គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ
ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) ដែលមានសិទ្ធិ និងមានភារកិច្ចផ្ដល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលខេត្ត និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាខេត្ត លើបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាច មុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។
សមាសភាព គ.ក.ស.ក
កែប្រែគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ត្រូវមានសមាសភាពដូចខាងក្រោម ៖
សមាជិកក្រុមប្រឹក្សាជាស្ដ្រីជ្រើសរើសដោយក្រុមប្រឹក្សា | ប្រធាន |
សមាជិកក្រុមប្រឹក្សាជ្រើសរើសដោយក្រុមប្រឹក្សា | អនុប្រធាន |
អភិបាលរងជាស្ដ្រី០១រូប | អនុប្រធាន |
ប្រធាន ឬអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា | អនុប្រធាន |
|អនុប្រធានអចិន្ដ្រៃយ៍ | |
នាយករងរដ្ឋបាល០១រូប | សមាជិក |
ប្រធាន ឬអនុប្រធានមន្ទីរផែនការ | សមាជិក |
ប្រធាន ឬអនុប្រធានមន្ទីរសុខាភិបាល | សមាជិក |
ប្រធាន ឬអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ | សមាជិក |
ប្រធាន ឬអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា | សមាជិក |
ប្រធាន ឬអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ | សមាជិក |
ប្រធាន ឬអនុប្រធានមន្ទីរកសិកម្ម | សមាជិក |
ស្នងការ ឬតំណាងស្នងការដ្ឋាននគរបាល | សមាជិក |
នាយក ឬនាយករងទីចាត់ការអន្តរវិស័យ | សមាជិក |
ប្រធាន ឬអនុប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ | សមាជិក |
តំណាងពីស្ថាប័ន ឬអង្គភាពផ្សេងៗទៀតតាមការចាំបាច់ | សមាជិក |
បញ្ជាក់ ៖
+ ក្នុងករណី ក្រុមប្រឹក្សាខេត្តមិនមានសមាជិកជាស្ដ្រីត្រូវជ្រើសរើសយកអភិបាលរងខេត្តជាស្ដ្រី ដើម្បីធ្វើជាប្រធាន គ.ក.ស.ក។
+ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ក្រុមប្រឹក្សាខេត្តត្រូវខិតខំធានាឱ្យមានសមាជិកជាស្ដ្រីសមស្របនៅក្នុងគណៈកម្មាធិការនេះ។
+ ក្រុមប្រឹក្សាខេត្ត ត្រូវចេញសេចក្ដីសម្រេចទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិក គ.ក.ស.ក របស់ក្រុមប្រឹក្សាខេត្ត។ សេចក្ដីសម្រេចនេះត្រូវចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាខេត្ត។
តួនាទី ភារកិច្ចរបស់ គ.ក.ស.ក
កែប្រែគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
- ចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ដ្រ សម្រាប់ការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពយេនឌរ័ និងការផ្ដល់សេវាផ្សេងៗ ដែលពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ
- ប្រមូល និងវិភាគព័ត៌មាននិងទិន្នន័យដែលទាក់ទងនឹងយេនឌ័រ និងតម្រូវការស្ដ្រី យុវវ័យ និងកុមារ ដើម្បីដាក់បញ្ចូលព័ត៌មានទាំងនេះ ទៅក្នុងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត
- រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិការបស់ក្រុមប្រឹក្សាខេត្ត
- ចូលរួមក្នុងការរៀបចំតាក់តែង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្ត ទាក់ទងនឹងការលើកកម្ពស់ និងការឆ្លើយតបនឹងបញ្ហាសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារ
- ស្វែងរកការគាំទ្រពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈកម្មាធិការផ្សេងទៀតនៃក្រុមប្រឹក្សាខេត្ត ដើម្បីលើកផែនការសកម្មភាពសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- សហការ និងផ្ដល់ការគាំទ្រដល់ គ.ក.ស.ក ប្រភេទផ្សេងទៀត ក្នុងការដោះស្រាយបញ្ហា ឬសំណូមពរ ឬសំណើនានា ដែលគណៈកម្មាធិការរបស់ក្រុមប្រឹក្សាប្រភេទផ្សេងនោះ មិនអាចដោះស្រាយបានក្នុងការអនុវត្ដមុខងាររបស់ខ្លួន
- លើកសំណើ និងផ្ដល់យោបល់ជូនក្រុមប្រឹក្សាខេត្ត ឬគណៈអភិបាលខេត្តអំពីវិធានការសមស្របនានា ដើម្បីជំរុញឱ្យមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការដោះស្រាយ និងទប់ស្កាត់នូវបញ្ហាដែលកើតមានឡើងពាក់ព័ន្ធនឹង កិច្ចការស្ដ្រី យុវវ័យ និងកុមារ
- ស្វែងរក និងទទួលបានរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងការងាររបស់គណៈកម្មាធិការ
- ជំរុញការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងគោលនយោបាយនានាទាក់ទងនឹងសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារដល់សហគមន៍នានានៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- ជំរុញឱ្យមានការប្រមូលព័ត៌មានរបស់សហគមន៍អំពីបញ្ហា ដែលបានកើតមានជាប្រចាំពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារ និងមានវិធានការដើម្បីឆ្លើយតប
- ស្វែងរកការគាំទ្រ ដើម្បីជំរុញឱ្យស្ដ្រីចូលរួមក្នុងការធ្វើសេចក្ដីសម្រេច ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍នៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- លើកយោបល់ និងផ្ដល់អនុសាសន៍អំពីការពង្រឹងទំនាក់ទំនងកិច្ចសហការ និងការសម្របសម្រួលរវាងក្រុមប្រឹក្សាប្រភេទផ្សេងទៀត មន្ទីរ អង្គភាពពាក់ព័ន្ធនានា អ្នកផ្ដល់សេវា អង្គការមិនមែនរដ្ឋាភិបាល ក្រុមអ្នកស្ម័គ្រចិត្ដ និងសហគមន៍ ដើម្បីធានាថាសកម្មភាពទាំងឡាយ ត្រូវបានគាំទ្រដល់ស្ដ្រី យុវវ័យ និងកុមារ
- ពិនិត្យមើលលើការអនុវត្ដគោលនយោបាយសមភាពយេនឌ័រ និងស្ថានភាពរបស់ស្ដ្រី យុវវ័យ និងកុមារ ជាពិសេសដើម្បីកំណត់រកគម្លាតផ្សេងៗនៅក្នុងការទទួលបានសេវានានា និងដើម្បីលើកអនុសាសន៍ក្នុងការដោះស្រាយបញ្ហាទាំងនេះ
- រាយការណ៍ជូនក្រុមប្រឹក្សាខេត្ត លើបញ្ហាដែលទាក់ទងនឹងសមភាពយេនឌ័រ ការបង្កើនសមត្ថភាពដល់ស្ដ្រី និងបញ្ហារបស់យុវវ័យ និងកុមារ
- គាំទ្រគ្រប់កិច្ចខិតខំប្រឹងប្រែង ដើម្បីកៀរគរមូលនិធិសម្រាប់ការងារសមភាពយេនឌ័រ ស្ដ្រី យុវវ័យ និងកុមារក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត។
បញ្ជាក់ ៖
+ គ.ក.ស.ក ត្រូវជួយក្រុមប្រឹក្សាខេត្តរបស់ខ្លួនក្នុងការឆ្លើយតបនឹងតម្រូវការ និងផ្ដល់ការគាំទ្រនានាដល់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាសង្កាត់ ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងបញ្ហាស្ដ្រី យុវវ័យ និងកុមារនៅក្នុងឃុំ សង្កាត់នីមួយៗ។
+ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈកម្មាធិការដទៃទៀត ត្រូវយកចិត្ដទុកដាក់គិតគូរលើអនុសាសន៍របស់ គ.ក.ស.ក និងធ្វើការសម្រេច ដើម្បីចាត់វិធានការនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
+ ក្រុមប្រឹក្សាខេត្តត្រូវផ្ដល់ការគាំទ្រផ្នែកលេខាធិការដ្ឋាន និងការគាំទ្រដទៃទៀតដល់ គ.ក.ស.ក របស់ខ្លួន។
របៀបរបបការងាររបស់ គ.ក.ស.ក
កែប្រែក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ត្រូវពិនិត្យពិចារណាលើចំណុចមួយចំនួន ដូចខាងក្រោម ៖
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារអាចស្នើសុំក្រុមប្រឹក្សាខេត្ត ដើម្បីបង្កើតអនុគណៈកម្មការ ឬក្រុមការងារតាមតម្រូវការនៃច្បាប់ លិខិតបទដ្ឋាននានា និងតាមការចាំបាច់ ដើម្បីជួយគណៈកម្មាធិការក្នុងការសិក្សា ស្រាវជ្រាវ ឬលើកយោបល់លើបញ្ហានានាដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ តាមរយៈក្រុមប្រឹក្សាខេត្ត មានសិទ្ធិអញ្ជើញប្រធាន ឬតំំណាងគណៈកម្មាធិការនានានៃក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាព ក្រុមយុវវ័យ និងកុមារ ដែលពាក់ព័ន្ធនឹងកិច្ចការស្ដ្រី យុវវ័យ និងកុមារ ឬអ្នកពាក់ព័ន្ធផ្សេងៗទៀតចូលរួមប្រជុំ ដើម្បីផ្ដល់ព័ត៌មានពាក់ព័ន្ធដល់គណៈកម្មាធិការនានា
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារមានសិទ្ធិចូលរួមនៅក្នុងរាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការនានា និងគណៈអភិបាលខេត្ត លើកលែងតែកិច្ចប្រជុំសម្ងាត់។ គណៈកម្មាធិការអាចចាត់តាំងសមាជិករបស់ខ្លួនយ៉ាងច្រើនពីររូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងកិច្ចប្រជុំរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។ សមាជិកដែលចាត់តាំងទាំងនេះ មានសិទ្ធិបញ្ចេញយោបល់ក្នុងកិច្ចប្រជុំនានាដូចគ្នា នឹងសមាជិកដទៃផ្សេងទៀតនៃអង្គប្រជុំដែរ។ ក្នុងករណីសមាជិកដែលត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំ ជាសមាជិកក្រុមប្រឹក្សា ខេត្ត សមាជិកនេះមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ប៉ុន្ដែមិនមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំរបស់គណៈ អភិបាលខេត្តបានឡើយ
- ក្នុងការចូលរួមក្នុងកិច្ចប្រជុំខាងលើទាំងនេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារមានសិទ្ធិទទួលបាននូវរបៀបវារៈ និងឯកសារសម្រាប់កិច្ចប្រជុំនោះដូចសមាជិកអង្គប្រជុំដទៃទៀតដែរ
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវរៀបចំ និងផ្ញើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនក្រុមប្រឹក្សាខេត្ត។ របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ត្រូវរួមបញ្ចូលនូវ ៖
- ស្ថានភាពរួមនៃការចូលរួមរបស់ស្ដ្រីក្នុងការលើកកម្ពស់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ និងស្ថានភាពរបស់កុមារនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត
- សមិទ្ធិផល និងបញ្ហាប្រឈមរបស់គណៈកម្មាធិការ និងអនុសាសន៍ដើម្បីពង្រឹងគណៈកម្មាធិការនេះ
- អនុសាសន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់ស្ដ្រី នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវធ្វើការប្រជុំ មុននឹងលើកយោបល់លើបញ្ហាណាមួយ ឬមួយចំនួនជូនក្រុមប្រឹក្សាខេត្ត ឬនិងគណៈអភិបាលខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជាទៀងទាត់ ដោយភ្ជាប់ជាមួយនូវរបៀបវារៈ និងឯកសារពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំទាំងនេះ គណៈកម្មាធិការត្រូវ ៖
- ពិនិត្យ និងអនុម័តលើផែនការសកម្មភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- ពិភាក្សាលើដំណើរការ និងបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងគោលដៅនៃផែនការសកម្មភាព និងលើកជាអនុសាសន៍សម្រាប់ដោះស្រាយ
- ពិភាក្សាលើជំហានបន្ទាប់សម្រាប់អនុវត្ដផែនការសកម្មភាពរបស់គណៈកម្មាធិការ
- ពិនិត្យ និងពិភាក្សាលើរបាយការណ៍ ឬកំណត់ហេតុនៃកិច្ចប្រជុំ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត។
- ក្នុងករណីចាំបាច់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារអាចរៀបចំកិច្ចប្រជុំវិសាមញ្ញ បានតាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការ ឬតាមសំណើរបស់ក្រុមប្រឹក្សាខេត្ត ឬតាមសំណើរបស់គណៈអភិបាលខេត្ត ឬតាមសំណើរបស់សមាជិកមួយភាគបីនៃចំនួនសមាជិកគណៈកម្មាធិការទាំងមូល
- រាល់កិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារអាចប្រព្រឹត្ដទៅបាន លុះត្រាតែមានសមាជិកចូលរួមលើសពីពាក់ កណ្ដាលនៃចំនួនសមាជិកគណៈកម្មាធិការទាំងមូល
- សេចក្ដីសម្រេចរបស់អង្គប្រជុំអាចយកជាការបាន លុះត្រាមានសម្លេងអនុម័តលើសពីពាក់កណ្ដាល នៃចំនួនសមាជិកគណៈកម្មាធិការទាំងមូល។ ក្នុងករណីដែលចំនួនសម្លេងស្មើគ្នា សម្លេងរបស់ប្រធានអង្គប្រជុំមានឧត្ដមានុភាព។ រាល់កិច្ចប្រជុំរបស់គណៈកម្មាធិការត្រូវមានកំណត់ហេតុនៃកិច្ចប្រជុំ
- រាល់កិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារត្រូវរៀបចំជាសាធារណៈ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារអាចរៀបចំកិច្ចប្រជុំជាសម្ងាត់បាន ដូចជា ករណីរំលោភសេពសន្ធវៈ ការរំលោភបំពានលើកុមារដែលតម្រូវឱ្យមានកិច្ចការពារកិត្ដិយស ឬសុវត្ថិភាពរបស់បុគ្គល។
បញ្ជាក់ ៖
+ ក្នុងការចូលរួមក្នុងកិច្ចប្រជុំខាងលើទាំងនេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារមានសិទ្ធិទទួលបាននូវរបៀបវារៈ និងឯកសារសម្រាប់កិច្ចប្រជុំនោះដូចសមាជិកអង្គប្រជុំដទៃទៀតដែរ។
ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ និងគណៈកម្មាធិការដទៃទៀត ត្រូវយកចិត្ដទុកដាក់គិតគូរលើអនុសាសន៍របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ និងធ្វើការសម្រេច ដើម្បីចាត់វិធានការនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។