ការ​សាក់​លើ​ខ្លួន​ប្រាណ​នៃ​ជនជាតិ​ខ្មែរ

នៅ ​ចុង​សម័យ​ថ្ម​រំលីងនិង​ដើម​សម័យ​លោហធាតុ (២៥០០-៥០០ ឆ្នាំមុន​គ.ស) គឺជា​សម័យកាល​មួយ​ដែល​បុព្វការី​ជន​ខ្មែរ​រស់នៅ​ជា​កុលសម្ព័ន្ធ​កសិករ​នៅឡើយ បាននិយម​ការ​សាក់​លើ​ខ្លួនប្រាណ​រួចទៅហើយ ។ ជាមួយគ្នានេះដែរ ពួកគេ​ក៏​ចេះស្លលោហធាតុ​សម្រាប់ធ្វើ​ឧបករណ៍ ប្រើប្រាស់​ក្នុងសង្គម និង​បានទទួល​នូវការលូតលាស់​ខាង​វប្បធម៌​គ្រប់​វិស័យ​ទៅហើយ ។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​ដល់​ស.វ​ទី ៣-២មុន​គ.ស ទើប​មានការ​កត់ត្រា​ដោយ​ជនជាតិ​ចិន​អំពី​ការ​សាក់ ការ​ស៊ី​ម្លូ​ស្លា ការប្រើ​ធ្នូរបស់​បុព្វការី​ជន​ខ្មែរ​ដែល​នា​ជំនាន់​នោះ​នៅ​ស្លៀក​ប៉ឹង និង​លែងខ្លួន​នៅឡើយ ។



សូមបញ្ជាក់ថា នៅទីនេះ​ជនជាតិ​នៃ​ភូមិភាគ​ខាងត្បូង​សម្រាប់​ចិន គឺ​សំដៅទៅលើ​កុលសម្ព័ន្ធ​នានាដែល​ក្នុងនោះរួមមាន​កុល-សម្ព័ន្ធ​មន-ខ្មែរ ហើយ​ពួកគេ​ក៏នៅតែមាន​វត្តមាន​រហូត​មកដល់​បច្ចុប្បន្នភាព​នេះដែរ ។

ដូចនេះ ការលើក​យកមក​បង្ហា​ញ​ខាងលើនេះ​ដែល​ផ្អែក​តាម​ឯកសារ​ចិន​ជាលាយលក្ខណ៍អក្សរ គឺជា​ភ័ស្តុតាង​ស្តីពី​ការ​សាក់​ខ្លួន​របស់​ដូនតា​ខ្មែរ​ដែលជា​ខ្មែរ​ដើម​ យ៉ាង​ប្រាកដ​ដោយ​ឥត​ប្រកែក​បាន ។ កាលពី​ឆ្នាំ ១៩៦៨ យើង​បាន​រកឃើញ​នូវរូបចម្លាក់​មនុស្ស​ស្រី​មួយ​នៅក្នុង​បរិវេណ​នៃ​ភ្នំ​ល្អាង ​ស្ពាន​នៅ​ខេត្តកំពត ហើយថ្មីៗនេះបាន​រកឃើញ​សត្វ​គោមួយ​ចំនួន​នៅ​ភូមិ​ស្នាយ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ពាក់ព័ន្ធ​ទៅនឹង​ប្រពៃណី​សាក់​ខ្លួន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ។

បុរាណវត្ថុ​ទាំងនោះ​ដែលមាន​ស្នាម​រង្វង់​នៅ​ជុំវិញ​យោនី​មនុស្ស ឬក៏​នៅលើដងខ្លួន​សត្វ ជាពិសេស​សត្វ​គោ​ពុំមែន​ឥតមាន​ហេតុ-ផល​នោះឡើយ ។ ពិតណាស់​ស្លាកស្នាម​ទាំងនោះ គឺជា​និមិត្តសញ្ញា​ប្រកបដោយ​អត្ថន័យ​ច្បាស់លាស់ និង​ជាក់លាក់​របស់​វា ។ លើស ពីនេះទៅទៀត គឺជា​ភស្តុតាង​មួយ​បង្ហាញ​នូវ​ចំណាស់នៃ​ការនិយម​សាក់​តាំងពី​សម័យ​បុរាណកាល​ ដ៏​យូរលង់​ណាស់​មកហើយរបស់​ជន​ជាតិខ្មែរ ។

សូមបញ្ជាក់ថា រូប​ស្ត្រី​ដែល​ប្រហែលជា​តំណាងឱ្យ​ម្តាយដើម​នោះ មានអាយុយ៉ាងតិចណាស់​ក៏​រវាង ២៥០០ ឆ្នាំមុន​គ.ស​ដែរ រីឯ​ដងខ្លួន​សត្វ​គោ​វិញ​នោះ​មាន​អាយុ​ត្រឹមតែ​ស.វ​ទី ៥ ដល់​ស.វ​ទី ៣ មុន​គ.ស​តែប៉ុណ្ណោះ ។ ស្ថានីយ​ទាំងពីរ​នេះ​មាន​អាយុកាល​ខុសគ្នា​ដោយហេតុថា ស្រទាប់ ដី​វប្បធម៌​នៅ​ភ្នំ​ល្អាង​ស្ពានមានអាយុប្រមាណ​ជា ៤២៩០ ឆ្នាំមុន​គ.ស រីឯ​ស្ថានីយ​ភូមិ​ស្នាយនៅបន្ទាយមានជ័យ​មាន​អាយុ​តិចជាង ។

សូមជម្រាបថា ការ​សាក់​នេះ​ពុំមែន​គ្រាន់តែ​ជា​សញ្ញា​សម្រាប់​ទាក់ទាញ​នូវឥទ្ធិពល​ ធម្មជាតិ ឬ​ព្រលឹង​នៃ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ ហើយ​ឬក៏សម្រាប់អ្នកចម្បាំង ក្នុង​គោលបំណង​សុំ​ការ​បីបាច់​ថែរក្សា​ខ្លួនប្រាណ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជា​កត្តា​មួយ​បង្ហាញ​នូវ​អំណាច​បារមី​ម​ហិ​ទ្ធិ ​រិ​ទ្ធិឬ​ឋានៈ ឬ​ភាព​អង់អាច​ក្លាហានអស្ចារ្យ​របស់​អ្នក​ដែលមាន​សាក់​នៅលើ​ខ្លួន​ផងដែរ ហើយ​ភាពល្បីល្បាញ​នៃ​សាក់ គឺ​បណ្តាលមកពី​ភាព​ស័ក្តិសិទ្ធិ​នៃ​សញ្ញា​ទាំងនោះ​ដែល​គេ​ចាត់ទុកថា ជា​សញ្ញា​បង្កប់​នូវថាមពល​ពិសិដ្ឋ​អមតៈ​ដែល​បុព្វបុរស​បានផ្តល់​ជូន​កូនចៅ ។

សូម​រំលឹក​ឡើងវិញ​ផងដែរ​ថា រហូតមកដល់​សព្វថ្ងៃ​នេះ កុលសម្ព័ន្ធ​ខ្មែរលើ ឬ​ខ្មែរ​ដើម​ដែល​រស់​នៅតាម​ព្រៃភ្នំ ឬ​ខ្ពង់រាប​មួយចំនួន នៅតែ​ពេញនិយម​ប្រពៃណី​សាក់​របស់​ពួកគេ​ដែរ ដែលជា​ភស្តុតាង​បង្ហាញ​នូវ​ភាព​ចាស់ជរា​នៃ​វប្បធម៌​សាក់​នេះ ។

ជារួម​គេ​អាច​និយាយបានថា ​ប្រពៃណី​សាក់​ខ្លួន​ខាងលើនេះ ដែលដើមឡើយជាសិល្បៈចម្បាំងផងដែរនោះ គឺជា​ការបង្ហាញ​បញ្ជាក់ ឬ​ការ​សម្គាល់​នូវ​អត្តសញ្ញាណ​នៃ​ពួក​កុលសម្ព័ន្ធ​ខ្មែរលើ​ទាំងនោះ​ ដែល​រស់​ជាក្រុមៗក្នុង​សហគមន៍​តូចធំ​ទាំងឡាយ ។ មានន័យថា​សញ្ញា​ពិសិដ្ឋ​ទាំងនោះ គឺជា​លក្ខណៈវិនិច្ឆ័យ​នៃ​អត្តចរិត ឬលក្ខណៈសម្បត្តិ​ផ្ទាល់​របស់​ក្រុមនីមួយៗ ។

សរុបមក ការ​ប្រសូត​ឡើង​តាំងតែ​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ​នៃ​ប្រពៃណី​សាក់​នេះ គឺជា​មរតក​វប្បធម៌​អរូបី​ត្រូវបាន​បន្ត​រហូត ដល់​ស​ព្វ​ថ្ងៃនេះ ហើយ​កំពុងតែពេញនិយម​ដោយ​ជនជាតិខ្មែរ និង​ខ្មែរលើ ។ រីឯ​ការ​ឆ្លាក់ព្រះគាថាជាអក្សរមូល ឬបាលី ឬក៏ការគូរ​យន្ត្រ លើខ្លួនប្រាណ​បែប​ព្រាហ្មណ៍ និងពុទ្ធ​និយមវិញ គឺជាសមិទ្ធផលនាជំនាន់ក្រោយតែប៉ុណ្ណោះ (ម.ត្រា​ណេ) ។

ឯកសារ​យោង

កែប្រែ