'កំពូលស្តេចអួត (បទ ជាប់ទង)

កំពូលស្តេចអួត (បទ ជាប់ទង)

(១) សូមលើកដៃ ច្នៃសំដី លៃពាក្យកាព្យ ថែដរាប សាបព្រួសល្អ តកូនចៅ

អោយឋិតថេរ កេរដូនតា ចារតទៅ គង់វង្សនៅ ត្រូវរក្សា ថ្លាប្រពៃ។


(២) ខណៈនេះ រិះគិតចង់ ដង្ហើយប្រាប់ អាចគេងស្តាប់ ចាប់អារម្មណ៍ ផ្ដុំស្មារតី

ព្រះសូរសែង ស្ដែងកំលាំង ចាំងរស្មី អមកវី ល្បីរន្ទឺ គឺស្តេចអួត។


(៣) បរមងារ ជាប្រវត្តិ កត់ចំណាំ ឆ្លាក់ផ្ដែផ្ដាំ ចាំដំកល់ ដល់ចៅលួត

មិនថាទេ គេសរសើរ ផ្អើលជ្រាបជ្រួត ល្បីខាងអួត ហួតគង្គា នាត្រៃឋាន។


(៤) វេលាមួយ ព្រួយព្រឺព្រួច លួចលបលៃ សព្វម្រឹកព្រៃ រៃកណ្ដឹង ប្រឹងកុំខាន

ធ្លាប់តែស្ងាត់ បាត់សំលេង គេងសុខសាន្ដ មិននឹកស្មាន ប្រាណញ័រញែក ស្រែករំពង។


(៥) សន្ធឹកព្រៃ ក្ដីរញ្ជើប ទើបប្រទះ ផ្គររន្ទះ ជះអំណាច កាចតែម្តង

កក្រើកមេឃ ជ្រែកធរណី ទីស្ងាត់ផង ស្ដេចអួតប៉ង យោងកំណើត កើតពីម្ដាយ។


(៦) ពេលនៅក្មេង កេងយល់សប្ដិ តប់ប្រមល់ គិតមិនយល់ ឆ្ងល់សព្វហេតុ ឆ្អែតមិនស្ដាយ

តែនឹកផ្ចង់ ឃ្លានចង់ចេះ ប្រេះរូបកាយ មិនខ្វល់ខ្វាយ ចាយសម្បត្តិ ស្កាត់រកគ្រូ។


(៧) វេចសំពាយ ធ្លាយដល់ភ្នំ ភូមិសាលព្រឹក្ស សូមរលឹក នឹកគុណគាប់ ភ្ជាប់គុណគូរ

សូមឥសី ខ្ចីអាស្រម ខំតស៊ូ ទោះពេលយូរ ស៊ូអត់ធ្មត់ លុតកំលាំង។


(៨) រៀនសិល្ប៍សាស្រ្ត ច្បាស់គ្រប់ក្បាច់ កាច់លោកា មន្តគាថា បារមីរឹប ទិព្វនេត្រចាំង

ឫទ្ធពូកែ ប្រែក្រឡា ថារបាំង ទំលុះផ្ទាំង គាំងនឹងថ្កល់ សល់ធូលី។


(៩) វិជ្ជាការ មហាទំម្ងន់ ពន់ប្រមាណ បង្រួញឋាន ប្រាណជាក្រោះ ចោះប្រថពី

ឋានទាំងបី ល្បីកេរ្ដិ៍ឈ្មោះ ព្រោះឆវី ខំមូលមី លីអំណួត អួតជ្រែកភព។

និពន្ធដោយ សុខ គឹមហេង ២០ កញ្ញា ២០០៩

'