គុក​កោះ​ត្រឡាច

គុកកោះត្រឡាច គុកកោះត្រឡាចជាគុកសំរាប់ឃុំអ្នកទោសនយោបាយខ្មែរកាលពីសម័យអាណានិគមបារាំង។ នៅឆ្នាំ ១៩៣៦ មានព្រឹត្តិការណ៍មួយ បានកើតឡើង ដោយក្រុមបញ្ញវ័ន្ត អ្នកស្នេហាជាតិមួយក្រុម ដែលបន្តវេនពីអាចារ្យ ស្វា ពោធិកំបោរ អ្នកតស៊ូដេញបារាំងនៃសតវត្សទី១៩។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ១៩៣៦ សិស្សវិទ្យាល័យ ស៊ីសុវត្ថិ នាំគ្នាធ្វើកូដកម្មប្រឆាំងនឹងបារាំង ព្រោះបារាំង បានតម្រូវឲ្យសិស្ស លើសពីអាយុ ២០ឆ្នាំឡើងទៅ បង់ពន្ធដារ។ ក្រោយមកក្រុមបញ្ញវ័ន្តខ្មែរ បាននាំគ្នាបង្កើត កាសែតជាភាសាខ្មែរមួយឈ្មោះ នគរវត្ត។ គឺជាកាសែតភាសាខ្មែរមុនដំបូងគេបង្អស់ដែលបានក្លាយទៅជាមូលដ្ឋានមួយដ៏សំខាន់ នៃការតស៊ូប្រឆាំងនឹងបារាំង។ កាសែត នគរវត្ត ដែលត្រូវបង្កើតឡើងនៅខែធ្នូ ១៩៣៦ ដោយបញ្ញវ័ន្តខ្មែរបីរូប គឺលោក ស៊ឺង ង៉ុកថាញ់, ប៉ាច ឈឺន និង ស៊ឹម វ៉ា មានឥទ្ធិពលដ៏ធំ ទៅលើប្រជាជនខ្មែរ​ព្រោះជាកាសែតសរសេរជាភាសាខ្មែរ។ ក្រោយមកមានអ្នកចូលរួមជាច្រើនដូចជា៖ លោក ប៊ុណ្ណ ចាន់ម៉ុល, លោក នួន ឌួង, លោក នួន ប៊ុត(ម្ចាស់ បណ្ណាគារ ប៊ុត នាង), លោក អ៊ុក សេន, លោក ស៊ុន វ៉ាន់, លោក ប៊ូ ហ៊ង, លោក ជុំ មួង, លោកគ្រូអាចារ្យ ហែម ចៀវ

ដោយសារមានអ្នកចូលចិត្តអានកាសែតនេះ​ កាន់តែច្រើនព្រោះ កាសែតនេះហ៊ាននិយាយប្រឆាំងនឹងបារាំងជាច្រើន ដោយមិនខ្លាចពួកបារាំងឡើយ។ ក្រោយមកកាសែតនេះត្រូវបារាំងធ្វើការហាមប្រាណយ៉ាងខ្លាំងក្នុងការចេញផ្សាយអត្ថបទកាសែត។ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤២ លោកគ្រូអាចារ្យ ហែម ចៀវ ត្រូវបានពួកបារាំងចាប់ខ្លួន ពីបទប្រឆាំង និងការបកប្រែឯកសារភាសាថៃ ដែលមានលក្ខណៈបំបះបោរ។ ដោយសារតែការចាប់ខ្លួនលោកគ្រូអាចារ្យ ហែម ចៀវ នេះហើយបានធ្វើឲ្យមាននូវមហាបាតុកម្មដ៏ធំមួយ ដែលត្រូវបានគេដាក់ឈ្មោះថា សង្រ្គាមឆ័ត្រ ដោយមានអ្នកស្មារតីជាតិនិយម ពួកបញ្ញវ័ន្ត ជាពិសេសព្រះសង្ឃ។ អ្នកដែលចូលរួមមហាបាតុកម្មនេះ មានចំនួន ១០០០ ដែលធ្វើឡើងនៅថ្ងៃទី២០ កក្កដា ១៩៤២ ក្នុងនោះមានព្រះសង្ឃចំនួន ៥០០អង្គ ភាគច្រើនជាព្រះសង្ឃនិមន្តមកពីវត្តឧណ្ណាម និង វត្តលង្កា។ ចំពោះក្រុមបញ្ញវ័ន្តមានដូចជា៖ ប៉ាច ឈឺន, ស៊ឺង ង៉ុកថាញ់, នួន ឌួង, ព្រះតេគុណ ប៉ាង ខាត់…ជាដើម។

ក្រោយមកបាតុកម្មនេះត្រូវបានបារាំងបំបែកបាន ហើយបានចាប់ខ្លួនអ្នកដែលបានចូលរួមសំខាន់មួយចំនួន ទៅដាក់គុកនៅកោះត្រឡាច។ កោះត្រឡាច (សព្វថ្ងៃនេះ កោះត្រឡាច មានឈ្មោះថា កូងដារ ដែលស្ថិតនៅក្នុងប្រទេសវៀតណាម) មានវិសាលភាពធំធេង ស្ថិតនៅក្នុងសមុទ្រចិនប៉ែកខាងត្បូង មានផ្ទះរាប់រយខ្នងសង់តាមមាត់សមុទ្រ…ព្រៃព្រឹក្សាគ្របលើភ្នំ ដីមានជីជាតិ។ គុកនេះ មានដាក់អ្នកទោសនយោបាយកម្រិតធ្ងន់ ខ្មែរ-យួន ខាងយួនមាន ផាំ វ៉ាន់ដុង និង ពួកឧក្រិដ្ឋជនដទៃទៀត។ បើតាមដំណាលតៗគ្នាមកថា បារាំងចាប់អ្នកស្នេហាជាតិ អ្នកធ្វើបដិវត្តន៍ជំនាន់មុខជាច្រើនដូចជា៖ ពោធិកំបោរ, ម៉ឺនពាង, អាចារ្យស្វា, ក្រឡាហោមគង់ ឧកញ៉ា ពិស្ណុលោកឈូក យកទៅប្រោសចោល ឯកោះត្រឡាចផងដែរ។​