ក្អែក​ពាំ​ផ្លែ​ល្វា​រាយ​គ្រប់​ស្រុក

ខ្មៅ៖ ពណ៌​ខ្មៅ​តំណាង​ឱ្យ​សភាវៈ​អាក្រក់ សាហាវ ឃោឃៅ ព្រៃផ្សៃ ឬ បែកឆ្វេង។

ក្អែក៖ តំណាង​ឱ្យ​លទ្ធិដឹកនាំ របប​គ្រប់គ្រង មនោគមវិជ្ជា ឬ និន្នាការ​នយោបាយ។

ក្អែកខ្មៅ៖ តំណាង​ឱ្យ​ពួក​អ្នក​ប្រកាន់​និន្នាការ​នយោបាយ​(ឆ្វេង)​សាធារណ​រដ្ឋ​ប្រជា​មានិត​សង្គម​និយម ឬ គេ​ហៅ​ថា​(កុម្មុយនិស្ត)​ដោយ​ផ្អែក​លើ​កម្លាំង​បដិវត្តន៍​របស់​ពួក​វណ្ណ​អធន​ជា​មូលដ្ឋាន។ ពួកគេជា​ប្រជាជន​ក្រីក្រ​តោក​យ៉ាក​ដែល​កើត​ចេញ​ពី​ត្រកូល​ក្រខ្សត់ ដូច​ពួក​កម្មករ​លី​សែង​កសិករ​គ្មាន​ដីធ្លី ឬ ពួក​អ្នក​ស៊ីឈ្នួល​បម្រើ​តាម​គេហដ្ឋាន និង ពួកចោរ​ព្រៃ​ដើរ​លួច​ប្លន់​គោ ក្របី របស់​ប្រជាជន​រស់​នៅ​តាម​ជនបទ​ខ្វះ​ការ​រៀន​សូត្រ​មាន​កម្រិត​យល់​ដឹង​ទាប​ជា​ទី​បំផុត។

ពាំ​ផ្លែ​ល្វា៖ ផ្លែ​ល្វា​ជា​ផ្លែ​ឈើ​ម៉្យាង ដែល​មាន​សម្បក​ខាង​ក្រៅ​មាន​ពណ៌​ភ្លឺ​ស្អាត​ល្អ​គួរ​ឱ្យ​ជា​ទី​បា្រថ្នា​ចង់​បាន​ និង​គួរ​ឱ្យ​ជា​ទី​ពេញ​ចិត្ត​របស់​អ្នក​ផង​ទាំង​ពួង​គ្រប់ៗ​គ្នា។ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង​របស់​ផ្លែ​ឈើ​នេះ​វិញ​មាន​ភាព​ស្មោក​គ្រោក​ និង​ពោរ​ពេញ​ទៅ​ដោយ​សត្វ​មមុង​គួ​ឱ្យ​ខ្ពើម​រអើម​ពន់​ពេក។ យ៉ាង​ណាម៉ិញ​ទ្រឹស្តី របស់​ពួក​វណ្ណ​អធន​នៃ​របប​កុម្មុយនិស្ត​ល្អ​បាន​តែ​សម្បក​ក្រៅ បើ​ការ​អនុវត្តន៍​វិញ​វា​ស្អុយ​ជាង​លា​មក​ទៅ​ទៀត។ជា​ទ្រឹស្តី​មួយ​ដែល​មាន​លក្ខណៈ​ផ្ទុយ​អំពី​ច្បាប់​ធម្មជាតិ​ដោយ​បង្ខំ​អ្នក​ចេះ​ដឹង​ឱ្យ​ទៅ​ធ្វើ​ស្រែ​ចំការ លីសែង បែ​ជា​ប្រើ​ពួក​កម្មករ អ្នក​ស្រែ​ចំការ ឱ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​(យក​ក្បាល​ធ្វើ​ជា​ជើង​ដៃ យក​ជើង​ដៃ​ធ្វើ​ជា​ក្បាល)។

រាយ​គ្រប់​​ស្រុក៖ ការ​ដើ​ឃោសនា​មហាជន​ដើម្បី​ផ្សព្វផ្សាយ​មនោគម​វិជ្ជា​របស់​ពួក​កុម្មុយនិស្ត​នៅ​តាម​ជនបទ​ដាច់​ស្រយ៉ាល​ឱ្យ​ពួក​អ្នក​ស្រែ​ អ្នក​ចំការ និង​ពួក​ចោរ​ព្រៃ​រស់​នៅ​តាម​ជាយដែន។ សូម្បី នៅ​តាម​ទីប្រជុំជន ខេត្រ ក្រុង​វិញ​ក៏​ពួក​កុម្មុយនិស្ត​ដើរ​ផ្សព្វផ្សាយ​មនោគមវិជ្ជា​របស់​គេ​ដល់​ពួក​កម្មករ​រោង​ចក្រ កម្មករ​លី​សែងតាម​កំពង់ផែ ឬ តាម​ទីដ្ឋាន​សំណង់​ឯកជន ឬ សំណង់​រដ្ឋ​(រាយ​គ្រប់ស្រុក)៕ គឺ​ជា​ទ្រស្តី​សម្រាប់​បោក​បញ្ឆោត បាន​តែ​ចំពោះ​តែ​អ្នក​មិន​ចេះ​អក្សរ អ្នក​ក្រខ្សត់ អ្នក​អត់​ប្រាជ្ញា អ្នក​ខកចិត្ត​និង​អស់​សង្ឃឹម​ដោយ​សារ​អំពើ​ពុករលួយ និង​អយុត្តិធម៌​សង្គម​(=អំពើ​ថោក​ទាប) របស់​ពួកស្តេច ឫ ពួក​សាធារណ​រដ្ឋ​សេរី។

អ្នក​ផង​ឃើញ​ហើយ​ខំរើស​ទុក៖ អ្នក​ផង​ទាំង​ឡាយ​មិន​ដែល​ស្គាល់ និង​មិន​ដែល​ឃើញ​ របប​វណ្ណ​អធន របស់ពួកកុម្មុយនិស្ត​ថា​វា​យ៉ាង​ម៉េច​នោះ។ ក៏​នឹក​ស្មាន​ថា​ជា​របប​ដែល​មាន​គតិ​យុត្តិ​ធម៌​ល្អ​បរិសុទ្ធ​ត្រឹម​ត្រូវ​អាច​ជួយ​សង្គម​ឱ្យ​មាន​សមភាព​ភាតរភាព និង​វឌ្ឍនភាព​សង្គម​ឱ្យ​ប្រែ​ក្លាយ​ជា​សង្គម​ជឿន​លឿន​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ដូច​ពាក្យ​ស្លោក​របស់​ពួក​វា​ស្រែក​ថា​‹‹ជ័យ​យោ..ជ័យ​យោ..ជ័យ​យោ​មហា​លោត​ផ្លោះ​ មហា​អស្ចារ្យ​ជាង​សម័យ​មហា​នគរ››។ ទាំង​អស់​គ្នា​ស្រី ប្រុស ចាស់ ក្មេង អ្នក​កសិករ អ្នក​ស្រែ អ្នក​ចំការ ទាំង​កម្មករ​រោងចក្រ កម្មករ​លី​សែងសំណង់ ឬ កម្មករ​កំពង់ផែ និង​ទាំង​ពួក​ចោរ​ព្រៃ នាំគ្នា​ជួយ​គាំទ្រ​បម្រើ​បដិវត្តន៍​របស់​ពួក​វណ្ណ​អធន​អស់​ពី​កម្លាំង​កាយ​ កម្លាំង​ចិត្ត។