កាតូលិក
និកាយរ៉ូម៉ាំងកាតូលិក គឺជានិកាយដែលមានសារៈសំខាន់ណាស់ក្នុងចំណោមនិកាយគ្រិស្តសាសនាទាំងឡាយ។ ព្រះសហគមន៍ រ៉ូម៉ាំងកាតូលិក គឺសម្ដេចប៉ាបដែលជាអភិបាលក្រុងរ៉ូម។ សម្ដេចប៉ាបមានតួនាទីគ្រប់គ្រង ដឹកនាំ និងបង្រួបបង្រួមគ្រិស្តបរិស័ទកាតូលិកគ្រប់ប្រទេសទាំអស់ឱ្យមានឯកភាពគ្នាជាធ្លុងមួយក្នុងការប្រតិបត្តិជំនឿ។
នៅតាមព្រះវិហារនីមួយៗតែងមានបព្វជិតម្នាក់ គេនិយមហៅថាបូជាចារ្យ ជាអ្នកទទួលខុសត្រូវក្នុងការអប់រំជំនឿ និងផ្ដល់ដំបូន្មានផ្សេងៗដល់គ្រិស្តបរិស័ទទាំងការរស់នៅ ទាំងការឱ្យចេះរួបរួមគ្នាជាធ្លុងមួយក្នុងឋានៈខ្លួនជាគ្រិស្តបរិស័ទ ហើយក៏ជាអ្នកធ្វើអធិបតីភាពក្នុងពិធីបុណ្យប្រពៃណីសាសនា ។ ដើម្បីបួសជាបូជាចារ្យនៅក្នុងនិកាយរ៉ូម៉ាំងកាតូលិក បេក្ខសមណៈត្រូវមានអាយុយ៉ាងតិច២៥ ឆ្នាំឡើងទៅ ហើយត្រូវតែសិក្សាមុខវិជ្ជាទេវវិទ្យានៅមហាវិទ្យាល័យ ដែលមានរយៈពេល៤ ឆ្នាំ។ មុខវិជ្ជាដែលត្រូវសិក្សាមានព្រះគម្ពីរ បរិសុទ្ធ ទេវវិទ្យាមូលដ្ធាន ប្រវត្តិសាស្ត្រនៃព្រះវិហារ ការគ្រប់គ្រង ។ល។
ក្រោយពីបញ្ចប់ការសិក្សា បេក្ខសមណៈ ត្រូវចូលបម្រើក្នុងព្រះវិហារក្នុងនាមជាអ្នកស្ម័គចិត្ត ដើម្បីប្រែក្លាយខ្លួនទៅជាអ្នកដាក់ជំនឿនិងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដោយបួងសួងនិងធ្វើសមាធិ។
ការចូលខ្លួនបម្រើក្នុងព្រះវិហាររបស់បេក្ខសមណៈ ត្រូវស្ថិតនៅក្រោមការសង្កេតឃ្លាំមើលជាប្រចាំពីសំណាក់បូជាចារ្យចាស់ទុំរយៈពេល៣ឆ្នាំ។ ក្រោយពីការសង្កេតឃើញថា បេក្ខសមណៈមានលក្ខណៈសម្បត្តិត្រឹមត្រូវ ហើយមានអាកប្បកិរិយាសមរម្យជាបូជាចារ្យហើយ ទើបបូជាចារ្យចាស់ទុំប្រកាសអនុញ្ញាតឱ្យបេក្ខសមណៈចូលបួសជាបូជាចារ្យពេញសិទ្ធ។ ក្នុងជីវិតព្រះសហគមន៍កាតូលិក បូជាចារ្យគ្រប់លំដាប់ថ្នាក់មានមុខងារចូលរួមចំណែកក្នុងការអប់រំដាវ័កក៏ដូចជាចូលរួមជួយសង្គ្រោះជនក្រីក្រអនាថាតាមមធ្យោបាយផ្សេងៗ ។