កណ្ណកត្ថលសូត្រ

កណ្ណកត្ថលសូត្រ ទី១០

[៣៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភូមិប្រទេស ឈ្មោះកណ្ណកត្ថលៈ ជាទីឲ្យអភ័យដល់ពួកម្រឹគ ជិតក្រុងឧទញ្ញា ។ សម័យនោះឯង ព្រះបាទបសេនទិកោសល បានមកដល់ឧទញ្ញានគរ ដោយកិច្ចនីមួយ ។ គ្រានោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅបុរសម្នាក់ថា ម្នាលបុរសដ៏ចម្រើន អ្នកឯងចូរមកនេះ ចូរអ្នកឯង ចូលទៅរកព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយក្បាល តាមពាក្យរបស់យើង រួចហើយចូរសួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខ រួចអ្នកឯងចូរពោលយ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់សោយក្រយាស្ងោយក្នុងវេលាព្រឹករួចហើយ ក្នុងកាលជាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់ព្រះមានព្រះភាគ ។ បុរសនោះ ទទួលព្រះឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខ ហើយទ្រង់ត្រាស់ យ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលបើទ្រង់សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ វេលាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់ព្រះមានព្រះភាគ ។

[៣៣៣] ព្រះភគិនី (ជាបជាបតី) ព្រះនាមសោមា និងព្រះនាមសកុលា បានឮថា ថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ ខាងក្រោយភត្ត ទ្រង់នឹងស្តេចទៅគាល់ព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះនាងសោមា និងព្រះនាងសកុលា ចូលទៅគាល់ព្រះបាទបសេនទិកោសល ក្នុងកន្លែងសម្រាប់សោយ ហើយបានពោលពាក្យនេះថា បពិត្រមហារាជ បើដូច្នោះ សូមព្រះអង្គ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យរបស់ខ្ញុំម្ចាស់ទាំងឡាយផង សូមទ្រង់សួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខផងថា បពិត្រព្រះអង្គដ៏ចម្រើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ហើយសួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខសាន្ត ។

[៣៣៤] គ្រានោះ ព្រះបាទបសេនទិកោសល សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ទូលសួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខសាន្ត ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះនាងសោមា និងនាងសកុលា រកអ្នកបម្រើដទៃមិនបានឬ ។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា នាងសោមា និងនាងសកុលា បានឮថា ក្នុងថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ ក្នុងវេលាខាងក្រោយភត្ត នឹងយាងចូលទៅ ដើម្បីគាល់ព្រះមានព្រះភាគ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ក៏លំដាប់នោះ នាងសោមា និងនាងសកុលា ចូលមករកខ្ញុំព្រះអង្គ ត្រង់កន្លែងសម្រាប់ទទួលភត្ត ហើយពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ សូមព្រះអង្គ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យរបស់ខ្ញុំម្ចាស់ទាំងឡាយផង ទូលសួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការទ្រង់គង់នៅជាសុខថា នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ ដោយសិរ្យៈ ទូលសួរនូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការទ្រង់គង់នៅជាសុខ ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ សូមឲ្យនាងសោមា និងនាងសកុលា បានសេចក្តីសុខទាំងអស់គ្នា ។

[៣៣៥] គ្រានោះ ព្រះបាទបសេនទិកោសល បានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ពោលយ៉ាងនេះថា គ្មានសមណព្រាហ្មណ៍ណា ដែលជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុទេ បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម និយាយយ៉ាងនេះថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុទេ បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងឡាយនោះ ពោលតាមពាក្យ របស់ព្រះមានព្រះភាគ មិនមែនពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតទេ ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរ ដល់នវលោកុត្តរធម៌ ទាំងពាក្យតូច ពាក្យធំ ប្រកបដោយធម៌ណានីមួយ ក៏មិនដល់នូវទីគួរតិះដៀលទេឬ ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ជនទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម និយាយយ៉ាងនេះថា គ្មានសមណៈ ឬព្រាហ្មណ៍ ដែលដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈ ដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ជនទាំងឡាយនេះ ពោលតាមពាក្យ ដែលតថាគតពោលហើយ ទាំងមិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនទៀង មិនពិតទេ ។

[៣៣៦] លំដាប់នោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅសេនាបតី ឈ្មោះវិឌូឌភៈមក ហើយសួរថា ម្នាលសេនាបតី នរណាហ្ន៎ នឹងអាចពោលកថាវត្ថុនេះ ក្នុងខាងក្នុង នៃព្រះបរមរាជវាំងបាន ។ វិឌូឌភៈសេនាបតី ក្រាបបង្គំទូលថា បពិត្រមហារាជ មានតែសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ។ ទើបព្រះបាទបសេនទិកោសល ត្រាស់ហៅបុរសម្នាក់មក ហើយប្រាប់ថា ម្នាលបុរសអើយ អ្នកឯងចូរមកអាយ អ្នកចូរទៅហៅសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចម្រើន ព្រះបាទបសេនទិកោសល ទ្រង់មានព្រះឱង្ការឲ្យហៅលោក ។ បុរសនោះ ទទួលព្រះឱង្ការរបស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅរកសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ ទៅរកសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រថា បពិត្រលោកដ៏ចម្រើន ព្រះបាទបសេនទិកោសល ទ្រង់មានព្រះរាជឱង្ការឲ្យហៅលោក ។ លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ បានពោលពាក្យឯទៀត ព្រោះសំដៅហេតុណាមួយ អ្នកផងចូលចិត្តពាក្យនោះ ដោយប្រការដទៃដែរឬ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះមានព្រះភាគ ជ្រាបនូវពាក្យ តាមសមគួរហើយ ទើបពោលវាចាឬ ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ តថាគត ដឹងយ៉ាងនេះហើយ ទើបពោលវាចាថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងតែម្តង សេចក្តីនេះ មិនសមហេតុឡើយ ។ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ សំដែងពាក្យសមហេតុ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ សំដែងពាក្យ ដែលប្រព្រឹត្តទៅ មួយអន្លើដោយហេតុថា គ្មានសមណៈ ឬព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញនូវហេតុទាំងពួងតែម្តង រឿងដូច្នេះនេះ មិនសមហេតុឡើយ បពិត្រព្រះអង្គដ៏ចម្រើន វណ្ណៈមាន៤គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចម្រើន ត្រកូលទាំង៤នេះ មានសេចក្តីវិសេស ទាំងមានសេចក្តីផ្សេងគ្នាដែរឬទេ ។

[៣៣៧] បពិត្រមហារាជ វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រមហារាជ បណ្តាវណ្ណៈទាំង៤នេះ មានតែវណ្ណៈ២គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ ដែលប្រាកដជាប្រសើរជាងគេ ព្រោះវណ្ណៈទាំងពីរនេះ គួរដល់ការថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម និងសាមីចិកម្ម ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនទូលសួរនូវគុណ ក្នុងបច្ចុប្បន្ន នឹងព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ទូលសួរនូវគុណ ដែលប្រព្រឹត្តទៅ ក្នុងបរលោក នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ត្រង់វណ្ណៈទាំង៤នេះ គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចម្រើន វណ្ណៈទាំង៤នេះ មានសេចក្តីវិសេស និងសេចក្តីផ្សេងគ្នាដែរឬទេ ។

[៣៣៨] បពិត្រមហារាជ អង្គនៃសេចក្តីព្យាយាមនេះ មាន៥ ។ ចុះអង្គនៃសេចក្តីព្យាយាម មាន៥ តើដូចម្តេចខ្លះ ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹង របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ១ ។ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយការចាប់បដិសន្ធិ មានវិបាកដ៏ស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក ជាកណ្តាល អត់ទ្រាំនូវសេចក្តីព្យាយាមបាន១ ។ ជាអ្នកមិនអួតអាង មិនមានមាយា ធ្វើនូវខ្លួនឲ្យជាក់ច្បាស់ តាមសេចក្តីពិត ក្នុងព្រះសាស្តាផង ក្នុងសព្រហ្មចារី ជាអ្នកប្រាជ្ញទាំងឡាយផង១ ។ ជាអ្នកប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវធម៌ទាំងឡាយជាអកុសល ដើម្បីបំពេញនូវធម៌ទាំងឡាយជាកុសល មានកម្លាំងចិត្ត មានព្យាយាមដ៏មាំមួន មិនដាក់ចុះនូវធុរៈ ក្នុងធម៌ទាំងឡាយជាកុសលឡើយ១ ។ ជាអ្នកមានប្រាជ្ញា ប្រកបដោយបញ្ញាដ៏ប្រសើរ ស្គាល់សេចក្តីកើតឡើង និងវិនាសទៅ ជាបញ្ញាដល់នូវសេចក្តីអស់ទៅនៃទុក្ខ ដែលជាគ្រឿងនឿយណាយ១ ។ បពិត្រមហារាជ នេះឯង ជាអង្គ នៃសេចក្តីព្យាយាមទាំង៥ ។ បពិត្រមហារាជ វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំង៤នោះ បើបានប្រកបដោយអង្គ នៃសេចក្តីព្យាយាម ទាំង៥នេះហើយ ការប្រកបនោះ នៃវណ្ណៈទាំងនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ សេចក្តីចម្រើន អស់កាលជាយូរអង្វែង ។

[៣៣៩] បពិត្រព្រះអង្គដ៏ចម្រើន វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម ទាំង៥នេះ បពិត្រព្រះអង្គដ៏ចម្រើន តើវណ្ណៈទាំងនោះ មានសេចក្តីវិសេសជាងគ្នា ផ្សេងគ្នា ក្នុងហេតុនុ៎ះដែរឬ ។ បពិត្រមហារាជ នេះហើយ ដែលតថាគតពោលថា សេចក្តីព្យាយាមខុសគ្នា ក្នុងហេតុនុ៎ះឯង ។ បពិត្រមហារាជ ដូចសត្វពីរពួក គឺដំរី គួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក គេបានទូន្មានប្រដៅល្អហើយ សត្វពួកទីពីរទៀត គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក តែគេមិនបានទូន្មាន មិនបានប្រៀនប្រដៅទេ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច សត្វពីរពួកណា គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក គេបានទូន្មានល្អ ប្រៀនប្រដៅល្អហើយ ក៏សត្វទាំងនោះ លុះគេទូន្មានហើយ បានដល់នូវហេតុតាមដែលទូន្មាន លុះគេទូន្មានហើយ ក៏បានដល់នូវទី តាមដែលទូន្មាន ដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនុ៎ះ យ៉ាងនេះហើយ ។ សត្វពួកទីពីរណា គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក តែគេមិនបានទូន្មាន មិនបានប្រៀនប្រដៅទេ សត្វទាំងនោះ កាលបើគេមិនបានទូន្មានហើយ តើបានដល់នូវហេតុ តាមដែលទូន្មាន កាលបើគេមិនបានទូន្មានហើយ តើបានដល់នូវទី តាមដែលទូន្មាន ដូចជាពួកសត្វទាំងនោះ គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេបានទូន្មានល្អ ប្រដៅល្អហើយ ដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ ។ បពិត្រមហារាជ សេចក្តីនេះ មានឧបមេយ្យដូចបុគ្គលមានសទ្ធា មិនមានអាពាធ ជាអ្នកមិនអួតអាង មិនមានមាយា ប្រារព្ធនូវសេចក្តីព្យាយាម មានប្រាជ្ញា រមែងដល់នូវហេតុណា បុគ្គលគ្មានសទ្ធា មានអាពាធច្រើន ជាអ្នកអួតអាង មានមាយា ខ្ជិលច្រអូស ឥតប្រាជ្ញា នឹងដល់នូវហេតុនោះដូចគ្នា ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។

[៣៤០] បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ពោលនូវពាក្យដ៏សមគួរដល់ហេតុ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ពោលនូវពាក្យប្រព្រឹត្តទៅ មួយអន្លើដោយហេតុ បពិត្រព្រះអង្គដ៏ចម្រើន វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម៥នេះ វណ្ណទាំងនោះ ឈ្មោះថា មានសេចក្តីព្យាយាមដោយពិត បពិត្រព្រះអង្គដ៏ចម្រើន វណ្ណទាំងនោះ មានសេចក្តីវិសេសជាងគ្នា ផ្សេងគ្នាក្នុងហេតុនុ៎ះឯង ។ បពិត្រមហារាជ តថាគត មិនពោលនូវអំពើផ្សេងៗ បន្តិចបន្តួចក្នុងហេតុនុ៎ះ គឺវិមុត្តិដោយវិមុត្តិទេ ។ បពិត្រមហារាជ ដូចបុរសយកឧសសាលព្រឹក្ស ដែលស្ងួត មកបង្កាត់ភ្លើង ភ្លើងក៏កើតឡើង ។ មានបុរសម្នាក់ទៀត យកឧសស្វាយ ដែលស្ងួតមកបង្កាត់ភ្លើង ភ្លើងក៏កើតឡើងដែរ ។ បុរសម្នាក់ទៀត យកឧសល្វា ដែលស្ងួតមកបង្កាត់ភ្លើង ភ្លើងក៏កើតភ្លើងឡើងដែរ ។ បពិត្រមហារាជ ព្រះអង្គសំគាល់នូវសេចក្តីនោះ ថាដូចម្តេច អំពើបន្តិចបន្តួចផ្សេងៗ របស់ភ្លើងទាំងនោះ ដែលកើតអំពីឧសផ្សេងៗ គឺអណ្តាតភ្លើងដោយអណ្តាតភ្លើងក្តី ពណ៌ដោយពណ៌ក្តី ពន្លឺដោយពន្លឺក្តី ខុសគ្នាដែរឬ ។ សេចក្តីនេះ មិនដូច្នោះទេព្រះអង្គ ។ បពិត្រមហារាជ តេជះណា ដែលបុគ្គលមិនបានញាំញី ដោយព្យាយាម ដែលកើតអំពីព្យាយាម តថាគត មិនពោលនូវអំពើបន្តិចបន្តួចថា ផ្សេងគ្នាក្នុងតេជះនោះ គឺវិមុត្តិ ដោយវិមុត្តិយ៉ាងនេះទេ ។

[៣៤១] បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ពោលពាក្យប្រព្រឹត្តទៅ មួយអន្លើដោយហេតុ បពិត្រព្រះអង្គដ៏ចម្រើន ចុះទេវតា មានដែរឬ ។ បពិត្រមហារាជ ចុះហេតុដូចម្តេច បានជាទ្រង់ត្រឡប់សួរយ៉ាងនេះវិញថា បពិត្រព្រះអង្គដ៏ចម្រើន ចុះទេវតា មានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើទេវតាមានមែន ទេវតាទាំងនោះ មុខជានឹងមកកាន់អត្តភាពជាមនុស្សនេះពុំខាន ឬបើមិនមានទេ (ទេវតាទាំងនោះ) នឹងមិនមកកាន់អត្តភាពជាមនុស្សនេះឡើយ ។ បពិត្រមហារាជ ពួកទេវតាណា មានសេចក្តីព្យាបាទ ទេវតាទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតាណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ ។ [៣៤២] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ វិឌូឌភសេនាបតី ក៏បានពោលតប ទៅនឹងព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកទេវតាណា មានសេចក្តីព្យាបាទ ទេវតាទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតាណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ ហើយញុំាងទេវតា ដែលមានព្យាបាទទាំងនោះ ឲ្យកក្រើកចាកទីនោះ ឬបណ្តេញចេញ ។ លំដាប់នោះ ព្រះអានន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិឌូឌភសេនាបតីនេះ ជាបុត្តរបស់ព្រះបាទបសេនទិកោសល ឯអាត្មាអញ ជាបុត្តរបស់ព្រះមានព្រះភាគ កាលនេះ ជាកាលឲ្យបុត្តប្រឹក្សាជាមួយនឹងបុត្ត ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ហៅវិឌូឌភសេនាបតីមកថា បពិត្រសេនាបតី បើដូច្នោះ អាត្មាភាព នឹងសួរប្រស្នា ចំពោះទ្រង់ ក្នុងដំណើរនេះវិញ ប្រស្នាគួរដល់ទ្រង់យ៉ាងណា សូមទ្រង់ដោះស្រាយ យ៉ាងនោះចុះ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ដែនរបស់ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជសម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល អាចធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណព្រាហ្មណ៍ ដែលមានបុណ្យក្តី ឥតបុណ្យក្តី មានសេចក្តីប្រព្រឹត្តិល្អក្តី មិនមានសេចក្តីប្រព្រឹត្តិល្អក្តី ឲ្យចេញចាកតំណែងនោះ ក្នុងទីដែននោះ បានដែរឬ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ដែនរបស់ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជសម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល អាចដើម្បីធ្វើឲ្យកក្រើក បណ្តេញចេញ នូវសមណព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ ប្រព្រឹត្តិល្អ ឬប្រព្រឹត្តិអាក្រក់ ឲ្យចេញចាកតំណែងនោះ ក្នុងទីដែននោះបាន ។ បពិត្រសេនាបតី ទ្រង់សំគាល់នូវសេចក្តីនោះ ថាដូចម្តេច ទីដែលមិនមែនជាដែន របស់ព្រះបាទបសេនទិកោសលត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល មិនបានសោយរាជសម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល អាចដើម្បីធ្វើឲ្យកក្រើក បណ្តេញនូវសមណព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ ប្រព្រឹត្តិល្អ ឬប្រព្រឹត្តិអាក្រក់ ឲ្យចេញចាកតំណែងនោះ បានដែរឬ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ទីដែលមិនមែនជាដែន របស់ព្រះបាទបសេនទិកោសលត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល មិនបានសោយរាជសម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល មិនអាចដើម្បីធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណៈ ឬព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ មានព្រហ្មចរិយធម៌ ឬមិនមានព្រហ្មចរិយធម៌ ឲ្យចេញចាកតំណែងនោះ ក្នុងដែននោះបានទេ ។ បពិត្រសេនាបតី ចុះទ្រង់សំគាល់នូវសេចក្តីនោះ ថាដូចម្តេច ទ្រង់បានឮថា ពួកទេវតាជាន់តាវត្តិង្ស មានដែរឬ ។ ព្រះករុណា យ៉ាងហ្នឹងហើយ ខ្ញុំបានឮថា ពួកទេវតាជាន់តាវត្តិង្សមាន តែឥឡូវនេះ ព្រះបាទបសេនទិកោសលដ៏ចម្រើន ក៏ទ្រង់ឮថា ពួកទេវតាជាន់តាវត្តិង្សមានដែរ ។ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទបសេនទិកោសល អាចដើម្បីធ្វើឲ្យកក្រើក ឬបណ្តេញពួកទេវតាជាន់តាវត្តិង្ស ឲ្យចេញចាកទីនោះ បានដែរឬ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះបាទបសេនទិកោសល មិនអាចដើម្បីមើលពួកទេវតាជាន់តាវត្តិង្សឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញចាកទីនោះឯណាបាន ។ បពិត្រសេនាបតី យ៉ាងនោះពិតហើយ ពួកទេវតាណា មានសេចក្តីព្យាបាទ ទេវតាទាំងនោះ មកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតាណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ (ទេវតាទាំងនោះ) មិនអាចដើម្បីមើលឃើញ នូវពួកទេវតាទាំងនោះឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញចាកទីឯណាបាន ។ គ្រានោះ ព្រះបាទបសេនទិកោសល ទូលសួរទៅព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះឈ្មោះអ្វី ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ឈ្មោះអានន្ទ ។

[៣៤៣] ព្រះរាជាមានព្រះឱង្ការថា អើហ្ន៎ ព្រះអានន្ទទេតើ អើហ្ន៎ រូបព្រះអានន្ទទេតើ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យសមគួរដល់ហេតុ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យប្រព្រឹត្តទៅ មួយអន្លើដោយហេតុ បពិត្រលោកម្ចាស់ដ៏ចម្រើន ចុះព្រហ្មមានដែរឬ ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គ មានព្រះឱង្ការសួរ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រហ្មមានដែរឬ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បើព្រហ្មនោះមានមែន មុខជានឹងមកកាន់អត្តភាពជាមនុស្សនេះមិនខានទេ បើមិនមានទេ មិនបានមកកាន់អត្តភាពជាមនុស្សនេះឡើយ ។ បពិត្រមហារាជ បើព្រហ្មណា មានសេចក្តីព្យាបាទ ព្រហ្មនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ព្រហ្មណា មិនមានសេចក្តីព្យាបាទទេ ព្រហ្មនោះ មិនបានមកកាន់អត្តភាពជាមនុស្សនេះទេ ។ លំដាប់នោះ មានបុរសម្នាក់ ក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រមហារាជ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ មកដល់ហើយ ។ ទើបព្រះបាទបសេនទិកោសល មានព្រះឱង្ការ ទៅនឹងសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ដូច្នេះថា ម្នាលព្រាហ្មណ៍ នរណាហ្ន៎ អាចពោលនូវកថាវត្ថុនេះ ក្នុងខាងក្នុងនៃបូរី របស់ស្តេចបាន ។ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ក្រាបបង្គំទូលថា បពិត្រមហារាជ មានតែវិឌូឌភសេនាបតី ។ ឯវិឌូឌភសេនាបតី ពោលយ៉ាងនេះថា បពិត្រមហារាជ មានតែសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ។ គ្រានោះ មានបុរសម្នាក់ទៀត បានក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រមហារាជ កាលនេះគួរស្តេចយាងហើយ ។

[៣៤៤] លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំបានទូលសួរ នូវសព្វញ្ញុតញ្ញាណ នឹងព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសព្វញ្ញុតញ្ញាណ ការព្យាករនោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករនោះ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំ បានទូលសួរ នូវសេចក្តីស្អាត នៃវណ្ណទាំង៤ នឹងព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសេចក្តីស្អាត នៃវណ្ណទាំង៤ហើយ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំរីករាយ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំ បានសួរនូវពួកទេវតាជាធំ នឹងព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវពួកទេវតាជាធំ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំ បានទូលសួរនូវព្រហ្មជាធំ នឹងព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវព្រហ្មជាធំ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត យើងខ្ញុំ បានទូលសួរនូវហេតុណាៗ នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ ក៏បានព្យាករ នូវហេតុនោះៗ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវយើងខ្ញុំមានកិច្ចច្រើន មានការងារដែលត្រូវធ្វើច្រើន យើងខ្ញុំសូមថ្វាយបង្គំលាត្រឡប់ទៅវិញ ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សូមព្រះអង្គ សំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់សព្វព្រះរាជហឫទ័យ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ ។

ចប់ កណ្ណកត្ថលសូត្រ ទី១០ ។