កោសិកាជីវវិទ្យា
កោសិកា គឺជាឯកតាទ្រទ្រង់គ្រឹះនៃភាវរស់ និងជាផែ្នកតូចបំផុតរបស់ភាវរស់ដលអាចដំណើរជីវិតបានដោយខ្លួនឯង។ កោសិកាទាំងអស់មានលក្ខណៈសំខាន់ដូចៗគ្នា ឧទាហរណ៍ គ្រប់កោសិកាទាំងអស់មានសម្ភារៈសេនេទិច និងព័ន្ធជុំវិញដោយភ្នាសកោសិកា ហើយប្រើប្រាស់យន្តការផលិតថាមពលដូចគ្នា។ កោសិកាបច្ចុប្បន្នបានវិវត្តទម្រង់ជីវិតខុសៗគ្នា មានដូចជា បាក់តេរី អាមីប និងមេស្រា គឺអាចធ្វើចំណែកបានដោយឯករាជ។ ចំណែកឯភាវរស់ដែលមានលក្ខណៈសាំញ៉ុំាជាងនេះ បង្កឡើងពីកោសិកាច្រើន គឺវាធ្វើការតាមរបៀបសហការគ្នា ដោយ កោសិកាឯកទេសកម្មនីមួយៗបំពេញមុខងារយថាប្រភេទរបស់វា ប៉ុន្តែសារពាង្គកាយទាំងមូលមានទំនាក់ទំនងគ្នា។ ចំពោះមនុស្ស គឺបង្កឡើងពីកោសិកាជាង២០០ប្រភេទខុសៗគ្នា ដោយកោសិកានីមួយៗមានមុខងារខុសៗគ្នា ដូចជាកោសិកាចងចាំ កោសិកាគំហើយ កោសិកាទាក់ទងនិងចលនា និងកោសិកាទាក់ទងនឹងការរំលាយអាហារជាដើម។ កោសិកាត្រូវបានបែងចែកចេញជាពីរប្រភេទ គឺកោសិកាអឺការីយ៉ូត និងកោសិកាប្រូការីយ៉ូត។
កោសិកាមួយត្រូវបានចាត់ទុកថាជាកោសិកាអឺការីយ៉ូត លុះត្រាតែវាមានភ្នាសណ្វៃយ៉ូ។ ភាវរស់ទាំងឡាយណាដែលកោសិកាវាជាប្រភេទកោសិកាអឺការីយ៉ូត នោះវាគឺជាភាវរស់អឺការីយ៉ូត។ ជីវវិទូមិនបានដឹងថាតើ នៅលើភពផែនដីនេះ មានភាវរស់ណាមួយដែលបង្កឡើងទាំងពីកោសិកាប្រូការីយ៉ូត ទាំងពីកោសិកាអឺការីយ៉ូតទេ។ ប៉ុន្តែ ពួកគេបានដឹងយ៉ាងច្បាស់ថា មានកោសិកាប្រូការីយ៉ូតជាច្រើន ជាពិសេសបាក់តេរី ដែលរស់នៅក្នុងសារពាង្គកាយភាវរស់អឺការីយ៉ូត។ ភាវរស់អឺការីយ៉ូត រួមមាន៖ សត្វ រុក្ខជាតិ ផ្សិត និងប្រូទីស។
ប្រូការីយ៉ូត គឺជាភាវរស់ឯកកោសិកា និងមានទំហំតូចជាងកោសិកាអឺការីយ៉ូត។ ទំហំរបស់កោសិកាប្រូការីយ៉ូតភាគច្រើន គឺនៅចន្លោះពី ១ ទៅ ១០ មីក្រូម៉ែត្រ (µm)។ ពួកប្រូការីយ៉ូតត្រូវបានចែកចេញជា២ក្រុម គឺអឺបាក់តេរី និងអាកេបាក់តេរី។
កោសិកាប្រូការីយ៉ូតបង្កឡើងភាគច្រើនពីរីបូសូម និងអាស៊ីតនុយក្លេអ៉ិច។ វាគ្មានភ្នាសណ្វៃយ៉ូ និងធាតុកោសិកាផ្សេងៗទេ។ ភ្នាសដែលព័ទ្ធជុំវិញកោសិកា គឺមានភ្នាសកោសិកា និងភ្នាសគ្រោង។ ភ្នាសកោសិកា បង្កឡើងដោយភ្នាសផូស្វរលីពីតពីរស្រទាប់នៅព័ទ្ធពីខាងក្រៅភ្នាសកោសិកាដែលជាភ្នាសគ្រោង។ ភ្នាសគ្រោងនេះផ្តល់ទំរង់ខុសៗគ្នាដល់កោសិការប្រូការីយ៉ូត។ ភ្នាសគ្រោងរបស់កោសិកាបាក់តេរីមានលក្ខណៈសាំញ៉ំា ហៅថា ប៉ិបទីដូគ្លីកាន។
ឯកសារយោង
កែប្រែ១. ហាប សោភ័ណ (២០១៥) កោសិកាវិទ្យា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។