គណៈអភិបាលខេត្ត
៣.២សមាសភាពគណៈអភិបាលខេត្ត
កែប្រែគណៈអភិបាលខេត្តមានតួនាទី និងភារកិច្ចចម្បងៗដូចខាងក្រោម ៖
- គណៈអភិបាលខេត្តត្រូវធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្ដល់យោបល់ជូនក្រុមប្រឹក្សាខេត្តអំពីកិច្ចការនានាដែលពាក់ព័ន្ធនឹងសិទ្ធិអំណាចខាងបញ្ញត្ដិ និង សិទ្ធិអំណាចខាងប្រតិបត្ដិរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការពិភាក្សា អនុម័តក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញទាក់ទងនឹង ៖
-ការពិនិត្យមុខងារ ភារកិច្ច និងធនធានទាំងអស់ដែលបានប្រគល់ ឬបានផ្ទេរមកឱ្យក្រុមប្រឹក្សាខេត្ត និងអំពីរបៀបរបប បែបបទនីតិវិធី នៃការអនុវត្ដមុខងារ ភារកិច្ច និងការចាត់ចែងធនធានទាំងនោះ
- ការរៀបចំយុទ្ធសាស្ដ្រ និងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន ដើម្បីទទួលយកមុខងារ ភារកិច្ច និងធនធាន ដែលបានប្រគល់ ឬបានផ្ទេរ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ។
- ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ
- ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ
- គម្រោងថវិកាប្រចាំឆ្នាំ
- ការបង្កើត ការកែសម្រួល ឬការរំសាយទីចាត់ការ ឬការិយាល័យនានា
- ការរៀបចំតួនាទី ភារកិច្ច និងលក្ខខណ្ឌការងាររបស់បុគ្គលិក
- ការតែងតាំង ការដំឡើងថ្នាក់ឋានន្ដរសក្ដិ និងការបញ្ឈប់បុគ្គលិក
- ការកំណត់លក្ខណសម្បត្ដិនៃការជ្រើសរើស ការតែងតាំង ការកំណត់ប្រាក់បៀវត្ស និងកម្រៃផ្សេងៗនៃបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
- ការកំណត់នីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ទីចាត់ការ និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
- ការកំណត់យុទ្ធសាស្ដ្រ ដើម្បីអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
- ការរៀបចំរបាយការណ៍ប្រចាំឆ្នាំដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័តមិនឱ្យលើសពី៤៥ថ្ងៃ បន្ទាប់ពីដំណាច់ឆ្នាំនីមួយៗដែលពាក់ព័ន្ធនឹង៖
+ ដីកា និងសេចក្ដីសម្រេចនានា ដែលបានដាក់ចេញដោយក្រុមប្រឹក្សាខេត្ត ព្រមទាំងសកម្មភាព និងលទ្ធផលនៃការអនុវត្ដដីកា និង សេចក្ដី សម្រេចទាំងនោះ ។
+ របាយការណ៍ហិរញ្ញវត្ថុ
+ ការវាយតម្លៃអំពីការបំពេញការងាររបស់គណៈអភិបាលខេត្ត និងបុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត
+ វិធានការចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្ដការងាររបស់ក្រុមប្រឹក្សាខេត្ត
+ វិធានការចាំបាច់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ
+ កិច្ចការផ្សេងៗទៀត ដែលក្រុមប្រឹក្សាខេត្តយល់ឃើញថាចាំបាច់ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន
- របាយការណ៍ប្រចាំខែ ត្រីមាស និងឆមាស
-ការបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការងារនានាតាមការចាំបាច់ដើម្បីជួយដល់ការអនុវត្ដការងាររបស់ក្រុមប្រឹក្សាខេត្ត
-ការរៀបចំយុទ្ធសាស្ដ្រផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ដូចជាការរៀបចំក្ដារព័ត៌មាន ការបិទផ្សាយព័ត៌មាននៅលើក្ដារព័ត៌មាន និងការស្វះស្វែងរក មធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
- កិច្ចការផ្សេងៗទៀតដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា និងដែលតម្រូវដោយក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- នៅពេលបានទទួលរបាយការណ៍ ឬព័ត៌មានអំពីការរំលោភអំណាចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គណៈអភិបាលខេត្តត្រូវធ្វើការស៊ើបអង្កេត ជាបន្ទាន់។ ប្រសិនបើរកឃើញថាមានការរំលោភអំណាចពិតប្រាកដមែន គណៈអភិបាលខេត្តត្រូវធ្វើសេចក្ដីរាយការណ៍ ជាបន្ទាន់ជូនក្រុមប្រឹក្សាខេត្ត និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
អភិបាលខេត្តមានតួនាទីជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងខេត្ត។ ក្នុងតួនាទីជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលនេះ អភិបាលខេត្តត្រូវ ៖
- ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងធានាឱ្យមានការអនុវត្ដច្បាប់ ព្រមទាំងធានាឱ្យមាន ការការពារ និងគោរពសិទ្ធិមនុស្សចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត
- ធ្វើជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការដឹកនាំ សម្របសម្រួលមន្ទីរ អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ និង រដ្ឋបាលសង្កាត់ ដើម្បីធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងខេត្ត
- ណែនាំដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្តឱ្យអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាម ច្បាប់គោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្ដ ដែលពាក់ព័ន្ធនឹងមន្ទីរ អង្គភាព និងទីភ្នាក់ងារនីមួយៗនោះ
- សម្របសម្រួលតម្រង់ទិសដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ក្នុងការឆ្លើយតបតម្រូវការជាអាទិភាពនៅមូលដ្ឋាន។ ក្នុងករណីកិច្ចការទាំងឡាយណាដែលមានការពាក់ព័ន្ធច្រើនវិស័យ អភិបាលខេត្តត្រូវធ្វើការសម្របសម្រួលជាមួយមន្ទីរ អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីរួមគ្នាអនុវត្ដកិច្ចការនោះ ដោយផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា និងតម្រូវ ការអាទិភាពរបស់មូលដ្ឋាន។ តាមរយៈគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តត្រូវធ្វើការសម្របសម្រួល តម្រង់ទិសដល់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ក្នុងការធ្វើសមាហរណកម្មផែនការ និងថវិកា របស់ខ្លួនទៅក្នុងផែនការ និងថវិការបស់ក្រុមប្រឹក្សាខេត្ត
- ពិនិត្យវាយតម្លៃ ផ្ដល់មូលវិចារណ៍ និងដាក់ពិន្ទុដល់ប្រធានមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ននានា តាមគោលការណ៍កំណត់
- ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាខេត្តជាមុន ក្នុងការផ្ដល់យោបល់ដល់រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នលើបេក្ខភាពដែលស្នើតែងតាំងជាប្រធានមន្ទីរ អង្គភាពរបស់ក្រសួង ស្ថាប័ននានាដែលប្រចាំនៅខេត្ត។ ក្នុងករណីមិនគាំទ្រចំពោះបេក្ខភាព ដែលស្នើតែងតាំងជាប្រធានមន្ទីរ អង្គភាពណាមួយ អភិបាលខេត្ត ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ច្បាស់អំពីហេតុផលដែលមិនគាំទ្រនោះ ជូនរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ដើម្បីពិនិត្យ ពិចារណា និងចាត់វិធានការដូចខាងក្រោម ៖
-ក្នុងករណីរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីឯកភាពតាមរបាយការណ៍របស់អភិបាលខេត្ត រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ត្រូវផ្លាស់ប្ដូរបេក្ខភាពដែលបាន ស្នើឡើងឱ្យបានសមស្រប
-ក្នុងករណីរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីស្រាវជ្រាវឃើញថា ហេតុផលដែលបានបញ្ជាក់ ក្នុងរបាយការណ៍របស់អភិបាលខេត្ត ពុំមានមូលដ្ឋានច្បាស់លាស់ រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីត្រូវបញ្ជាក់ជូនអភិបាលខេត្ត ដើម្បីទទួលយកបេក្ខភាពដែលបានស្នើតែងតាំងនោះ។ ក្នុងករណីមិនមានការឯកភាពរវាងអភិបាលខេត្តជាមួយរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីទៅលើបេក្ខភាពដែលស្នើតែងតាំងនោះ រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីត្រូវធ្វើសេចក្ដីរាយការណ៍ជូនប្រមុខ រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ អភិបាលខេត្តត្រូវរាយ ការណ៍ករណីនេះជូនក្រុមប្រឹក្សាខេត្តរបស់ខ្លួន និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
- ធ្វើការណែនាំជាបន្ទាន់ដល់ប្រធានមន្ទីរ អង្គភាព និងអ្នកទទួលខុសត្រូវទីភ្នាក់ងារឱ្យធ្វើការកែលម្អឡើងវិញជាបន្ទាន់ នៅពេលពិនិត្យ ឃើញមាន ភាពមិនប្រក្រតីក្នុងមន្ទីរ អង្គភាព និងទីភ្នាក់ងារណាមួយ ឬមានការប្រព្រឹត្ដខុសឆ្គងរបស់ប្រធានមន្ទីរ អង្គភាព និងអ្នកទទួលខុសត្រូវ ទីភ្នាក់ងារណាមួយនោះ
- រាយការណ៍ជាលាយលក្ខណ៍អក្សរជាបន្ទាន់ទៅរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីនៃមន្ទីរ អង្គភាព និងទីភ្នាក់ងារសាមី ក្នុងករណីដែលប្រធានមន្ទីរ អង្គភាព និងអ្នកទទួលខុសត្រូវនោះ មិនបានកែប្រែ ឬក្នុងករណីភាពមិនប្រក្រតី ឬការប្រព្រឹត្ដខុសឆ្គងខាងលើមានលក្ខណៈធ្ងន់ធ្ងរ។ រដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ត្រូវធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ ដើម្បីដោះស្រាយទៅតាមច្បាប់
- មានសិទ្ធិស្នើជាលាយលក្ខណ៍អក្សរទៅរដ្ឋមន្ដ្រី ឬប្រធានស្ថាប័ន ដើម្បីដកហូតពីមុខតំណែងប្រធានមន្ទីរ អង្គភាព ឬអ្នកទទួលខុសត្រូវទីភ្នាក់ងារ ណាមួយដែលប្រព្រឹត្ដខុសឆ្គង ហើយដែលមិនអាចធ្វើយុត្ដកម្មបាន។
បញ្ជាក់ ៖
- ដើម្បីធានាឱ្យអភិបាលខេត្តអនុវត្ដនូវតួនាទីនិងភារកិច្ចខាងលើនេះ សេចក្ដីរាយការណ៍ប្រចាំខែ ត្រីមាសឆមាស និងប្រចាំឆ្នាំរបស់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅខេត្ត ទៅរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមីត្រូវដាក់ជូនអភិបាលខេត្ត ដើម្បីពិនិត្យផ្ដល់យោបល់ជាមុន។ ប្រសិនបើឯកភាព អភិបាលខេត្តត្រូវចុះហត្ថលេខាលើរបាយការណ៍នេះជាមួយប្រធានមន្ទីរ អង្គភាព និងអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារនោះ។
-ចំពោះសេចក្ដីរាយការណ៍ក្រៅពីនោះរបស់មន្ទីរ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួងស្ថាប័នដែលប្រចាំនៅខេត្តត្រូវចម្លងជូនសាលាខេត្ត។
របៀបរបបការងាររបស់គណៈអភិបាលខេត្ត
កែប្រែក្នុងការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួន គណៈអភិបាលខេត្ត អភិបាលខេត្ត អភិបាលរងខេត្តត្រូវពិនិត្យ ពិចារណាលើចំណុចសំខាន់ៗ មួយចំនួនដែលពាក់ព័ន្ធនឹងរបៀបរបបអនុវត្ដការងារដូចខាងក្រោម ៖
- ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន អភិបាលខេត្តត្រូវគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា និងការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និងត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ននានា ស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា
- ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន និងការងារដទៃទៀត ដែលខ្លួនយល់ឃើញថាចាំបាច់ អភិបាលខេត្តត្រូវយកការងារទាំងនោះ មកពិគ្រោះ ពិភាក្សាក្នុងគណៈអភិបាលខេត្តរបស់ខ្លួន ដោយឈរលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ព្រមទាំងការសម្រេច និងគោលការណ៍ ណែនាំពីក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- អភិបាលខេត្តត្រូវទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាខេត្តអំពីសកម្មភាពការងារទាំងអស់របស់គណៈអភិបាលខេត្ត។ អភិបាលរងខេត្តត្រូវទទួលខុសត្រូវ ចំពោះមុខអភិបាលខេត្ត លើភារកិច្ចនានាដែលបានប្រគល់ ហើយត្រូវរួមជាមួយអភិបាល ខេត្តក្នុងការទទួលខុសត្រូវអំពីការសម្រេច និងសកម្មភាពក្នុងគណៈអភិបាលខេត្តរបស់ខ្លួន
- ដើម្បីធានានូវគោលការណ៍នៃការអនុវត្ដការងារ គណៈអភិបាលខេត្តត្រូវជួបប្រជុំគ្នាប្រចាំអឌ្ឍមាស។ ការប្រជុំអឌ្ឍមាសទី២នៃខែនីមួយៗជាការ ប្រជុំប្រចាំខែ។ ក្រៅពីការប្រជុំប្រចាំអឌ្ឍមាស និងការប្រជុំប្រចាំខែ គណៈអភិបាលខេត្តអាចកោះប្រជុំតាមការចាំបាច់។ រៀងរាល់កិច្ចប្រជុំ ត្រូវមាន កំណត់ហេតុនៃកិច្ចប្រជុំ ។
- គណៈអភិបាលខេត្ត ត្រូវប្រជុំពិភាក្សាដើម្បីបែងចែកភារកិច្ចដល់អភិបាលខេត្ត និងអភិបាលរងខេត្ត ហើយសុំការសម្រេចពីក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- អភិបាលខេត្ត ត្រូវចុះហត្ថលេខាលើលិខិតស្នាមរដ្ឋបាលសម្រាប់ចាត់ចែងការងារប្រចាំថ្ងៃ ដើម្បីអនុវត្ដសេចក្ដីសម្រេចនៃក្រុមប្រឹក្សាខេត្តរបស់ខ្លួន លើកលែងតែលិខិតបទដ្ឋានដែលតម្រូវឱ្យប្រធានក្រុមប្រឹក្សាខេត្តចុះហត្ថលេខា ក្នុងនាមក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- អភិបាលខេត្ត អាចប្រគល់សិទ្ធិដល់អភិបាលរងខេត្ត ក្នុងការចុះហត្ថលេខាលើឯកសារ លិខិតស្នាមរដ្ឋបាលចាំបាច់មួយចំនួន ក្នុងក្របខ័ណ្ឌនៃភារកិច្ច ដែលបានបែងចែកជូនអភិបាលរងខេត្តនីមួយៗ ។ អភិបាលខេត្តត្រូវទទួលខុសត្រូវអំពីភាពត្រឹមត្រូវតាមច្បាប់ និងបែបបទនីតិវិធីចំពោះឯកសារ លិខិតស្នាម ដែលបានប្រគល់សិទ្ធិចុះហត្ថលេខាដល់អភិបាលរងខេត្តទាំងនោះ
- អភិបាលខេត្តមានសិទ្ធិដកហូតមកវិញនូវសិទ្ធិចុះហត្ថលេខាពីអភិបាលរងណាមួយ ដែលប្រើប្រាស់អំណាចនេះ មិនស្របច្បាប់ និងមិនស្របតាមបែបបទនីតិវិធី ។ ការប្រគល់ និងការដកហូតសិទ្ធិក្នុងការចុះហត្ថលេខានេះ អភិបាលខេត្តត្រូវរាយការណ៍ ជូនក្រុមប្រឹក្សាខេត្តរបស់ខ្លួន
- ក្នុងករណីអភិបាលខេត្តអវត្ដមាន អភិបាលខេត្តត្រូវផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរជូនអភិបាលរងខេត្តមួយរូប ឱ្យទទួលជាអភិបាលខេត្តស្ដីទី។ ប្រសិនបើអភិបាលខេត្តអវត្ដមានដោយពុំបានផ្ទេរសិទ្ធិ អភិបាលរងខេត្តដែលស្ថិតនៅលំដាប់លេខរៀងលើគេ នៃអនុក្រឹត្យតែងតាំងអភិបាលរងនៃគណៈអភិបាលខេត្ត ត្រូវធ្វើជាអភិបាលខេត្តស្ដីទី។ ក្នុងករណីដែលអភិបាលខេត្តស្ដីទីអវត្ដមាន រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃត្រូវចេញប្រកាស ដើម្បីប្រគល់ភារកិច្ចដល់អភិបាលរងខេត្តមួយរូបឱ្យទទួលជាអភិបាលខេត្តស្ដីទី។ អភិបាលខេត្តស្ដីទីត្រូវរាយការណ៍រាល់កិច្ចការដែលបានអនុវត្ដជូនអភិបាលខេត្ត នៅពេលដែលអភិបាលខេត្តមានវត្ដមានវិញ
- គណៈអភិបាលខេត្ត ឬអភិបាលខេត្ត ឬអភិបាលរងខេត្ត ដែលបានសម្រេច និងឬដែលបានអនុវត្ដកិច្ចការណាមួយផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា ឬកិច្ចការណាដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ហើយពុំបានទទួលការសម្រេចពីក្រុមប្រឹក្សាខេត្ត ការសម្រេច ឬសកម្មភាពនោះពុំមានសុពលភាពឡើយ។ គណៈអភិបាលខេត្ត ឬអភិបាលខេត្ត ឬអភិបាលរងខេត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អំពីការសម្រេច ឬសកម្មភាពទាំងនេះ។