រឡប់ចូលប្រទេសប៉ាគីស្ថានវិញនៅក្នុងឆ្នាំ ២០០៧ ដូចដែលគាត់បានសន្យាមែន បើទោះជា​មាន​សេចក្ដីថ្លែងការ​របស់​លោក​មូសារ៉ាហ្វ នៅខែ ឧសភា ឆ្នាំ ២០០៧ ថា​នឹង​មិន​អនុញ្ញាតឲ្យ​លោកស្រី​វិលត្រឡប់មក​ដឹកនាំ​ការបោះឆ្នោត​សកល ដែល​បម្រុង​ធ្វើ​នៅ​ចុង​ឆ្នាំ ២០០៧ ឬ ដើមឆ្នាំ ២០០៨ នោះឡើយ។ លោកស្រីប៊ូតូ ត្រូវ​បាន​គេ​រំពឹងថា​អាច​នឹង​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាថ្មី​ម្ដងទៀត​។

អ្នកប្រវត្តិសាស្ត្រអាមេរិក Arthur Herman នៅក្នុងបញ្ញត្តិហាមឃាត់ ដែលបានចេញផ្សាយនៅ សារព័ត៌មាន Wall Street នៅថ្ងៃទី ១៤ មិថុនា ២០០៧ ដែលជាការឆ្លើយតបចំពោះលោកស្រីប៊ូតូ ដែលអាចកំណត់នូវអនាគតនៃតំណែងប្រធានាធិបតី និងជីវិតនយោបាយរបស់គាត់ ដោយ​និយាយ​ថា លោកស្រីគឺជាមេដឹកនាំអសមត្ថភាពបំផុតនៅអាស៊ីខាងត្បូង ហើយបានពោលអះអាងថា លោកស្រីប៊ូតូ និង​វរជន​ដទៃទៀត​នៅ​ប៉ាគីស្ថាន បាន​ស្អប​់លោកមូសារ៉ាហ្វ ព្រោះតែ លោកជា muhajir ដែលជាកូនប្រុសនៃជនមូស្លីមឥណ្ឌារាប់លាននាក់ ដែល​បាន​ចូលមក​ប៉ាគីស្ថាន​ក្នុងពេល​ទទួល​ឯករាជ្យ​នៅឆ្នាំ ១៩៤៧ ។

ទោះជាយ៉ាងណាក៏ដោយ នៅពាក់កណ្ដាលឆ្នាំ ២០០៧ សហរដ្ឋអាមេរិកហាក់ដូចជាជំរុញឲ្យលោកមូសារ៉ាហ្វ ធ្វើការ​ចរចា​ចែករំលែក​អំណាច​ជាមួយ​លោកស្រី​ប៊ូតូ ដោយ​ទុកឲ្យ​លោក​មូសារ៉ាហ្វ​ខ្លួនឯង​នៅ​រក្សា​តំណែង​ជា​ប្រធានាធិបតី​ដដែល ដោយ​បោះបង់​តំណែង​មេបញ្ជាការ​កងទ័ព ហើយ​លោកស្រីប៊ូតូ ត្រូវ​ឈរឈ្មោះជាបេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី។

  • ការបោះឆ្នោតឆ្នាំ ២០០២

គណបក្សប្រជាជនប៉ាគីស្ថានដែលដឹកនាំដោយលោកស្រីប៊ូតូ បានទទួលសំឡេងគាំទ្រច្រើនជាងគេ (២៨.៤២%) និងអាសនៈចំនួន ៨០ (២៣.១៦%) នៅក្នុងសភាជាតិ នៅក្នុងបោះឆ្នោតសកល ខែ តុលា ២០០២។ គណបក្ស PML-N ដែលដឹកនាំដោយលោកណាវ៉ា សារីហ្វ បានទទួលអាសនៈតែ ១៨ ប៉ុណ្ណោះ។ បេក្ខជនជាប់ឆ្នោតខ្លះនៃគណបក្សប្រជាជនប៉ាគីស្ថាន (PPP) បានបង្កើតបក្សពួកខ្លួនផ្ទាល់ ដែលហៅថា PPP-Patriots (អ្នកស្នេហាជាតិនៃគណបក្សប្រជាជនប៉ាគីស្ថាន) ដឹកនាំដោយលោក Makhdoom Faisal Saleh Hayat ដែលជាអតីតអ្នកដឹកនាំនៃ គណបក្ស​ប្រជាជន​ប៉ាគីស្ថានរបស់លោកស្រីប៊ូតូ។ ក្រោយមកពួកគេបានចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស PML-Q របស់លោកមូសារ៉ាហ្វ។

ការធ្វើមាតុភូមិនិវត្តន៍ និងការប៉ុនប៉ងធ្វើឃាត

កែប្រែ

លទ្ធភាពចែករំលែកអំណាចជាមួយលោកមូសារ៉ាហ្វ

កែប្រែ

នៅ​ពាក់កណ្ដាល​ឆ្នាំ ២០០២ លោក​ប្រធានាធិបតី មូសារ៉ាហ្វ បាន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ ទាំង​លោកស្រី​ប៊ូតូ និង​សត្រូវ​របស់​លោក​មូសារ៉ាហ្វ គឺ​លោក ណាវ៉ា សារីហ្វ សុទ្ធ​តែ​បាន​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ពីរ​លើក​រួចមក​ហើយ​។ សម្ពន្ធភាព​របស់​លោក​មូសារ៉ាហ្វ នៅ​ក្នុង​សភា ជាពិសេស​គណបក្ស PML-Q មិន​ដូចគ្នា​ឡើយ​គឺ​អាច​មាន​ឱកាស​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​បី​បាន លើកលែង​តែ​ករណី​លោកស្រី​ប៊ូតូ និង​លោក​ណាវ៉ា សារីហ្វ​។

នៅ​ខែ កក្កដា ឆ្នាំ ២០០៧ ការ​ផ្អឹប​ទុក​ប្រាក់​មួយ​ចំនួន​របស់​លោកស្រី​ប៊ូតូ ត្រូវ​បាន​បញ្ចប់ តែ​លោកស្រី​នៅតែ​ប្រឈមមុខ​នឹង​បទចោទប្រកាន់​សំខាន់ៗ​មួយ​ចំនួន​ដដែល​។ កាលពី​ថ្ងៃ​ទី ០៨ ខែ សីហា ឆ្នាំ ២០០៧ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ Canadian Broadcasting Corporation លោកស្រី​បាន​ប្រាប់​ឲ្យដឹង​ពី​ជំនួប​ស្ដីពី​បំណង​ត្រឡប់​ចូល​ប្រទេស ប៉ាគីស្ថាន​វិញ ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០០៨ ដែល​លោក​មូសារ៉ាហ្វ នៅ​រក្សា​តំណែង​ប្រធានាធិបតី និង​លោកស្រី​ជា​នាយករដ្ឋមន្ត្រី​។ នៅ​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០០៧ លោកស្រី​ប៊ូតូ បាន​ប្រកាស​ថា​លោក​មូសារ៉ាហ្វ គួរ​លាឈប់​ពី​មេបញ្ជាការ​កងទ័ព​។ នៅ​ថ្ងៃ​ទី ០១ ខែ កញ្ញា ឆ្នាំ ២០០៧ លោកស្រី​បាន​ប្ដេជ្ញា​ថា​នឹង​ត្រឡប់​ចូល​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ ដោយ​មិន​ខ្វល់ខ្វាយ​ថា​តើ​ត្រូវ​ចែក​អំណាច​ជាមួយ​លោក​មូសារ៉ាហ្វ ឬ​ក៏​អត់​នោះ​ឡើយ​។

នៅ​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០០៧ លោកស្រី​ប៊ូតូ បាន​ចោទប្រកាន់​សម្ពន្ធភាព​លោក​មូសារ៉ាហ្វ​ថា​បាន​ធ្វើឲ្យ​ប្រទេស​ប៉ាគីស្ថាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ ដោយសារ​ការ​បដិសេធ​របស់​របស់​ពួកគេ​ចំពោះ​ការ​ធ្វើ​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ និង​ការ​ចែករំលែក​អំណាច​។ លោកស្រី​ប៊ូតូ បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោកស្រី​អាច​ចូលរួម​ជាមួយ​គណបក្សប្រឆាំង​ផ្សេងទៀត ជាពិសេស​ជាមួយ​គណបក្ស​របស់​លោក​ណាវ៉ា សារីហ្វ​។ លោក​អគ្គមេធាវី Malik Mohammed Qayyum បាន​មាន​ប្រសាសន៍​ថា​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​កំណត់​កាលបរិច្ឆេទ​សម្រាប់​បោះឆ្នោត​ប្រធានាធិបតី​។ លោក Farhatullah Babar មកពី​គណបក្ស​របស់​លោកស្រី​ប៊ូតូ បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​ប៉ាគីស្ថាន​អាច​រារាំង​លោក មូសារ៉ាហ្វ​មិន​ឲ្យ​ឈរឈ្មោះជាបេក្ខជន​ប្រធានាធិបតី​បាន ព្រោះ​លោក​ជា​មេបញ្ជាការ​កងទ័ព​រួច​ទៅ​ហើយ ខណៈ​ដែល​លោក​មូសារ៉ាហ្វ ត្រូវ​បាន​រារាំង​មិន​ឲ្យ​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី គាត់​បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រំលោភ និង​ជាន់ឈ្លី​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ប៉ាគីស្ថាន​។

លោក​មូសារ៉ាហ្វ បាន​ត្រៀមខ្លួន​ដើម្បី​កាន់​តួនាទី​ស៊ីវិល​វិញ ដោយ​លាលែង​ពី​មេបញ្ជាការ​កងទ័ព​។ គាត់​នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ចំពោះ​ដំណើរការ​បោះឆ្នោត​ឡើងវិញ​។ នៅ​ថ្ងៃ​ទី ០២ តុលា ២០០៧ លោក​មូសារ៉ាហ្វ បាន​ដាក់ឈ្មោះ​លោក​ឧត្ដមសេនីយ៍ Ashfaq Kayani ដែល​ជា​មេបញ្ជាការរង​កងទ័ព ជា​អ្នក​ស្នង​តំណែង​ពី​រូបលោក​ចាប់ពី​ថ្ងៃ​ទី ០៨ តុលា ២០០៧ តទៅ ប្រសិនបើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ជាថ្មី​ម្ដងទៀត​។ នៅ​ថ្ងៃ​ទី ០៥ តុលា ២០០៧ លោក​មូសារ៉ាហ្វ បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្ដីអំពី​ការផ្សះផ្សាជាតិ ដែល​ផ្ដល់​ការលើកលែងទោស​ដល់​លោកស្រី​ប៊ូតូ និង​មេដឹកនាំ​នយោបាយ​ដទៃ​ទៀត លើកលែងតែ​អតីត​នាយករដ្ឋមន្ត្រី​កំពុង​និរទេស​លោក ណាវ៉ា សារីហ្វ​។ ច្បាប់​នេះ​បាន​ចេញ​មួយថ្ងៃ​មុន​លោក​មូសារ៉ាហ្វ ត្រូវ​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​លំបាក​។ ទាំង​គណបក្សប្រឆាំង PPP របស់​លោកស្រី​ប៊ូតូ និង​គណបក្ស​កាន់អំណាច PML-Q របស់​លោក​មូសារ៉ាហ្វ បាន​ពាក់ព័ន្ធ​នឹង​ការចរចា​ទុកជាមុន​អំពី​ការ​បែងចែក​អំណាច​។ នៅ​ក្នុង​ដំណើរ​វិលត្រឡប់​មក​មាតុប្រទេស​វិញ លោកស្រី​ប៊ូតូ និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន បាន​យល់ព្រម​មិន​ធ្វើ​ពហិការ​បោះឆ្នោត​ប្រធានាធិបតី​ទេ​។ នៅ​ថ្ងៃ​ទី ០៦ តុលា ២០០៧ លោក​មូសារ៉ាហ្វ បាន​ឈ្នះ​ឆ្នោត​ដោយ​សភា​សម្រាប់​តំណែង​ប្រធានាធិបតី​។ ទោះជាយ៉ាងណាក៏ដោយ តុលាការ​កំពូល បាន​កំណត់​ថា​គ្មាន​អ្នក​ឈ្នះ​ណា​ម្នាក់​អាច​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ទេ​រហូតដល់​ពេល​មាន​សេចក្ដី​សម្រេច​ជាចុងក្រោយ​ថាតើ ជ័យជម្នះ​របស់​លោក​មូសារ៉ាហ្វ​ជា​ការ​ស្របច្បាប់​ដែរ​ឬទេ ខណៈ​ដែល​លោក​នៅ​កាន់​តំណែង​ជា​មេបញ្ជាការ​កងទ័ព​នៅឡើយ​។ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​លោកស្រី​ប៊ូតូ មិន​បាន​ចូលរួម​ធ្វើ​ពហិការ​ជាមួយ​គណបក្សប្រឆាំង​ដទៃ​ទៀត​ទេ ប៉ុន្តែ​បាន​បោះឆ្នោត​អនុបវាទ​។ ក្រោយមក​លោកស្រី​ប៊ូតូ បាន​ទាមទារ​ការ​ធានា​សុវត្ថិភាព​ពី​ប្រធានាធិបតី​។ លោកស្រី​ក៏​បាន​ទិញ​កិច្ចសន្យា​ពី​ភ្នាក់ងារ​សន្តិសុខ​បរទេស​សម្រាប់​ការពារ​សុវត្ថិភាព​របស់​គាត់​ផងដែរ​។

ការធ្វើមាតុភូមិនិវត្តន៍

កែប្រែ

លោកស្រី​ប៊ូតូ បាន​ដឹង​យ៉ាង​ច្បាស់​ពី​គ្រោះថ្នាក់​ដល់​ជីវិត ដែល​បណ្ដាល​មកពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មាតុប្រទេស ដើម្បី​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​តួនាទី​ជា​អ្នក​ដឹកនាំ​របស់​លោកស្រី​។ នៅ​ក្នុង​បទ​សម្ភាស​កាលពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ២០០៧ ជាមួយ​លោក Wolf Blitzer អ្នកយកព័ត៌មាន​របស់ CNN លោកស្រី​បាន​ដឹង​រួចជាស្រេច​អំពី​លទ្ធភាព​នៃ​ការវាយប្រហារ​លើ​រូប​គាត់​។

ក្រោយ​រយៈពេល ០៨ ឆ្នាំ នៃ​ការ​និរទេស​នៅ​ទីក្រុងឌូបៃ និង​ទីក្រុងឡុងដ៍ លោកស្រី​ប៊ូតូ បាន​ត្រឡប់​ទៅ​ទីក្រុងការ៉ាជី នៅ​ថ្ងៃ​ទី ១៨ តុលា ២០០៧ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០០៨​។

នៅ​ក្នុង​ការ​ជួបជុំ​មួយ​ដើម្បី​ទទួលស្វាគមន៍​ដំណើរ​វិលត្រឡប់​របស់​លោកស្រី​ប៊ូតូ នៅ​ទីក្រុងការ៉ាជី នា​ថ្ងៃ​ទី ១៨ តុលា ២០០៧ មាន​ការ​វាយប្រហារ​គ្រាប់បែក​ពីរ​ប្រកិតៗ​គ្នា ក្រោយ​ពី​ការ​មកដល់ និង​ចាកចេញពី​ប្រលានយន្តហោះ​អន្តរជាតិ​ជីនណាហ៍ (Jinnah International Airport) របស់​លោកស្រី​។ លោកស្រី​មិនបាន​រង​របួស​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​នោះ​ទេ ប៉ុន្តែ​ក្រោយមក​គេ​បាន​ដឹង​ថា​មាន​មនុស្ស ១៣៦ នាក់​បាន​បាត់បង់ជីវិត និង​យ៉ាង​ហោច ៤៥០ នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​អត្តឃាត​មួយ​។ ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​ក៏​មាន​យ៉ាងហោចណាស់ កងការពារ ៥០ នាក់​មកពី​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន និង​ភ្នាក់ងារ​ប៉ូលិស ០៦ នាក់​ផងដែរ​។

ក្រោយមក លោកស្រី​ប៊ូតូ បាន​បញ្ជាក់​ថា លោកស្រី​បាន​ព្រមាន​រដ្ឋាភិបាល​ប៉ាគីស្ថាន ថា​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​នេះ​អាច​សំដៅ​មក​លើ​ការ​វិលត្រឡប់​របស់​លោកស្រី ហើយ​ថា​រដ្ឋាភិបាល​បាន​បរាជ័យ​ចំពោះ​សកម្មភាព​នេះ​។ លោកស្រី​មាន​ការ​ប្រយ័ត្នប្រយែង​មិន​ស្ដីបន្ទោស​លោក​ពែរវេ មូសារ៉ាហ្វ ចំពោះ​ការវាយប្រហារ​នេះ​ទេ ជំនួស​ដោយ​ការចោទប្រកាន់​ថា ពិតជា​មាន​បុគ្គល​ខ្លះ​នៅ​ក្នុង​រដ្ឋាភិបាល ដែល​បាន​បំពាន​ចំពោះ​តួនាទី និង​អំណាច​របស់​ពួកគេ​។ ក្រោយ​ពី​ការប៉ុនប៉ង​ធ្វើឃាត​លើ​រូប​លោកស្រី​ភ្លាម លោកស្រី​ប៊ូតូ បាន​សរសេរ​លិខិត​មួយ​ជូន​លោក​មូសារ៉ាហ្វ ដោយ​កំណត់​ឈ្មោះ​មនុស្ស ០៤ នាក់​ដែល​សង្ស័យ​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ មនុស្ស​ទាំង​នោះ​មាន លោក Chaudhry Pervaiz ជា​ប្រមុខខេត្ត​ប៉ានចាប លោក Hamid Gul អតីត​នាយក​នៃ Inter-Services Intelligence, លោក Ijaz Shah ជា​អគ្គនាយក​នៃ Intelligence Bureau និង​ម្នាក់ទៀត​ជា​ភ្នាក់ងារ​ជំនាញ​របស់​ប្រទេស​​។ ជន​ទាំងអស់នោះ​សុទ្ធតែ​ជា​មនុស្ស​ជំនិត​របស់​លោក​ឧត្ដមសេនីយ៍ មូសារ៉ាហ្វ

ពីរបី​ថ្ងៃ​ក្រោយ​មក មេធាវី​របស់​លោកស្រី​ប៊ូតូ Farooq H. Naik បាន​មានប្រសាសន៍​ថា​គាត់​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ដែល​គំរាម​សម្លាប់​កូនក្ដី​របស់​គាត់​។ សំបុត្រ​នោះ​បាន​បញ្ជាក់​ថា​មាន​ពាក់ព័ន្ធ​នឹង​ពួក​អាល់កៃដា​ដែល​ដឹកនាំ​ដោយ​អូសាម៉ា ប៊ិនឡាឌិន (Osama bin Laden) ។

រដ្ឋក្នុងភាពអាសន្ន ឆ្នាំ ២០០៧ និងការឆ្លើយតប

កែប្រែ

នៅ​ថ្ងៃ​ទី ០៣ វិច្ឆិកា ២០០៧ លោក​ប្រធានាធិបតី ពែរវេ មូសារ៉ាហ្វ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។ នៅ​ពេល​ដឹង​ថា​ប្រទេស​ប៉ាគីស្ថាន​ត្រូវ​ប្រឈម​នឹង​វិបត្តិនយោបាយ​ហើយ លោកស្រី​បាន​កំណត់​ថា​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​របស់​លោក​មូសារ៉ាហ្វ នឹង​បង្ក​ការលំបាក​ដល់​ការ​ធ្វើឲ្យ​មាន​ការបោះឆ្នោត​មួយ​ប្រកបដោយ​សេរី និង​យុត្តិធម៌​ណាស់ ប្រសិនបើ​មិន​ដក​វា​ចេញ​ទេ​។ លោកស្រី​បាន​មានប្រសាសន៍ថា ពួកបះបោរ​ត្រូវការ​អំណាចផ្ដាច់ការ ហើយ​អំណាចផ្ដាច់ការ​ត្រូវការ​ពួកបះបោរ​។

នៅ​ថ្ងៃ​ទី ០៨ វិច្ឆិកា ២០០៧ លោកស្រី​ប៊ូតូ ត្រូវ​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ តែ​ពីរបី​ម៉ោង​មុន​នេះ លោកស្រី​បាន​ដឹកនាំ និង​និយាយ​ទៅកាន់​ការប្រជុំ​មួយ​ប្រឆាំង​នឹង​ការ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​។

ក្នុង​ពេល​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុជាតិ​សាធារណៈ (National Public Radio) នៃ​សហរដ្ឋអាមេរិក លោកស្រី​ប៊ូតូ បាន​និយាយ​ថា ខ្ញុំ​មាន​សេរីភាព​ដើរហើរ​នៅ​ក្នុង​ផ្ទះ​តែប៉ុណ្ណោះ​។ ខ្ញុំ​ពុំ​មាន​សេរីភាព​ដើរហើរ​នៅ​ក្រៅ​ផ្ទះ​ឡើយ​។ ពួកគេ​បាន​ដាក់​កម្លាំង​ប៉ូលិស​យ៉ាង​ច្រើន ហើយ​យើង​មាន​កម្លាំង​ប៉ូលិស ៤០០០ នាក់​នៅ​ជុំវិញ​ជញ្ជាំង​ផ្ទះ​ទាំងបួន​របស់​ខ្ញុំ គឺ ១០០០ នាក់​ក្នុង​មួយ​ជ្រុង​។

ពីរបី​ថ្ងៃ​ក្រោយមក រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ប្រកាស​ថា​ការ​ឃាត់ខ្លួន​លោកស្រី​ប៊ូតូ​ត្រូវ​បាន​ដកចេញ ហើយ​លោកស្រី​អាច​មាន​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ និង​បង្ហាញខ្លួន​ជា​សាធារណៈ​។ ទោះជាយ៉ាងណាក៏ដោយ ក៏​មេដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង​ដទៃ​ទៀត​នៅតែ​ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​និយាយ​ស្ដី​ជា​សាធារណៈ​ដដែល​។

ការ​ធ្វើឃាត

កែប្រែ

នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ លោកស្រី​ប៊ូតូ ត្រូវ​បាន​គេ​ធ្វើឃាត​ក្រោយ​ពី​ចាកចេញ​ពី​កន្លែង​ជួបជុំ​នៃ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​គាត់​នៅ​ឯ Liaquat National Bagh ជា​កន្លែង​ដែល​គាត់​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​របស់​គាត់​យ៉ាង​ក្លាហាន នៅ​ក្នុង​យុទ្ធនាការ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​សភា​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៨ ខែ មករា ឆ្នាំ ២០០៨​។ ក្រោយ​ការ​មកដល់​នៃ​រថយន្ត​ការពារ​គ្រាប់​របស់​គាត់ លោកស្រី​ប៊ូតូ បាន​ក្រោកឈរ​ផុត​ដំបូល ដើម្បី​បក់ដៃ​ទៅកាន់​ហ្វូង​មហាជន​។ នៅ​ខណៈនោះ ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​តម្រង់​ទៅកាន់​គាត់ ហើយ​បន្ទាប់​មក​ទៀត គ្រាប់បែក​ត្រូវ​បាន​គេ​ធ្វើឲ្យ​ផ្ទុះ​នៅ​ជិត​រថយន្ត​របស់​គាត់ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ២០ នាក់​។ លោកស្រី​ប៊ូតូ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Rawalpindi General Hospital ។ គាត់​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​ការវះកាត់​នៅ​ម៉ោង ១៧ និង​៣៥ នាទី ម៉ោង​នៅ​ក្នុង​ស្រុក ហើយ​បាន​ស្លាប់​នៅ​ម៉ោង ១៨ និង​១៦ នាទី ថ្ងៃ​ដដែល​។

សាកសព​របស់​លោកស្រី​ប៊ូតូ ត្រូវ​បាន​គេ​ដឹក​តាម​យន្តហោះ​យោធា​មួយ​គ្រឿង​ទៅកាន់​ស្រុកកំណើត​របស់​គាត់​នៅ Garhi Khuda Bakhsh ស្រុក Larkana District ខេត្ត Sindh ហើយ​លោក​អាស៊ីហ្វ ហ្សាដារី ស្វាមី​របស់​លោកស្រី​ប៊ូតូ និង​កូន​របស់​គាត់ ៣ នាក់​រួម​ទាំង​មេដឹកនាំ​ថ្នាក់ខ្ពស់​ខ្លះ នៃ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​លោកស្រី​ក៏​បាន​ធ្វើដំណើរ​តាម​យន្តហោះ​ដឹក​សព​នោះ​ដែរ​។ សាកសព​របស់​គាត់ ត្រូវ​បាន​គេ​បញ្ចុះ​បន្ទាប់ពី​ឪពុក​នៅ​ក្នុង​ផ្នូរសព​គ្រួសារ​នៅ​ក្នុង​ពិធីបុណ្យ​មួយ ដែល​មាន​ការចូលរួម​ពី​អ្នក​កាន់ទុក្ខ​រាប់​ម៉ឺន​នាក់​។

មាន​ការ​ខ្វែងគំនិត​គ្នា​ខ្លះ​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោកស្រី​ប៊ូតូ​។ ស្វាមី​លោកស្រី បាន​បដិសេធ​ពុំ​អនុញ្ញាត​ឲ្យ​គាស់​សព​ដើម្បី​ធ្វើ​ការវះកាត់​ពិនិត្យ​សាកសព​ឡើយ​។ នៅ​ថ្ងៃ​ទី ២៨ ខែ ធ្នូ ឆ្នាំ ២០០៨ ក្រសួងមហាផ្ទៃ​ប៉ាគីស្ថាន បាន​អះអាង​ថា​លោកស្រី​បាន​ស្លាប់​ដោយសារ​ការ​បោក​ក្បាល​នឹង​រថយន្ត ហើយ​នៅ​ពេល​ដែល​គាត់​បក់ដៃ​ទៅកាន់​ហ្វូង​មនុស្ស កម្លាំង​ផ្ទុះ​បាន​ធ្វើឲ្យ​ក្បាល​របស់​គាត់​បោក​ទៅ​នឹង​ដង​ដែល​បាន​ចងភ្ជាប់​នឹង​ដំបូល​រថយន្ត ដែល​បណ្ដាល​ឲ្យ​បែក​ប្រេះ​លលាដ៍ក្បាល​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​មន្ទីរពេទ្យ បាន​អះអាង​ជា​ដំបូង​ថា លោកស្រី​បាន​រង​របួស​ដោយ​សារ​អំបែង​នៃ​គ្រាប់បែក ដែល​ធ្វើឲ្យ​ក្បាល​របស់​គាត់​មាន​របួស​ជា​ទម្ងន់ ដែល​ជា​មូលហេតុ​នៃ​មរណភាព​របស់​លោកស្រី​។ អង្គរក្ស​របស់​លោកស្រី​ប៊ូតូ ក៏បាន​ច្រានចោល​ការ​ពន្យល់​របស់​ក្រសួងមហាផ្ទៃ​ផង​ដែរ​។

មេបញ្ជាការ​អាល់កៃដា (Al-Qaeda) Mustafa Abu al-Yazid បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ដែល​ធ្លាប់​បាន​និយាយ​ថា​លោកស្រី​ប៊ូតូ គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​អាមេរិក​។ រដ្ឋាភិបាល​ប៉ាគីស្ថាន ក៏​បាន​អះអាង​ផង​ដែរ​ថា​ខ្លួន​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់​ថា ពួក​អាល់កៃដា​ស្ថិត​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ តាម​របាយការណ៍​របស់ CNN ថា ដំបូង​ឡើយ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ដល់​ទូរទស្សន៍ Geo TV របស់​ប៉ាគីស្ថាន​ថា អ្នក​វាយប្រហារ​គ្រាប់បែក​អត្តឃាត​គឺ Lashkar i Jhangvi ដែល​ជា​ជន​អាល់កៃដា ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ស្ដីបន្ទោស​ពី​បទ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។ រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​និយាយ​ថា Baitullah Mehsud គឺជា​មេខ្លោង​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​ធ្វើឃាត​នេះ​។ Lashkar i Jhangvi គឺជា​សមាជិក​អង្គការ​មូស្លីម​បះបោរ Wahabi ដែល​មាន​ទំនាក់ទំនង​ជាមួយ​អាល់កៃដា ក៏​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើឃាត​ទៅលើ​រូប​លោក​អតីត​នាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ ដែល​និយាយ​ឲ្យ​ខ្លី គឺជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​លោកស្រី​ប៊ូតូ ដែល​មាន​អាយុ ៥៤ ឆ្នាំ ព្រមទាំង​មនុស្ស​ប្រមាណ ២០ នាក់​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ បើទោះជា​មាន​ការ​ជំទាស់​យ៉ាងខ្លាំងក្លា ពី​សំណាក់​គ្រួសារ​លោកស្រី​ប៊ូតូ ពី​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន និង​ពី Baitullah Mehsud ។ នៅ​ថ្ងៃ​ទី ០៣ ខែ មករា ឆ្នាំ ២០០៨ លោក​ប្រធានាធិបតី ពែរវេ មូសារ៉ាហ្វ បាន​អញ្ជើញ​ប៉ូលិស​អង់គ្លេស​ស្កុតឡែន​យ៉ាត ឲ្យ​ជួយ​ធ្វើការ​ស៊ើបអង្កេត​ករណី​ធ្វើឃាត​លោកស្រី​បេណាហ្សៀរ ប៊ូតូ ដោយ​លោក​មិន​សប្បាយចិត្ត ចំពោះ​ការស៊ើបអង្កេត​របស់​មនុស្ស​របស់​លោក​ឡើយ​។

ករណី​ឃាតកម្ម​លើ​រូប​លោកស្រី បេណាហ្សៀរ ប៊ូតូ ក៏​ត្រូវ​បាន​ស្ដី​បន្ទោស​ផង​ដែរ​ចំពោះ​ភ្នាក់ងារ​ជំនាញ​បរទេស​ជាច្រើន ដែល​មាន​ពាក់ព័ន្ធ​ទៅ​នឹង​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។

ប្រតិកម្ម​ក្នុង​ប្រទេស​ប៉ាគីស្ថាន

កែប្រែ

ក្រោយ​ពី​ព្រឹត្តិការណ៍​ឃាតកម្ម​លើ​រូប​លោកស្រី​ប៊ូតូ​មក មាន​កុប្បកម្ម​ជាច្រើន​បាន​កើតឡើង ជា​លទ្ធផល​មនុស្ស​ប្រមាណ​ជា ២០ បាន​បាត់បង់​ជីវិត ដែល​ក្នុង​នោះ​មាន ៣ នាក់​ជា​មន្ត្រី​ប៉ូលិស​។ រថយន្ត​ប្រមាណ ២៥០ គ្រឿង​ត្រូវ​បាន​ឆេះ​។ អ្នកគាំទ្រ​ដែល​ខឹងសម្បា និង​អាក់អន់ចិត្ត​ចំពោះ​ការ​ធ្វើឃាត​លោកស្រី​ប៊ូតូ បាន​ចោល​ដុំថ្ម​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ដែល​គាត់​បាន​សម្រាក​។ រហូតដល់​ថ្ងៃ​ទី ២៩ ធ្នូ ២០០៧ រដ្ឋាភិបាល​ប៉ាគីស្ថាន បាន​និយាយ​ថា​កុប្បករ​បាន​បំផ្លាញ ការិយាល័យ​បោះឆ្នោត​ចំនួន ៩, ធនាគារ ១៧៦, ស្ថានីយ​ឥន្ធនៈ ៣៤, តួរថភ្លើង ៧២, ផ្លូវដែក ១៨ ខ្សែ, ក្រៅពីនេះ​នៅ​មាន រថយន្ត និង ហាងទំនិញ រាប់​រយ​ផ្សេងទៀត​។

មេដឹកនាំ​គណបក្សប្រឆាំង​ម្នាក់ទៀត​លោក ណាវ៉ា សារីហ្វ នៃ​គណបក្ស Pakistan Muslim League (N) បាន​និយាយ​ថា នេះ​គឺជា​សោកនាដកម្ម​សម្រាប់​គណបក្ស​របស់​លោកស្រី​ប៊ូតូ ហើយ​ក៏​ជា​សោកនាដកម្ម​សម្រាប់​គណបក្ស​របស់​យើង និង​ប្រទេសជាតិ​ទាំងមូល​។ លោក​បាន​បន្ថែម​ទៀត​ថា នេះ​ពុំ​មែន​ជា​ថ្ងៃ​ក្រៀមក្រំ​ទេ តែ​វា​ជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត ខ្មៅ​ជាទីបំផុត សង្វេគ​ជាទីបំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ​។ អ្វី​ដែល​ពុំ​អាច​គិតដល់ វា​បាន​កើតឡើង​។ អ្វី​ដែល​មិន​អាច​នឹកស្មាន​ដល់ ដែល​មិន​អាច​គិត​ដល់ បាន​កើតឡើង​ហើយ​។ លោក​ប្រធានាធិបតី ពែរវេ ម៊ូសារ៉ាហ្វ បាន​ប្រកាស​ឲ្យ​មាន​ការ​កាន់ទុក្ខ​រយៈពេល​បី​ថ្ងៃ ហើយ​អំពាវនាវ​សូម​ឲ្យ​ប្រជាជាតិ​ទាំងមូល​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បង្ហាញ​នូវ​ភាព​អត់ធ្មត់​។

នៅ​ថ្ងៃ​ទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៧ មាន​ព័ត៌មាន​ពី​ការ​ប្រជុំ​មួយ​រវាង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ស្វាមី​ពោះម៉ាយ​របស់​គាត់ អាស៊ីហ្វ អាលី ហ្សាដារី និង​កូនប្រុស​របស់​គាត់ ប៊ីឡាវ៉ាល់ ប៊ូតូ ហ្សាដារី បាន​ប្រកាស​ថា ប៊ីឡាវ៉ាល់ ប៊ូតូ ហ្សាដារី ដែល​មាន​អាយុ ១៩ ឆ្នាំ​ជា​អ្នក​បន្ត​តំណែង​ពី​ម្ដាយ​របស់​ខ្លួន​ជា​ប្រធាន​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ដែល​មាន​ឪពុក​ជា​អ្នក​ដឹកនាំ​គណបក្ស​នេះ រហូតដល់​ពេលណា​ដែល​កូនប្រុស​របស់​គាត់​បញ្ចប់​ការសិក្សា​នៅ Christ Church, Oxford ។ ប៊ីឡាវ៉ាល់ បាន​និយាយ​ថា​៖ "នៅ​ពេលណា​ខ្ញុំ​ត្រឡប់​មកវិញ ខ្ញុំ​នឹង​ដឹកនាំ​គណបក្ស​នេះ​ឲ្យ​ដូច​នូវ​អ្វី​ដែល​ម្ដាយ​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​។ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន បាន​ប្រកាស​ថា​នឹង​ចូលរួម​ការបោះឆ្នោត​សភា នៅ​ថ្ងៃ​ទី ០៨ មករា ២០០៨ ខាងមុខ​នេះ ហើយ​លោក អាស៊ីហ្វ អាលី ហ្សាដារី បាន​និយាយ​ថា​អនុប្រធាន​គណបក្ស​លោក Makhdoom Amin Fahim ទំនង​ជា​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​របស់​គាត់ ដោយហេតុថា ប៊ីឡាវ៉ាល់​ពុំ​ទាន់​មាន​អាយុ​គ្រប់គ្រាន់​សម្រាប់​ឈរឈ្មោះ​ជា​សមាជិកសភា​ទេ​។

នៅ​ថ្ងៃ​ទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៧ នោះ​ដែរ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​លោកស្រី​ប៊ូតូ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស និង​អង្គការសហប្រជាជាតិ ជួយ​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ការ​ស្លាប់​របស់​លោកស្រី​ប៊ូតូ​។ ប៊ីឡាវ៉ាល់ ហ្សាដារី ប៊ូតូ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​មួយ​នេះ​ក្រោយ​មរណភាព​របស់​ម្ដាយ​គាត់​។ គណបក្ស​ប្រជាជន​ប៉ាគីស្ថាន បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​សំបុត្រ​មួយ​របស់​លោកស្រី​ប៊ូតូ ដែល​គាត់​បាន​សរសេរ​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ពេល​វិលត្រឡប់​មក​ប្រទេស​ប៉ាគីស្ថាន​វិញ និង​តែ ១២ សប្ដាហ៍​ប៉ុណ្ណោះ​មុន​គាត់​ត្រូវ​បាន​គេ​ធ្វើឃាត ដែល​បាន​សរសេរ​សូម​ឲ្យ​ស្វាមី​របស់​លោកស្រី​គឺ​លោក អាស៊ីហ្វ អាលី ហ្សាដារី បន្ត​តំណែង​ដឹកនាំ​គណបក្ស​របស់​លោកស្រី រហូតដល់​ពេលណា​ដែល​ប្រធាន​ថ្មី​ត្រូវ​បាន​ជ្រើសតាំង​។

ប្រតិកម្ម​ពី​អន្តរជាតិ

កែប្រែ

មេដឹកនាំ​ពិភពលោក​បាន​សម្ដែង​ការ​ខឹងសម្បា​យ៉ាងខ្លាំងក្លា ចំពោះ​ការ​ធ្វើឃាត​មេដឹកនាំ​គណបក្សប្រឆាំង​នៃ​ប្រទេស​ប៉ាគីស្ថាន​គឺ លោកស្រី បេណាហ្សៀរ ប៊ូតូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០០៧ កន្លងទៅ​នេះ ដោយ​បាន​ហៅ​ការ​សម្លាប់​នោះ​ថា​ជា​ការវាយប្រហារ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​។

  • អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បានគីម៊ូន បាន​ហៅ​ការ​ធ្វើឃាត​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​ដ៏​គួរ​ឱ្យ​ស្អប់ ដោយ​លោក​បន្ថែម​ថា វា​បង្ហាញ​ឱ្យ​ឃើញ​ពី​ការវាយប្រហារ​ទៅលើ​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​នៅមុន​ពេល​បោះឆ្នោត ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០០៨។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ធ្វើ​ការ​កោះ​ប្រជុំ​ជាបន្ទាន់​មួយ​ដោយ​បាន​ចាត់ទុក​ការ​ធ្វើឃាត​នេះ​ថា​ជា​អំពើ​ភេរវកម្ម​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​។
  • ប្រធានាធិបតី​អាមេរិក លោក ចច ដាប៊ិលយូ ប៊ូស បាន​ហៅ​ការ​សម្លាប់​នោះ​ថា​ជា​ការ​កំសាក និង​បាន​ទូរស័ព្ទ​ទៅកាន់​លោក​ប្រធានាធិបតី​ប៉ាគីស្ថាន លោក ពែរវេ ម៊ូសារ៉ាហ្វ​។ លោក​ប៊ូស​ថ្លែង​ថា “សហរដ្ឋអាមេរិក​សូម​ថ្កោលទោស​យ៉ាងខ្លាំងក្លា ចំពោះ​អំពើ​ដ៏​កំសាក ដែល​ធ្វើឡើង​ដោយ​ពួកនិយមជ្រុល​ដ៏​កំណាច​ដែល​កំពុងតែ​ព្យាយាម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ប៉ាគីស្ថាន“។
  • នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ានម៉ូហាន ស៊ីង្ហ បាន​និយាយ​ថា​គាត់​មាន​ការ​តក់ស្លុត និង​រន្ធត់​ជា​ពន់ពេក​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​ធ្វើឃាត​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​ទៅលើ​រូប​លោកស្រី​ប៊ូតូ ហើយ​សូម​សំដែង​នូវ​ការ​ចូលរួម​រំលែកទុក្ខ​អស់ពី​ដួងចិត្ត​របស់​ខ្ញុំ ចំពោះ​គ្រួសារ​របស់​លោកស្រី និង​ប្រជាជន​ប៉ាគីស្ថាន​ដែល​បាន​រងគ្រោះ​នៅ​ក្នុង​ការ​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នេះ​។
  • ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក​ហាមីតកាហ្សៃ ដែល​បាន​ជួប​លោកស្រី​ប៊ូតូ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​លោកស្រី បាន​ទទួលមរណភាព​នោះ​បាន​ហៅ​សកម្មភាព​នេះ​ថា​ជា​អំពើ​ដ៏​សាហាវ​ប្រឆាំង​នឹង​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់​នៃ​ពិភព​ឥស្លាម​។
  • នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ហ្គ័រដុន ប្រោន បាន​ថ្លែង​ថា លោកស្រី​ប៊ូតូ​ត្រូវ​បាន​ធ្វើឃាត ដោយ​ពួក​មនុស្ស​កំសាក ដែល​ខ្លាច​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ពួក​ភេរវករ​មិន​អាច​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​ឡើយ ហើយ​អំពើ​ដ៏​កំណាច​នេះ បាន​បញ្ជាក់​នូវ​ដំណោះស្រាយ​របស់​យើង​ថា​នឹង​មិន​បណ្ដោយ​ឲ្យ​ពួក​ភេរវជន​ទទួល​ជ័យជម្នះ​នៅ​ទីនោះ ក៏​ដូចជា​នៅ​ទីនេះ ឬក៏​ទីកន្លែង​ផ្សេងទៀត​នៅ​លើ​ពិភពលោក​ឡើយ​។ យើង​នឹង​ធ្វើការ​ជាមួយ​សហគមន៍​ប៉ាគីស្ថាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​នៅ​កន្លែង​ផ្សេងទៀត​នៅ​លើ​ពិភពលោក ដូច្នេះ​យើង​នឹង​អាច​នាំ​មក​នូវ​សន្តិភាព សុវត្ថិភាព និង​ប្រជាធិបតេយ្យ​ដល់​ប្រទេស​ប៉ាគីស្ថាន
  • ប្រធានាធិបតី​បារាំង លោក​នីកូឡាស សាកូហ្ស៊ី បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ដាច់ខាត​ចំពោះ​អំពើ​ដ៏​គួរឲ្យ​ស្អប់ខ្ពើម​នេះ​។ ភេរវនិយម និង​អំពើ​ហិង្សា មិន​មាន​កន្លែង​នៅ​ក្នុង​ការ​ការ​ពិភាក្សា​តាម​បែប​ប្រជាធិបតេយ្យ និង​នៅ​ក្នុង​ការ​តស៊ូ​មតិ និង​កម្មវិធី​នយោបាយ​ឡើយ​។
  • ប្រធានាធិបតី​រុស្សី​លោក​វ៉្លាឌីមៀ ពូទីន និយាយ​ថា លោក​សង្ឃឹម​ថា ពួក​អ្នក​រៀបចំ​អំពើឧក្រិដ្ឋ​នេះ​នឹង​ត្រូវ​រក​ឃើញ ហើយ​យក​មក​ផ្ដន្ទាទោស​។ វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពួក​ភេរវនិយម​ប្រឆាំង​នឹង​ប្រទេស​ប៉ាគីស្ថាន តែ​វា​ក៏​ប្រឆាំង​ទៅ​នឹង​សហគមន៍​អន្តរជាតិ​ផង​ដែរ​។
  • ប្រធានាធិបតី​អ៊ីស្រាអែល Shimon Peres បាន​និយាយ​ថា លោកស្រី បេណាហ្សៀរ ប៊ូតូ គឺជា​ស្ត្រី​ដ៏​ក្លាហាន ដែល​មិន​ចេះ​បិទបាំង​នូវ​ទស្សនៈ​របស់​គាត់​ឡើយ មិន​ដែល​ស្គាល់​ភាព​ភ័យខ្លាច និង​បម្រើ​ប្រទេស​ប្រទេសជាតិ​របស់​គាត់​ដោយ​សេចក្ដី​អង់អាច​ក្លាហាន​បំផុត​។
  • ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសេ ម៉ានូអែល បារ៉ូសូ (Jose Manuel Barroso) បាន​ចាត់ទុក​ថា​នេះ​គឺជា​ការវាយប្រហារ​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ និង​ប្រឆាំង​ប្រទេស​ប៉ាគីស្ថាន​។ យើង​សង្ឃឹម​ថា​ប៉ាគីស្ថាន នឹង​នៅតែ​មាន​ជំហរ​រឹងប៉ឹង​ក្នុង​ការ​នាំ​យក​របប​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ស៊ីវិល​មកវិញ​។
  • អគ្គលេខាធិការ​សម្ពន្ធអារ៉ាប់ Amr Moussa និយាយ​ថា "យើង​សូម​ថ្កោលទោស​ចំពោះ​ការ​ធ្វើឃាត​នេះ និង​ជា​អំពើ​ភេរវកម្ម ហើយ​សូមឲ្យ​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រលឹង​របស់​លោកស្រី"​។
  • អ្នកនាំពាក្យ​នៃ​បុរី​វ៉ាទីកង់​លោក Frederico Lombardi និយាយ​ថា ការវាយប្រហារ​នេះ​បង្ហាញ​នូវ​ផ្លូវ​ដ៏​លំបាក​បំផុត​ក្នុង​ការ​នាំ​យក​សន្តិភាព​មក​ឲ្យ ប្រជាជាតិ​មួយ ដែល​ញាំញី​ទៅ​ដោយ​អំពើ​ហិង្សា​។ យើង​សូម​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ប្រជាជន​ប៉ាគីស្ថាន​ទាំងអស់​។
  • អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Qin Gang បាន​និយាយ​ថា​ប្រទេស​ចិន​មាន​សេចក្ដី​តក់ស្លុត​ជា​ខ្លាំង​ចំពោះ​ការ​ធ្វើឃាត​ប្រមុខ​បក្ស​ប្រឆាំង​ប៉ាគីស្ថាន លោកស្រី បេណាហ្សៀរ ប៊ូតូ និង​សូម​ថ្កោលទោស​យ៉ាងខ្លាំងក្លា​ចំពោះ​ការ​វាយប្រហារ​នេះ​។
  • អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ អាលី ហូស្សេនី និយាយ​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន គួរតែ​ប្រើប្រាស់​ឲ្យអស់​គ្រប់​វិធីសាស្ត្រ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ក្រុម​ភេរវករ​ដែល​បាន​បង្ក​គ្រោះថ្នាក់​នេះ និង​ផ្ដន្ទាទោស​ពួក​នេះ​បង្ការ​កុំឲ្យ​ពួក​ភេរវករ​មាន​ឱកាស​ធ្វើ​ការវាយប្រហារ​ជាថ្មី​ទៀត​បាន​ឲ្យសោះ​។

ការស៊ើបអង្កេត​របស់​ប៉ូលិស​ស្កុតឡែន​យ៉ាត

កែប្រែ

កាសែត​ញូវយ៉ក ថែមស៍ រាយការណ៍​នៅ​ថ្ងៃសុក្រ ទី ០៨ កុម្ភៈ ២០០៨ នេះ​ថា ប៉ូលិស​អង់គ្លេស​ស្កុតឡែន​យ៉ាត​បាន​ធ្វើការ​សន្និដ្ឋាន​ថា លោកស្រី បេណាហ្សៀរ ប៊ូតូ មេដឹកនាំ​គណបក្ស​ប្រឆាំង​ប៉ាគីស្ថាន បាន​ស្លាប់​ដោយសារតែ​កម្លាំង​ផ្ទុះ​នៃ​គ្រាប់បែក​អត្តឃាត មិនមែន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ឃាតក​ទេ​។

ការ​រក​ឃើញ​នេះ​ប្រសិនបើ​ជា​ការពិត​នោះ នឹង​គាំទ្រ​ចំពោះ​ការ​ពន្យល់​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ជុំវិញ​មរណភាព​របស់​លោកស្រី​ប៊ូតូ​។ ប៉ូលិស​ទីក្រុងឡុង​ដែល​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​ខ្លួន​ទៅ​ស្រាវជ្រាវ​មរណភាព​នោះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​របាយការណ៍​នោះ​ទេ​។

អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​និយាយ​ថា កងកម្លាំង​ប៉ូលិស​នឹង​មិន​និយាយ​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​ទេ​រហូត​ទាល់តែ​របាយការណ៍​នោះ​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​។

មាន​រឿង​ដ៏​ចម្រូងចម្រាស បាន​កើតឡើង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ស្ដី​អំពី​ថា​តើ​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ឬក៏ ដោយសារ​មុខរបួស​ដែល​បណ្ដាលមកពី​គ្រាប់បែក ដែល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការ​បាញ់​កាំភ្លើង​មក​លើ​លោកស្រី​ពី​ចម្ងាយ​យ៉ាង​ជិត​បំផុត​។

ក្នុង​ការស្ទង់មតិ​មួយ ដែល​ធ្វើឡើង​ដោយ​ក្រុម Gallup Pakistan បាន​ឱ្យ​ដឹង​ថា ប្រជាជន​ប៉ាគីស្ថាន​ជិត​ពាក់កណ្ដាល​ជឿ​ថា​ភ្នាក់ងារ​រដ្ឋាភិបាល ឬ​អ្នកនយោបាយ​ដែល​ចង​សម្ពន្ធភាព​ជាមួយ​លោក​មូសារ៉ាហ្វ​មាន​ជាប់​ទាក់ទង​ក្នុង​ការ​ធ្វើឃាត​នេះ​។

របាយការណ៍​របស់​ប៉ូលិស​អង់គ្លេស ដែល​នឹង​ត្រូវ​គេ​យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ប៉ាគីស្ថាន​និង​គ្រួសារ​របស់​លោកស្រី​ប៊ូតូ​នៅ​ថ្ងៃ​ទី ០៨ កុម្ភៈ ២០០៨ នេះ​បាន​និយាយ​ថា លោកស្រី​ប៊ូតូ​ស្លាប់​បន្ទាប់ពី​គ្រាប់បែក​អត្តឃាត​បាន​ផ្ទុះឡើង ហើយ​កម្លាំង​ផ្ទុះ​បោក​មក​លើ​ក្បាល​របស់​លោកស្រី​។ បើ​តាម​កាសែត​ញូវយ៉ក ថែមស៍ បាន​ឱ្យ​ដឹង​ថា ការស៊ើបអង្កេត​នោះ​បាន​កំណត់​ថា មាន​ខ្មាន់កាំភ្លើង​តែម្នាក់​ទេ​ដែល​រូបភាព​របស់​ជន​នេះ​ ត្រូវ​គេ​ថត​បាន​នៅកន្លែង​កើតហេតុ​គឺជា​អ្នក​បំផ្ទុះ​គ្រាប់បែក​ឡើង​។ មុន​នេះ​មន្ត្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​និយាយ​ថា មាន​ជន​វាយប្រហារ ២ នាក់​។