ក្រុមប្រឹក្សាក្រុង-ស្រុក
តួនាទី និងភារកិច្ចក្រុមប្រឹក្សាស្រុក-ក្រុង
កែប្រែក្រុមប្រឹក្សាស្រុក ក្រុង ដែលបានបង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាស្រុក ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គឺជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។
១. សិទ្ធិអំណាចក្រុមប្រឹក្សាស្រុក ក្រុង
កែប្រែក្រុមប្រឹក្សាស្រុក ក្រុងមានសិទ្ធិអំណាចពីរ គឺ ៖
- សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ និង
- សិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិ
ក្រុមប្រឹក្សាស្រុក ក្រុងត្រូវប្រើប្រាស់អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បែបបទ និងនីតិវិធីដែលកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានា។
ប្រធានក្រុមប្រឹក្សាស្រុក ក្រុង ក្នុងនាមក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន មានសិទ្ធិចុះហត្ថលេខា និងប្រថាប់ត្រារដ្ឋបាលស្រុក ក្រុងលើ ៖
- ដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាស្រុក ក្រុងបានអនុម័តរួច
- សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារ តាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
- កំណត់ហេតុប្រជុំដែលអង្គប្រជុំក្រុមប្រឹក្សាស្រុក ក្រុងបានអនុម័ត
- សំណើដកហូតអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុងចេញពីមុខតំណែង តាមការសម្រេចរបស់អង្គប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
- លិខិតអញ្ជើញប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
- ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ក្រុងសម្រាប់រយៈពេល១២ខែ
- សំណើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាស្រុក ក្រុង
- កិច្ចការដទៃទៀតតម្រូវដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា។
គណៈអភិបាលស្រុក ក្រុង ត្រូវជួយក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន ក្នុងការរៀបចំឯកសារខាងលើនេះ លើកលែងតែឯកសារសម្រាប់រៀបចំកិច្ចប្រជុំ ទាក់ទងនឹងសំណើដកហូតអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុងចេញពីមុខតំណែង។
២. របៀបរបបការងាររបស់ក្រុមប្រឹក្សាស្រុក ក្រុង
កែប្រែក្នុងការអនុវត្ដសិទ្ធិអំណាចរបស់ខ្លួន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវពិនិត្យពិចារណាលើចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងរបៀបរបប អនុវត្ដការងារដូចខាងក្រោម ៖
- ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដោយធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិតាមរយៈដីកា និងសេចក្ដីសម្រេចខាងប្រតិបត្ដិ។ រាល់សេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដីសម្រេចខាងប្រតិបត្ដិត្រូវធ្វើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន និងត្រូវធានាថា សេចក្ដីសម្រេចទាំងនោះ ត្រូវបានអនុវត្ដដោយមានការតាមដាន និងវាយតម្លៃជាប្រចាំ។
- ក្រុមប្រឹក្សាស្រុក ក្រុង អាចចាត់ឱ្យគណៈកម្មាធិការណាមួយ ឬមួយចំនួន ដែលតម្រូវឱ្យបង្កើតឡើង ដោយច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ស្រុក ក្រុង ស្រុក ខណ្ឌ ឬអាចបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានា ដើម្បីស្រាវជ្រាវរៀបចំសេចក្ដីព្រាងដីកា ឬសេចក្ដីព្រាងសេចក្ដីសម្រេចតាមការចាំបាច់។ គណៈអភិបាលស្រុក ក្រុងត្រូវដឹកនាំនាយករដ្ឋបាលសាលាស្រុក ក្រុង និងការិយាល័យពាក់ព័ន្ធនៃសាលាស្រុក ក្រុង ដើម្បីផ្ដល់ការគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងការគាំទ្រដទៃទៀតដល់គណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬ ក្រុមការងារខាងលើ ព្រមទាំងធ្វើការសម្របសម្រួល ណែនាំដល់ការិយាល័យនានានៃសាលាស្រុក ក្រុង ក្នុងការរៀបចំសេចក្ដីព្រាងដីកា ឬ សេចក្ដីព្រាងសេចក្ដីសម្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សាស្រុក ក្រុងពិនិត្យ ពិភាក្សា និងអនុម័ត។ លើសពីនេះទៀត អភិបាលស្រុក ក្រុងត្រូវណែនាំ នាយករដ្ឋបាលសាលាស្រុក ក្រុងឱ្យរៀបចំដីកា ឬសេចក្ដីសម្រេច ដែលក្រុមប្រឹក្សាស្រុក ក្រុងបានអនុម័តរួច ឱ្យស្របតាមទម្រង់ដែលបានកំណត់ ដើម្បីដាក់ជូនប្រធានក្រុមប្រឹក្សាស្រុក ក្រុង ចុះហត្ថលេខាក្នុងនាមក្រុម ប្រឹក្សាស្រុក ក្រុងរបស់ខ្លួន និងត្រូវប្រថាប់ត្រារដ្ឋបាលស្រុក ក្រុង
- ក្រុមប្រឹក្សាស្រុក ក្រុង ត្រូវចាត់ឱ្យអភិបាលស្រុក ក្រុងចាត់ចែងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់នូវដីកា ឬសេចក្ដីសម្រេចដែលក្រុមប្រឹក្សាស្រុក ក្រុងបានអនុម័តរួច លើកលែងតែមានការកំណត់ផ្សេងពីនេះ ព្រមទាំងចាត់ចែងអនុវត្ដឱ្យមានប្រសិទ្ធភាព
- ក្នុងករណីកិច្ចការណាមួយ ដែលជាតម្រូវការចាំបាច់នៃមូលដ្ឋានរបស់ខ្លួន ហើយដែលកិច្ចការនោះ ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដមិនបានចែងអំពីបែបបទ និងនីតិវិធីក្នុងការប្រើប្រាស់អំណាចបញ្ញត្ដិ ឬអំណាចប្រតិបត្ដិរបស់ខ្លួន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវចាត់ឱ្យគណៈអភិបាលស្រុក ក្រុងធ្វើការសិក្សាស្រាវជ្រាវរៀបចំបែបបទ និងនីតិវិធីសមស្រប ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដាក់ជូនក្រុមប្រឹក្សាស្រុក ក្រុងពិនិត្យ និងអនុម័ត ដើម្បីដោះស្រាយកិច្ចការទាំងនោះ ឬអាចស្នើសុំយោបល់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬរដ្ឋមន្ដ្រី ឬ ប្រធានស្ថាប័នពាក់ព័ន្ធនានាធ្វើការបញ្ជាក់នូវបែបបទ នីតិវិធី ដើម្បីដោះស្រាយកិច្ចការទាំងនោះ
- ក្នុងករណីកិច្ចការណាមួយ ដែលច្បាប់និងលិខិតបទដ្ឋានគតិយុត្ដបានកំណត់អំពីបែបបទ និងនីតិវិធីដែរ ប៉ុន្ដែបែបបទ និងនីតិវិធីនោះ ចែងមិនច្បាស់លាស់ ឬមិនស្របនឹងស្ថានភាពជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួន ហើយដែលក្រុមប្រឹក្សាស្រុក ក្រុងមិនអាចអនុវត្ដបាន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវចាត់ឱ្យគណៈអភិបាល ស្រុក ក្រុងធ្វើសំណើមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជាបន្ទាន់។ ដោយផ្អែកតាមយន្ដការ គ.ជ.អ.ប រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃធ្វើការសម្របសម្រួលជាមួយរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នពាក់ព័ន្ធ ដើម្បី ពិនិត្យ និងដោះស្រាយករណីនេះ។
៣. កិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក ក្រុង
កែប្រែកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក ក្រុងមានពីរប្រភេទ ៖
- កិច្ចប្រជុំសាមញ្ញ ៖ ក្រុមប្រឹក្សាត្រូវប្រជុំសាមញ្ញយ៉ាងហោចណាស់ចំនួន១២ដងក្នុងមួយឆ្នាំ
- ការប្រជុំវិសាមញ្ញ ៖ ក្រុមប្រឹក្សាអាចប្រជុំវិសាមញ្ញ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានតាមការចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ឬពិសេស។
កិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញអាចយកជាការបាន លុះត្រាតែកិច្ចប្រជុំទាំងនេះប្រព្រឹត្ដទៅត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក ក្រុង។ សេចក្ដីសម្រេចទាំងឡាយណាដែលធ្វើឡើង មិនស្របនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាស្រុក ក្រុង ឬរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ដនានា សេចក្ដីសម្រេចនោះពុំមានសុពលភាពឡើយ។
រាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សាស្រុក ក្រុងត្រូវធ្វើសេចក្ដីសម្រេចខាងបញ្ញត្ដិ ឬធ្វើសេចក្ដីសម្រេចខាងប្រតិបត្ដិ ដែលជាគោលការណ៍ គោលនយោបាយរបស់រដ្ឋបាលស្រុក ក្រុង និងជាវិធានការ បែបបទ នីតិវិធីចាត់ចែងការងារ តាមការចាំបាច់ដែលទាក់ទងទៅនឹង ៖
- ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មីដែលស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ស្រុក ក្រុង ស្រុក ខណ្ឌ
- ការអនុវត្ដមុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ការអនុវត្ដមុខងារជាជម្រើសរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ រួមទាំងសមាសភាគនៃផែនការ ដែលស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រភេទរួមគ្នា ប្រភេទក្រុមប្រឹក្សាផ្សេងៗគ្នា ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពនានារបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា
- ថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលស្រុក ក្រុង
- បញ្ហាហិរញ្ញវត្ថុផ្សេងទៀតរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន រួមទាំងការរៀបចំគណៈកម្មាធិការ ការិយាល័យ និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ការបែងចែកភារកិច្ចដល់សមាជិកក្រុមប្រឹក្សាស្រុក ក្រុង ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងទទួលតាមដានការងារនានា តាមតម្រូវការរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្ដិរបស់រដ្ឋបាលស្រុក ក្រុង
- ដំណើរការពិគ្រោះយោបល់ជាមួយសាធារណជន ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង និងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- សមិទ្ធផល និងបញ្ហាប្រឈមនៃកិច្ចការនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- កិច្ចការផ្សេងៗទៀតដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ដនានា។
ក្រៅពីកិច្ចការដែលក្រុមប្រឹក្សាស្រុក ក្រុងត្រូវធ្វើការសម្រេចដូចរៀបរាប់ខាងលើ ក្រុមប្រឹក្សាស្រុក ក្រុងអាចធ្វើការសម្រេចក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ខ្លួននូវកិច្ចការផ្សេងៗទៀតរួមមាន ៖
- ការកោះអញ្ជើញអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុង ឬគណៈអភិបាលស្រុក ក្រុងទាំងមូល ឬបុគ្គលដែលពាក់ព័ន្ធមកសាកសួរអំពីការអនុវត្ដសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាស្រុក ក្រុង ឬហេតុការណ៍ណាមួយដែលកើតមានក្នុងស្រុក ក្រុង ឬការដោះស្រាយបញ្ហាបន្ទាន់ និងពិសេសណាមួយ ព្រមទាំងកិច្ចការផ្សេងៗទៀត ដែលពាក់ព័ន្ធដល់រដ្ឋបាលស្រុក ក្រុង
- ការសម្រេចឱ្យមានការសិក្សា ស្រាវជ្រាវ ឬការស៊ើបអង្កេតលើករណីទាំងឡាយណាដែលក្រុមប្រឹក្សាស្រុក ក្រុងយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋដែលខ្លួនជាតំណាង និងការសម្រេចឱ្យធ្វើការផ្សព្វផ្សាយលទ្ធផលនៃការសិក្សា ស្រាវជ្រាវ ឬការធ្វើអង្កេតនេះ ព្រមទាំងណែនាំដល់គណៈអភិបាលស្រុក ក្រុង អំពីវិធានការដោះស្រាយតាមលទ្ធផលនៃការធ្វើអង្កេតនេះ
- ការធ្វើប្រតិភូកម្មមុខងារ និងភារកិច្ចដល់ក្រុមប្រឹក្សាសង្កាត់ និងការគាំទ្រដល់ក្រុមប្រឹក្សាសង្កាត់
- ការពិនិត្យស្រាវជ្រាវ និងការធ្វើសេចក្ដីរាយការណ៍ទៅក្រសួងមហាផ្ទៃ ក្នុងករណីមានការរំលោភអំណាចកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ការពិនិត្យ និងដោះស្រាយចំពោះទង្វើមិនស្របច្បាប់ ដែលប្រព្រឹត្ដ ដោយក្រុមប្រឹក្សាស្រុក ក្រុង ឬសមាជិកក្រុមប្រឹក្សាស្រុក ក្រុង ឬគណៈអភិបាលស្រុក ក្រុង ឬអភិបាលស្រុក ក្រុង ឬអភិបាលរងស្រុក ក្រុង ឬដោយបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ការពិនិត្យ និងចាត់វិធានការដោះស្រាយវិវាទនៅមូលដ្ឋាន ស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាន
- ការពិនិត្យ និងដោះស្រាយឱ្យបានសមស្របអំពីសំណូមពរ ឬការតវ៉ានានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ការពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដែលរៀបចំដោយគណៈអភិបាលស្រុក ក្រុង
បញ្ហាផ្សេងៗទៀតដែលតម្រូវដោយច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ព្រមទាំងបញ្ហានានាដែលក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុងយល់ឃើញថាមានការចាំបាច់។
៤. ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង
កែប្រែទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង មានដូចខាងក្រោម ៖
- អំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិទាំងអស់ដែលក្រុមប្រឹក្សាស្រុក ក្រុងបានសម្រេចរួច ហើយគណៈអភិបាលស្រុក ក្រុងត្រូវទទួលខុសត្រូវចាត់ចែងអនុវត្ដក្នុងនាមក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន។ ដូច្នេះ គណៈអភិបាលស្រុក ក្រុង គឺជាអ្នកអនុវត្ដទាំងសេចក្ដីសម្រេចខាងបញ្ញត្ដិ និងសេចក្ដី សម្រេចខាងប្រតិបត្ដិរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- ក្រុមប្រឹក្សាស្រុក ក្រុងត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចការ ដែលអនុវត្ដដោយគណៈអភិបាលស្រុក ក្រុង ដើម្បីធានាថា គណៈអភិបាលស្រុក ក្រុងអនុវត្ដកិច្ចការទាំងនោះបានត្រឹមត្រូវ តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា និងការសម្រេចរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- គណៈអភិបាលស្រុក ក្រុង ត្រូវធ្វើសេចក្ដីរាយការណ៍ជូនក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួនរៀងរាល់កិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក ក្រុង
- គណៈអភិបាលស្រុក ក្រុង ត្រូវមានគណនេយ្យភាពចំពោះក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួនអំពីការអនុវត្ដសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាស្រុក ក្រុង និង មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល អំពីការអនុវត្ដតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ដនានា
- អភិបាលស្រុក ក្រុងដោយមាននាយករដ្ឋបាលសាលាស្រុក ក្រុងជាជំនួយការ ត្រូវរៀបចំសេចក្ដីរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការ អនុវត្ដតួនាទីជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័ន នានា ព្រមទាំងស្ថានភាពនៃការងារទាំងនោះ ក្នុងរបាយការណ៍ ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូន ក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួន
- ក្នុងករណីមានបញ្ហាណាមួយ ដែលពាក់ព័ន្ធដល់ការអនុវត្ដតួនាទីរបស់អភិបាលស្រុក ក្រុង ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល និងតំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយដែលមានការប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ឬមានការទាមទារតវ៉ាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុក ក្រុងអាចតម្រូវឱ្យអភិបាលស្រុក ក្រុងធ្វើសេចក្ដីរាយការណ៍ជាពិសេសជូនកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ក្រុង
- ក្រុមប្រឹក្សាស្រុក ក្រុងអាចផ្ដល់អនុសាសន៍ និងការណែនាំដល់អភិបាលស្រុក ក្រុងអំពីការអនុវត្ដតួនាទីខាងលើនេះ ដើម្បីឆ្លើយតបតម្រូវការជាអាទិភាព និងបញ្ហាប្រឈមនានារបស់មូលដ្ឋាន។ អភិបាលស្រុក ក្រុងត្រូវ ទទួលយកអនុសាសន៍ និងការណែនាំនានាពីក្រុមប្រឹក្សាស្រុក ក្រុងរបស់ ខ្លួន ដើម្បីធ្វើការណែនាំ សម្របសម្រួល និងតម្រង់ទិសដល់ការិយា ល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំ នៅស្រុក ក្រុង ក្នុងការឆ្លើយតបតម្រូវការទាំងនោះ ហើយត្រូវរាយការណ៍ ជូនក្រុមប្រឹក្សាស្រុក ក្រុងរបស់ខ្លួនវិញ។
ក្រៅពីទំនាក់ទំនងនានាដូចបានរៀបរាប់ខាងលើ ទំនាក់ទំនងរវាងក្រុមប្រឹក្សាស្រុក ក្រុង និងគណៈអភិបាលស្រុក ក្រុង ក៏បានកំណត់ក្នុងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាស្រុក ក្រុង គណៈអភិបាលស្រុក ក្រុងផងដែរ។