ប្រវត្តិស្រុកស្រីសន្ធរ ឬស្រីសឈរ នាង "ស" គឺជាកូនស្រីរបស់ "ព្រះពិជ័យនាគ" ជាមន្ត្រីធំក្នុងខេត្តបាសាន និងនាង "បាន" ជាពលព្រះស្រីរតនត្រ័យ (ពល គឺពួកជនពូជសូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្តអារាម)។ នាងស មានបងប្អូនបង្កើត ២នាក់ គឺនាងជាបងស្រី និងនាយ "កន"ជាប្អូនប្រុស។ ថ្ងៃមួយ ព្រះស្រីសុគន្ធបទ ស្ដេចយាងទៅថ្វាយបង្គំព្រះនៅវត្ត ស្ដេចទ្រង់បានទតឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ និងមេបាន មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅ ក្រាបថ្វាយបង្គំព្រះបរមបពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបម្រើល្អងធូលីព្រះបាទតរៀងទៅ។ព្រះស្រីសុគន្ធបទ ទ្រង់ព្រះសោមនស្សណាស់ ក៏បានតែងតាំងនាង ស ជាអ្នកព្រះម្នាង កេសរបុប្ផា ព្រះស្នំឯក។ ដោយទ្រង់ព្រះមានចិន្តាថា នាងនេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញាត្តឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រី ស ឈរ ឬ ខេត្តស្រី ស ឈរ វិញ តែពាក្យនេះយូរៗមក ក៏ប្រែក្លាយជាស្រុក "ស្រីសន្ធរ" រហូតមកដល់សព្វថ្ងៃនេះ។ ចំណែកបិតាមាតា អ្នកព្រះម្នាង កេសរបុប្ផា នោះទ្រង់លើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតា មេបាន។ ហើយ កន ដែលជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រទានឲ្យហៅនាយ កន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំង នាយ កន ជាឧកញ៉ាម៉ឺនស្នេហាចមចិត្តផងដែរ និងក្រោយមកបានក្លាយជាព្រះស្ដេចកន។