ខេត្តព្រះត្រពាំង

ខេត្តខ្មែរនៃដែនដីកម្ពុជាក្រោម

ខេត្តព្រះ​ត្រពាំង  កម្ពុជាក្រោម គឺជា​ខេត្ត​មួយនៅជាប់នឹងទន្លេនៃតំបន់​វាលទំនាបនៃ​ទន្លេមេគង្គ​ដែនដី​កម្ពុជាក្រោម​។មជ្ឈមណ្ឌល សំខាន់​របស់​ខេត្ត​គឺ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ឋិត​នៅ លើផ្លូវ​ជាតិ​លេខ៥៣ ចម្ងាយ​ពី​ទី ក្រុង​ព្រៃនគរ ២០០គីឡូម៉ែត្រ និង​ពី​ទីក្រុង​ព្រែក​ឫស្សី ១០០គីឡូម៉ែត្រ។ បច្ចុប្បន្នត្រូវយួនប្ដូរឈ្មោះទៅជា ខេត្តត្រាវិញ។ ​

ខេត្តព្រះត្រពាំង
ខេត្ត
ជើងមេឃនៃខេត្តព្រះត្រពាំង
ផែនទីនៃខេត្តព្រះត្រពាំង
ផែនទីនៃខេត្តព្រះត្រពាំង
ប្រទេស វៀតណាម (ដែនដីកម្ពុជាក្រោម)
ផ្ទៃក្រឡា
 • សរុប២៣៥៨.២ គម2 (០.៩១០ ម៉ាយ ការ)
ប្រជាជន
 • សរុប១,៤០៩,១៦៨

ទីតាំង​ភូមិសាស្ត្រ​ កែប្រែ


ទិសខាងកើត និង ទិសអាគ្នេយ៍​ជាប់ នឹង​ឈូងសមុទ្រ​ចិន ប្រវែង​ប្រមាណ ៦៣ គម. ទិស​ខាងលិច និង​និរ​តី ជាប់​នឹង​ខេត្តឃ្លាំង ដែលមាន​ទន្លេបាសាក់​ជា​ព្រំប្រទល់ (​ប្រវែង​ប្រមាណ ៦០ គម.) ទិស​ខាងជើង និង​ពាយព្យ​ជាប់​ព្រំប្រទល់ នឹង​ ខេត្តលង់ហោរ ចំណែក​ទិស​ខាងជើង និង ឦសាន​ជាប់​ព្រំប្រទល់​នឹង​ ខេត្តកំពង់ឬស្សី។​

​ផ្ទៃដី​ខេត្ត​ព្រះ​ត្រពាំង មាន​ផ្ទៃដី​សរុប ២ ២១៥,១៥គម ស្មើនឹង ២២១ ៥១៥,៣ ហត. (​រង្វាស់​ឆ្នាំ ២០០៣)។

រដ្ឋបាល កែប្រែ

ផែនទីរដ្ឋបាលខេត្តព្រះត្រពាំង

ខេត្តព្រះត្រពាំង (អង់គ្លេស: Preah Trapeng Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង ។ ​ខេត្ត​ព្រះ​ត្រពាំង បច្ចុប្បន្ន​ត្រូវបាន រដ្ឋាភិបាល​វៀតណាម បែង​ចែកជា ៨ ស្រុក និង ខ​ណ្ឌ ក្នុងនោះ​រួមមាន ទី​រួម​ខេត្ត និង ស្រុក​ទាំង ៧។ ក្នុង​ទី​រួម​ខេត្ត និង ស្រុក​ទាំង ៧ នេះ មាន ៩៤ ឃុំ​/ សង្កាត់ និង ទីរួមស្រុក។​ ​ស្រុក​ ៧ ទីរួមខេត្ត ១ រួមមាន​៖

ខេត្តព្រះត្រពាំង
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរ
ស្រុកកន្លង់ Kanlong District Càng Long
ស្រុកកំពង់ធំ Kampong Thom District Châu Thành
ស្រុកកំពង់ស្ពាន Kampng Span District Cầu Kè
ស្រុកកញ្ចោង Kanhchong District Tiểu Cần
ស្រុកថ្កូវ Thkauv District Trà Cú
ស្រុកផ្នោដាច់ Phnao Dach District Cầu Ngang
ស្រុកមាត់សមុទ្រ Meat Samout District Duyên Hải
ទីរួមខេត្តព្រះត្រពាំង Preah Trapeng Thị Xã

ព្រំប្រទល់នៃខេត្តព្រះត្រពាំង

ខេត្តព្រះត្រពាំង ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)

ប្រជាសាស្ត្រ​ កែប្រែ

​យោងតាម​ស​ព្វា​វចនាធិប្បាយ (Wikipedia) ជា​ភាសា​យួន បាន​ផ្សាយ​ថា​ស្ថិតិ​ឆ្នាំ ១៩៧១ ខេត្ត​ព្រះ​ត្រពាំង​មាន​ប្រជាជន ចំនួន ៤១១ ១៩០ នាក់។​

​ស្ថិតិ ឆ្នាំ ២០០០ ប្រជាជន​ត្រូវបាន​កើនឡើង​ដល់ ៩៧៣ ០៦៥។​

​នៅលើ​ផ្ទៃដី​ខេត្ត​ព្រះ​ត្រពាំង មាន​ប្រជាជន​ចំនួន ២៩ ជនជាតិ​ផ្សេង​ពីគ្នា ប៉ុន្តែ​ប្រជាជន​ដែល​ច្រើនជាងគេ​នោះ គឺ ជនជាតិខ្មែរ។​

​ប្រជាជន​ខេត្ត​ព្រះ​ត្រពាំង មាន ៥,៩៩% នៃ​តំបន់​វាលទំនាប​ទន្លេមេគង្គ (​តាម​ជំរឿន​ឆ្នាំ ២០០០ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​) ក្នុងនោះ ៨៧ % រស់​នៅតាម​តំបន់​ជនបទ និង​កំណើនប្រជាជន​នៅ​ឆ្នាំ ២០០០ គឺ ១,៦៥។​

​តាម​ស​ព្វា​វចនាធិប្បាយ​សេរី (Wikipedia) ដដែល​បាន​បញ្ជាក់ថា ខេត្ត​ព្រះ​ត្រពាំង គឺជា​មូលដ្ឋាន​នៃ​ការរស់នៅ ជា​យូរ​មកហើយ របស់​ជនជាតិដើម​ខ្មែរក្រោម ដែលមាន​ខឿនវប្បធម៌​របស់ ជនជាតិ នេះ​ជា​និម្មិត​រូប​ដូចជា ភាសា ,​អក្សរ , មុខម្ហូប និង​ជាពិសេស គឺ​វត្ត​អារាម​គឺជា​និម្មិត​រូប​ដ៏​សំខាន់​ជាងគេ។​

ប្រវត្តិ និង និរុត្តិសាស្ត្រ​ កែប្រែ

ផែនទីខេត្តព្រះត្រពាំងឆ្នាំ១៨៨៨

​ខេត្ត​ព្រះ​ត្រពាំង​ពីមុន​គឺជា​ស្រុក​មួយ នៃ​ខេត្តលង់ហោរ ដែល​គេ​ហៅថា ស្រុក​ព្រះ​ត្រពាំង។ ពេលដែល​ខ្មែរក្រោម​ឋិត នៅក្រោម ការគ្រប់គ្រង​របស់​ស្តេច​យួន​ត្រកូល​ង្វៀង (Nguyễn) ខេត្ត​ព្រះ​ត្រពាំង គឺជា​ស្រុក​មួយ នៅក្នុង​ខេត្ត​លង់​ហោរ (​ត្រូវបាន​បង្កើតឡើង នា​ឆ្នាំ ១៨៣២ )​។ ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ខេត្ត​លង់​ហោរ​ចេញ​ជា ៣ និគម គឺ លង់​ហោរ​, ព្រះ​ត្រពាំង និង កំពង់​ឫស្សី។​

​ខេត្ត​ព្រះ​ត្រពាំង ត្រូវបាន​បង្កើតឡើង​នៅតាម​អនុ​ក្រិ​ត្យ ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហភាព​ឥណ្ឌូចិន ឈរ​នៅលើ មូលដ្ឋាន​ប្តូរ​ឈ្មោះ​ពី​និគម​ទៅជា​ខេត្ត​វិញ ចាប់តាំងពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០។ ដូច្នេះ ខេត្ត​ព្រះ​ត្រពាំង គឺជា​ខេត្ត​មួយ​ក្នុងចំណោម ២០ ខេត្ត​នៅ​កម្ពុជា​ក្រោម​នាពេលនោះ។ ​នៅ​ក្នុងសម័យ​អាណានិគមនិយម​បារាំង​ខេត្ត ព្រះ​ត្រពាំង មាន ៨ ស្រុក គឺ កំពង់​ស្ពានផ្នោ​ដាច់ និង ស្រុក​កន្លង់ (​ពីមុន​ឋិត​នៅក្នុង​ខេត្ត​ព្រែក​ឫស្សី ក្រោយមក បានដាក់​បញ្ចូល​ទៅក្នុង​ខេត្ត​លង់​ហោរ និង​បន្ទាប់មកទៀត បានដាក់​បញ្ចូល​ទៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​រហូតដល់​សព្វថ្ងៃ​) ស្រុក​កំពង់ធំស្រុក​កញ្ចោង ​ស្រុក​ថ្កូវស្រុក​ត្រពាំងឈូក (Long Tòan) (​ឥឡូវនេះ​បានក្លាយ​ជា​ស្រុក​មាត់សមុទ្រ​) ចំណែក​ស្រុក​កំពប់​តែ​អុងស្រុក​តា​ឱន (Trà Ôn) មួយទៀត ត្រូវជា ៨ (​សព្វថ្ងៃ ស្រុក​កំពប់​តែ​អុង​ត្រូវបាន​ឋិត​នៅក្នុង​ខេត្តលង់​ហោរ វិញ )។​

​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៩៥១ គណៈកម្មាធិការ​រណសិរ្ស​រដ្ឋបាល​ភាគខាងត្បូង (Ủy ban Kháng chiến Hành chính Nam Bộ) នៃ​រដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាមានិត​យួន (Việt Nam Dân Chủ Cộng Hòa ) បានដាក់​បញ្ចូល​ខេត្ត​ទាំងពីរ​គឺ​ខេត្ត​លង់​ហោរ និង ខេត្ត​ព្រះ​ត្រពាំង ឲ្យ​ក្លាយទៅជា​ខេត្ត​ថ្មី​មួយទៀត​ឈ្មោះថា ខេត្ត​វិញ​ត្រា ( Vĩnh Trà)។ ពេលនោះ ស្រុក​កញ្ចោង ត្រូវបាន ដាក់បញ្ចូល​ទៅក្នុង​ស្រុក​កន្លង់ វិញ ។ ខេត្ត​វិញ​ត្រា​ដែល​យួន​បាន​បង្កើត​ថ្មី​នៅពេលនោះ ត្រូវបាន​តាំងនៅ​រហូតដល់​ឆ្នាំ ១៩៥៤ ។ រដ្ឋាភិបាល​សាធារណរដ្ឋ (Việt Nam Cộng Hòa) បាន​ប្តូរ​ឈ្មោះ​ខេត្ត​ព្រះ​ពាំង (Trà Vinh) ទៅជា​ខេត្ត​វិញ​បិ​ញ (Vinh Bình) តាម​សេចក្តីបញ្ជា​លេខ ១៤៣-NV របស់​ប្រធានាធិបតី ចុះ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦។​

​ទោះបីជា​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​រណសិរ្ស​រំដោះប្រជាជន​យួន​ខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Việt Nam) ដែល​ក្រោយមក បាន​ក្លាយជា​រដ្ឋាភិបាល​បណ្តោះ អាសន្ន សាធារណរដ្ឋ​យួន​ខាងត្បូង (Cộng Hòa Miên Nam Việt Nam) និង រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​យួន​ខាងជើង មិន​ព្រម​ទទួលស្គាល់​ឈ្មោះ​ខេត្ត​វិញ​ត្រា​ឡើយ ពួកគេ នៅតែ​ហៅ ឈ្មោះ​ខេត្ត​ព្រះ​ត្រពាំង (Trà Vinh) ដដែល ។​



ខែកុម្ភៈ ឆ្នាំ ១៩៧៦ រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម បាន​រាប់បញ្ចូល​ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​លង់​ហោរ ឲ្យ​ក្លាយទៅជា ខេត្ត​មួយទៀត​ឈ្មោះថា ខេត្ត​មេគង្គ (Cửu Long) និង​រហូតដល់​ថ្ងៃទី ២៦ ខែ ១២ ឆ្នាំ ១៩៩១ ត្រូវបាន​បែងចែក​ខេត្ត​ចេញ​ឲ្យ​នៅ​ដូចដើម​វិញ។ ពេល​បាន​ចែក​ខេត្ត យើង​ឃើញថា ខេត្តព្រះ​ត្រពាំង​មាន​ថ្ទៃ​ដី ២៣៦៣,០៣ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជនមាន ៩៦១ ៦៣៨ នាក់ ដោយមាន​រដ្ឋបាល​ភូមិសាស្ត្រ ដូច​សព្វថ្ងៃនេះ ។​

​ប្រវត្តិ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ហៅ​ខេត្ត​នេះ​ថា «​ព្រះ​ត្រពាំង​» នោះ​មាន​លំនាំ​ដើមទង​ដូចខាងក្រោម ៖

​ឈ្មោះ «​ព្រះ​ត្រពាំង​» បានកកើតឡើង​ដំណាល នឹង​អាយុកាល​នៃ​ការកសាង វត្ត​ពោធិ​សាល​រាជ ហៅ វត្ត​កំពង់ ឋិត​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដែល​បាន​កសាង​នៅ គ​.​ស​. ៦៤២។​

វត្តពោធិសាលរាជ(ហៅថា វត្តកំពង់) មានទីតាំងស្ថិតនៅទីរួមខេត្តព្រះត្រពាំង

​ពីមុន​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ឋិត​នៅ​ខាងលិច​វត្ត​កំពង់ ដែលមាន​ទីតាំង​នៅក្នុង​ព្រលាន​បាលទាត់ ខេត្ត​ព្រះ​ត្រពាំង សព្វថ្ងៃ។ ក្រោយមក​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ចាស់ ក៏បាន​រើម​កក​សាង នៅ​កន្លែង ថ្មី ដែលមាន​ទីតាំង​ឋិត​នៅ​កន្លែង​សព្វថ្ងៃនេះ​វិញ ។ ​

​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម ឯកច្ឆ័ន្ទ​រុះរើ​វត្ត​កំពង់​ពី​កន្លែងចាស់ មក​សាងសង់​ត្រង់​កន្លែង​ថ្មី​នោះ គឺមាន រឿងដំណាល​ថា មាន​ព្រះ​ពុទ្ធបដិមា​សំរិទ្ធមួយអង្គបាន​ផុស​ពី ត្រពាំង​មួយ នៅក្បែរ​វ​វត្ត​ពោធិ​សាល​រាជ (​កំពង់​) បច្ចុប្បន្ននេះ​។ ពេល​ពលរដ្ឋ​ខ្មែរក្រោមបានឃើញ​ព្រះពុទ្ធ​បដិមា​ដែល​បាន​ផុស​ឡើង​នោះ ក៏បាន​នាំគ្នា​ទៅ​ទូល​ព្រះតេជព្រះគុណ​ព្រះ ឧបជ្ឈាយ៍ ព្រះថាច់មាស មក​ដើម្បី​ស្រង់​ឡើង តែមានពុទ្ធបរិស័ទយ៉ាងច្រើនរូប​ស្រង់​ឡើងមិនរួច​ឡើយ។ លុះ​ពេលយប់ ព្រះ​ឧ​ជ្ឈា​យ៍ ថាច់-មាស គង់សមាធិឃើញ​អ្នកសច្ចំព្រះបាំងបឋមក​ពន្យល់ថា សូម​ឲ្យខ្លួន​ព្រះអង្គផ្ទាល់ យក​អម្បស់ ៩ សរសៃ​ទៅទាក់អូស​ឡើង​ទើបបាន ។ ក្រោយពី​បានឃើញ​​យ៉ាងនេះ ព្រះ​ឧ​ជ្ឈា​យ៍​ព្រះ នាម-មាស ក៏​ទ្រង់​ណែ​នាំ​ឲ្យ​ពុទ្ធ​រិ​ស័​ទ​ធ្វើតាម​ការពន្យល់​នៃ​សមាធិនិម្មិត​របស់​ព្រះអង្គ។ ពេល​ព្រះអង្គ​និង​ពុទ្ធបរិស័ទ​អូស​ព្រះ​ពុទ្ធបដិមា ឡើង​លើដី​ទួល​មកដល់​ទីតាំង​វត្ត​ពោធិ​សាល​រាជ (​កំពង់​) សព្វថ្ងៃនេះ ស្រាប់តែ​ដាច់​ខ្សែអំបោះទាំង ៩ សរសៃ​នោះ​តែម្តង។ ព្រះ​ឧប​ជ្ឈា​យ៍​ព្រះនាម មាស និង​ពុទ្ធបរិស័ទ​ក៏​សម្រេច កសាង​វត្ត​កំពង់​នៅ​ចំ​កន្លែង​ដែល​ដាច់​ខ្សែ​នោះ​តែម្តង ដើម្បី​ធ្វើការ​គោរពបូជា​ចំពោះ​ព្រះពុទ្ធសាសនា និង​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ខ្មែរ​បួស​រៀន និង​ប្រតិបត្តិ​ធម៌អាថ៌ សិក្សា​អក្សរសាស្ត្រ​ខ្មែរ តាម​ប្រពៃណី ជាតិ​តរៀងមក។​

​វត្ត​ដែល​បាន​កសាង​នោះ មានឈ្មោះ​ជា​ភាសាបាលីថា វត្ត​ពោធិ​សាល​រាជ និង​ភាសា​ខ្មែរ​គេ​និយម​ហៅថា វត្ត​កំពង់ ។ ចំណែក​ជនជាតិ​យួន​វិញ​បាននាំគ្នា​ហៅ ឈ្មោះ វត្ត​កំពង់ ថា ជួ​អុង​មាឃ (Chùa Ông Miệt) ប្រែ​ថា វត្ត​របស់​តា​មាស ។​

​រឿង​ព្រះ​ពុទ្ធរូប​ផុស​ពី​ត្រពាំង​នេះហើយ បានជា​ពលរដ្ឋ​ខ្មែរក្រោម​នាំគ្នា​ហៅ​ឈ្មោះ​ខេត្ត​ថា «​ព្រះ​ត្រពាំង​» ជា​រៀងរហូត មកដល់ សព្វថ្ងៃនេះ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរក្រោម អ្នក​ដែល​នៅ​ជាយ​ខេត្តព្រះ​ត្រពាំង វិញ ពេលធ្វើ​ដំណើរ​ទៅ​ផ្សារ​ខេត្ត គេ​មិន​និយម​ហៅថា​ទៅ ផ្សារ​ព្រះ​ត្រពាំង ទេ គេ​ហៅថា​ទៅ ផ្សារ​កំពង់ រហូតមក ដល់​សព្វថ្ងៃនេះ។​

វប្បធម៌​ កែប្រែ

​ខេត្ត​ព្រះ​ត្រពាំង គឺជា​ខេត្ត​ជង្រុក​នៃ​វប្បធម៌​ដ៏​សម្បូរបែប របស់​ជនជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម។ ខ្មែរក្រោម​សរសេរ​អក្សរ​ខ្មែរ ដាច់ដោយឡែក​ពី​ជនជាតិ គិ​ញ (Kinh) ឬ ជនជាតិ​យួន ជា​អាណា​និគមជន និង​មាន​ពិធីបុណ្យ​ប្រពៃណី​និង​សាសនា ដ៏​សំខាន់ នៅក្នុង​សង្គម ដូចជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី (១៤ _ ១៥ _១៦ ខែមេសា​) ពិធីបុណ្យ​សែន​ដូនតា ( បុណ្យ​ភ្ជុំបិណ្ឌ​) បុណ្យ​អកអំបុក សំពះ​ព្រះ​ខែ លយប្រទីប ប្រណាំងទូក-ង បុណ្យ​កឋិនទាន និង ពី​ធី​សង្ឃ​ចូល ចេញ​វស្សា នៅតាម​វត្ត​អារាម​ជាដើម ដែលមាន តម្លៃ​មិនអាច​កាត់ថ្លៃ​បាន។​

​ក្រៅពី​មាន​ពិធី​បុណ្យទាន​ប្រពៃណី​ផ្សេងៗ​នៅក្នុង​សង្គម​ខ្មែរក្រោម នៃ​ខេត្ត​មួយ​នេះ វត្ត​អារាម​ដ៏​បុរាណ​មាន​ចំនួន ១៤១ គឺជា​និ​មិ្ម​ត​រូប និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​បង្ហាញ​ដល់​មតិ​ជាតិ និង អន្តរជាតិ​ឲ្យ​បានដឹង​ពី​អត្តសញ្ញាណ​ជនជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម។ ​

វត្តនិគ្រោធ(វត្តកំពង់ជ្រៃ)

​​

​វត្ត​អារាម​ព្រះពុទ្ធសាសនា​ខ្មែរ កែប្រែ

​ខេត្ត​ព្រះ​ត្រពាំង​មាន ១៤៣ វត្ត ក្នុងនោះ​ស្រុក​នីមួយ​រួមមាន​៖

  • ស្រុក​កំពង់​ស្ពាន ២២ វត្ត​
  • ​ស្រុក​ថ្កូវ ៤៤ វត្ត​
  • ស្រុក​ផ្នោ​ដាច់ ២៣​វត្ត​
  • ស្រុក​កញ្ចោង ១៥ វត្ត​
  • ​ស្រុក​កន្លង់ ០៤ វត្ត​
  • ​ស្រុក​កំពង់ធំ ១៧ វត្ត​
  • ​ស្រុក​មាត់​សាមុទ្រ ០៧ វត្ត​
  • ​ទី​រួម​ខេត្ត ១១ វត្ត ​
  • មុខខ្លោងទ្វារវត្តសំរោង

​រ​មណី​យ​ដ្ឋា​ន​ កែប្រែ

​សារមន្ទីរ​ជនជាតិខ្មែរ នៅ​ខេត្ត​ព្រះ​ត្រពាំង ( Bảo Tàng Dân Tộc Khmer tỉnh Trà Vinh) ៖

រមណីយ​ដ្ឋា​ន​ស្រះ​គូ មានទីតាំងស្ថិតនៅជិតវត្តអង្គរាជបុរី ទីរួមខេត្តព្រះត្រពាំង

​សារមន្ទីរ​នេះ មាន​ទីតាំង​ឋិត​នៅ​ចំ​មុខ​វត្ត​អង្គររាជ​បូរី (​អង្គ​) និង​ក្បែរ​រមណីយ​ដ្ឋា​ន​ស្រះ​គូ

​ពេល​ឈាន​ជើង​ចូល​ទស្សនា សារមន្ទីរ​នេះ យើង​នឹង​បានឃើញ​នូវ​វត្ថុ​បុរាណ​ជាច្រើន ដែល​ដូនតា​ខ្មែរ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង បាន បន្សល់ទុក​មក ដូចជា ឈ្នាង កញ្ជើ​ ត្បាល់កិនស្រូវកណ្តៀវ​ច្រូតស្រូវរហាត់​បាចទឹក និង សម្លៀកបំពាក់​ខ្មែរ​ពី​បុរាណ​ជាដើម។ ក្រៅពី​វត្ថុ​បុរាណ​ទាំងនេះ ក៏មាន​តាំង​ពិ​ពណ៌​រូបភាព​ក្រុម​សិ​ល្បៈ​រស្មី​ប្រទីប នៃ ខេត្ត​ព្រះ​ត្រពាំង ផងដែរ។​

​រមណីយដ្ឋាន​ស្រះ​គូ ឬ​គូ​ស្រះស្រី​៖

​រមណីយដ្ឋាន​ស្រះ​គូ ឬ​គូ​ស្រះស្រី​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ របស់​ជនជាតិដើម​ខ្មែរក្រោម ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ទឹកដី​ខេត្ត​ព្រះ​ត្រពាំង។ ស្រះ​គូ​មាន​ទីតាំង​ឋិត​នៅក្នុង​ ក្រុមទី៣ សង្កាត់ទី៨ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង (​ដែល​ពីមុន​ឋិត​នៅក្នុង​ភូមិតា​គូ ឃុំ​សម្បួរ ស្រុក​កំពង់ធំ ) ចម្ងាយ​ពី​ផ្សារ​កំពង់ ប្រមាណ ៧គម. តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥៣ ឆ្ពោះទៅ​ទិស​និរ​តី។ ស្រះ​គូ​មាន​រាង​បួន​ជ្រុង​ទ្រវែង ស្ទឹង​ប្រវែង ៣០០ ម៉ែត្រ បណ្តោយ ប្រវែង ៥០០ ម៉ែត្រ (​ប្រហាក់ប្រហែល​នឹង​រាង​បួន​ជ្រុង​) បានជា​ជនជាតិ​យួន​ហៅថា «​អាវ​យ៉ួ​ង​» (Ao Vuông) ប្រែ​ថា »​ស្រះ​បួន​ជ្រុង​»។ ស្រះ​មានទឹក​ថ្លាយង់ រំលេច​ដោយ​ផ្កាឈូក និង​ព្រលិតលំចង់​ជាល​ម្អ គួរ​ឲ្យ ទស្សនា។ ជុំវិញ​ស្រះ​គឺ​ដើម​ឈើទាល​ធំៗ​មាន អាយុកាល​រាប់​សតវត្សរ៍ ហើយ​អ្វីដែល​អស្ចារ្យ​នោះ គឺ​ឫស​ឈើទាល បាន​ដុះ នៅ​លើដី​ខ្ពស់​ផុត​ជំហរ មនុស្ស​ក្រោយពី​អាចម៍ដី​បាន​ហូរ ពេល​ដែលមាន​ភ្លៀង​បន្តិច​ម្តងៗ​ជាច្រើន​ឆ្នាំ​ខែ​មក​នោះ។​

​បច្ចុប្បន្ន​ស្រះ​គូ គឺជា​កន្លែង​សម្រាប់​លំហើយ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បានមក​ទស្សនា​កំសាន្ត ជា​រៀងរាល់ថ្ងៃ។ ជាពិសេស​ស្រះ​គូ គឺជា​កន្លែង​ដែល​គូសង្សារ តែងតែ​ណាត់គ្នា ដើម្បី​សាសង​ផ្តោះផ្តង​ស្នេហា និង​ជា​កន្លែង ដែល​គូ ស្វាមីភរិយា​ទើបតែ​រៀបការ​ថ្មី​មក​ថតរូប និង​វីដេអូ​ទុក ជា​កម្រង​អនុស្សាវរីយ​ផងដែរ។​

​នៅក្បែរ​ស្រះ​គូ គឺមាន​វត្ត​អង្គររាជ​បូរី (​អង្គ​)​ដែល​បាន​កសាង​កាលពី គ​.​ស​. ៩៩០។​

​ឆ្នាំ១៩៩៦ នៅ​ជុំវិញ​បរិវេណ​វត្ត​អង្គររាជ​បូរី (​អង្គ​) មាន​សារ​មន្ទីរ​ជនជាតិខ្មែរ និង​ស្រះ​គូ​ជាដើម ត្រូវបាន​ក្រសួង​វប្បធម៌​ឃោសនាការ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ទទួលស្គាល់​ជា​ផ្លូវការ​ថា ជា​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ ថ្នាក់ជាតិ៕​

ឯកសារយោង កែប្រែ

ដោយ ថាច់ ប្រីជា គឿន

មើលផងដែរ កែប្រែ