ក្រុម​ជំនុំ​ព្រះត្រៃបិដក

អារម្ភកថា

កែប្រែ


ជូនចំពោះជនជាតិខ្មែរ ជាទីរាប់អាន !
ជូនចំពោះជនជាតិខ្មែរកាន់ព្រះពុទ្ធសាសនា ជាទីគោរព !

គម្ពីរព្រះត្រៃបិដកខ្មែរនេះ ត្រូវបាន "ក្រុមជំនុំព្រះត្រៃបិដក" នៃពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ បកប្រែពីភាសាបាលីមកជាភាសាខ្មែរ តាំងពីឆ្នាំ ១៩៣០ ទៅឆ្នាំ ១៩៦៨ គឺត្រូវចំណាយពេល ៣៩ ឆ្នាំ ទើបបានសម្រេចហើយសព្វគ្រប់ ។ នេះពិតជាកំណប់ព្រះធម៌របស់ព្រះពុទ្ធសាសនាខ្មែរ ហើយក៏ជាកំណប់វប្បធម៌ខាងផ្នែកបោះពុម្ពរបស់ជនជាតិខ្មែរផងដែរ ។ យើងខ្ញុំ ពុទ្ធសាសនិក ជាតិជប៉ុន មានសន្តានចិត្តរីករាយនឹងបោះពុម្ពជាថ្មីឡើងវិញ ដោយសង្ឃឹមថា ព្រះពុទ្ធសាសនាខ្មែរក៏នឹងរុងរឿងឡើងវិញដែរ ។

នេះគឺជាអំណោយពីជម្រៅដួងចិត្ត ជូនទៅដល់ជនជាតិខ្មែរទាំងអស់ ព្រមទាំងមនុស្សជាតិទូទៅ នៅក្នុងពិភពលោកនេះ ដែលមានចិត្តស្រឡាញ់សន្តិភាព ។

ខ្មែរបានរងសោកនាដកម្មដែលមិនធ្លាប់មានពីមុនមក ។ ម្យ៉ាងទៀត ព្រះពុទ្ធសាសនាខ្មែរ ក៏ត្រូវអន្តរាយយ៉ាងខ្លាំង ក៏ប៉ុន្តែឥឡូវនេះ យើងទាំងអស់គ្នា បានឈានជើងកន្លងផុតពីសេចក្តីទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ ចាកផុតពីអំពើឃោរឃៅ បញ្ចប់គំនុំគុំគួន ដើរតាមពុទ្ធដីកាព្រះបរមគ្រូ ខិតខំព្យាយាមធ្វើឲ្យមានសន្តិភាពក្នុងពិភពលោក ។

ការណ៍ដែលយើងខ្ញុំជូនគម្ពីរព្រះត្រៃបិដកពេលនេះ គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់អ្នកកាន់ព្រះពុទ្ធសាសនាជនជាតិជប៉ុនថា យើងខ្ញុំធ្វើសហប្រតិបត្តិការដើម្បីសន្តិភាពក្នុងពិភពលោក ដើម្បីទុកជាភស្តុតាងនៃចំណងមេត្រីភាព និង មិត្តភាពរវាងប្រជាជនជប៉ុន និង ប្រជាជនខ្មែរ ។

ថ្ងៃនក្ខត្តឫក្ស កក្កដា ឆ្នាំ ១៩៩៤

សមាគមជំនួយដល់ការបោះពុម្ពព្រះត្រៃបិដកឡើងវិញ
អ្នកតំណាងចាត់ការ The Rev. Seikyo Muchaku
ប្រធានការិយាល័យ The Rev. Eiitsu Shinohara
អ្នកចាត់ការ

  1. The Rev. Zendo Matsunaga,
  2. The Rev. Jitsujo Arima,
  3. The Rev. Yoshimichi Ito,
  4. The Rev. Keiichi Watai,
  5. The Rev. Gijun Sugitani,
  6. The Rev. Shincho Shigeta,
  7. The Rev. Risho Maeda,
  8. The Rev. Kyoshi Nakajima,
  9. Mr. Rokusuke Ei


អ្នកចំណាយប្រាក់ជួយដល់ការបោះពុម្ពលើកដំបូង

កែប្រែ


ប្រាក់ចំណាយ ក្នុងការបោះពុម្ពព្រះត្រៃបិដកខ្សែ ១ នេះ គឺលោក ប៉ូល រេណូទ៍ សេនាបតីក្រសួងប្រទេសរាជ្យ៍បានចូល ដើម្បីឲ្យឃើញជាភ័ស្តុតាងនៃប្រយោជន៍ដែលរាជការប្រធានាធិបតី បារាំងសែសនាំមកឲ្យដល់ខេមរជាតិ ។

សៀវភៅទី ១ នេះ លោក ប៉ូល រេណូទ៍ បានថ្វាយមួយខ្សែចំពោះព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ក្នុងឱកាសដែលចូលគាល់ជាមង្គលអំពីថ្ងៃម្ភៃពីរ តុលា ឆ្នាំមួយពាន់ប្រាំបួនរយសាមសិបមួយ ជួបជុំជាមួយនឹងលោក ឡឺគូវែរណើរ យេណេរាលប៉ាស្គីយេរ និងលោក ឡឺរេស៊ីដង់ត៍ សុប៉េរិយើរ ឡាវិត នៅទីចំពោះមុខអស់លោកកុង្សីយ៍សេនាបតី នូវព្រះសង្ឃនាយកទាំងពីរគណៈ និងតំណាងសង្ឃគ្រប់អង្គ ក្នុងស្រុកខ្មែរមួយក្រុម ។

ព្រះរាជព័ត៌មាន

កែប្រែ

ព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ធរភូវណៃក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី ជាអំម្ចាស់ជីវិតលើត្បូងទ្រង់សូមអំណរព្រះតេជព្រះគុណ ជាបឋមហេតុនៅទីនេះ ដល់ក្រុងបារាំងសែស ដែលជួយទំនុកបម្រុងក្រុងកម្ពុជា ដោយសុចរិតបានថ្កើងរុងរឿងរៀងមកនិងតទៅមុខ ហើយដោយបានបង្កើតមន្ទីរពុទ្ធសាសនបណ្ឌិត្យ បានយកចិត្តទុកដាក់ជួយទំនុកបម្រុងនិងផ្សាយព្រះបារមីព្រះពុទ្ធសាសនា និង ជួយឲ្យបោះពុម្ពព្រះត្រៃបិដកជាខ្លឹមឫសកែវព្រះពុទ្ធសាសនា ជាសេចក្តីរាប់អានពេញចិត្តរបស់បណ្តាខេមរជនទាំងអស់គ្មានសល់ ហើយទ្រង់ពុំមានភ្លេចឡើយ ចំពោះអំណរអរគុណដល់ពួកឧបាសក ឧបាសិកា ដែលមានចិត្តសទ្ធាជ្រះថ្លា ចេញប្រាក់ចូលជួយឲ្យការដ៏ឧត្តមនេះបានសម្រេច ។

ទ្រង់មានសេចក្តីសោមនស្សជាទីបំផុត ដែលក្នុងរវាងផែនដីទ្រង់ព្រះករុណាបានសម្រេចឲ្យមានក្រុមជំនុំព្រះសង្ឃបណ្ឌិតប្រែព្រះបាឡីក្នុងគម្ពីរព្រះត្រៃបិដក គឺភាជនៈទាំង ៣ ដែលដំកល់ដាក់ក្បួនព្រះពុទ្ធសាសនា មានទាំងអស់ប្រាំបីម៉ឺនបួនពាន់ព្រះធម្មក្ខន្ធមកជាភាសាខេមរៈជាក់ស្តែង ឲ្យបោះពុម្ពទាំងបាឡីនិងសម្រាយជាសៀវភៅផ្សាយព្រះមធុរសក្នុងព្រះវិន័យ គឺកាន់ក្រិត្យនិងគំនិតមារយាទ ។ ព្រះសូត្រគឺព្រះធម៌សំរាប់ប្រដៅសត្វឲ្យកាន់វិធីត្រង់ ។ ព្រះអភិធម្ម គឺញ៉ាំងផ្លូវព្រះបរមនិព្វានដែលព្រះពុទ្ធអង្គព្រះសមណគោតមបានត្រាស់ហើយ ទ្រង់សំដែងទុកឲ្យមនុស្សលោកកាន់ប្រព្រឹត្តឲ្យត្រឹមត្រូវ និងបានតម្រង់ចេតសិករាល់រូបកាយ ឲ្យប្រកបដោយសេចក្តីបរិសុទ្ធិ ជាចំហុតក្នុងការកុសលទើបបង្កើតជាមគ្គផល ដែលអាចធ្វើឲ្យបានសេចក្តីក្សេមក្សាន្តនិងចំរើនសិរីសួស្តីដ៏ប្រពៃថ្លៃឧត្តម ជាបរមសុខ ដល់បរិសទ្យទាំងពួងគ្រប់គ្នា ។

ដោយហេតុព្រះធម៌ដ៏វិសេសទាំងនោះសុទ្ធតែជាបាឡីគឺព្រះពុទ្ធវចនៈពីបុរាណតាំងពីមុនព្រះពុទ្ធសករាជ ២៤៧៤ ទៅទៀត បានជាព្រះសង្ឃនិងឧបាសកច្រើនរៀនចេះចាំបាន តែមិនយល់ច្បាស់ថាជាអ្វី បានជាព្រះករុណាទ្រង់ព្រះរាជតំរិះព្រមនឹងរាជការប្រូតិកតូរាត៍ក្រុងបារាំងសែសមានលោកឡឺរេស៊ីដង់ត៍សុប៉េរីយើរ ហ្វែណង់ឡាវិត ជាតំណាង ដែលទ្រង់សូមអំណរគុណដោយរួសរាន់ ក្នុងឱកាសដែលបានជួយគិតសម្រេចមហាប្រយោជន៍ឧត្តមនេះ ឲ្យបានចំរើនតំរិះប្រាជ្ញាជាតិខេមរៈ ឲ្យកាន់តែចេះដឹងមាំមួនឡើង ដើម្បីនឹងរក្សាព្រះពុទ្ធសាសនាឲ្យខ្ជាប់ខ្ជួនជាទីរុងរឿងនៃក្រុងកម្ពុជា ឥតអាក់ ដោយបានតាំងមន្ទីរពុទ្ធសាសនបណ្ឌិត្យ និង ព្រះរាជបណ្ណាល័យ ហើយឲ្យបោះពុម្ពគម្ពីរព្រះត្រៃបិដក ទុកជាគោល ដើម្បីឲ្យអស់មហាជនទាំងឡាយ ដែលកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសឥណ្ឌូចិនទាំងមូល រឹតតែជឿព្រះពុទ្ធសាសនាមហាប្រសើរថែមទៀត ។

ធ្វើក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញចតុម្មុខនៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំមមែ ត្រីស័ក ព្រះពុទ្ធសករាជ ២៤៧៤ ត្រូវនឹងថ្ងៃ ១០ កញ្ញា ឆ្នាំ ១៩៣១ ។

កថាមុខរបស់ក្រុមជំនុំ

កែប្រែ


អំពីឧប្បត្តិហេតុការកសាងព្រះត្រៃបិដក

កែប្រែ

ការផ្ទៀងព្រះត្រៃបិដកជាភាសាបាឡី និងការប្រែពីបាឡីមកជាសម្រាយភាសាខ្មែរនេះ យើងជាក្រុមជំនុំបានចាប់ផ្តើមធ្វើតាំងពីថ្ងៃ ៣ កើតខែបុស្សឆ្នាំមមីទោស័ក ពុទ្ធសករាជ ២៤៧២ ត្រូវនឹងថ្ងៃទី២ ខែមករា ១៩៣០ នៅមន្ទីរព្រះរាជបណ្ណាល័យកម្ពុជា ក្រុងភ្នំពេញ ក្នុងក្រសួងពុទ្ធសាសនបណ្ឌិត្យ ។ ការកសាងព្រះត្រៃបិដកនេះ កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅក្រុងកម្ពុជា ដែលទ្រង់ព្រះចិន្តាចង់ឧបត្ថម្ភព្រះពុទ្ធសាសនា ដោយការបោះពុម្ពផ្សាយព្រះត្រៃបិដក ហើយប្រគល់ការបោះពុម្ពនេះមកឲ្យព្រះរាជបណ្ណាល័យ ។ ការកសាងព្រះត្រៃបិដកនេះកើតឡើងដោយរាជការប្រូតិកតូរាត៍ផង ដោយបានបង្កើតពុទ្ធសាសនបណ្ឌិត្យ ហើយតម្រូវការឲ្យជួយព្រះរាជបណ្ណាល័យ និងឲ្យយកចិត្តទុកដាក់ក្នុងការទាំងឡាយ ដែលមានឧត្តមប្រយោជន៍ដល់ព្រះពុទ្ធសាសនា ។

អំពីសេចក្តីចំរើននៃការបោះពុម្ពព្រះត្រៃបិដក

កែប្រែ

សេចក្តីចំរើនដែលនាំមុខការបោះពុម្ពព្រះត្រៃបិដកនេះ ឲ្យប្រព្រឹត្តទៅដោយស្រួល ឥតមានទើសទាក់នោះ ព្រោះអាស្រ័យប្រាក់ចំណូលដូចមានសេចក្តីតទៅនេះ ៖

១- ដោយព្រះករុណាជាម្ចាស់ជីវិត ព្រះចៅក្រុងកម្ពុជា ទ្រង់បនាចំណាយប្រាក់ព្រះរាជទ្រព្យសម្រាប់ព្រះអង្គ ជួយ​ទំនុកបម្រុង​នូវ​អស់លោក​មន្ត្រី​ធំតូច និង ព្រះភិក្ខុសង្ឃ ថេរានុត្ថេរៈ រាជាគណៈឋានានុក្រមឲ្យជួយទំនុកបម្រុងក្នុងការបោះពុម្ពនេះផង ។

២- ដោយព្រះរាជវង្សានុវង្សនិងអស់លោកកុង្សីយ៍សេនាបតីនូវអស់លោកមន្ត្រីធំតូច និង ព្រះភិក្ខុ​សង្ឃ​រាជាគណៈ​ឋានានុក្រម​និង​ពុទ្ធសាសនិកជន​ទាំងឡាយក្នុងកម្ពុជរដ្ឋទាំងមូល ព្រមទាំងពុទ្ធសាសនិកជនក្នុងដែនកូសាំងស៊ិនផង បាន​បរិច្ចាគ​ទ្រព្យ​ចូល​ជួយ​តាម​កំឡាំង​សទ្ធា​ក៏មាន បានបរិច្ចាគទ្រព្យទទួលយកដល់ពេញមួយចប់ ឬច្រើនចប់ក៏មាន ។

៣- ដោយប្រាក់ចំណូលផ្សេង ក្រៅអំពីប្រាក់ដែលបានថ្លែងខាងលើនោះក៏មាន ។ ក្នុងឱកាសនេះលោកប៉ូលរ៉េយណូទ៍ សេនាបតី ក្រសួង​ត្រួតត្រា​ប្រទេសរាជ្យជាស្រុកចំណុះ ដែលលោកមានដំណើរអញ្ជើញពីមហានគរបារាំងសែស មកឯប្រទេសឥណ្ឌូចិន បាន​ជ្រាប​អំពី​ការបោះពុម្ព​ព្រះត្រៃបិដកនេះ លោកក៏មានអធ្យាស្រ័យត្រេកអរជាមួយផង ហើយ​បាន​បរិច្ចាគ​ទ្រព្យ​របស់​លោក​ចូល​ជួយ​ឧបត្ថម្ភ​ការបោះពុម្ព​នេះ ដើម្បីសំដែងឲ្យឃើញជាភ័ស្តុតាងថា លោកមានអំណរជាទីបំផុត ក្នុងការបោះពុម្ពព្រះត្រៃបិដកនេះ ។


អំពីសេចក្តីយល់ឃើញ និង សេចក្តីពេញចិត្តរបស់ក្រុមជំនុំ

កែប្រែ


យើងជាក្រុមជំនុំយល់ឃើញថា ដែលព្រះករុណាជាម្ចាស់ជីវិតជាមួយនឹងរាជការប្រូតិកតូរាត៍ បានចាត់ការបោះពុម្ពព្រះត្រៃបិដកទាំងបាឡីទាំងសម្រាយភ្ជាប់ជាមួយគ្នានេះ ជាការវិសេសប្រសើរបំផុត រាប់ថាជាកុសលដ៏ធំបណ្តាច់ អាចឲ្យឈ្មោះពេញទីថា បានលើកសង្គាយនា យើងកំណត់នាមការនេះថា "ឧត្តមសង្គីតិ" ប្រែថា "ការលើកសង្គាយនាដ៏ប្រសើរបំផុត" ព្រះតាំងពីសង្គាយនាជាន់ណាៗមក ក៏មិនឮមានសេចក្តីដំណាលថា ដែលបានប្រែជាសម្រាយផង ដរាបដល់ចប់ព្រះត្រៃបិដក ដូចសង្គាយនាក្នុងជាន់នេះទេ ។ ដោយហេតុនេះយើងមានអំណរនិងសេចក្តីពេញចិត្តដ៏ក្រៃលែង ដោយមានសង្ឃឹមជាប្រាកដ ដូចសេចក្តីដែលយើងថ្លែង ដោយសង្ខេបតទៅនេះ ៖

១- អ្នកកាន់ព្រះពុទ្ធសាសនាក្នុងកម្ពុជរដ្ឋទាំងមូល នឹងមានសេចក្តីប្រតិបត្តិត្រូវផ្លូវគ្នា ព្រោះមានព្រះត្រៃបិដកនេះជាគ្រូប្រាប់ខុសត្រូវ ជាគោលចារិកសម្រាប់អាងត្រូវគ្នាតែបែបមួយ ហើយនិងបានកំចាត់បង់នូវអស្មិមានះប្រកាន់ខុសថាជាត្រូវនោះចេញ ។

២- ព្រះត្រៃបិដកនេះទុកជាប្រទីបជ្វាលាឆ្លុះបំភ្លឺអស់មហាជន ឲ្យឃើញសេចក្តីខុសត្រូវជាក់មិនភាន់ច្រឡំ នាំឲ្យកើតមានប្រាជ្ញាស្មារតីល្អ ចេះអៀនខ្មាសរង្កៀស រអាស្អប់ខ្ពើមអំពើអាក្រក់ ឲ្យខ្មីឃ្មាតសង្វាតខំប្រឹងប្រព្រឹត្តសុចរិតស្លូតត្រង់ ដែលជាពូជបង្កើតសេចក្តីសុខឲ្យមានបរិបូណ៌ឡើយ ។ កាលបើអស់បណ្តាជន មានសេចក្តីអៀនខ្មាស ជ្រេញចិត្តនឹងអំពើអាក្រក់ហើយ ព្រះនគរក៏នឹងថ្កើងរុងរឿង មានកេរ្តិ៍ឈ្មោះក្រអូបសាយទៅក្នុងលោកទាំងមូល ពីព្រោះធម៌សុចរិត មានក្លិនក្រអូបជាបំផុត ជាងក្លិននៃគ្រឿងក្រអូបទាំងអស់ ។


អំពីរបៀបការរបស់ក្រុមជំនុំ

កែប្រែ

របៀបមុខការគ្រប់យ៉ាង ដែលបានរៀបចំព្រះត្រៃបិដកនេះ យើងជាក្រុមជំនុំ បានធ្វើដោយកំឡាំងព្យាយាមដ៏មាំមួន ព្រមទាំងបានពិនិត្យពិច័យ ដោយល្អិតល្អ ដូចមានសេចក្តីរាយដំណើរតទៅនេះ ៖

១- បណ្តាព្រះត្រៃបិដក គឺព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្ម យើងបានចាប់រៀបចំព្រះវិន័យបិដកមុន រួចហើយទើបរៀបចំព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដកតៗទៅ ធ្វើតាមរបៀបហូរហែ គឺតាមលំដាប់គម្ពីរមុនក្រោយ ។

២- យើងបានយកព្រះត្រៃបិដក អក្សរខមគម្ពីរស្លឹករឹតមកធ្វើជាច្បាប់ដើម ចម្លងស្រង់បាឡីដាក់ក្រដាស ហើយបានយកព្រះត្រៃបិដកគ្រប់យ៉ាង ដែលមាននៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មកធ្វើជាច្បាប់ផ្ទៀងធៀបគ្នា ។ បើផ្ទៀងធៀបគ្នាទៅហើយឃើញមានបាឡីត្រង់ណាដែលផ្សេងគ្នាខ្លះ យើងបានស្រង់បាឡីនោះយោងលេខមកដាក់ត្រង់កន្លែងនយលក្ខណៈ "កំណត់ហេតុពន្យល់" ខាងក្រោមមានគំនូសខណ្ឌរាំងដោយឡែកឯលេខដែលយោងមកនោះខាងលើនិងខាងក្រោមត្រូវគ្នា ។ គម្ពីរព្រះត្រៃបិដកប្រទេសឱរុប យើងកំណត់នាមដោយបាឡីថា ឱរោបិយបោត្ថក ប្រើអក្សរជាអាទិសង្កេតន័យតែ ១ តួថា ឱ. ។ គម្ពីរភូមាថា មរម្មបោត្ថក ប្រើអាទិសង្កេតន័យថា ម. ។ គម្ពីរមន ថា រាមញ្ញបោត្ថក ប្រើអាទិសង្កេតន័យថា រា. ។ ឯព្រះត្រៃបិដកអក្សរសៀម យើងមិនបានឆ្លើយក្នុងនយលក្ខណៈទេ ព្រោះមានទំនងដូចគ្នានឹងច្បាប់អក្សរខមដែរ ។ បើក្នុងច្បាប់អក្សរខមក្តី អក្សរសៀមក្តី មានបាលីផ្សេងគ្នាខ្លះដោយអន្លើៗនោះ យើងយោងលេខឆ្លើយមកក្នុងលក្ខណៈ ប្រាប់ដំណើរដែលផ្សេងគ្នាដែរ ។

៣- លុះបានផ្ទៀងបាលីដោយត្រឹមត្រូវហើយ ទើបយកបាឡីនោះមកប្រែរៀងសេចក្តីជាក្រោយ ។ ឯការប្រែនោះ យើងបានយកគម្ពីរអដ្ឋកថា ដីកា យោជនា មកមើលដរាប ដើម្បីឲ្យឃើញសេចក្តីជាក់ប្រាកដ ប៉ុន្តែមិនបានប្រែអធិប្បាយតាមន័យក្នុងអដ្ឋកថា ដីកា នោះទេ យើងប្រែតាមលំអានបាឡីព្រះត្រៃបិដក "តួដើម" នោះប៉ុណ្ណោះ គឺថាបាឡីនោះមានសេចក្តីប៉ុន្មាន យើងប្រែឲ្យគត់តែត្រឹមប៉ុណ្ណោះឯង តែបើសព្ទ ប្រយោគណា ដែលមានសេចក្តីចង្អៀតពិបាកយល់ នោះយើងបន្ថែមពាក្យ ឬសេចក្តីខ្លះ តាមន័យក្នុងអដ្ឋកថា ដីកា ដាក់ក្នុងវង់ក្រចក () នេះ សំគាល់ឲ្យដឹងថា ពាក្យ ឬសេចក្តីនោះបញ្ចូលថែមមកទេ ។


ម្យ៉ាងទៀត ប្រយោគខ្លះ មានដំណើរបាឡីពិបាកប្រែរៀងសេចក្តីសម្រួលមកជាសម្រាយនោះពេក បើលុះតែបញ្ចូលពាក្យថែមមកខ្លះ ទើបមិនងាស់សេចក្តី កាលបើដូច្នេះ យើងបញ្ចូលពាក្យថែមមកខ្លះដាក់ក្នុងវង់ក្រចក () នេះ ដែរ ដូចពាក្យថា (នេះ) (នោះ) ជាដើម ដើម្បីឲ្យស្រួលតាមលំនាំសេចក្តីភាសាខ្មែរ ។

៤- ពាក្យ ឬប្រយោគណា ដែលមានសេចក្តីជ្រៅកំបាំងពេក បើមិនទាញយកមកអធិប្បាយពន្យល់ផងទេ មុខជានឹងអាចចូលចិត្តសេចក្តីមិនបាន នោះយើងបានស្រង់យកសេចក្តីអធិប្បាយពីក្នុងអដ្ឋកថា ឬ ដីកា យោងលេខមកដាក់ត្រង់នយលក្ខណៈខាងក្រោម ដើម្បីឲ្យងាយយល់សេចក្តីជាក់ប្រាកដឡើងបាន ។


៥- លុះប្រែរួចចម្លងសម្រេចស្រេចហើយ យើងបានប្រជុំគ្នាផ្ទៀងផ្ទាត់យល់ព្រមថាត្រឹមត្រូវហើយ ក៏ជូនសេចក្តីចម្លងបាឡី និង សម្រាយនោះ ចូលទៅអស់លោកកុង្សីយ៍សេនាបតីតាមក្រសួង ត្រាតែបានអនុញ្ញាតអំពីលោកឡឺរេស៊ីដង់ត៍ស៊ុប៉េរីយើរនិងអស់លោកកុង្សីយ៍សេនាបតី ព្រមទាំងសម្តេច ព្រះសង្ឃនាយកទាំងពីរគណៈស្រេចហើយ ទើបរាជការចាត់ចែងឲ្យបោះពុម្ពតទៅ ។


៦- ក្នុងឱកាសដែលបោះពុម្ពព្រះត្រៃបិដកនេះ រាល់សៀវភៅទាំងអស់ យើងបានផ្ទៀងវិញ្ញាសាពុម្ព ដោយប្រុងប្រយ័ត្នពិនិត្យពិច័យមាំមួនណាស់ តែថាធម្មតាការបោះពុម្ពច្រើនដល់ម្ល៉េះ បើទុកជាពិនិត្យពិច័យយ៉ាងណា ក៏គង់តែនៅមានភ្លាត់ខុសខ្លះបន្តិចបន្តួចមិនលែង ៕