ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា
- ការរើសអើង
- អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើង ប្រកាន់ពូជសាសន៏ សាសនា និងបញ្ហាភេទ ។
- អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ជាក់ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ពូជសាសន៏ ពណ៌សម្បុរ សាសនា យេនឌ័រ ភេទ របស់បុគ្គល ឬធ្វើឱ្យមានគ្រោះថ្នាក់ដល់ជនពិការ ឬអ្នកដែលមានជំងឺផ្លូវកាយ និងផ្លូវចិត្ត ។
- អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជសាសន៏ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬអ្វីផ្សេងៗទៀតរបស់សារវតាសង្គម ។
- សេចក្តីលម្អិត ពូជសាសន៏ ពណ៌សម្បុរ សាសនា ភេទ ជំងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬ ជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹងសំណុំរឿង ។
- ការញុះញង់
- មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬ បំភ្លៃសភាពការណ៏ផ្សេងៗ ខុសពីការពិត ដែលនាំឱ្យមានការចលាចលសង្គម និង ប្រទេសជាតិ ។
- អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការកាទ្បៃព្រឹត្តិការណ៏ផ្ទុយពីការពិត ។
- ការសូកប៉ាន់
- អ្នកសារព័ត៌មានមិនត្រូវទទួលយកការផ្គាប់ផ្គុន ឬការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱនប៉ះពាល់ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ ។
- ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដែល បណ្តាលឱ្យសាធារណជនមានការយល់ខុស ។
- អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំឱ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ។
- ប្រពៃណីជាតិ
- អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទំលាប់ល្អ របស់សង្គមជាតិ ។
- ត្រូវរក្សានូវអត្តសញ្ញាណ សាសនា ប្រពៃណី និងវប្បធម៌ជាតិ ដែលកំពុងធ្វើឱ្យមានការឱនថយ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ។
- មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និង អត្ថបទដែលធ្វើ ឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ ។
- ការរាយការណ៏ពីអំពើឧក្រិដ្ឋកម្ម
- សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ឬ តុលាការមិនទាន់ វិនិច្ឆ័យត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ ។
- នៅពេលរាយការណ៏ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយលំអិតពីវិធី ដែលប្រើប្រាស់ក្នុងការសម្លាប់ណាមួយហួសហេតុ ។
- អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនោះឡើយ ។
- សាច់ញាតិ ឬ មិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់ ឬ កាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិនត្រូវ បង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់ទាក់ទងនឹង រឿងក្តីតែម្តង ។
- ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាកុមារជាសាក្សី ឬជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម ។ អ្នកសារព័ត៌មាន មិនគួរទាមទារសិទ្ធិក្នុងការរាយការណ៏ ដែលត្រឹមត្រូវ តាមច្បាប់នោះទេ ។
- ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះដោយការរំលោភផ្លូវភេទ និងជនសង្ស័យមិន គ្រប់អាយុ ឬផ្សព្វផ្សាយនូវអ្វី ដែលរួមចំណែកក្នុងការធ្វើឱ្យស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់ ។
- អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈមិនសមរម្យ ឃោរឃៅ ឬអំពើហិង្សាលើរាងកាយ និងអំពើហិង្សានៃការរួមភេទនោះទេ ។
សេចក្តីព្រាងក្រមសីលធម៌រួមខាងលើនេះ រៀបចំដោយក្រុមការងារសារព័ត៌មានកម្ពុជា ដែលរួមមានតំណាងមកពី ៖
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ (KJD)
- សមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព (CPAL)
- សមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា (CWJA)
- សហភាពអ្នកកាសែតឯករាជ្យ (IJU)
- សមាគមអ្នកសារព័ត៌មានអព្យាក្រិតប្រជាធិបតេយ្យ (CNJF)
- សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា (CINJA) និង
- វេទិកាអង្គការព័ត៌មានកម្ពុជាស្តីពី “បរិស្ថាន” (CMFE) ។
ឯកសារយោង
កែប្រែ- សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា ១៨
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣១
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) https://ccimcambodia.org/[តំណភ្ជាប់ខូច]
- សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ (KJD)
- សមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព (CPAL)
- សមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា (CWJA)
- សហភាពអ្នកកាសែតឯករាជ្យ (IJU)
- សមាគមអ្នកសារព័ត៌មានអព្យាក្រិតប្រជាធិបតេយ្យ (CNJF)
- សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា (CINJA)
- វេទិកាអង្គការព័ត៌មានកម្ពុជាស្តីពី “បរិស្ថាន” (CMFE)