កាលបរិច្ឆេទប្រវត្តិសាស្រ្តកម្ពុជា
នៅលើជ្រោយឥណ្ឌូចិនយើងនេះ ជនជាតិខ្មែរដែលស្ថិតនៅក្នុងអម្បូរមន-ខ្មែរ ជាជនជាតិចាស់ជាងគេ ហើយជនជាតិនេះមានវប្បធម៌-អារ្យធម៌របស់ខ្លួនផ្ទាល់យ៉ាងហោចណាស់ក៏ពីរ វាង ១ លានឆ្នាំ និង ៦៨០.០០០ ឆ្នាំមុនគ.សមកហើយដែរ ។ វប្បធម៌នេះមានការវិវត្តពីសម័យមួយទៅសម័យមួយពីភាពសម្បូរបែបដល់ភាព លូតលាស់រុងរឿងលើគ្រប់វិស័យ ។
ដោយផ្អែកលើព្រឹត្តិការណ៍ធំៗ ដែលជាសមិទ្ធផលនៃសង្គម កាលប្រវត្តិសាស្ត្រកម្ពុជាត្រូវគេបែងចែកជាពីរសម័យកាល គឺសម័យបុរេប្រវត្តិសាស្ត្រ និងសម័យប្រវត្តិសាស្ត្រ ។ គេអាចចែកកាល ឬយុគនីមួយៗខាងលើនេះជាច្រើនកង់ថែមទៀត ដូចជាសម័យថ្មបរមបុរាណ សម័យថ្មក្រួសបំបែក សម័យលោហធាតុ សម័យប្រវត្តិសាស្ត្រយុគបុរាណ យុគកណ្តាល និងយុគទំនើប ។
ក្នុងសម័យបុរេប្រវត្តិសាស្ត្រដែលបានកើតឡើងចាប់ពីរវាងប្រមាណ ១ លានឆ្នាំ និង ៦៨០.០០០ ឆ្នាំរហូតដល់ស.វទី ១ មុនគ.ស មនុស្សខ្មែរពុំទាន់ចេះប្រើតួអក្សរកត់ត្រាសម្រាប់មនុស្សជំនាន់ ក្រោយនូវរឿងរ៉ាវសាសនាសេដ្ឋកិច្ច និងនយោបាយនៅឡើយទេ ។ គេគ្រាន់តែចងចាំដោយការទន្ទេញចាំមាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រ សង្គមគ្រួសារតែប៉ុណ្ណោះ ។ បរិបទវប្បធម៌ខាងលើនេះ គេអាចប្រៀបនឹងសហគមន៍ខ្មែរលើ ដូចជាព្នង ទំពួនជាដើមដែលគ្មានប្រវត្តិសាស្ត្រសរសេរដោយមានតែការបញ្ជាក់ពី ថ្ងៃខែរបស់ខ្លួន ។
ខុសពីសម័យមុនសម័យកាលទី ២ នៃប្រទេសកម្ពុជាចាប់ផ្តើមឡើងនៅស.វទី ១ នៃគ.ស គឹជាសម័យប្រវត្តិសាស្ត្រ ។ក្នុងសម័យនេះខ្មែរយើងមានអក្សរប្រចាំជាតិរបស់ខ្លួនដោយអ្នកដឹកនាំ បានខ្ចីតួអក្សរឥណ្ឌាមកចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ខ្លួន ។ ប៉ុន្តែការប្រើប្រាស់តួរអក្សរនៅពុំទាន់បានផ្សព្វផ្សាយចូលគ្រប់ ច្រកល្ហកពេញប្រទេសនៅឡើយទេ ។ នាសម័យដើមនោះ វាជាបុព្វសិទ្ធិរបស់អ្នកដឹកនាំកំពូល ឬក៏របស់អ្នកលក់ដូរក្នុងទីក្រុងប៉ុណ្ណោះ ។
ព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិសាស្ត្រប្រចាំជាតិរបស់ខ្លួនជាង ២០០០ ឆ្នាំមកហើយ ។ រីឯការប្រើប្រាស់តួអក្សរក៏មានចំណាស់ដូចគ្នាដែរ ទោះបីជានាគ្រាបឋមនៃប្រវត្តិសាស្ត្រ ការអប់រំការបង្រៀនអក្សរ ឬការផ្សព្វផ្សាយ និងការប្រើប្រាស់តួអក្សរពុំទាន់មានលក្ខណៈទូលំទូលាយក៏ដោយ ។
សូមកុំភ្លេចថាអក្សរនេះហើយ មិនគ្រាន់តែជាឧបករណ៍សម្រាប់កត់ត្រាព្រឹត្តិការណ៍ក្នុងសង្គមប៉ុណ្ណោះ ទេ ក៏ប៉ុន្តែជាយានសម្រាប់ផ្សព្វផ្សាយនូវមនោគមន៍វិជ្ជា សាសនា និងជាមធ្យោបាយសម្រាប់ពង្រីកអំណាចកណ្តាលរបស់ព្រះមហាក្សត្រ ឬអ្នកដឹកនាំសង្គម ។
ការរៀបរាប់ខាងលើនេះបានបញ្ជាក់ថាការអនុវត្តច្បាប់ ការផ្សាយសាសនា ជាពិសេសព្រហ្មញ្ញសាសនា និងព្រះពុទ្ធ សាសនាដែលអាជ្ញាធរបានអនុវត្តនាសម័យនគរ ភ្នំពីស.វទី ១ ដល់ ៧ មិនបានសំដៅតែមនុស្សយើងនៅតាមទីក្រុង គឺត្រូវធ្វើឡើងនៅគ្រប់ខេត្តតំបន់ដែលគ្រប់គ្រងដោយព្រះរាជាខ្មែរ ហើយការអនុវត្តនេះពុំអាចនឹងធ្វើឡើងបានទេប្រសិនបើពុំមានអក្សរ សម្រាប់ចែងជាច្បាប់ បញ្ញត្តិ ឬបទបញ្ជាផ្សេងៗបាន (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.