ការប្រណាំងក្របីនិងបោកចំបាប់

     ការជិះក្របីប្រណាំងនិងបោកចំបាប់នៅថៃ្ងភ្ជុំបិណ្ឌបានក្លាយទៅជាប្រពៃណីយិ៍ដ៏យូរលុងណាស់មកហើយរបស់អ្នកស្រុកវិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីនេះរៀបចំឡើងក្នុងគោលបំនងជាតង្វាយព្រះដើម្បីសុំឱ្យបារមីព្រះអង្គវិហារសួគ៌ជួយថែរក្សាសត្វពាហនៈក្នុងភូមិឃុំទាំងមូលឱ្យ ចៀសផុតពីជំងឺតម្កាត់ផេ្សងៗ និងជាថៃ្ងដែលអ្នស្រុកយកក្របីរបស់ខ្លួនមកបង្អួតបង្ហាញពីភាពសង្ហា ខ្លាំងក្លា លឿន ទឹមភ្ជួររាស់បានល្អ។ល។ និងជាបន្ត គឺពិធីប្រកួតបោកចំបាប់ដែលមានន័យនិងគោលបំនងមិនខុសគ្នាពីការជិះក្របីប្រណាំងនោះទេ។

     លោក ជៀង រតនៈ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានរៀបរាប់ថា​ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៥រោច ខែភទ្របទ ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​នឹងថ្ងៃភ្ជុំបិណ្ឌ​ អ្នកស្រុក អ្នកភូមិវិហារសួគ៌តែងតែប្រារព្ធធ្ធើពិធីជិះក្របីប្រណាំងនិងបោកចំបាប់ដោយមានមនុស្សម្នាចូលរួមក្នុងពិធីយ៉ាងច្រើនកុះករ ហើយពិធីនេះធ្វើឡើងក្នុង បរិវេណវត្ពព្រះវិហារសួគ៌តែម្ដង។ ការជិះក្របីប្រណាំង និង ការប្រកួតបោកចំបាប់របស់អ្នកស្រុកវិហារសួគ៌នៅថ្ងៃភ្ជុំបិណ្ឌនោះបានក្លាយទៅជាប្រពៃណី ដ៏យូរលុងណាស់មកហើយ ដោយគេតែងតែប្រារព្ធធ្វើតាំងពីបុរាណកាលមកមិនដែលខានឆ្នាំណាទេលើកលែងតែសម័យប៉ុល ពត។​​​

​​​​     លោកជៀង រតនៈ បន្តថាការជិះក្របីប្រណាំងនេះគឺប្រារព្ធធ្វើទ្បើងចាប់ពីម៉ោង៧ដល់ម៉ោង១០ឬ១១ព្រឹកទៅតាមចំនួនក្របីតិចឬច្រើន។ ចប់ការ ប្រណាំងក្របី អ្នកស្រុកអ្នកភូមិរៀបចំការប្រកួតចំបាប់ទៀតរហូតអស់អ្នកប្រកួត។ ការប្រកួតចំបាប់នេះគឺធ្វើឡើងតាមការឯកភាពពីគ្រូចំបាប់តាមក្រុម និមួយៗដែលស្កាត់មកពីភូមិផ្សេងៗគ្នាក្បែរៗនោះដូចជាមកពី ស្រុកស្រីគន្ធរ ខេត្តកំពង់ចាម ឬកំពង់ពពិលនិងមេសប្រចណ្ឌខេត្តព្រៃវែងជាដើម។ ការប្រកួតចំបាប់នេះពុំមានរើសមាឌឬថ្លឹងទំងន់អ្វីទេគឺ អាស្រ័យទៅលើអ្នកប្រកួតផ្ទាល់តើហ៊ានឬមិនហ៊ានតែប៉ុណ្ណោះចំនែកគ្រូឬក្រុមនីមួយៗវិញតែងតែចង់បង្ហាញ ពីភាពក្លាំងក្លាឬលិ្បចប្រកួតរបស់សិស្សក្នុងក្រុមរៀងៗខ្លួន។ លោកប្រធានទេសចរណ៍ខេត្តកណ្តាលបានអំពាវនាវដល់ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិសូមអញ្ជើញទៅចូលរួមទស្សនានូវព្រឹត្តិការណ៍ជិះក្របីប្រណាំងនិងបោកចំបាប់នៅថ្ងៃភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំនៅក្នុងបរិវេណវត្តព្រះវិហារសួគ៌នេះ ឱ្យបានច្រើនកុះករព្រោះនេះជាពិធីប្រពៃណីដែលត្រូវបានថែរក្សាទុកតាំងពីបុរាណកាលមក។ ក្រៅពីនេះមន្ទីរទេសចរណ៍ខេត្តមានគោលបំនងចង់ឱ្យ បងប្អូនដែលជាអ្នកទេសចរបន្តការស្នាក់នៅទីនោះដើម្បីបង្ហួសទៅលេងនៅវត្តម៉ែបានក្នុងឃុំស៊ីធរនិងបន្តការទស្សនាការប្រណាំងទូករបស់អ្មកស្រុកនៅ ទីនោះទៀត។

     សូមបញ្ជាក់ថាវត្តព្រះវិហារសួគ៌ស្ថិតនៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើដំនើរតាមផ្លូវជាតិលេខ6A ឆ្លងដស្វាយអាត់កាត់ ទន្លេមេគង្គហើយធ្វើដំនើរត្រង់តាមស្ពានព្រះគន្លងនឹងទៅដល់ទីនោះជាក់ជាមិនខាន។