គងវង់ធំ
គងវង់ធំ មានលក្ខណៈសណ្ឋានដូចគ្នាពី គងវង់តូច ត្រង់ទំហំជាង និងផ្លែសំនៀង។
គងវង់ធំមានផ្លែ ១៦ (មិនប្រាកដ) ផ្លែនិមួយៗធ្វើអំពីសំរិទ្ធលាយលង្ហិន/ទង់ដែង។ ក្នុងវិធីធ្វើនេះគេយកវត្ថុធាតុទាំងពីរនេះស្លលាយបញ្ចូលគ្នាជាផ្ទាំងរួចលត់នឹងភ្លើងដំវាយតាមពុម្ភ។ ផ្លែទាំងនេះមានរាងដូចផ្ទិល តែគេដំចំកណ្តាលឲ្យប៉ោង ដែលគេហៅថា ដោះគង។ គេវាយគងនៅលើដោះដូចនេះហើយក្នុងដោះនោះគេបិទប្រមរ សម្រាប់ធៀបសូរ។ ផ្លែនីមួយៗគេចោះប្រហោង ៤ សម្រាប់ចងខ្សែរឹតកុំឲ្យផ្អៀង។
តួររង្វង់កងទាំងមូលធ្វើអំពីឬស្សីឬផ្តៅដំបងដែលគេយកមករោលភ្លើង បកសំបកចេញ កាត់ជាកង់ៗចំនួន៤ ល្មមផ្លែគង រួចពត់ជារង្វង់មូល រួចដាក់រង្វង់ផ្តៅពីរខាងលើ និងខាងក្រោមពីរ និងមានភ្ជាប់ឈើក្បាច់រាងជើងទានពីលើមកក្រោម រួចពុះជម្រៀកឬស្សីដោយគ្រងជើងទៀន បន្ទាប់មកទៀតគេយកឬស្សីពីរជម្រៀកទៀតមកពត់វង់តាមរង្វង់គងខាងក្នុងសម្រាប់ចងផ្លែគងឲ្យតឹងៗ នៅផ្នែកក្នុងរង្វង់គងខាងលើ ។ ផ្លែអន្លូងទាំងពីរដែរសម្រាប់វាយគងគឺគេធ្វើអំពីស្បែកក្របី ឬដំរី ដែលគេកាត់ជារង្វង់មូលហើយចោះរន្ធកណ្តាលសម្រាប់ស៊កដងធ្វើពីឈើ។ ផ្លែគងដែលធំជាងគេមានអង្កត់ផ្ចិត ១៦.៥០ ទៅ ១៨.៥០ ស.ម។
ពាក្យគងនេះគឺជាពាក្យហៅរបស់អ្នកខេត្តសៀមរាប។ ចំពោះគងវង់ដែលមានរាងចំណិតខែគឺមានសណ្ឋានដូចព្រះចន្ទពាក់កណ្តាលវង់ដែលមានផ្លែតែ ៨ ឬ៩ ប៉ុណ្ណោះ តែរបៀបធ្វើគឺដូចគ្នា។
គងវង់តូច និងគងវង់ធំ គឺជាគងវង់ដែលមានអាយុច្រើនសតវត្សណាស់មកហើយ ហើយមានសារសំខាន់ក្នុងវង់ភ្លេងពិណពាទ្យដែលជាវង់ភ្លេងសំរាប់បំរើឱ្យព្រហ្មញ្ញសាសនាកាលពីសម័យដើម ។ តាមបន្ទូលរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ១៩៦៥ ថា «គងវង់ទាំងពីរបែបនេះខ្មែរយើងបំបែកចេញពីគងពាក់កណ្តាលវង់មានផ្លែសំនៀង៨និង៩ ដំបូងបំបែកចេញបានគងវង់ធំមុនគេ បន្ទាប់មកទើបបំបែកចេញជា គងវង់តូច ទៀត ក្នុងចន្លោះសតវត្សទី៩ និងទី១២ រីឯគងពាក់កណ្តាលវង់ខ្មែរមានតាំងពីសម័យមុនអង្គរ» ។