កេវដ្តសូត្រ
កេវដ្តសូត្រ ទី១១
[១៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតស្រុកនាលន្ទា ។ គ្រានោះ គហបតិបុត្រ ឈ្មោះកេវដ្តៈ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះកេវដ្តៈគហបតិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះនឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើនស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគបពិត្រព្រះអង្គដ៏ចម្រើនភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ គឺកុសលកម្ម១០ សូមព្រះមានព្រះភាគបង្គាប់ភិក្ខុនោះ ១ រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ក៏នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ។ កាលកេវដ្តគហបតិបុត្រ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគទ្រង់ត្រាស់នឹងកេវដ្តគហបតិបុត្រថា ម្នាលកេវដ្តៈ តថាគតមិនសំដែងធម៌ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូរមកធ្វើបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ ដល់ពួកគ្រហស្ថ អ្នកស្លៀកពាក់សដូច្នេះឡើយ ។ កេវដ្តគហបតិបុត្របានក្រាបបង្គំទូលសេចក្តីនេះនឹងព្រះមានព្រះភាគជាគម្រប់២ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានតាំងព្រះមានព្រះភាគ(ឲ្យសំដែង) ទេ ខ្ញុំព្រះអង្គគ្រាន់តែក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើនស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគបពិត្រព្រះអង្គដ៏ចម្រើនភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌បានសូមព្រះមានព្រះភាគបង្គាប់ភិក្ខុនោះ ១ រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះនឹងរឹងរឹតតែជ្រះថ្លាឡើងក្នុងព្រះមានព្រះភាគ។ (កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលនូវសេចក្តីនេះទៀត) ជាគម្រប់៣ ដងផង ។បេ។
[១៤១] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ បាដិហារ្យ ៣ យ៉ាងនេះដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯងហើយ អាចនឹងសំដែងបានបាដិហារ្យ ៣ យ៉ាងតើដូចម្តេច? គឺ ឥទ្ធិបាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១ ។ ម្នាលកេវដ្តៈ ចុះ ឥទ្ធិបាដិហារ្យ តើដូចម្តេច ? ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះបាននូវឥទ្ធិវិធី គឺ ការតាក់តែងឫទ្ធិបានជាច្រើនប្រការ មនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បានមនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បានដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បានងើបឡើងទាំងមុជចុះក្នុងផែនដី ដូចជាងើបមុជ ក្នុងទឹកក៏បានដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បានទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បានយកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បានធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ កុលបុត្រឯណានីមួយ ជាអ្នកមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការ គឺមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បានមនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បានដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បានងើបឡើងទាំងមុជចុះក្នុងផែនដី ហាក់ដូចជាងើបមុជក្នុងទឹកក៏បានដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹកហាក់ដូចជាដើរលើផែនដីក៏បានទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បានយកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បានធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់អ្នកដទៃ ដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបានភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះដែលបាននូវឥទ្ធិវិធីជាច្រើនប្រការគឺ ធ្វើមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បានមនុស្សច្រើននាក់ ឲ្យទៅជាម្នាក់វិញក៏បាន។បេ។ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ជនដែលមិនទាន់មានសទ្ធាមិនទាន់មានសេចក្តីជ្រះថ្លា គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថាម្នាលអ្នកដ៏ចម្រើនមានវិជ្ជាមួយយ៉ាងឈ្មោះគន្ធារិគឺវិជ្ជាដែលឫសីឈ្មោះគន្ធារៈតាក់តែងទុកមក ភិក្ខុនោះ បាននូវឥទ្ធិវិធីជាច្រើនប្រការ ដោយវិជ្ជានោះ ។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលកេវដ្តៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លានោះ នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះដែរឬ ។ កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើនជននោះគប្បីនិយាយដែរ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ តថាគត ពិចារណាឃើញច្បាស់នូវទោសក្នុងឥទ្ធិបាដិហារ្យនេះហើយ ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកឥទ្ធិបាដិហារ្យ។
[១៤២] ម្នាលកេវដ្តៈ ចុះ អាទេសនាបាដិហារ្យ តើដូចម្តេច ? ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ [អដ្ឋកថា លោកសំដៅយកសោមនស្សចេតសិកនិងទោមនស្សចេតសិក។ ] ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមានប្រការដូច្នេះខ្លះចិត្តរបស់អ្នកដូច្នេះខ្លះ ។ កុលបុត្រឯណានីមួយដែលមានសទ្ធាជ្រះថ្លាឃើញភិក្ខុនោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់ជនដទៃ ដែលជាអ្នកមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបានភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ជនដែលមិនទាន់មានសទ្ធាមិនទាន់ជ្រះថ្លានោះ គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើនមានវិជ្ជាមួយយ៉ាងឈ្មោះមណិកា [អដ្ឋកថា ប្រាប់ វិជ្ជាឈ្មោះចិន្តាមណី។ ] ជាវិជ្ជាសម្រាប់ដឹងចិត្តបុគ្គលដទៃ ភិក្ខុនោះទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃ ដោយវិជ្ជានោះថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ម្នាលកេវដ្តៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធា មានសេចក្តីជ្រះថ្លានោះដែរឬ ។ គហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើនជននោះគប្បីនិយាយដែរ ។ ម្នាលកេវដ្តៈ តថាគត កាលពិចារណាឃើញច្បាស់ នូវទោសក្នុងអាទេសនាបាដិហារ្យនេះឯង ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកអាទេសនាបាដិហារ្យ ។
[១៤៣] ម្នាលកេវដ្តៈ ចុះ អនុសាសនីបាដិហារ្យ តើដូចម្តេច?ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះតែងប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ អ្នកទាំងឡាយចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ អ្នកទំាងឡាយចូរលះបង់នូវតម្រេកក្នុងបញ្ចកាមគុណនេះ អ្នកទាំងឡាយចូរដល់នូវលោកុត្តរធម៌នេះ ហើយសម្រេចឥរិយាបថនៅ ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។
[១៤៤] ម្នាលកេវដ្តៈ មួយវិញទៀត ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ។បេ។ (អ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន ។ តតិយជ្ឈាន ។ ចតុត្ថជ្ឈានហើយសម្រាន្តឥរិយាបថនៅ ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។បេ។ ភិក្ខុដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។ ម្នាលកេវដ្តៈ បាដិហារ្យទាំង ៣ យ៉ាងនេះឯង ដែលតថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបាន។
[១៤៥] ម្នាលកេវដ្តៈ រឿងធ្លាប់មានមកថា ភិក្ខុមួយរូប ក្នុងភិក្ខុសង្ឃនេះឯង កើតមានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា មហាភូតរូបទាំង ៤ នេះគឺ បឋវីធាតុ១អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគីដែលតាំងខ្ជាប់ដោយសមាធិ ផ្លូវជាទីទៅកាន់ទេវលោក ក៏កើតប្រាកដឡើង ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកាលុះចូលទៅដល់ហើយ បានសួរសេចក្តីនេះ នឹងពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកាថា ម្នាលអាវុសោទាំងឡាយមហាភូតរូបទាំង ៤ នេះ គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកាបានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយនេះឯង មិនដឹងថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាទេ បពិត្រភិក្ខុ តែមានមហារាជ ៤ ព្រះអង្គឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយមហារាជទាំង ៤ នោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា ដូច្នេះ (មិនខាន) ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុក៏ចូលទៅរកមហារាជទាំង ៤ ព្រះអង្គលុះចូលទៅដល់ហើយ ក៏សួរសេចក្តីនេះ នឹងមហារាជទាំង ៤ ថា ម្នាលអាវុសោទាំងឡាយមហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហារាជទាំង ៤ ព្រះអង្គឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ សូម្បីយើងទាំងឡាយក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានទេវតាទាំងឡាយដែលឋិតនៅក្នុងឋានតាវត្តិង្សឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយពួកទេវតាទាំងនោះឯង គប្បីដឹងសេចក្តីនេះ ។បេ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុក៏ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះនឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្សថា ម្នាលអាវុសោទាំងឡាយមហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្សឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានទេវរាជ ឈ្មោះសក្កៈជាធំជាងទេវតាទាំងឡាយឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយសក្កទេវរាជនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះ ។បេ។ ម្នាលកេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយលុះចូលទៅដល់ហើយ ក៏សួរនូវសេចក្តីនេះនឹងសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ម្នាលអាវុសោមហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលបើភិក្ខុនោះសួរយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយបានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានទេវតា ឈ្មោះយាមៈ(ទេវតាឋិតនៅក្នុងឋានយាមៈ) ។បេ។ ទេវបុត្រឈ្មោះសុយាមៈ។បេ។ ទេវបុត្រឈ្មោះតុសិតៈ(ទេវតាឋិតនៅក្នុងឋានតុសិត) ។បេ។ ទេវបុត្រឈ្មោះសន្តុសិតៈ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតាដែលឋិតនៅក្នុងឋាននិម្មានរតី) ។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត(ទេវតា ឋិតនៅក្នុងឋានបរនិម្មិតវសវត្តី) ។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តីឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយទេវបុត្រឈ្មោះ បរនិម្មិតវសវត្តីនោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា (មិនខាន) ។
[១៤៦] ម្នាលកេវដ្តៈ លំដាប់នោះឯង ភិក្ខុនោះ ចូលទៅរកទេវបុត្រ ឈ្មោះវសវត្តីលុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះនឹងទេវបុត្រឈ្មោះ វសវត្តីថា ម្នាលអាវុសោមហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ទេវបុត្រឈ្មោះ វសវត្តី ក៏បានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ ។ បពិត្រភិក្ខុ តែមានពួកទេវតា ឈ្មោះ ព្រហ្មកាយិកៈ(ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម) ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយពួកទេវតានោះ គប្បីដឹងសេចក្តីយ៉ាងនេះ (មិនខាន) ។បេ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគីដែលតាំងខ្ជាប់ ដោយសមាធិ ផ្លូវជាទីទៅកាន់ព្រហ្មលោក ក៏កើតប្រាកដឡើង ។
[១៤៧] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះនឹងទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មថាម្នាលអាវុសោទាំងឡាយមហាភូតរូប ៤ នេះ ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មបានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្មគ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបានជាអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែង [ជាអ្នកចែកសត្វលោកឲ្យទៅជាក្សត្រ ជាព្រាហ្មណ៍ ជាដើម(ពាក្យនេះជាសេចក្តីយល់របស់ពួកព្រហ្មខ្លះៗ) ។ ] សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយនិងសត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយមហាព្រហ្មនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា (មិនខាន) ។ ភិក្ខុនោះសួរថា ម្នាលអាវុសោ ចុះឥឡូវនេះ មហាព្រហ្មនោះ នៅក្នុងទីណា ។ ពួកទេវតានោះ ឆ្លើយតបថា បពិត្រភិក្ខុ យើងទាំងឡាយក៏មិនដឹងថា ព្រហ្មនៅក្នុងទីណា ឬនៅក្នុងទីចំណែកនៃទិសណាដែរ បពិត្រភិក្ខុ ប៉ុន្តែនិមិត្តទាំងឡាយតែងប្រាកដ ពន្លឺតែងកើតច្បាស់ រស្មីតែងកើតប្រាកដក្នុងទីណា ព្រហ្មនឹងមានប្រាកដក្នុងទីនោះ នេះជាបុព្វនិមិត្ត ដើម្បីមានប្រាកដនៃព្រហ្ម គឺពន្លឺក៏កើតច្បាស់ រស្មីមានប្រាកដ ។ ម្នាលកេវដ្តៈ លំដាប់នោះ មិនយូរប៉ុន្មានឡើយ មហាព្រហ្មនោះ ក៏មានរូបប្រាកដឡើង ។
[១៤៨] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ចូលទៅរកមហាព្រហ្ម លុះចូលទៅដល់ហើយ បានសួរសេចក្តីនេះ នឹងមហាព្រហ្មនោះថា ម្នាលអាវុសោ មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបានជាអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតមកហើយ និងសត្វនៅក្នុងផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្មនោះ ជាគម្រប់២ដងទៀតថាម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបានជាអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ ។ ម្នាលកេវដ្តៈ មហាព្រហ្មនោះ បានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះ ជាគម្រប់២ដងទៀតថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបានជាអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយនិងសត្វនៅក្នុងផ្ទៃ ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្ម ជាគម្រប់៣ ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបានជាអ្នកឃើញហេតុគ្រប់យ៉ាងជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតានៃសត្វ ដែលប្រសូតចេញមកហើយនិងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថាម្នាលអាវុសោ មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ ។
[១៤៩] ម្នាលកេវដ្តៈ គ្រានោះ មហាព្រហ្មនោះ ចាប់ដើមដៃភិក្ខុនោះ ហើយនាំចៀសចេញទៅ ក្នុងទីដ៏សមគួរ ហើយនិយាយសេចក្តីនេះនឹងភិក្ខុនោះថាបពិត្រភិក្ខុ ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មទាំងនេះឯង តែងស្គាល់នូវខ្ញុំយ៉ាងនេះថា ហេតុអ្វីនីមួយ ឈ្មោះថា ព្រហ្មមិនដឹង មិនឃើញ មិនស្គាល់ មិនធ្វើឲ្យច្បាស់នោះ មិនមានឡើយ ព្រោះហេតុនោះ ទើបខ្ញុំមិនព្យាករ ក្នុងទីចំពោះមុខនៃទេវតាទាំងនោះបពិត្រភិក្ខុ ខ្ញុំសោត ក៏មិនដឹងថា មហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរបពិត្រភិក្ខុ លោកម្ចាស់លះបង់ចោលព្រះមានព្រះភាគហើយ ដល់នូវការស្វែងរក (បុគ្គល) ខាងក្រៅវិញ ដើម្បីព្យាករណ៍នូវប្រស្នានេះ ដោយអំពើណា អំពើនោះ លោកម្ចាស់ធ្វើមិនល្អទេ អំពើនោះ លោកម្ចាស់ធ្វើខុសហើយបពិត្រភិក្ខុ ព្រោះហេតុនោះ លោកម្ចាស់ចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរនូវប្រស្នានេះចុះ បើព្រះមានព្រះភាគទ្រង់ព្យាករ ដល់លោកម្ចាស់យ៉ាងណា លោកម្ចាស់គប្បីចាំទុកនូវសេចក្តីនោះយ៉ាងនោះចុះ ។
[១៥០] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខតថាគត (រហ័ស) ប្រៀបដូចជាបុរសមានកម្លាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ។ ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ថ្វាយបង្គំតថាគតរួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ ម្នាលកេវដ្តៈ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានសួរនូវសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើនមហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ តថាគត ក៏បានសំដែងសេចក្តីនេះ នឹងភិក្ខុនោះថាម្នាលភិក្ខុ រឿងធ្លាប់មានមកហើយថា មានពួកឈ្មួញសមុទ្រ បាននាំយកសត្វស្លាបដែលជាសត្វមើលឃើញត្រើយសមុទ្រ ហើយចុះទៅកាន់សមុទ្រដោយសំពៅពួកឈ្មួញទាំងនោះ កាលបើសំពៅដែលបើកទៅ មើលមិនឃើញត្រើយសមុទ្រ ក៏លែងសត្វបក្សីដែលមើលឃើញត្រើយសមុទ្រ សត្វបក្សីនោះ ក៏ហើរទៅកាន់ទិសខាងកើត ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិសខាងលើ ទៅកាន់ទិសតូច បើសត្វបក្សីនោះ មើលឃើញត្រើយសមុទ្រជុំវិញ ក៏ហើរបាត់ទៅតែម្តង ប្រសិនបើ សត្វបក្សីនោះ មើលមិនឃើញត្រើយសមុទ្រជុំវិញទេក៏ហើរត្រឡប់មករកសំពៅនោះវិញ ។ ម្នាលភិក្ខុ ខ្លួនអ្នក បានដើរស្វែងរក (បុគ្គល) ដើម្បីព្យាករណ៍នូវប្រស្នានេះ រហូតដល់ព្រហ្មលោក ក៏ត្រឡប់មកកាន់សំណាក់នៃតថាគតវិញដូច្នោះឯងម្នាលភិក្ខុ ។ ប្រស្នានេះ អ្នកមិនត្រូវសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើនមហាភូតរូបទាំង ៤ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះឡើយ ។ ម្នាលភិក្ខុ ប្រស្នានោះ អ្នកត្រូវសួរយ៉ាងនេះថា ។
[១៥១] អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងទីណា (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អក្តី អាក្រក់ក្តី រលត់ក្នុងទីណា នាម និងរូបរលត់ ឥតមានសេសសល់ក្នុងទីណា ?
សេចក្តីដោះស្រាយ ក្នុងប្រស្នាដូច្នេះ ។
[១៥២] វិញ្ញាណ គឺព្រះនិព្វាន មិនមែនជាទីសម្រាប់ឃើញ (ដោយចក្ខុបាន) ទេ ជាធម្មជាតគ្មានទីបំផុត មានពន្លឺ (កម្មដ្ឋាន) ដោយជុំវិញ ។ អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងព្រះនិព្វាននោះឡើយ (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ អាក្រក់ក្តី តែងរលត់ក្នុងព្រះនិព្វាននោះ នាមនិងរូប តែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះ នាម និងរូបនោះ តែងរលត់ក្នុងព្រះនិព្វាននោះព្រោះរលត់ទៅនៃវិញ្ញាណ ។
ព្រះមានព្រះភាគបានសំដែងព្រះសូត្រនេះចប់ហើយ ។ កេវដ្តគហបតិបុត្រ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ កេវដ្តសូត្រ ទី១១ ។
(ព្រះត្រៃបិដក ភាគ ១៥ ទំព័រទី ២០១ ដល់ ២២០ សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ; DN 11 - Kevatta (Kevaddha) Sutta: To Kevatta)