ការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ទិដ្ឋភាពទូទៅនៃការអនុវត្តគណនេយ្យភាព​របស់​រដ្ឋបាលថ្នាក់ក្រោមជាតិ កែប្រែ

សេចក្តីផ្តើម កែប្រែ

ការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយទៅជាស្ថាប័នប្រជា​ធិប​តេយ្យ ដែលស្ថាប័នទាំងនោះត្រូវធ្វើជាតំណាង និងឆ្លើយតបចំពោះតម្រូវ​ការ​​ នានារបស់ប្រជាពលរដ្ឋ គឺជាគោលបំណងចម្បងមួយនៃកម្មវិធី​ជាតិរយៈ​ពេល១០ឆ្នាំ ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ។ ដោយ​សារ​អភិបាលកិច្ចល្អបានរួមចំណែកយ៉ាងធំធេងក្នុង​ការលើក​កម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ហេតុនេះ រដ្ឋបាលថ្នាក់​ក្រោម​ជាតិ​នីមួយៗ ​ត្រូវលើក​កម្ពស់​ការអនុវត្តនូវគោលការណ៍​សំខាន់ៗ​នៃអភិបាល​កិច្ចល្អ ដោយត្រូវធ្វើយ៉ាងណាឲប្រជាពល​រដ្ឋបានចូលរួម​ក្នុងដំណើរការ​នៃ​ការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនោះ ព្រមទាំងត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាផងដែរ។

នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសកម្ពុជា ការ​ ធ្វើគណនេយ្យភាពត្រូវបានអនុវត្តតាមរបៀបខុសៗគ្នា ប៉ុន្តែមានគោល​បំណង​ ដូចគ្នា។ ចាប់តាំង​ពីឆ្នាំ​២០០២ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានបង្កើត​ឡើង​តាមរយៈការ​បោះឆ្នោត​ដោយផ្ទាល់ពីប្រជាពលរដ្ឋរបស់ខ្លួន នៅរៀង​រាល់​៥​ឆ្នាំម្តង។ ចាប់តាំងពី​ឆ្នាំ​២០០៩ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ ក៏ត្រូវបានបង្កើតឡើង​តាមរយៈការបោះឆ្នោតអសកល ដោយសមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​នៅ​រៀងរាល់៥ឆ្នាំម្តងផងដែរ។ ផ្អែកតាម​ច្បាប់រៀបចំ​អង្គការ ក្រុមប្រឹក្សា​ត្រូវ​បំពេញមុខងារជាតំណាងប្រជាពលរដ្ឋនៅក្នុងការ​ធ្វើសេចក្តីសម្រេចខាង​បញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ព្រមទាំង​ធ្វើការត្រួតពិនិត្យ​ទៅ​លើ​ការអនុវត្តសេចក្តីសម្រេចរបស់ខ្លួន ដែល​បានដាក់​ចេញផងដែរ។

គណៈអភិបាល​ មានភារកិច្ចអនុវត្តសេចក្តីសម្រេចរបស់​ក្រុមប្រឹក្សា​ដើម្បី​ចាត់ចែងកិច្ចការរដ្ឋបាល និងត្រួតពិនិត្យមើលកិច្ចការ​ប្រចាំថ្ងៃរបស់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។ គណៈ​អភិ​បាល​មានគណនេយ្យភាពចំពោះក្រុមប្រឹក្សា​ ក្នុងការអនុវត្ត​នូវ​សេច​ក្តី​សម្រេច និង​ដីកា​របស់​ក្រុមប្រឹក្សា។ នៅពេលដែល​លក្ខន្តិកៈ​ដោយ​ឡែក​សម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានដាក់​ឱ្យ​ប្រើ​ប្រាស់ ក្រុមប្រឹក្សានឹងទទួលបាននូវសិទ្ធិអំណាចក្នុងការគ្រប់​គ្រង ការ​ចាត់​​ចែង ការ​​ជ្រើសរើស ការតែងតាំង ការលើកសរសើរ និងការដាក់​វិន័យ​លើ​បុគ្គលិករបស់ខ្លួន។ ក្នុងអំឡុងពេលនៃការអនុវត្តផអ៣ទី១ ក្រុម​ប្រឹក្សានៃ​រដ្ឋ​បាលថ្នាក់ក្រោមជាតិបានទទួលការបណ្តុះបណ្តាល ការប្រឹក្សា​យោ​បល់ និងការពិគ្រោះយោបល់ជាច្រើន ដើម្បីគាំទ្រក្នុងការ​អនុវត្ត​នូវ​មុខងារ​របស់​ខ្លួន។ ក្នុង​ការអនុវត្តជាក់ស្តែង ទោះបីមានការ​រីកចម្រើន​ជា​ច្រើ​នក៏ដោយ​ក៏ប៉ុន្តែ​សម​ត្ថ​ភាពរបស់ក្រុមប្រឹក្សា នៅក្នុងការអនុវត្ត​សិទ្ធិ​អំណាចធ្វើ​សេចក្តី​សម្រេច​ខាង​បញ្ញត្តិ និងខាងប្រតិបត្តិ និងការ​ត្រួត​ពិនិត្យ​មើលពីលើ​នៅមាន​កម្រិត​នៅ​ឡើយ។

ក្រុមប្រឹក្សាឃុំ សង្កាត់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ និង​ជា​ប្រចាំជាមួយប្រជាពលរដ្ឋរបស់​ខ្លួន។ ដោយឡែក ក្រុមប្រឹក្សារាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌពុំសូវមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងជា​ប្រចាំ​ជាមួយប្រជាពលរដ្ឋឡើយ។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានគោលបំណង​ធ្វើឱ្យ​រដ្ឋ​បាល​ថ្នាក់ក្រោមជាតិមានស្វ័យភាពខ្ពស់។ ទោះបីយ៉ាងនេះក៏ដោយ ក៏រដ្ឋបាល​​ ថ្នាក់ក្រោមជាតិនៅតែមានគណនេយ្យភាពចំពោះក្របខ័ណ្ឌច្បាប់​ដោយ​​ត្រូវ​គោរពតាមគោលការណ៍ នីតិវិធី និងបទដ្ឋាន​នៃការផ្តល់សេវា​ដែល​កំណត់​ដោយក្រសួង ស្ថាប័ននានា។ បច្ចុប្បន្នសេចក្តីណែនាំពាក់ព័ន្ធនឹងរបៀប​ចាត់​ចែង គ្រប់គ្រង និងពង្រឹងការ​អនុវត្ត​តាម​រយៈ​ដំណើរ​ការធ្វើអធិការកិច្ច កំពុងត្រូវបានរៀបចំ និងដាក់ឱ្យ​អនុវត្ត។

យោងតាមមាត្រា៣៤ ផ្នែកទី២ ជំពូកទី២ នៃច្បាប់ស្ដីពីការគ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចែងថា “ក្រុមប្រឹក្សាត្រូវមានគណ​នេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ អំពីជម្រើសជាអា​​​ទិ​ភាព​ ដើម្បីធ្វើសេចក្តីសម្រេច ធានាបានការអភិវឌ្ឍតាមបែបប្រជាធិប​​តេ​យ្យ​នៅ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។​ ក្រុមប្រឹក្សាអាចធ្វើការអង្កេត​លើករណី​ទាំង​ឡាយណា ដែលខ្លួនយល់ឃើញថាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋ​ដែល​ខ្លួនជាតំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើ​អង្កេត​នោះ រួច​ហើយត្រូវផ្តល់គោលការណ៍ណែនាំអនុវត្តដល់​គណៈអភិបាល និង​អភិបាល”។​

ជាមួយគ្នានេះ កម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប​-តេយ្យនៅថ្នាក់ក្រោមជាតិ​ទាមទារឲ​មានការ​បង្កើត​នូវខ្សែ​គណនេយ្យ​ភាព​ថ្មី ការលើក​កម្ពស់​ការយល់ដឹង​ និងការបង្កើតប្រព័ន្ធ នីតិវិធី និង​យន្តការ​ទាំងឡាយដើម្បី​ធានា​ថា សិទ្ធិរបស់ប្រជាពលរដ្ឋត្រូវ​បាន​ការពារ សំឡេង​ប្រជាពលរដ្ឋត្រូវ​បាន​ដឹង​ឮ​ និងធនធាននានាត្រូវបាន​ប្រើ​ប្រាស់​ស្រប​តាម​ច្បាប់។​

តាមន័យនេះ ការពង្រឹងការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គឺជាកត្តាគន្លឹះមួយក្នុងការធានាឲការអនុវត្តកំណែ​ទម្រង់​ការ​អភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យទទួលបានជោគជ័យស្របតាមទស្សន​វិស័យ ដូច​ដែល​បានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណរបស់​រាជរដ្ឋា​ភិបាល​កម្ពុជា។​

និយមន័យ កែប្រែ

គណនេយ្យភាព ត្រូវបានគេឱ្យនិយមន័យផ្សេងៗគ្នាជាច្រើន អាស្រ័យតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុង បរិបទនៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ គណនេយ្យ ភាព ត្រូវបានកំណត់និយមន័យស្រដៀងៗគ្នាដូចខាងក្រោម ៖

  • សៀវភៅកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិកំណត់ថា “គណនេយ្យភាព គឺជាកាតព្វកិច្ចរបស់អ្នក ដែលទទួលបាននូវការទទួលខុសត្រូវ និងសិទ្ធិអំណាចដើម្បីឆ្លើយបំភ្លឺ និងទទួលខុសត្រូវចំពោះទង្វើនានារបស់ខ្លួន រួមទាំងផលវិបាកដែលកើតឡើងពីទង្វើទាំងនោះ”។
  • សៀវភៅ ផអ៣ទី២ បានកំណត់ថា “គណនេយ្យភាព គឺជា កាតព្វកិច្ចនៃអ្នកអនុវត្ត សិទ្ធិអំណាចក្នុងការឆ្លើយ បំភ្លឺអំពីសកម្មភាព នានារបស់ខ្លួនចំពោះអាជ្ញាធរមានសមត្ថកិច្ចណាមួយ ដែល អាចដាក់នូវពិន័យក្នុងករណីខកខានមិនបានអនុវត្ត។
  • សៀវភៅអភិបាលកិច្ចល្អសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០៥ កំណត់ថា “គណនេយ្យភាព គឺជាការអនុវត្តតួនាទី និងភារកិច្ចនៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្តសេចក្តីសម្រេចចិត្តនោះ ដោយមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន រាយការណ៍ ព្រមទាំងបញ្ជាក់ពីមូលហេតុនូវអ្វីដែលខ្លួនបានសម្រេច និងអនុវត្ត”។

គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ សំដៅលើការអនុវត្តគណនេយ្យភាពរបស់អង្គដែលកើតឡើងពីការបោះឆ្នោត (ដោយផ្ទាល់ ឬ ប្រយោល) ចំពោះប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឧទាហរណ៍ ៖ ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដែលកើតចេញពីការបោះឆ្នោត ត្រូវមានគណនេយ្យភាពចំពោះប្រជាពល-រដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

គោលបំណង កែប្រែ

គោលបំណងនៃការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បី ៖

  • ធានាឲមានប្រសិទ្ធភាពនៃការធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបម្រើឆន្ទៈ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ធានាឲមានភាពជាតំណាងសាធារណៈយ៉ាងពិតប្រាកដ
  • ធានាឲមានប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
  • ពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន។

ប្រភេទនៃគណនេយ្យភាព កែប្រែ

ប្រភេទផ្សេងៗនៃគណនេយ្យភាព អាចមានដូចជា ៖

គណនេយ្យភាពផ្ទៃក្នុង កែប្រែ

គណនេយ្យភាពផ្ទៃក្នុង សំដៅទៅលើគណនេយ្យភាពនៅក្នុងអង្គការ ចាត់តាំងមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនៅក្នុងរង្វង់រដ្ឋបាលមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ការពង្រឹងខ្សែគណនេយ្យភាពផ្ទៃក្នុងសំដៅទៅលើការរៀបចំវិធានការ យន្ដការ និងនីតិវិធីនានាសម្រាប់រដ្ឋបាលនីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថា ក្រុមប្រឹក្សា (ជាអង្គជាប់ឆ្នោត) គឺជាអង្គទទួលខុសត្រូវកំពូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អាចធ្វើសេចក្ដីសម្រេចផ្អែកតាមតម្រូវការរបស់ប្រជាពលរដ្ឋ មានលទ្ធភាពត្រួតពិនិត្យ និងណែនាំដល់គណៈអភិបាល និងអង្គភាពនានា ដែលអនុវត្ដសេចក្ដីសម្រេចរបស់ខ្លួន។ គណនេយ្យភាពផ្ទៃក្នុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអាចមានដូចជា ៖

  • គណនេយ្យភាពរបស់គណៈអភិបាលចំពោះក្រុមប្រឹក្សា
  • គណនេយ្យភាពរបស់គណៈកម្មាធិការនានាចំពោះក្រុមប្រឹក្សា
  • គណនេយ្យភាពរបស់អភិបាលរងចំពោះអភិបាល
  • គណនេយ្យភាពរបស់នាយក នាយករងរដ្ឋបាលចំពោះក្រុមប្រឹក្សា ឬចំពោះគណៈអភិបាល
  • គណនេយ្យភាពរបស់នាយកទីចាត់ការចំពោះនាយករដ្ឋបាល
  • គណនេយ្យភាពរបស់មន្រ្តីចំពោះប្រធានការិយាល័យ
  • គណនេយ្យភាពរវាងស្មៀនឃុំ ជាមួយមេឃុំ
  • ...។ល។

ឧទាហរណ៍ ៖ ក្រុមប្រឹក្សាស្រុកបានអនុម័តគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ណែនាំដល់ការរៀបចំផែនការអភិវឌ្ឍស្រុក។ ជាមួយគ្នានេះ ក្រុមប្រឹក្សាក៏បានអនុម័តប្រតិទិនសម្រាប់ការកសាងផែនការ អភិវឌ្ឍស្រុកផងដែរ។ បន្ទាប់ពីទទួលការអនុម័តពីក្រុមប្រឹក្សា អភិបាលស្រុកមានភារកិច្ចក្នុងការដឹកនាំ ចាត់ចែងរៀបចំការកសាងផែនការអភិវឌ្ឍ ស្រុក។ ក្នុងការអនុវត្តសេចក្តីសម្រេចនេះ អភិបាលត្រូវមានគណនេយ្យភាព ចំពោះក្រុមប្រឹក្សារបស់ខ្លួន ដោយត្រូវរាយការណ៍ជូនក្រុមប្រឹក្សាអំពីដំណើរការ និងលទ្ធផលនៃការអនុវត្ត ឬត្រូវឆ្លើយបំភ្លឺ និងបកស្រាយយ៉ាងសមហេតុផលជូនក្រុមប្រឹក្សា ប្រសិនបើក្រុមប្រឹក្សាស្នើសុំការបំភ្លឺណាមួយ។

គណនេយ្យភាពអន្ដររដ្ឋបាល កែប្រែ

ក). គណនេយ្យភាពអន្តររដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ៖ សំដៅលើគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ ឬរវាងអង្គការចាត់តាំងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានប្រភេទដូចគ្នា ឬប្រភេទផ្សេងគ្នា។ គោលបំណងចម្បងនៃការពង្រឹងគណនេយ្យភាពអន្ដររដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ការឆ្លើយតប ការគាំទ្រ និងគណនេយ្យភាពរបស់ក្រុមប្រឹក្សានានាចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គណនេយ្យភាពអន្តររដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិនេះ អាចមានដូចជា ៖

  • គណនេយ្យភាពរបស់រដ្ឋបាលរាជធានីចំពោះរដ្ឋបាលសង្កាត់
  • គណនេយ្យភាពរបស់ក្រុមប្រឹក្សាស្រុកចំពោះក្រុមប្រឹក្សាឃុំ សង្កាត់
  • គណនេយ្យភាពរវាងគណៈអភិបាលរាជធានី ខេត្ដ គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់
  • ...។ល។

ឧទាហរណ៍ ៖ ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក រដ្ឋបាលស្រុកតម្រូវឲឃុំនីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផ្ញើគម្រោងវិនិយោគនានា ដែលហួសពីសមត្ថភាពធនធានដែលខ្លួនមានមកស្រុក ដើម្បីរៀបចំចាត់អាទិភាព និងរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិលរបស់ស្រុក។ ឃុំ “ក” បានផ្ញើគម្រោងចំនួន០៥គម្រោងមកស្រុក។ បន្ទាប់ពីចាត់អាទិភាព មានគម្រោងរបស់ឃុំ “ក” តែ០១ប៉ុណ្ណោះត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគក្នុងឆ្នាំខាងមុខរបស់ស្រុក។ ក្នុងករណីនេះ ក្រុមប្រឹក្សាឃុំ “ក” អាចស្នើសុំការឆ្លើយបំភ្លឺពីក្រុមប្រឹក្សាស្រុកអំពីមូលហេតុ ដែលគម្រោងរបស់ខ្លួនភាគច្រើនមិនត្រូវបានឆ្លើយតប។ ដូច្នេះ ក្រុមប្រឹក្សាស្រុក ត្រូវធ្វើការឆ្លើយតបដោយសមហេតុផលអំពីមូលហេតុ ដែលគម្រោងរបស់ឃុំ “ក” ភាគច្រើនមិនត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ស្រុក។ ខ). គណនេយ្យភាពរវាងមន្ទីរ អង្គភាព ជាមួយក្រុមប្រឹក្សា សំដៅលើ គណនេយ្យភាពរវាងមន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នជាមួយនឹងក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះ ក្រុមប្រឹក្សាអាចស្នើឲមន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ឆ្លើយបំភ្លឺនានាពាក់ព័ន្ធនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឬនៅពេលមានបណ្តឹងតវ៉ា ឬមានការស្នើសុំការបំភ្លឺណាមួយពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាក៏អាចលើកឡើងអំពីបញ្ហា និងតម្រូវការនានារបស់ប្រជាពលរដ្ឋជូនដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដើម្បីចាត់វិធានការឆ្លើយតប និងដោះស្រាយតាមជំនាញ ឬវិស័យនីមួយៗ។ បន្ទាប់ពីទទួលបានបញ្ហា និងតម្រូវការពីក្រុមប្រឹក្សា មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នត្រូវរៀបចំ និងឆ្លើយតប ឬដោះស្រាយ ព្រមទាំងត្រូវរាយការណ៍ជូនក្រុមប្រឹក្សាវិញ អំពីការអនុវត្តការឆ្លើយតប ឬការដោះស្រាយទាំងនោះ។ គណនេយ្យភាពអន្តររដ្ឋបាល អាចហៅម្យ៉ាងទៀតថា គណនេយ្យភាពខ្សែទទឹង។ ឧទាហរណ៍

  • មន្ទីរសុខាភិបាលខេត្តមានគណនេយ្យភាពចំពោះរដ្ឋបាលខេត្ត អំពីការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺរបេង
  • ការិយាល័យអប់រំ យុវជន និងកីឡាស្រុកមានគណនេយ្យភាព ចំពោះរដ្ឋបាលស្រុកអំពីបញ្ហាកុមារបោះបង់ចោលការសិក្សា។

គណនេយ្យភាពចំពោះប្រជាពលរដ្ឋ កែប្រែ

គណនេយ្យភាពចំពោះប្រជាពលរដ្ឋ សំដៅទៅលើគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការរៀបចំឱ្យមានវិធានការ យន្ដការ និងនីតិវិធីនានាសម្រាប់ធានាឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ គណនេយ្យភាពចំពោះប្រជាពលរដ្ឋ ដូចគ្នា នឹងគណនេយ្យភាពពីលើទៅក្រោម ឬគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ដែលក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋអំពី ជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេច ដោយធានាបាននូវការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្រុមប្រឹក្សាក៏ ត្រូវទទួលខុសត្រូវរាល់សេចក្តីសម្រេច និងការអនុវត្តសេចក្តីសម្រេចរបស់ ខ្លួនផងដែរ។ ឧទាហរណ៍ ៖ ក្រុមប្រឹក្សាឃុំ គឺអង្គដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាឃុំដែលកើតចេញពីការបោះឆ្នោតនេះ មានភារកិច្ចចម្បងក្នុងការចាត់ចែងប្រើប្រាស់ ធនធាននានាដែលមានប្រកបដោយចីរភាព សម្រាប់បំពេញសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋ។ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន ក្រុមប្រឹក្សាឃុំ “គ” បានអនុម័តដីកាស្តីពីការប្រើប្រាស់បឹងធម្មជាតិ ដោយត្រូវហាមឃាត់រាល់សកម្មភាពប្រើប្រាស់ថ្នាំពុលគីមីកសិកម្មនៅជុំវិញមាត់បឹង ដែលអាចនឹងបង្កផលប៉ះពាល់ដល់គុណភាពទឹក និងសត្វដែលរស់នៅក្នុងទឹកបឹង។ ដីកាដែលបានដាក់ឲអនុវត្តនេះ បានធ្វើឲកសិករដាំបន្លែជុំវិញបឹងមិនសប្បាយចិត្ត ហើយបានមកតវ៉ានៅមុខសាលាឃុំ។ មេឃុំ “គ” បានធ្វើការឆ្លើយបំភ្លឺជូនប្រជាកសិករទាំងនោះ ដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់ និងសម-ហេតុផល ដែលអាចឲកសិករទាំងនោះទទួលយកបាន។ តាមរយៈការប្តឹង តវ៉ានេះ ឃុំអាចរកដំណោះស្រាយសមស្របតាមមធ្យោបាយផ្សេងៗទៀតសម្រាប់អ្នកដែលទទួលផលប៉ះពាល់នេះ។

គណនេយ្យភាពចំពោះរាជរដ្ឋាភិបាល កែប្រែ

គណនេយ្យភាពចំពោះរាជរដ្ឋាភិបាល សំដៅទៅលើ គណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ឬរវាងមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ន ដែលប្រតិបត្ដិនៅថ្នាក់ក្រោមជាតិជាមួយក្រសួង ស្ថាប័នសាមី។ គណនេយ្យភាពប្រភេទនេះ អាចហៅម្យ៉ាងទៀតថា គណនេយ្យភាពខ្សែបណ្តោយ។ ឧទាហរណ៍ ៖

  • ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា
  • ប្រធានមន្ទីរកសិកម្មខេត្តត្រូវមានគណនេយ្យភាពចំពោះរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
  • ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្រូវមានគណនេយ្យភាពចំពោះប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។

ក្រៅពីប្រភេទគណនេយ្យភាពដូចបានរៀបរាប់ខាងលើ ក៏នៅមាន ប្រភេទគណនេយ្យភាពផ្សេងៗទៀត ដូចជា ៖

  • គណនេយ្យភាពផ្នែករដ្ឋបាល ៖ សំដៅលើគណនេយ្យភាព ដែល ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធគ្រប់គ្រង នីតិវិធីស្តង់ដារ និងនិយាម ការងាររបស់បុគ្គល និងអង្គការចាត់តាំងតាមឋានានុក្រម។
  • គណនេយ្យភាពផ្នែកហិរញ្ញវត្ថុ ៖ សំដៅទៅលើគណនេយ្យភាព ដែលពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធ និងនីតិវិធីគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ ស្របទៅតាមច្បាប់ និងគោលការណ៍ហិរញ្ញវត្ថុ។
  • គណនេយ្យភាពសង្គម ៖ គណនេយ្យភាពសង្គមសំដៅលើ សកម្មភាព ឬយន្តការនានា ដែលប្រជាពលរដ្ឋអាចប្រើប្រាស់ ដើម្បីទាមទារឲរដ្ឋមានគណនេយ្យភាពចំពោះខ្លួន ព្រមទាំង សកម្មភាពនានារបស់រដ្ឋាភិបាល សង្គមស៊ីវិល និងតួអង្គដទៃ ទៀតក្នុងការលើកកម្ពស់ការអនុវត្តសកម្មភាព និងយន្តការទាំងនោះ។ តាមន័យនេះ គណនេយ្យភាពសង្គម គឺជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយ ដែលបន្ស៊ីគ្នារវាងគោលការណ៍ទាំងឡាយនៃអភិបាលកិច្ច ដែលក្នុងនោះរាល់ការធ្វើសេចក្ដីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវផ្ដល់ឱកាសឲប្រជាពលរដ្ឋ និងតំណាងរបស់ពួកគាត់អាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្ដល់សេវាកម្មនានាដែលនៅមូលដ្ឋាន។ គណនេយ្យភាពសង្គម ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិមានគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានាក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយស្រួលទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និង ការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
  • គណនេយ្យភាពផ្នែកច្បាប់ ៖ សំដៅទៅលើគណនេយ្យភាពចំពោះមុខច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានាជាធរមាន។
  • ...។ល។

ក្របខ័ណ្ឌច្បាប់សម្រាប់ការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កែប្រែ

រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមឲមានការសិក្សា ពិចារណាអំពីការកែទម្រង់អភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៩៩ ក្រោមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តត្រីកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី២នៃរដ្ឋសភា។ គំនិតផ្តួចផ្តើមនេះ បានបន្តអនុវត្តនៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និងទី៣របស់រាជរដ្ឋាភិបាលបន្តទៀត។ ដោយផ្អែកលើឆន្ទៈ និងការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់មួយចំនួន សម្រាប់គាំទ្រការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពិសេសសម្រាប់ធានាឲមានគណនេយ្យភាពតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ។ ក្របខ័ណ្ឌច្បាប់ទាំងនោះមានដូចជា ៖

  • ក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
  • ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
  • លិខិតបទដ្ឋានគតិយុត្តនានា

ក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កែប្រែ

ដើម្បីពង្រឹងការអនុវត្តគណនេយ្យភាពនៅថ្នាក់ក្រោមជាតិ និង បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ តាមរយៈក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

  • ការបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ តម្រូវឲបង្កើតនូវយន្ដការមួយ ដែលត្រូវមានគណនេយ្យភាពចំពោះ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
  • បង្កើតស្ថាប័ននៅថ្នាក់ខេត្ដ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមានតំណាងជាប់ឆ្នោត ដើម្បីជួយលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ការឆ្លើយតបចំពោះតម្រូវការនៅមូលដ្ឋាន និងអនុ-ញ្ញាតឲមូលដ្ឋានធ្វើការសម្រេចចិត្ដ ប្រកាន់យកជម្រើសនានាទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋាន ដែលមានគណនេយ្យភាពលើការធ្វើសេចក្ដី-សម្រេច និងសកម្មភាពរបស់ខ្លួន។
  • នៅថ្នាក់រដ្ឋបាលខេត្ដ ក្រុង ស្រុក ខណ្ឌត្រូវបង្កើតឲមានក្រុមប្រឹក្សាមួយ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ដើម្បីធានាដល់កិច្ចដំណើរការការងាររបស់ថ្នាក់រដ្ឋបាលទាំងនោះ ប្រកបដោយតម្លា-ភាព និងគណនេយ្យភាព។

ដូច្នេះ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ គឺជាអង្គដែលកើតចេញពីការបោះឆ្នោត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ដែលនៅកៀកប្រជាពលរដ្ឋ និងដែលមានតួនាទីចម្បងក្នុងការធានាឲមានប្រសិទ្ធភាពខ្ពស់បំផុតនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កែប្រែ

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្នុងមាត្រា៤១បានចង្អុលបង្ហាញឲរដ្ឋបាលឃុំ សង្កាត់ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំ សង្កាត់មានតួនាទីក្នុងការជំរុញ និងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាននានាដែលមានប្រកបដោយចីរភាពសម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងគោរពផលប្រយោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ។ តាមន័យនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវធានាឲមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋអំពីការធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្តសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្របតាមគោលការណ៍អភិបាលកិច្ចល្អដែលបានកំណត់។

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កែប្រែ

ដើម្បីធានាដល់ការអនុវត្តគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ច្បាប់ស្តីពីការគ្រង់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានកំណត់អំពីការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម ៖

  • ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្ដីសម្រេច ធានាបាននូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះ ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណា ដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋដែលខ្លួនជាតំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ និងត្រូវផ្ដល់គោលការណ៍ណែនាំអនុវត្ដដល់គណៈអភិបាល និងអភិបាល (មាត្រា ៣៤)។
  • ក្រុមប្រឹក្សាត្រូវត្រួតពិនិត្យសកម្មភាព និងការអនុវត្ដរបស់គណៈអភិ-បាល និងអភិបាល។ ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាអាចកោះអញ្ជើញគណៈអភិបាល ឬអភិបាល និងបុគ្គល ដែលពាក់ព័ន្ធមកសាកសួរបំភ្លឺក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សា (មាត្រា១៥៧)។
  • ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិ-បត្ដិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា (មាត្រា៣៥)។

លិខិតបទដ្ឋានគតិយុត្តនានា កែប្រែ

យោងតាមអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលរាជធានី ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌ និងអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុកបានកំណត់កាន់តែលម្អិតអំពីការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ខ្លឹម-សារសំខាន់ៗទាំងនោះ មានដូចជា ៖

ក). សម្រាប់រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់

  • ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវធ្វើប្រតិភូកម្មមុខងារ និងភារកិច្ចឱ្យ បានសមស្របដល់ក្រុមប្រឹក្សាខណ្ឌ ដើម្បីក្រុមប្រឹក្សាខណ្ឌនីមួយៗលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋសំដៅបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមខណ្ឌនីមួយៗ (មាត្រា៦៥នៃអនុក្រឹត្យលេខ២១៥)។
  • ក្រុមប្រឹក្សាខណ្ឌនីមួយៗ ដែលបានទទួលការធ្វើប្រតិភូកម្មមុខងារ ភារកិច្ចពីក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវ និងមានគណ-នេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ និងចំពោះក្រុមប្រឹក្សាសង្កាត់ នានាក្នុងខណ្ឌរបស់ខ្លួន និងត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញ អំពីភាពត្រឹមត្រូវតាមច្បាប់នៃការអនុវត្ដមុខងារ ភារកិច្ចដែលខ្លួនបានទទួលការធ្វើប្រតិភូកម្មទាំងនោះ (មាត្រា៦៧ នៃអនុក្រឹត្យលេខ២១៥)។
  • ក្រុមប្រឹក្សាសង្កាត់ត្រូវទទួលខុសត្រូវក្នុងការផ្ដល់យោបល់ និងការពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ ដើម្បីធានាថា ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខណ្ឌនៅតែឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងមានគណនេយ្យភាពចំពោះ ប្រជាពលរដ្ឋទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន (មាត្រា១១៦នៃអនុក្រឹត្យលេខ២១៥)។

ខ). រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ រដ្ឋបាលសង្កាត់

  • ក្រុមប្រឹក្សាខេត្ដត្រូវសហការជាមួយក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកក្នុងខេត្ដរបស់ខ្លួន ដើម្បីពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំនិងក្រុមប្រឹក្សាសង្កាត់ក្នុងខេត្ដរបស់ខ្លួន ក្នុងគោលបំណងឆ្លើយតបតម្រូវការចាំបាច់របស់ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ (មាត្រា១៨៥នៃអនុក្រឹត្យលេខ២១៦)។
  • ដើម្បីលើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាស្រុកចំពោះប្រជាពលរដ្ឋរបស់ខ្លួន ក្រុមប្រឹក្សាស្រុកត្រូវរៀបចំឱ្យមានយន្ដការពិគ្រោះពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ក្នុងស្រុក សំដៅធានាឱ្យបានថា ជម្រើសសេចក្ដីសម្រេច និងសកម្មភាពរបស់ក្រុមប្រឹក្សាស្រុកមានការឆ្លើយតបចំពោះតម្រូវការជាអាទិភាពរបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ក្នុងស្រុក និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុករបស់ខ្លួន (មាត្រា១១៦នៃអនុក្រឹត្យលេខ២១៦)។
  • ក្រុមប្រឹក្សាស្រុកអាចធ្វើការពិគ្រោះយោបល់ និងសម្របសម្រួលជាមួយ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ពាក់ព័ន្ធ ដើម្បីប្រើប្រាស់នូវបុគ្គលិករបស់រដ្ឋបាលស្រុក ដើម្បីជួយគាំទ្រធនធានផ្នែករដ្ឋបាល និងផ្នែកសមត្ថភាពដល់រដ្ឋបាលឃុំ រដ្ឋបាលសង្កាត់តាមការចាំបាច់។ បុគ្គលិករបស់ស្រុកដែលចាត់ឱ្យជួយគាំទ្រខាងលើនេះ ត្រូវមានគណនេយ្យភាព អំពីសកម្មភាពរបស់ខ្លួនចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ដែល ខ្លួនគាំទ្រ ហើយត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាស្រុកអំពីការគោរព និងការអនុវត្ដភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា (មាត្រា១២៤នៃអនុក្រឹត្យលេខ២១៦)។
  • ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវផ្ដល់យោបល់ ពិគ្រោះយោបល់ និងត្រួត-ពិនិត្យ ដើម្បីធានាថាក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុកនៅតែឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ដ (មាត្រា១៨៥នៃអនុក្រឹត្យលេខ២១៦)។
  • ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវផ្ដល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកអំពីតម្រូវការនានារបស់ប្រជាពលរដ្ឋដែលក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់មិនអាចដោះស្រាយបានដោយសមត្ថភាព និងធនធានដែលខ្លួនមាន (មាត្រា១៨៥នៃអនុក្រឹត្យលេខ២១៦)។
  • ក្រុមប្រឹក្សាស្រុក ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុក អំពីជម្រើស សេចក្ដីសម្រេច ការអនុវត្ដរបស់ខ្លួន ព្រមទាំងផលប៉ះពាល់នៃជម្រើស សេចក្ដីសម្រេច និងការអនុវត្ដទាំងនោះ (មាត្រា១៨៤នៃអនុក្រឹត្យលេខ២១៦)។

ក្រៅពីលិខិតបទដ្ឋានគតិយុត្តខាងលើ ក៏នៅមានឯកសារគោលនយោបាយ និងឯកសារកម្មវិធីផ្សេងៗទៀតបានកំណត់អំពីការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដូចជា ផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ឯកសារកម្មវិធីជាតិ និងឯកសារផអ៣ដំណាក់កាលទី១ និងទី២ជាដើម។

ការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កែប្រែ

ក្នុងការឆ្លើយតបទៅនឹងឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវពង្រឹងការអនុវត្តគណនេយ្យភាពរបស់ខ្លួន។ ដូច្នេះ ដើម្បីធានាឲមានការអនុវត្តគណនេយ្យ-ភាពនៅក្នុងរដ្ឋបាលរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង ៖

  • គណនេយ្យភាពរបស់ក្រុមប្រឹក្សាចំពោះប្រជាពលរដ្ឋ
  • គណនេយ្យភាពផ្ទៃក្នុង
  • គណនេយ្យភាពរបស់រដ្ឋបាល (អ្នកផ្តល់សេវា) ចំពោះ ប្រជាពលរដ្ឋ
  • គណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះរាជរដ្ឋា ភិបាល

គណនេយ្យភាពរបស់ក្រុមប្រឹក្សាចំពោះប្រជាពលរដ្ឋ កែប្រែ

ដើម្បីធានាឲមានគណនេយ្យភាពរបស់ក្រុមប្រឹក្សាចំពោះប្រជាពលរដ្ឋ ឬគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវរៀបចំយន្តការ និងមធ្យោបាយសមស្របនានាក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ខ្លួនប្រកបដោយតម្លាភាព ការពិគ្រោះយោបល់ និងការទទួលបានព័ត៌មានគ្រប់គ្រាន់ ព្រមទាំងទទួលបាននូវព័ត៌មាន ឬពាក្យបណ្តឹង ត្រឡប់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសេចក្តីសម្រេចរបស់ខ្លួន។ ដូច្នេះ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗគប្បីពិចារណា លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

ការប្រមូលបញ្ហា តម្រូវការ និងមតិយោបល់ កែប្រែ

ដើម្បីឲក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិអាចដឹងអំពីបញ្ហា តម្រូវការ ការបារម្ភ និងមតិយោបល់ ឬសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានយកចិត្តទុកដាក់ ក្រុមប្រឹក្សាត្រូវបង្កើតឱ្យមានយន្តការ ឬវិធីសាស្រ្តនានាសម្រាប់ការប្រាស្រ័យទាក់ទងជាទៀងទាត់រវាងមន្ដ្រី បុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ យន្តការ ឬ វិធីសាស្រ្តមួយចំនួន សម្រាប់ប្រមូលបាននូវបញ្ហា តម្រូវការ និងមតិយោបល់ ឬសំឡេងរបស់ប្រជាពលរដ្ឋ អាចមានដូចជា ៖

  • ការផ្សព្វផ្សាយព័ត៌មាន ៖ ក្រុមប្រឹក្សាត្រូវចាត់ចែងឲរដ្ឋបាលរបស់ខ្លួនធ្វើការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានាក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។ ជាមួយគ្នានេះ ក្រុមប្រឹក្សាក៏ត្រូវធ្វើការផ្សព្វផ្សាយជាលាយលក្ខណ៍អក្សរ អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល និងគណៈ-កម្មាធិការនានារបស់ក្រុមប្រឹក្សា និងអង្គភាពនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិជូនសាធារណជនផងដែរ។ ក្រៅពីនេះ ក្រុមប្រឹក្សាក៏ត្រូវធានាផងដែរថា រាល់ព័ត៌មាននានាពាក់ព័ន្ធនឹងការអនុវត្តការងាររបស់រដ្ឋបាលខ្លួនត្រូវបានផ្សព្វផ្សាយជាសាធារណៈ (លើកលែងតែ ព័ត៌មានមួយចំនួនដែលត្រូវហាមឃាត់ការផ្សព្វផ្សាយជាសាធារណៈ)។
  • ការរៀបចំកិច្ចប្រជុំ ៖ រាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាត្រូវធ្វើឡើងជាសាធារណៈ និងមានការចូលរួមពីប្រជាពលរដ្ឋទាំងបុរស ស្រ្តី និងក្រុមជនងាយរងគ្រោះ ក្រុមប្រឹក្សាប្រភេទដូចគ្នា ក្រុមប្រឹក្សាប្រភេទផ្សេងគ្នា មន្ទីរ អង្គភាព ការិយាល័យ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ដើម្បីធានាឲមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាត្រូវធានាថា ៖
    • ប្រតិទិនប្រចាំឆ្នាំនៃការប្រជុំរបស់ក្រុមប្រឹក្សាត្រូវបានផ្សព្វផ្សាយជាសាធារណៈ
    • កម្មវិធីប្រជុំជាក់លាក់នីមួយៗរបស់ក្រុមប្រឹក្សាត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយបញ្ជាក់យ៉ាងច្បាស់លាស់អំពីពេលវេលា ទីកន្លែង និងសេចក្តីព្រាងរបៀបវារៈជាដើម
    • ទីកន្លែងប្រជុំបានបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួមក្នុងការ សង្កេត និងបញ្ចេញមតិយោបល់
    • ក្រៅពីផ្សព្វផ្សាយឲមានការចូលរួមពីសាធារណជនទូទៅ លិខិតអញ្ជើញចូលរួមកិច្ចប្រជុំត្រូវបានរៀបចំសម្រាប់ក្រុម ឬបុគ្គលជាក់លាក់ដែលត្រូវអញ្ជើញឲចូលរួមពិភាក្សា ផ្តល់យោបល់លើប្រធាន បទជាក់លាក់ (តាមសេចក្តីព្រាងរបៀបវារៈ) និងត្រូវធានាផងដែរថា លិខិតអញ្ជើញនោះបានបញ្ជូនដល់អ្នកទាំងនោះស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ល។

‘‘‘បញ្ជាក់៖‘‘‘ នីតិវិធីលម្អិតសម្រាប់ការរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សូមមើលនៅក្នុងឯកសារបច្ចេកទេសស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

  • ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ៖ ក្រុមប្រឹក្សាត្រូវ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំរបស់ខ្លួន ដែលតាមរយៈវេទិកានេះ ក្រុមប្រឹក្សាអាចជម្រាបអំពីសកម្មភាព និងលទ្ធ-ផលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងបង្ហាញអំពីផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ដើម្បីពិភាក្សាជាមួយប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់។ លើសពីនេះទៀត វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ផ្តល់ឱកាសឲរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើការប្រាស្រ័យទាក់-ទងគ្នាទៅវិញទៅមកជាមួយប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងទទួលយកនូវសំណើ សំណូមពរ ការព្រួយបារម្ភ បំណងប្រាថ្នានានា ដែលជាតម្រូវការរបស់ពួកគេ ដើម្បីធ្វើការដោះ-ស្រាយ និងឆ្លើយតប។ ដើម្បីធានាថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ត្រូវបានរៀបចំឡើង និងទទួលបានលទ្ធផលល្អ ក្រុម-ប្រឹក្សាត្រូវធានាថា ៖
    • ព័ត៌មានពាក់ព័ន្ធនឹងការរៀបចំវេទិកានេះត្រូវបានផ្សព្វផ្សាយជា សាធារណៈតាមមធ្យោបាយផ្សព្វផ្សាយនានាដែលប្រជាពលរដ្ឋ អាចទទួលបាននូវព័ត៌មានទាំងនោះដោយងាយស្រួល
    • ប្រជាពលរដ្ឋ (បុរស ស្រ្តី កុមារា កុមារី ជនងាយរងគ្រោះ...)ក្រុមប្រឹក្សាពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំង-អស់ត្រូវបានអញ្ជើញឲចូលរួម
    • ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់មានឱកាសគ្រប់គ្រាន់ក្នុង ការបញ្ចេញមតិយោបល់របស់ខ្លួន
    • រាល់សំណើ សំណូមពរ និងយោបល់ទាំងអស់ត្រូវបានកត់ត្រា និងលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំបន្ទាប់របស់ក្រុមប្រឹក្សា ដើម្បីចាត់វិធានការដោះស្រាយ និងឆ្លើយតបតាមរយៈការដោះស្រាយ ឬតាមរយៈការបកស្រាយប្រកបដោយភាពសមហេតុផល និងអាចទទួលយកបាន។

‘‘‘បញ្ជាក់៖‘‘‘នីតិវិធីលម្អិតសម្រាប់ការរៀបចំវេទិកានេះ សូមមើលនៅក្នុងឯកសារបច្ចេកទេសស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់សម្រាប់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

  • ការរៀបចំវេទិកាដទៃទៀត ៖ ក្រៅពីរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ប្រចាំឆ្នាំខាងលើ ក្រុមប្រឹក្សាអាចរៀបចំវេទិកាផ្សេងៗ ទៀតសម្រាប់ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដូចជា វេទិកាពិគ្រោះយោបល់អំពីការរៀបចំផែនការអភិវឌ្ឍន៍ វេទិកាអំពីការរៀបចំដីកា វេទិកាទាក់ទងនឹងការប្រើប្រាស់ថវិកាជាដើម។ តាមរយៈវេទិកាទាំងនេះ ក្រុមប្រឹក្សា ឬបុគ្គលិកក្រុមប្រឹក្សាអាចស្តាប់អំពីបញ្ហា តម្រូវ-ការ និងសំណូមពររបស់ប្រជាពលរដ្ឋរបស់ខ្លួន ហើយក៏ជាវេទិកាសម្រាប់ក្រុមប្រឹក្សា ឬបុគ្គលិករបស់ក្រុមប្រឹក្សាក្នុងការឆ្លើយតបចំពោះប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
  • ការរៀបចំយន្តការសម្រាប់ទទួល និងផ្តល់ព័ត៌មាន ៖ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គួររៀបចំឲមានយន្តការជាក់លាក់សម្រាប់ទទួល និងផ្តល់ព័ត៌មាននៅរដ្ឋបាលរបស់ខ្លួន ដូចជា ៖
    • នៅថ្នាក់រាជធានី ខេត្ត ៖ រាជធានី ខេត្តមានក្រុមមន្រ្តីទទួលបន្ទុក ព័ត៌មានរបស់រដ្ឋបាលរាជធានី ខេត្ត។ ក្រុមមន្រ្តីទទួលបន្ទុកព័ត៌មាននេះមានតួនាទីជាអ្នកនាំពាក្យ និងជាមន្ត្រីទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត។
    • នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ៖ ក្រុង ស្រុក ខណ្ឌគួរពង្រឹងការអនុវត្ត តួនាទីរបស់ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្នុងការអនុវត្តការងារផ្សព្វផ្សាយ និងទទួលព័ត៌មានពីសាធារណជននៅក្នុង ក្រុង ស្រុក ខណ្ឌរបស់ខ្លួន។ ដោយឡែកចំពោះ ក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយ ត្រូវពង្រឹងការអនុវត្តយន្តការដែលបានបង្កើត ដូចជា ពង្រឹងការអនុវត្តម៉ោងជួបប្រជាពលរដ្ឋ ការរៀបចំវេទិកាពិគ្រោះយោបល់សាធារណៈប្រចាំឆមាស ការរៀបចំយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន និងការរៀបចំវេទិកាប្រជាពលរដ្ឋប្រចាំឆ្នាំជាដើម។
    • នៅថ្នាក់ឃុំ សង្កាត់ ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់មេភូមិតាមភូមិនីមួយៗនៃឃុំ សង្កាត់ដើម្បីបម្រើការងារជាអ្នកទំនាក់ទំនងរវាងក្រុមប្រឹក្សាជាមួយនឹងប្រជាពលរដ្ឋ។ ក្រៅពីមេភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពង្រឹងគណៈកម្មាធិការនានាដែលបានបង្កើតឡើង ពិសេស គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ដែលគណៈកម្មាធិការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងនារី និងកុមារក្នុងឃុំ សង្កាត់។

កំណត់សម្គាល់៖ផ្អែកតាមបទពិសោធន៍នៃការអនុវត្តម៉ោង ជួបប្រជាពលរដ្ឋរបស់ការិយាល័យច្រកចេញចូលតែមួយ ដើម្បីពង្រឹងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ រដ្ឋបាលរាជធានី រដ្ឋ-បាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ (ក្រៅពីក្រុង ស្រុក ខណ្ឌដែលមានការិយាល័យច្រកចេញចូលតែមួយ) គួររៀបចំឲមានកាលវិភាគសម្រាប់ម៉ោងជួបប្រជាពលរដ្ឋ ដោយកំណត់យកថ្ងៃណាមួយនៃសប្តាហ៍ ដូចជា រៀងរាល់ថ្ងៃច័ន្ទជាដើម។

  • ការរៀបចំបញ្ជីឈ្មោះទំនាក់ទំនង ៖ ក្រុមប្រឹក្សាត្រូវចាត់ឲនាយករដ្ឋបាលរបស់ខ្លួនក្នុងការរៀបចំបញ្ជីឈ្មោះសម្រាប់ឲប្រជាពលរដ្ឋ អាច ទំនាក់ទំនងដោយផ្ទាល់មករដ្ឋបាលរបស់ខ្លួន។ បញ្ជីឈ្មោះទំនាក់ទំនងនេះ គួរបញ្ចូលនូវឈ្មោះ មុខតំណែង លេខទូរស័ព្ទ (ដូចមានក្នុងតារាងបញ្ជីគំរូ)។ សមាសភាពដែលគួរបញ្ចូលក្នុងបញ្ជីនេះ រួមមាន ៖
    • ប្រធានក្រុមប្រឹក្សា
    • គ្រប់សមាជិកក្រុមប្រឹក្សា
    • អភិបាល
    • អភិបាលរង
    • នាយករដ្ឋបាល
    • នាយករងរដ្ឋបាល និង
    • បុគ្គលិកផ្សេងទៀតតាមការចាំបាច់

បន្ទាប់ពីរៀបចំបញ្ជីនេះរួច នាយករដ្ឋបាលត្រូវចាត់ចែងធ្វើការផ្សព្វ-ផ្សាយឲបានទូលំទូលាយដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ និងត្រូវបិទ-ផ្សាយជាប្រចាំនៅលើក្តារព័ត៌មាននៅមុខសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន (តារាងគំរូទី១)។

  • ការពង្រឹងការប្រើប្រាស់ប្រអប់សំបុត្រគណនេយ្យភាព ៖ ប្រអប់សំបុត្រគណនេយ្យភាព បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មានអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តមូលនិធិឃុំ សង្កាត់។ នាពេលខាងមុខដ៏ខ្លី ប្រអប់សំបុត្រគណនេយ្យភាពនេះ អាចនឹងជួយប្រមូលព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តមូលនិធិក្រុង ស្រុក និងការអនុវត្តថវិការបស់រាជធានី ខេត្តផងដែរ។ ប្រអប់សំបុត្រគណនេយ្យភាព គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងអំពីការអនុវត្តរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ តាមរយៈប្រអប់សំបុត្រគណនេយ្យភាព រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗអាចដឹងអំពីបញ្ហា តម្រូវការ និងការមិនពេញចិត្តនានារបស់ប្រជាពលរដ្ឋ។ ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗនោះអាចធ្វើការកែលម្អនូវការអនុវត្តរបស់ខ្លួន ឬអាចចាត់វិធានការដោះស្រាយ និង ឬអាចឆ្លើយតបចំពោះប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព។
  • ការទទួលយកការតវ៉ារបស់ប្រជាពលរដ្ឋ ឬក្រុមប្រជាពលរដ្ឋ ៖ ការ ប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ឬក្រុមប្រជាពលរដ្ឋ គឺជាកញ្ចក់សម្រាប់ ឆ្លុះបញ្ចាំងអំពីការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ប្រសិនបើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាផ្តល់ផលជាវិជ្ជមានដល់ប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋនឹងមិនធ្វើការតវ៉ាឡើយ។ ប៉ុន្តែប្រសិនបើ ការសម្រេច និងការអនុវត្តសេចក្តីសម្រេចចិត្តណា ដែលផ្តល់ផលប៉ះពាល់ជាអវិជ្ជ-មានដល់ពួកគាត់ នោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងនេះនឹងធ្វើការតវ៉ា។ ដូច្នេះ ក្រុមប្រឹក្សា គណៈអភិបាលត្រូវស្វាគមន៍ចំពោះការតវ៉ាទាំងនោះ ហើយត្រូវពិចារណាដោះស្រាយ ឬឆ្លើយតបទៅប្រជាពល-រដ្ឋវិញប្រកបដោយភាពសមហេតុផល និងអាចទទួលយកបានពីសំណាក់ អ្នកទទួលផលប៉ះពាល់ទាំងនោះ។
  • ផ្តល់ការអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចពិនិត្យឯកសារសំខាន់ៗរបស់ក្រុមប្រឹក្សានៅការិយាល័យនៃរដ្ឋបាលថ្នាក់ក្រោមជាតិ អាចស្នើសុំ ថតចម្លងឯកសារនានារបស់ក្រុមប្រឹក្សាបាន (លើកលែងឯកសារសម្ងាត់ ឬឯកសារដែលច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តបានកំណត់អំពីកម្រិតនៃការផ្សព្វផ្សាយជាសាធារណៈ)។
  • ដាក់បញ្ចូល និងតែងតាំងតំណាងប្រជាពលរដ្ឋ ឬតំណាងអង្គការសង្គមស៊ីវិលជាសមាជិកគណៈកម្មាធិការ ឬអនុគណៈកម្មការ ឬក្រុមការងារ ចំពោះកិច្ចនានា ដោយផ្ដល់នូវតួនាទីសមស្រប មិនមែនត្រឹមតែជាអ្នកសង្កេតការណ៍ ឬអ្នកប្រឹក្សាយោបល់ឡើយ។
  • រៀបចំយន្តការផ្សេងៗទៀតតាមការចាំបាច់ ដើម្បីធានាថា ប្រជាពលរដ្ឋ ទាំងបុរស ស្រ្តី និងក្រុមជនងាយរងគ្រោះមានឱកាសក្នុងការបញ្ចេញមតិយោបល់លើកឡើងអំពីបញ្ហា តម្រូវការ ការតវ៉ារបស់ខ្លួន ហើយក្រុមប្រឹក្សាអាចដឹង និងកត់ត្រានូវរាល់បញ្ហា តម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងបានពិចារណា និងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ការឆ្លើយតប កែប្រែ

បន្ទាប់ពីទទួលបានព័ត៌មាន សំណួរ ការស្នើសុំការបំភ្លឺ ឬ​ការបារម្ភ​របស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សា និងគណៈអភិបាល​ត្រូវចាត់​ចែងធ្វើការ​ឆ្លើយ​តបឲបានយ៉ាងលឿនបំផុតតាមដែលអាច​ធ្វើបាន។ ការឆ្លើយតបអាច​ធ្វើ​ តាមរយៈ ៖

·        ការស្រាយបំភ្លឺ ការឆ្លើយ ឬការបញ្ជាក់អំពីមូលហេតុនៃការ​សម្រេច-​ចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តនោះ ប្រកប​ដោយ​ភាព​សម​ហេតុ-​ផល និងអាចទទួលយកបានពីសំណាក់​ប្រជាពល​រដ្ឋ និងអ្នករងផល​ប៉ះពាល់។​ ជាការប្រសើរ​ការស្រាយបំភ្លឺគួរធ្វើឡើងយ៉ាង​យូរក្នុងរយៈ​ពេល០១​សប្តាហ៍​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន។ ការស្រាយបំភ្លឺ ឬការ​ឆ្លើយ​តប​របៀបនេះ​អាច​ធ្វើ​ឡើងដោយផ្ទាល់មាត់ ឬដោយលាយ​   លក្ខ​ណ៍អក្សរ ៖

-       ការឆ្លើយតបដោយផ្ទាល់មាត់ ៖ អាចធ្វើឡើងតាមរយៈការជួប​ដោយផ្ទាល់ជាមួយអ្នកស្នើសុំ ឬតាមរយៈការប្រកាសផ្សព្វផ្សាយ​តាមមធ្យោបាយនានាដូចជា ឧគ្ឃោសនស័ព្ទ ឬវិទ្យុ និងឬ​តាម​មធ្យោបាយសមស្របផ្សេងៗទៀត។​

-       ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ៖ អាចធ្វើឡើងតាមរយៈ​លិខិត ឬសារព័ត៌មាន សម្រាប់ឆ្លើយតបចំពោះបុគ្គល ឬក្រុមអ្នក​ស្នើសុំ។ 

·        ការដោះស្រាយ ឬការចាត់វិធានការ ឬការអនុវត្តសកម្មភាព​ណា​​មួ​យ​ ដែលចូលរួមចំណែកក្នុងការឆ្លើយតបនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋ។  ជាការប្រសើរ ការឆ្លើយតបតាមរយៈការដោះស្រាយត្រូវ​ធ្វើឡើង​មិន​គួរលើសរយៈពេល៣០ថ្ងៃ បន្ទាប់ពីទទួលបានបញ្ហា តម្រូវការ និង​ឬ​មតិយោបល់ពីប្រជាពលរដ្ឋ។​

ឧទាហរណ៍ ៖

-       ប្រជាពលរដ្ឋស្នើសុំឲក្រុមប្រឹក្សាស្រុកជួយដោះស្រាយបញ្ហាគ្មាន​អនាម័យនៅក្នុងផ្សារក្នុងទីរួមស្រុករបស់ខ្លួន។ បន្ទាប់ពីទទួល​បាន​ការស្នើសុំនេះ ក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យ និងសម្រេចអំពីដំណោះស្រាយបញ្ហានេះ និងណែនាំឲអភិបាល ចាត់ចែងអនុវត្តសេចក្តីសម្រេចនេះប្រកបដោយប្រសិទ្ធភាព។​ ចំណាត់ការរបស់ក្រុមប្រឹក្សានេះ គឺជាការអនុវត្តគណនេយ្យភាព ចំពោះប្រជាពលរដ្ឋតាមរយៈការដោះស្រាយនូវបញ្ហារបស់ប្រជា​ពលរដ្ឋ។​

បទពិសោធន៍ ៖ អភិបាលរងខណ្ឌ០១រូបបានមានប្រសាសន៍ថា ការតវ៉ារបស់​ប្រជា​ពលរដ្ឋមិនមែន​ជា​រឿងអាក្រក់ទាំងអស់​នោះ​ទេ។ ជាការ​ពិត​នៅពេលប្រជាពលរដ្ឋមិនពេញចិត្តនឹងអ្វីដែល​រដ្ឋ​បា​​ល​​ខណ្ឌ​បាន​ធ្វើ នោះពួកគាត់នឹងធ្វើការតវ៉ា។ ដូច្នេះ​រដ្ឋ​បាល​ខណ្ឌ ​ចាំបាច់ត្រូវ​ពិនិត្យមើលលើបញ្ហាដែលប្រជាពល​រដ្ឋបាន​លើក​ឡើង​ដោយត្រូវ​សិក្សា ស្រាវជ្រាវឲបានច្បាស់លាស់ ហើយ​ត្រូវ​ឆ្លើយ​តប​​ទៅ​ប្រជាពលរដ្ឋវិញឲបានលឿនតាម​ដែលអាច​ធ្វើបាន។ រាល់​ការឆ្លើយតបត្រូវតែមានហេតុផលត្រឹមត្រូវ សមហេតុផល និង​ អាច​ទទួលយកបានពីសំណាក់ប្រជាពលរដ្ឋដែល​បានមក​តវ៉ា​នោះ។ 

គណនេយ្យភាពផ្ទៃក្នុង កែប្រែ

គណេយ្យភាពផ្ទៃក្នុង សំដៅលើគណនេយ្យភាពនៅក្នុងអង្គការ ចាត់តាំងមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមឋានានុក្រមនៃរចនាសម្ព័ន្ធ របស់រដ្ឋបាលនីមួយៗនោះ។​

គណនេយ្យភាពផ្ទៃក្នុងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗអាច មានដូចជា ៖​

·        គណនេយ្យភាពរបស់គណៈអភិបាលចំពោះក្រុមប្រឹក្សា​

·        គណនេយ្យភាពរបស់គណៈកម្មាធិការនានាចំពោះក្រុមប្រឹក្សា​

·        គណនេយ្យភាពរបស់នាយក នាយករងរដ្ឋបាលចំពោះ​ក្រុម​ប្រឹក្សា​ និង​គណៈអភិបាល

·        គណនេយ្យភាពរបស់ប្រធាន អនុប្រធានអង្គភាពចំពោះ​នាយក​រដ្ឋបាល

·        គណនេយ្យភាពរបស់ស្មៀនចំពោះមេឃុំ ចៅសង្កាត់​​

គណនេយ្យភាពរបស់គណៈអភិបាលចំពោះ​ក្រុមប្រឹក្សា កែប្រែ

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលត្រូវផ្ដល់យោបល់​ជូនក្រុម​ប្រឹក្សា រាយ​ការណ៍​​ជូន​ក្រុមប្រឹក្សា និងជាអ្នកអនុវត្ដសេចក្ដីសម្រេចរបស់​​​ក្រុម​ប្រឹក្សា។ ជាមួយគ្នា​​ នេះ គ​ណៈអភិបាលត្រូវជួយក្រុមប្រឹក្សាដើម្បី​ឱ្យ​​​​ក្រុមប្រឹក្សា​សម្រេច​បាននូវ​​ ការអនុវត្ដមុខងារ សិទ្ធិអំណាច និងភារកិច្ច​​​របស់ខ្លួន។

ដើម្បីធានាថា គណៈអភិបាលអនុវត្តភារកិច្ចចម្បងៗខាងលើប្រកប ដោយប្រសិទ្ធភាព និងមានគណនេយ្យភាពចំពោះក្រុមប្រឹក្សារបស់ខ្លួន គណៈ​​អភិបាលត្រូវ ៖​

·        រៀបចំផែនការសកម្មភាពរយៈពេលបីខែរបស់រដ្ឋបាល ដើម្បី​ដាក់​ជូន​ក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។ ក្នុងការរៀបចំ​ផែនការ​​រយៈពេល​បី​ខែនេះ អភិបាលអាចចាត់ឲនាយក​រដ្ឋបាលរៀបចំដោយបូកសរុបនូវ​ផែន​​ការ​សកម្មភាពរយៈ​ពេល​​បីខែរបស់អង្គភាពចំណុះរដ្ឋបាល​របស់​ខ្លួន។​

·        ក្រៅពីផែនការសកម្មភាពរយៈពេលបីខែ ដែលត្រូវដាក់ជូន​ក្រុមប្រឹក្សា​ពិនិត្យ និងអនុម័ត គណៈអភិបាលត្រូវ​រៀបចំ​ផែនការសកម្មភាព​ប្រចាំ​ខែរបស់រដ្ឋបាល ហើយដាក់ជូន​កិច្ច​ប្រជុំក្រុមប្រឹក្សាដើម្បីពិនិត្យ និង​ផ្តល់យោបល់។ ក្នុងការ​រៀបចំ​ផែនការ​​សកម្មភាពប្រចាំខែនេះ​      អភិ​បាល​ត្រូវចាត់ឲ​នាយករដ្ឋបាល​បូកសរុបពីផែនការសកម្មភាពរបស់​អង្គ​ភាព​នានា​ចំណុះរដ្ឋបាលរបស់ខ្លួន។​ ជាមួយ​គ្នានេះ ក្រុមប្រឹក្សា​ត្រូវចាត់​តាំង​​សមាជិកក្រុមប្រឹក្សារបស់ខ្លួន ដើម្បី​ចូលរួម​តាម​ដាន​ការ​អនុវត្ត​សក​ម្មភាពទាំងនោះតាមការចាំបាច់។

·        អភិបាលត្រូវចាត់ឲនាយករដ្ឋបាលបញ្ជូនកំណត់ហេតុប្រជុំ​ប្រចាំអឌ្ឍ​មាស និងប្រចាំខែរបស់ខ្លួនជូនប្រធាន​ក្រុមប្រឹក្សា​ដើម្បី​ផ្តល់ជា​ព័ត៌មាន។ ប្រធាន​​ក្រុមប្រឹក្សាត្រូវចាត់ចែង​បញ្ជូន​កំណត់ហេតុប្រជុំរបស់គណៈ  អភិ​បាល​ទៅសមាជិករបស់ខ្លួន​តាម​ការចាំបាច់។

·        គណៈអភិបាលត្រូវរាយការណ៍ជាប្រចាំអំពីសកម្មភាពនៃការអនុវត្ត និង​លទ្ធផលនៃ​ការ​អនុវត្តជូនអង្គប្រជុំសាមញ្ញ ឬវិសា​មញ្ញរបស់ក្រុមប្រឹក្សា។ របាយការណ៍ដែលត្រូវដាក់ជូនក្រុមប្រឹក្សាដើម្បីពិនិត្យ និង​អនុម័តនេះ ត្រូវបញ្ជូន និងបែងចែកដល់សមាជិក​ទាំង​អស់​របស់ក្រុមប្រឹក្សា​ឲ​បាន​មុន​កិច្ចប្រជុំស្របតាមបទ​បញ្ជាផ្ទៃក្នុង​របស់ក្រុមប្រឹក្សា។

·        ក្នុងករណីចាំបាច់ ក្រុមប្រឹក្សាអាចកោះ​អញ្ជើញ​​គណៈ​អភិ​បាល ឬ​​អភិ​​បាល និងបុគ្គលដែលពាក់ព័ន្ធមកសាក​សួរ​​បំភ្លឺ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សា។ អភិ​បាល អភិបាលរងត្រូវធ្វើការឆ្លើយ​តប​ប្រកបដោយ​ភាពសម​ហេតុផល និងអាចទទួលយកបាន​ទៅប្រធាន​ក្រុមប្រឹក្សា ឬ​ក្រុម​ប្រឹក្សា។ ​

·        ក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា អភិ​បាល ឬ​អភិបាលរងទទួលបន្ទុក គួរ​មាន​ការ​ពិគ្រោះយោបល់​ជាបន្ត​បន្ទាប់​ជាមួយ​ប្រធានក្រុមប្រឹក្សាតាម​ការចាំបាច់។

បទពិសោធន៍ ៖ សមាជិកក្រុមប្រឹក្សាស្រុកមួយរូបមានប្រសាសន៍​ថា បច្ចុប្បន្ន​សេចក្តីសម្រេចនានាដែលធ្វើឡើងតាមរយៈ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាមិនទាន់ត្រូវបានអនុវត្តពេញលេញ​ដោយ​គណៈ​អភិបាល​ឡើយ ដោយសារការមិនទាន់យល់​ច្បាស់​ពីតួនាទី​ជា​បញ្ហា​មួយ​ ប៉ុន្តែសមត្ថភាពក្នុងការបំពេញការងារ​ក្នុង​នាមអង្គ​ប្រតិបតិ្ត​ជូន​ក្រុមប្រឹក្សាក៏ជាបញ្ហាសំខាន់ដែរ។ ទន្ទឹមនេះ ឯកឧត្តមប្រធាន​ក្រុម​ប្រឹក្សាមួយរូបក៏បានលើកយោបល់ថា ដើម្បី​ពង្រឹងគណនេយ្យភាព​របស់គណៈអភិបាល​ចំពោះក្រុម​ប្រឹក្សា​ឲមាន​ប្រសិទ្ធភាព ចាំបាច់​ត្រូវ​មានការផ្លាស់ប្តូរឥរិយាបថបុគ្គលជាមុនសិន។ 

គណនេយ្យភាពរបស់គណៈកម្មាធិការនានា ចំពោះក្រុមប្រឹក្សា កែប្រែ

ក្រុមប្រឹក្សាត្រូវសម្រេចអំពីការបង្កើត ការរៀបចំ និងការប្រព្រឹត្ត ទៅរបស់គណៈកម្មាធិការ អនុគណៈកម្មការ ឬក្រុមការងារនានា។

ដើម្បីធានាឲមានគណនេយ្យភាពរវាងគណៈកម្មាធិការនានា ចំពោះ​​​​ក្រុមប្រឹក្សា គណៈកម្មាធិការនីមួយៗត្រូវ​ ៖

·        រៀបចំផែនការសកម្មភាព ៖ គណៈកម្មាធិការនីមួយៗរបស់ក្រុម​ប្រឹក្សា ត្រូវរៀបចំផែនការសកម្មភាពប្រចាំខែរបស់ខ្លួន ដើម្បីដាក់ជូន ក្រុមប្រឹក្សាពិនិត្យ និងផ្តល់យោបល់។​ ដើម្បីធានាថា គណៈកម្មាធិការ នីមួយៗ អាចផ្តល់សេវាពិគ្រោះយោបល់ជូនក្រុមប្រឹក្សាបានប្រកប-​ដោយប្រសិទ្ធភាព ក្រុមប្រឹក្សាត្រូវពិនិត្យមើលផែនការសកម្មភាពដែល ​បានរៀបចំ ហើយត្រូវផ្តល់យោបល់ ឬស្នើសុំដាក់បញ្ចូល​នូវសកម្មភាព​នានាដែលក្រុមប្រឹក្សាចង់ឲគណៈកម្មាធិការណាមួយអនុវត្ត។​

·        អនុវត្តផែនការសកម្មភាព ៖ គណៈកម្មាធិការត្រូវអនុវត្តសកម្មភាព​របស់ខ្លួនស្របតាមផែនការដែលបានកំណត់។ ក្នុងការអនុវត្ត គណៈ-​កម្មាធិការអាចជួបពិគ្រោះយោបល់ជាមួយប្រធានក្រុមប្រឹក្សា និង​គណៈ​អភិបាលតាមការចាំបាច់។​

·        ការរាយការណ៍ ៖ គណៈកម្មាធិការនីមួយៗ​ ត្រូវរាយការណ៍អំពី​សកម្ម​ភាពរបស់ខ្លួនឱ្យបានទៀងទាត់​ជូន​ក្រុមប្រឹក្សា និងគណៈអភិបាល ស្របតាមរបៀបរបបការងាររបស់ខ្លួន។ គណៈកម្មាធិការនីមួយៗ​ត្រូវ​ឆ្លើយបំភ្លឺ ឬបកស្រាយអំពីការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ឬ​លទ្ធផលនៃការធ្វើសេចក្តីសម្រេចរបស់ខ្លួនជូនក្រុមប្រឹក្សា ឬគណៈ​អភិ​-បាលនៅពេលមានការស្នើសុំ។​

គណនេយ្យភាពរបស់នាយក នាយករងរដ្ឋបាល ចំពោះក្រុមប្រឹក្សា និងគណៈអភិបាល កែប្រែ

នាយករដ្ឋបាល មានតួនាទីជាជំនួយការក្នុងការចាត់ចែង​​កិច្ចការ​រដ្ឋ-​បាល និងធានានិរន្ដរភាពកិច្ចការរដ្ឋបាលប្រចាំថ្ងៃរបស់ក្រុមប្រឹក្សា និង​គណៈ​​​​អភិបាលរបស់ខ្លួន។ ដើម្បីធានានូវគណនេយ្យភាពរបស់នាយករដ្ឋបាល​​ ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលរបស់ខ្លួន នាយករដ្ឋបាលត្រូវ ៖

·        រៀបចំផែនការសកម្មភាព ៖ នាយករដ្ឋបាលត្រូវរៀបចំផែនការសកម្ម- ភាពរយៈពេលបីខែរបស់រដ្ឋបាល ដើម្បីដាក់ជូនគណៈអភិបាលពិនិត្យ និងផ្តល់យោបល់ជាមុន មុនពេលអភិបាលដាក់ផែនការសកម្មភាពរយៈ- ​ពេលបីខែនេះជូនក្រុមប្រឹក្សាពិនិត្យ និងអនុម័ត។ ក្រៅពី​ផែនការ​​សកម្ម​ភាពរយៈពេលបីខែ នាយករដ្ឋបាលត្រូវ​រៀបចំផែនការ​សកម្ម​ភាព​ប្រចាំខែ ដើម្បីដាក់ជូនគណៈអភិបាលពិនិត្យ និងផ្តល់យោបល់។​

·        អនុវត្តផែនការសកម្មភាព ៖ នាយករដ្ឋបាលត្រូវចាត់ចែង​អនុវត្ត​សកម្ម​​-ភាព​របស់ខ្លួនស្របតាមផែនការដែលបានឯកភាព។ ក្នុងការអនុវត្ត នាយក​រដ្ឋបាលអាចចាត់ចែង និងសម្របសម្រួលជាមួយនាយក​រង​រដ្ឋបាល និង​ប្រធាន អនុប្រធានអង្គភាពចំណុះ។ ជាមួយគ្នានេះ នាយក​រដ្ឋបាល​អាចស្នើសុំការពិគ្រោះយោបល់ និងការណែនាំពីគណៈអភិបាល និង​ក្រុម​​ប្រឹក្សារបស់ខ្លួនតាមការចាំបាច់។​

·        ការរាយការណ៍ ៖ ​ក្នុងការអនុវត្តផែនការសកម្មភាពនេះ នាយក​រដ្ឋ​-បាល ត្រូវធ្វើសេចក្ដីរាយការណ៍ជូនអភិបាល ឬគណៈអភិបាល ដើម្បី​ឲអភិបាលមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការធ្វើសេចក្តីរាយការណ៍ជូន​ក្រុមប្រឹក្សារបស់ខ្លួន។ នាយករដ្ឋបាល​ត្រូវ​ឆ្លើយបំភ្លឺ ឬបកស្រាយ​អំពី​កា​រអនុវត្តផែនការសកម្មភាពរបស់ខ្លួន ឬ​លទ្ធផលនៃការអនុវត្ត​របស់​ខ្លួនជូនក្រុមប្រឹក្សា ឬគណៈ​អភិ​បាលនៅពេលមានការស្នើសុំ។​

គណនេយ្យភាពរបស់ប្រធាន អនុប្រធាន​អង្គភាព​ចំពោះនាយករដ្ឋបាល កែប្រែ

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គភាពរបស់ក្រុមប្រឹក្សានីមួយៗត្រូវស្ថិតក្រោមការ​គ្រប់គ្រង និងការត្រួតពិនិត្យរបស់គណៈអភិបាល ក្នុងនាមក្រុម​ប្រឹក្សារបស់​​ខ្លួន។ អង្គ​​ភាពនីមួយៗត្រូវស្ថិតក្រោមការទទួលខុសត្រូវ ការត្រួត​ពិនិត្យ និង​ការ​​គ្រប់គ្រងដោយផ្ទាល់របស់ប្រធានអង្គភាព។ ប្រធានអង្គភាព (នា​យក​ទីចាត់ការ “សម្រាប់រាជធានី ខេត្ត” ឬប្រធាន​​​​​ការិ​យា​​​ល័យ “សម្រាប់​ក្រុង ស្រុក ខណ្ឌ”)ត្រូវទទួលខុសត្រូវ និង​មាន​គណនេយ្យ​ភាព​​​​ដោយ​ផ្ទាល់ចំពោះ​​ នាយករដ្ឋបាល។

ដើម្បីធានានូវគណនេយ្យភាពរបស់ប្រធានអង្គភាពចំពោះ​នាយក​រដ្ឋបាល ប្រធានអង្គភាពត្រូវ ៖

·        រៀបចំផែនការសកម្មភាព ៖ រៀបចំផែនការសកម្មភាពប្រចាំខែ​សម្រាប់ទីចាត់​ការ ឬការិយាល័យរបស់ខ្លួន (ដោយសម្របសម្រួលជា មួយការិយាល័យចំណុះ “សម្រាប់ថ្នាក់រាជធានី ខេត្ត” ឬមន្រ្តីនៅក្នុង​អង្គភាព​របស់ខ្លួន “សម្រាប់ថ្នាក់ក្រុង ស្រុក ខណ្ឌ”)។ បន្ទាប់ពីរៀបចំ ផែនការសកម្មភាព ប្រធានអង្គភាពត្រូវដាក់ផែនការ​សកម្មភាព​ប្រចាំ​ខែ​របស់ខ្លួនជូននាយករដ្ឋបាល។ នាយករដ្ឋបាលត្រូវពិនិត្យ និងផ្តល់​យោបល់លើផែនការសកម្មភាពរបស់អង្គភាព។ ផ្អែកតាមផែនការ​សកម្មភាពរបស់អង្គភាពនីមួយៗ នាយករដ្ឋបាលត្រូវរៀបចំផែនការ​សកម្មភាពរបស់រដ្ឋបាលខ្លួន ដើម្បីដាក់ជូនអភិបាលពិនិត្យ និង​ផ្តល់​​​យោបល់មុនពេលដាក់ជូនក្រុមប្រឹក្សា។​

·        អនុវត្តផែនការសកម្មភាព ៖ ប្រធានអង្គភាពត្រូវចាត់ចែង និង​សម្របសម្រួលជាមួយការិយាល័យ ឬមន្រ្តីចំណុះអង្គភាពរបស់​ខ្លួន​ដើម្បី​អនុវត្តសកម្មភាពស្របតាមផែនការដែលបានឯកភាព។ ក្នុងការ​អនុវត្តជាក់ស្តែង ប្រធានអង្គភាពអាចពិគ្រោះ ពិភាក្សាជាមួយ​​នាយក នាយករងរដ្ឋបាល ឬជាមួយគណៈអភិបាលតាមការចាំបាច់។​

·        ការរាយការណ៍ ៖ ប្រធានអង្គភាពត្រូវរាយការណ៍អំពីលទ្ធផលនៃការ​អនុវត្តផែនការសកម្មភាពប្រចាំខែរបស់ខ្លួនជូននាយករដ្ឋបាល។ ជាមួយ​​ គ្នានេះ ក្នុងអំឡុងពេលអនុវត្ត ប្រធានអង្គភាពក៏អាចរាយការណ៍ជា​បន្ត​បន្ទាប់ជូននាយករដ្ឋបាល តាមការចាំបាច់។ ប្រធានអង្គភាពនីមួយៗ​ត្រូវ​ឆ្លើយបំភ្លឺ ឬបកស្រាយអំពីការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ឬ​លទ្ធផលនៃការអនុវត្តរបស់ខ្លួនជូននាយករដ្ឋបាល ក្រុមប្រឹក្សា ឬ​គណៈ​អភិ​បាលនៅពេលមានការស្នើសុំ។​

បញ្ជាក់ ៖ ក្នុងអំឡុងពេលអនុវត្តតួនាទី ភារកិច្ច និងផែនការ​សកម្មភាព​​​របស់ខ្លួន រដ្ឋបាល (អភិបាល អភិបាលរង គណៈ​កម្មា​ធិការ​នានា នាយក នាយករងរដ្ឋបាល នាយក នាយក​រង​ទីចាត់ការ ប្រធាន អនុ​ប្រធានការិយាល័យ ព្រម​ទាំង​មន្រ្តី) ត្រូវមានគណ​នេយ្យភាព​តាម​ឋានានុក្រម និង​​អាច​មាន​គណ​នេយ្យភាពចំពោះក្រុមប្រឹក្សាតាម​ការចាំបាច់។

គណនេយ្យភាពរបស់ស្មៀនចំពោះក្រុមប្រឹក្សា ឃុំ សង្កាត់​ កែប្រែ

ស្មៀនឃុំ សង្កាត់ គឺជាមន្រ្តីស្ថិតក្នុងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ។

ស្មៀនឃុំ សង្កាត់ត្រូវធ្វើជាសេនាធិការដល់ក្រុមប្រឹក្សាឃុំ សង្កាត់​របស់ខ្លួនក្នុងការ ៖

·        ពិនិត្យឡើងវិញនូវ លិខិត និងសំណុំឯកសារទាំងអស់ដែល​បាន​រៀបចំដោយ ឬក្នុងនាមក្រុមប្រឹក្សាឃុំ សង្កាត់ មុនពេល​ឯកសារទាំងនោះផ្ញើចេញ ​ឬដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ឬគណៈកម្មាធិការនានា ដើម្បីធានាឲលិខិត ឬឯកសារទាំង នោះមានលក្ខណៈត្រឹមត្រូវតាមនីតិវិធី និងច្បាប់

·        កត់ត្រា និងការថែរក្សា ការពារចលនវត្ថុ និងអចលនវត្ថុ​ទាំង​អស់ដែលជាទ្រព្យសម្បត្តិឯកជនរបស់ ឃុំ សង្កាត់ ឬជាទ្រព្យ​សម្បត្តិ ដែលឃុំ សង្កាត់បានជួល។

·        រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់

·        ធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនានា ដោយ​អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តនានា​ដែល​មានជាធរមាន

·        ។ល​។​

លើសពីនេះទៀត ស្មៀនឃុំ សង្កាត់ត្រូវជួយក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តកិច្ចការរដ្ឋបាល ការធានាឲមាននីត្យានុកូលភាពនៃការអនុវត្ត​អាណត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មាធិការនានា ការអនុវត្តនិងការតាមដានការ​អនុវត្ត​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្សព្វផ្សាយព័ត៌មាន​ជាសាធារណៈ ជាដើម។

តាមន័យនេះ ស្មៀនឃុំ សង្កាត់ត្រូវទទួលខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន និងមានការទទួលខុសត្រូវចំពោះ ក្រសួងមហាផ្ទៃ និងអាជ្ញាធររដ្ឋផងដែរ។

គណនេយ្យភាពរបស់រដ្ឋបាលចំពោះប្រជាពលរដ្ឋ កែប្រែ

មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ មានតួនាទីផ្តល់សេវាសាធារណៈ​ជូនប្រជាពលរដ្ឋទាំងបុរស ស្រ្តី និងក្រុម​ជនងាយរងគ្រោះ។ សេវាសា​ធារ​ណៈ គឺជាសកម្មភាព​ទាំងឡាយណា​ ដែល​ធ្វើឡើងដោយស្ថាប័ន​មាន​សមត្ថ​កិច្ច និងស្ថាប័នទទួលសមត្ថកិច្ចក្នុង​គោល​ដៅ​​បម្រើផលប្រយោជន៍​សាធា​រ​ណៈ។

ដើម្បីបម្រើប្រជាជនកាន់តែល្អប្រសើរឡើង មន្រ្តីរាជការស៊ីវិល គ្រប់រូបចាំបាច់ត្រូវបំពេញការងារប្រកបដោយឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការ​វិជ្ជាជីវៈ និងត្រូវមានវប្បធម៌សេវាសាធារណៈ នឹងធ្វើឲការផ្តល់​សេវា​របស់​រដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព ភាព​ឆ្លើយតប និង​ប្រសិទ្ធភាព។​ ក្នុង​​ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន មន្រ្តីរាជការទាំងអស់​មាន​កាតព្វកិច្ច​គោរពច្បាប់ បទបញ្ជា និងសេចក្តីណែនាំនានារបស់ថ្នាក់​ដឹក​នាំខ្លួន និងមាន​ការទទួលខុសត្រូវផ្ទាល់​ចំពោះ​​សកម្មភាពរបស់ខ្លួន។

ដើម្បីសម្រេចគោលបំណងក្នុងការបម្រើប្រជាពលរដ្ឋឲបានកាន់តែល្អ​ប្រសើរឡើង មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ ពិសេសមន្រ្តី​រាជការ​នៅតាមសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់​ដែលជាអ្នក ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន ត្រូវ​យក ​ចិត្តទុកដាក់ទៅលើ ៖

·        ការផ្តល់ភាពងាយស្រួលក្នុងការទទួលយកសេវារបស់ប្រជា​ពលរដ្ឋ ៖ តាម​​រយៈការផ្តល់ព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ និងងាយ​យល់ ព្រមទាំងត្រូវកាត់បន្ថយនូវការិយាធិបតេយ្យ និងនីតិ​វិធី​ស្មុគស្មាញនានា សំដៅកាត់បន្ថយការលំបាក​របស់​អ្នក​ប្រើ​ប្រាស់សេវា ក្នុងការស្វែងរកសេវាដោយខ្លួនឯង និង​ការ​ចំណាយបន្ថែមលើអ្នករត់ការក្រៅផ្លូវការ។​ អ្នកផ្តល់សេវា សាធារណៈ ត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲប្រើប្រាស់ សេវាសាធារណៈតាមតម្រូវការរបស់ពួកគេ និងត្រូវដើរ​តួនាទី​ ជាអ្នកសម្របសម្រួលក្នុងការផ្តល់ និងទទួលសេវាផងដែរ។

·        តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវា ៖ អ្នកផ្តល់ សេវាត្រូវផ្តល់ព័ត៌មានឲបានទូលំទូលាយ ជាចំហដោយមិន​រើសអើង និងយកចិត្តទុកដាក់ផ្តល់សេវាឲបានទាន់​ពេល​វេ​​លា​​កំណត់ និងមានគុណភាពជូនអ្នកប្រើប្រាស់ ដោយស្មារតី​ទទួល​ខុស​ត្រូវខ្ពស់។ ទន្ទឹមនោះ អ្នកផ្តល់សេវាក៏ត្រូវទុក​លទ្ធភាពឲអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីតិវិធី​នៃការផ្តល់សេវា និងអាចធ្វើការទិតៀន តវ៉ា ឬទាមទារឲ​មាន​​ការកែលំអលើចំណុចខ្វះខាតផ្សេងៗ តាមតម្រូវការ សំដៅ​​លើក​​កម្ពស់ប្រសិទ្ធភាព និងតម្លាភាពស្របតាម​គោល​ការណ៍​អភិ​បាលកិច្ចល្អ។​

·        គុណភាព និងប្រសិទ្ធភាពនៃសេវា​ ៖ អ្នកផ្តល់សេវា ត្រូវ​គោរព​ឲបាននូវស្តង់ដារកំណត់ មានន័យថា អ្វីដែលបាន​កំណត់​ជូន​អ្នកប្រើប្រាស់ត្រូវតែធ្វើឲបានតាមការកំណត់នោះ ទាំងតម្លៃ ទាំងពេលវេលា និងគុណភាព។ គុណភាព​នៃសេវា​ត្រូវបាន​កំណត់ផ្អែកលើការពេញចិត្តរបស់អ្នកប្រើប្រាស់សេវា កម្រិតនៃការឆ្លើយតបទៅនឹង​តម្រូវ​ការ និង​ផលប្រយោជន៍​ទូទៅរបស់អ្នកប្រើប្រាស់។

·        តម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់សេវា ៖ កន្លងមក មន្រ្តី​រាជការផ្តល់សេវាក្នុងឥរិយាបថជា អ្នក​គ្រប់គ្រង និងបាន​កំណត់ជាស្រេចនូវប្រភេទសេវា ដែល​ត្រូវ​ផ្តល់ជូនអ្នកប្រើ​ប្រាស់ ទោះជាសេវាមួយចំនួនអ្នក​ប្រើប្រាស់​មិន​ត្រូវការ​ក៏​ដោយ។ ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្រ្តី​រាជការត្រូវ​ផ្តល់​សេវាក្នុងឥរិយាបថជា អ្នកផ្តល់សេវា ដោយ​ត្រូវ​កំណត់​ប្រភេទ​សេវាទៅតាមតម្រូវការរបស់​អ្នកប្រើ​ប្រាស់​សេវា​វិញ។

ក្រៅពីនេះ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មន្រ្តី​រាជ​ការ​ក៏ត្រូវពិចារណាលើចំណុចមួយចំនួនបន្ថែមទៀត ដូចជា ៖

·        ការផ្តល់សេវាដោយមានភាពគួរសម រួសរាយ រាក់ទាក់ និង​ការ​យក​ចិត្ត​ទុកដាក់ចំពោះអ្នកប្រើប្រាស់សេវា

·        ការផ្តល់ចម្លើយសាមញ្ញ ងាយយល់​និងទាន់ពេលវេលា​

·        ការផ្តល់ការឆ្លើយបំភ្លឺនូវរាល់ការទាមទារ ការតវ៉ា ឬ​សំណូម​ពរ​របស់អ្នក​ប្រើប្រាស់​​សេវាឲបានច្បាស់លាស់ និង​សមហេតុ​ផល និងតាមស្ថានភាពជាក់ស្តែង

·        ...។ល។

គណនេយ្យភាពចំពោះរាជរដ្ឋាភិបាល កែប្រែ

ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ​ សង្កាត់ និងច្បាប់ស្ដីពីការ​គ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ បានផ្ដល់សិទ្ធិអំណាច​ដល់​រដ្ឋ មន្ដ្រីក្រសួងមហាផ្ទៃក្នុងការពិនិត្យនីត្យានុកូលភាពលើដីកា និងសេចក្ដី​សម្រេច ដែលចេញដោយក្រុមប្រឹក្សា ដើម្បីធានាថា ដីកា និងសេចក្ដី​សម្រេច​​ទាំងនោះស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ​ជា​ធរមាន។ ដូច្នេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអាចធ្វើមោឃភាព​សេចក្ដី​សម្រេច ឬស្នើឱ្យក្រុមប្រឹក្សាកែសម្រួលសេចក្ដីសម្រេចនានាដែលផ្ទុយ​នឹងរដ្ឋ​ធម្ម​នុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដរបស់ថ្នាក់ជាតិ។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ក៏មានសិទ្ធិអំណាចក្នុងការតាមដានការអនុវត្ដតួនាទី និងភារកិច្ច ព្រមទាំង​រាល់ការរំលោភអំណាចនានាដែលកើតឡើងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លើសពីនេះទៀត ច្បាប់រៀបចំអង្គការ ក៏បានផ្ដល់​សិទ្ធិដល់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃក្នុងការរំសាយក្រុមប្រឹក្សាឃុំ សង្កាត់ និងការស្នើ​ទៅ​រាជ រដ្ឋាភិបាលឱ្យធ្វើការរំសាយក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ក្នុង ករណីដែលក្រុមប្រឹក្សាទាំងនោះអនុវត្ដផ្ទុយនឹងរដ្ឋធម្មនុញ្ញ គោល​នយោ​បាយ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏អាច​ចេញ​សេច ក្ដីណែនាំជាលាយលក្ខណ៍អក្សរ ដើម្បីជំរុញឱ្យក្រុមប្រឹក្សា​អនុវត្ដភារ​កិច្ច​របស់ខ្លួនឱ្យបានត្រឹមត្រូវឡើងវិញ ឬអាចគ្រប់គ្រងជំនួស​ជាបណ្ដោះ​អាសន្ន រហូតដល់មានក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អាច ស្នើទៅរាជរដ្ឋាភិបាលក្នុងការដកចេញពីមុខតំណែងនូវអភិបាល អភិ​បាលរង រាជធានី ខេត្ដ អភិបាលក្រុង ស្រុក ខណ្ឌ និងអាចសិក្សាស្រាវជ្រាវ និង​ដកចេញ​ពីមុខ​តំណែងនូវអភិបាលរងក្រុង ស្រុក ខណ្ឌ តាមសំណើ​របស់​ក្រុមប្រឹក្សា។ តាមន័យនេះ ក្រុមប្រឹក្សា និងគណៈអភិបាលនៃ​រដ្ឋបាល​ថ្នាក់ ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ពិសេស​គណនេយ្យ ភាពចំពោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕