កុមារកម្ពុជា
This article is an orphan, as few or no other articles link to it. Please introduce links to this page from related articles; suggestions may be available. (ឧសភា ២០០៨) |
ស្ថានភាពកុមារអនាថានៅកម្ពុជា និងការតស៊ូក្នុងជីវិត
នៅស្ទើរគ្រប់ទីកន្លែងជាពិសេសនៅក្នុងទីក្រុងភ្នំពេញ យើងសង្កេតឃើញនៅតែមានក្មេងអនាថា ក្មេងរើសសំរាម និងក្មេងសុំទានជាច្រើន។ នៅក្នុងឆ្នាំ២០០១ អង្គការសហប្រជាជាតិបានធ្វើការវាយតំលៃថា នៅលើពិ ភពលោកចំនួនក្មេងតាមចិញ្ចើមថ្នល់ដែលមានអាយុពី៣-១៨ឆ្នាំមានការកើនឡើងជារៀងរាល់ថ្ងៃ។
ប្រមាណជា៤០%នៃក្មេងទាំងនោះ គឺគ្មានផ្ទះស្នាក់នៅ ហើយ៦០%ទៀតធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួក គេ។ តាមប្រភពមួយចំនួនទៀតបានធ្វើការប៉ាន់ប្រមាណថា ចំនួនទាំងនេះនឹងមានការកើនឡើងទៅដល់ ៨០០លាននាក់នៅឆ្នាំ២០២០។
តើក្មេងតាមចិញ្ចើមថ្នល់មានន័យដូចម្តេច? យោងតាមអត្ថន័យរបស់អង្គការ UNICEF បានឲ្យនិយមន័យផ្សេងៗគ្នាទៅតាមប្រភេទនៃក្មេងតាមចិញ្ចើម ថ្នល់ដូចតទៅៈ ក្មេងរស់នៅតាមចិញ្ចើមថ្នល់ ជាក្មេងដែលផ្តាច់ទំនាក់ទំនងជាមួយនឹងឪពុកម្តាយរបស់គេ ហើយរស់នៅតែម្នាក់ឯងនៅតាមផ្លូវ។ នៅក្នុងទីក្រុងភ្នំពេញ មានប្រហែលជា១២០០នាក់ដែលនៅរស់តាម ផ្លូវ ដែលមាន២០ភាគរយជាក្មេងស្រី និងភាគច្រើនមានអាយុពី១២-១៨ឆ្នាំ។ ក្មេងធ្វើការនៅតាមផ្លូវ ជា ក្មេងដែលចំណាយពេលវេលារបស់ពួកគេទាំងប៉ុន្មាន ឬភាគច្រើននៃពេលវេលារបស់ពួកគេទៅធ្វើការនៅតាម ផ្លូវដើម្បីជួយបង្កើនចំណូលដល់គ្រួសារ ឬសំរាប់ខ្លួនរបស់ពួកគេផ្ទាល់តែម្តង។ ក្មេងៗទាំងនេះមានផ្ទះដើម្បីត្រលប់ទៅស្នាក់នៅវិញ ជារឿយៗពួកគេមិនដេកនៅតាមផ្លូវនោះទេ។ នៅក្នុងទីក្រុងភ្នំពេញមាន១០,០០០ ទៅ២០,០០០នាក់ ដែលមាន៥០ភាគរយជាក្មេងស្រី និងភាគច្រើនមានអាយុពី៦-១៥ឆ្នាំ។ ក្មេងដែលមាន គ្រួសាររស់នៅតាមផ្លូវ ជាក្មេងដែលរស់នៅជាមួយគ្រួសាររបស់ពួកគេនៅតាមផ្លូវ។ នៅក្នុងទីក្រុងភ្នំពេញ មានចន្លោះពី៥០០-១៥០០នាក់។
ស្ថានភាពកុមារអនាថានៅប្រទេសកម្ពុជាប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ មានភាពច្របូកច្របល់ដែលបានបន្សល់ទុកជាកេរ្តិ៍តំណែលនៃបញ្ហាសង្គមជាច្រើន ដោយបូកបញ្ចូលនូវចំនួនក្មេងដែលរស់នៅ និងធ្វើការនៅតាមផ្លូវដ៏ច្រើនលើសលប់ផងដែរ។ តាមរបាយការ ណ៍ដែលបានដកស្រង់ទិន្នន័យពីអង្គការសង្គ្រោះកុមារបានឲ្យដឹងថា មានក្មេងប្រមាណជា១០,០០០នាក់ ដែលកំពុងធ្វើការនៅតាមផ្លូវ ហើយមាន១០០០នាក់កំពុងរស់នៅតាមផ្លូវនៅក្នុងទីក្រុងភ្នំពេញ។ ភាពក្រីក្រជាតួ នាទីដ៏ធំមួយដែលនាំឲ្យក្មេងៗផ្លាស់ប្តូរជីវិតរបស់គេរស់នៅតាមផ្លូវ ប៉ុន្តែក៏មានកត្តារួមផ្សំផ្សេងៗទៀតដូចជា អំពើហឹង្សាក្នុងគ្រួសារ ម្តាយឫឪពុក ឫទាំងម្តាយឪពុកបានបាត់បង់ជិវិតដោយសារមេរោគអេដស៍ជាដើម។ មូលដ្ឋានសំខាន់ដើម្បីឲ្យមានជីវិតរស់នៅបាន កុមារទាំងនោះពីមួយថ្ងៃទៅមួយថ្ងៃ ខិតខំធ្វើការទៅតាមសកម្ម ភាពផ្សេងៗពីគ្នាដូចជា ធ្វើជាពេស្យាចារ ចោរកំប៉ិកកំប៉ុក អ្នកសុំទាន អ្នកលាងឡាន អ្នកលក់សៀវភៅ លក់ផ្កា និងកាសែតជាដើម។ ពួកគេមិនអាចទៅសាលាបានទេ ដោយសារតែថ្លៃសាលាមានតំលៃខ្ពស់ពេក ហើយគ្រួសារពួកគេជារឿយៗពឹងផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេ ទោះបីជាមានចំនួនតិចតួចស្តួចស្តើង ក៏ដោយ។
ប្រជាជនកម្ពុជាជាងពាក់កណ្ដាលនៃប្រជាជនប្រមាណជា១៣លាននាក់ មានអាយុក្រោម១៨ឆ្នាំ ហើយការរកចំណូលរបស់កុមារ គឺមិនមានភាពប្រក្រតីទេ។ អង្គការ UNESCO កម្ពុជាបានធ្វើការប៉ាន់ប្រ មាណថា មានកុមារ៧០០,០០០នាក់ ដែលកំពុងប្រកបការងាររវាងអាយុពី៥-១៧ឆ្នាំ។ ជិត៣ភាគ៤ នៃចំនួនក្មេងៗទាំងនោះ គឺបោះបង់ការសិក្សា ឫមិនដែលចូលសាលាឡើយ។
កត្តាដែលនាំឲ្យមានក្មេងៗមាន នៅតាមផ្លូវ គឹបូករួមដោយសារជីវភាពក្រីក្រ ការកើនឡើងនូវចំនួនប្រជាជនយ៉ាងឆាប់រហ័ស និងការចាក ចោលស្រុកកំណើតដើម្បីរកការងារធ្វើ។ កត្តាមួយទៀត គឺភាពខ្វះខាតនូវប្រព័ន្ឋនៃការអប់រំ ការលើកទឹកចិត្ត ឲ្យមានការផ្គត់ផ្គង់ទៅលើកំលាំងពលកម្មកុមារ និងឧប្បត្តិហេតុទៅលើក្មេងនៅតាមផ្លូវ។ វាត្រូវបានធ្វើការ ប៉ាន់ប្រមាណថា មានក្មេងរស់នៅតាមផ្លូវប្រហែលជា១០៥០នាក់នៅក្នុងទីក្រុងភ្នំពេញ និងមានជាង៦៧០នាក់ ទៀតដែលរស់នៅតាមផ្លូវជាមួយនឹងគ្រួសាររបស់ពួកគេ។ ភាពឯកោ និងការព្យាយាម។
អង្គុយនៅលើវាលស្មៅ មានទ្រុងចាបបញ្ឈរនៅពីមុខ ដែលផ្ទុកទៅដោយចាបជាច្រើនក្បាលនៅក្នុងនោះ ផងដែរ ដែលម្ចាស់របស់វាគឺ កុមារាចក់ សាន្ត ដែលមានសំបុរខ្មៅស្រអែម ដែលអាចបញ្ជាក់ឲ្យអ្នកដំណើរ និងភ្ញៀវទេសចរអាចវាយតម្លៃថា វាជាក្មេងលក់ចាប។ ចក់ សាន្ត បានចាកចោលផ្ទះកំណើតរបស់គេនៅស្រុកមោង ខេត្តបាត់ដំបងប្រហែលជាក្នុងកំឡុងឆ្នាំ២០០០ ដែលពេលនោះ សាន្តបានចូលសិក្សានៅក្នុងមណ្ឌលនៃអង្គការមិត្តសំលាញ់ផងដែរ។ កុមារាសាន្តបានឲ្យដឹង ក្រោមទឹកមុខស្រពោន និងសំលេងមួយៗថា៖ "ខ្ញុំបានបញ្ចប់ការសិក្សានៅអង្គការមិត្តសំឡាញ់នៅថ្នាក់ទី៧ ព្រោះលក្ខខ័ណ្ឌអង្គការជួយឲ្យបានរៀនត្រឹមថ្នាក់ទី៧ប៉ុណ្ណោះហើយបានអង្គការបញ្ជូនទៅរៀននៅឯស្រុកកំ ណើតវិញ។ ប៉ុន្តែដោយសារតែគ្មានលុយរៀនបន្តទៀតទើបខ្ញុំត្រូវឈប់រៀន"។ សាន្តបន្តឲ្យដឹងទៀតថា ការ រស់នៅដោយអង្គការឧបត្ថម្ភ គឺមានភាពងាយស្រួលមិនពិបាកអ្វីឡើយ ដោយគេបានទិញកង់ និងរបស់របរ ផ្សេងៗទៀតឲ្យ។ ក្រោយពីបញ្ចប់ការសិក្សា និងត្រលប់មកពីស្រុកកំណើតវិញ សាន្តក៏បានសំរេចចិត្តចាប់យក អាជីពជាអ្នកលក់ចាបដើម្បីសន្សំលុយឲ្យម្តាយ និងចាយវាយខ្លួនឯងផងដែរដោយមិនខ្វល់ខ្វាយពីការលំបាកអ្វីឡើយ។ ចក់ សាន្តមិនដែលរាករែកចិត្តក្នុងការបន្តការសិក្សារបស់គេនោះទេ គឺសាន្តនៅតែប្រាថ្នាចង់រៀន ជានិច្ច។ "នៅពេលដែលខ្ញុំធំជាងនេះ ខ្ញុំនឹងទៅចូលក្នុងមណ្ឌលរបស់អង្គការមិត្តសំឡាញ់វិញ ដើម្បីរៀនក្លាយទៅជាចុងភៅមួយរូបដ៏ពូកែ"។ នេះជាសេចក្តីប៉ងប្រាថ្នារបស់ចក់ សាន្តនៅថ្ងៃអនាគត ដែលកុមារាអាយុ ១៧ឆ្នាំរូបនេះ មិនចង់នៅប្រកបការងារដូចនេះអស់មួយជីវិតឡើយ។
កុមារាស៊ុន ចាន់អាយុ១៣ឆ្នាំដែលកំពុងជជែកលេងជាមួយមិត្តភក្តិរបស់គេនៅក្រោមស្តូបមួយនៅវត្តភ្នំបាន និយាយថា "ខ្ញុំមកទីនេះដើម្បីសុំលុយគេយកទៅទិញអាហារញ៉ាំ"។ ទោះបីជាចាន់មានការលំបាកនៅក្នុងការ រកថវិកា ក៏ដូចជាពិបាកផ្នែកជីវភាពនៅក្នុងគ្រួសារយ៉ាងណាក៏ដោយ ប៉ុន្តែចាន់ហាក់ដូចជាមានសំណាងជាង កុមារមួយចំនួនដែលមានវ័យស្មើនឹងចាន់ដែរ ព្រោះចាន់មានឱកាសបានរៀនសូត្រ។ មកដល់ពេលនេះចាន់ រៀនដល់ថ្នាក់ទី៤ហើយ ដោយមានការជួយឧបត្ថមពីអង្គការមិត្តសំលាញ់។ "ធំឡើងខ្ញុំចង់ក្លាយជាគ្រូពេទ្យ" នេះជាក្តីសង្ឃឹមរបស់កុមារាស៊ុន ចាន់ ដែលទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ។
ជាមួយនេះដែរ លោកគ្រូ ភាសាអង់គ្លេស ថុង យ៉ត នៃសាលាញូវតុនធីឡាយបានមានចំណាប់អារម្មណ៍នៅ ក្នុងករណីនេះថា នៅពេលដែលលោកឃើញក្មេងអនាថា ឬក្មេងសុំទាននៅតាមផ្លូវ ឬតាមរមណីយដ្ឋាននានា លោកមានការអាណិត ហើយចង់ជួយគេឲ្យបានទៅរៀនដូចជាប្អូនរបស់គាត់ដែរ។ លោកបន្តថា នៅក្នុងបញ្ហានេះ រាជរដ្ឋាភិបាលជាអ្នកដែលមានកាតព្វកិច្ចជាចំបង ដោយគួរតែបង្កើតឲ្យមាន ការងារឲ្យពួកគេធ្វើឲ្យបានគ្រប់គ្រាន់ និងធ្វើការទាក់ទាញអ្នកវិនិយោគទុនឲ្យបានកាន់តែច្រើនជាងនេះទៀត។ ប៉ុន្តែ លោកមិនមែនផ្តោតតែលើរាជរដ្ឋាភិបាលតែមួយនោះទេ ទាំងនេះក៏រួមផ្សំទៅនឹងគ្រួសារមានភាពក្រីក្រ ឬមានជម្ងឺ ខ្វះការអប់រំវិជ្ជាជីវៈជាដើម។ យោងទៅលើការសិក្សារបស់និស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញទៅលើបញ្ហាកុមារនៅតាមចិញ្ចើមថ្នល់ នាឆ្នាំ២០០៤-២០០៥បានឲ្យដឹងដែរថា ចំនួនប្រជាជនកម្ពុជាសរុបប្រមាណជា១០.៣លាននាក់ ដែលនៅក្នុង នោះប្រហែលជា៥.១លាននាក់ (៤៩.៥%) ជាកុមារនៅអាយុក្រោម១៨ឆ្នាំ ហើយប្រហែលជា១៨.២% ជា ក្មេងដែលមានអាយុពី៥-១៧ឆ្នាំដែលប្រកបការងារចិញ្ចឹមជីវិត។ មានក្មេងតាមចិញ្ចើមថ្នល់មួយចំនួនបាន លក់ខ្លួនពួកគេទៅឲ្យអ្នកទេសចរក្នុងតម្លៃតិចតួចបំផុត។
កុមារជាង៤០០នាក់ដែលមានអាយុពី៥-១៧ឆ្នាំកំពុងធ្វើការនៅក្នុងទីក្រុងភ្នំពេញដូចជាកន្លែងចាក់សំរាម ដើររើសសំរាមនៅតាមផ្លូវជាដើម។ មានប្រមាណជា ៣៥%ប៉ុណ្ណោះដែលបានចូលសាលារៀន ហើយភាគច្រើនធ្លាប់បានធ្វើការនៅគំនរសំរាមរយៈពេលជាង៣ឆ្នាំ។ ពួកគេរកចំណូលបានពី២០០០-៤០០០រៀល(0.5 USD -1.00USD) ក្នុង១ថ្ងៃ។
ក្មេងនៅតាមចិញ្ចើមថ្នល់បានក្លាយទៅជាបញ្ហាយ៉ាងជាក់ស្តែងមួយនៅក្នុងតំបន់ទីក្រុងនៃប្រទេសកម្ពុជាតាំង ពីឆ្នាំ១៩៩០មក។ ភាគច្រើននៃក្មេងទាំងនេះមកពីខេត្តដើម្បីធ្វើការជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ ឬដើម្បីគេចខ្លួនចេញពីអំពើហឹង្សា និងភាពក្រីក្រនៅក្នុងគ្រួសារ។
ប្រភពអត្ថបទ៖ ការិយាល័យពត៌មានកាតូលិកកម្ពុជា