គោល នយាបាយ និង យុទ្ធសាស្ត្រ ICT ក្នុង វិស័យ អប់រំ នៅ កម្ពុជា
អារម្ភកថា
កែប្រែគោលនយោបាយ យុទ្ធសាស្ត្របច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ក្នុងវិស័យអប់រំនៅកម្ពុជា បានបង្ហាញពីដំណាក់កាលមួយនៃការងារសំខាន់របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការធ្វើកំណែទម្រង់សេវាអប់រំនៅកម្ពុជាអោយមានប្រសិទ្ធភាពខ្ពស់ និង ឈានចូលទៅរកបរិបទថ្មីនៃសាកលភាវូបនីយកម្ម ។ គោលនយោបាយយុទ្ធសាស្ត្របច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ក្នុងវិស័យអប់រំនៅកម្ពុជានេះ គឺជាសមិទ្ធផលសម្រេចបានពីវេទិកាពិភាក្សាពិគ្រោះយោបល់ជាមួយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិអង្គការអន្តរជាតិនានាជាបន្តបន្ទាប់ ទាំងនៅក្នុងប្រទេស និង ក្នុងតំបន់ ព្រមទាំងឆន្ទៈនិង ការខិតខំប្រឹងប្រែងរបស់មន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និង កីឡា ។ គោលនយោបាយ យុទ្ធសាស្ត្របច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងវិស័យអប់រំនៅកម្ពុជា ជាមាគ៌ាដ៏ត្រឹមត្រូវស្របតាមនិន្នាការពិភពលោកដែលជាយុទ្ធសាស្ត្រនិង ជាចំណុចដៅរបស់ផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា ។ គោលនយោបាយ និងយុទ្ធសាស្ត្រនេះក៏សង្កត់ធ្ងន់ផងដែរលើការពង្រឹងការងារអប់រំក្រៅប្រព័ន្ធ ការសិក្សាពីចម្ងាយ ការបណ្តុះបណ្តាលជំនាញ ការបង្កើនគុណភាពអប់រំនៅមធ្យមសិក្សាទុតិយភូមិនិង ក្រោយមធ្យមសិក្សាតាមរយៈ បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ដែលជាតម្រូវការក្នុងការបំពេញអាជីពនៅក្នុងសង្គមផ្អែកលើពុទ្ធិ និង ការកសាងភាពជាដៃគូអោយបានល្អរវាងស្ថាប័នរាជរដ្ឋាភិបាល សហគមន៍ វិស័យឯកជន អង្គការជាតិ និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ។ គោលនយោបាយ យុទ្ធសាស្ត្របច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍បានបញ្ជាក់ច្បាស់អំពីការជួយគាំទ្រ និង លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានសម្រាប់ជនជួបការលំបាក ។ ឯកសារស្តីពីផែនការ យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ឆ្នាំ លើកទី២ គោលដៅអភិវឌ្ឍសហស្សវត្ស និងឯកសារផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០០៤-០៨ សុទ្ធតែបានផ្តល់នូវគំនិតសំខាន់ៗនិង ការណែនាំជាច្រើន សម្រាប់ការរៀបចំការកសាងគោលនយោបាយ និង យុទ្ធសាស្ត្រនេះដើម្បីធានាបានការ លើកទឹកចិត្ត និង ការបណ្តុះបណ្តាលមន្ត្រីអប់រំអោយមានជំនាញជាក់លាក់ ។ ជាទីបញ្ចប់ក្រសួងអប់រំ យុវជន និង កីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីជំនាញរបស់ក្រសួងអប់រំ យុវជន និង កីឡា អ្នកបច្ចេកទេស ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ អង្គការស៊ីវិល និង ឯកជន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងគោលនយោបាយ យុទ្ធសាស្ត្របច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ។ជាពិសេសនោះ ក្រសួងសូមថ្លែងនូវការកោតសរសើរ និង កតញ្ញូតាធម៌យ៉ាងខ្ពង់ខ្ពស់ចំពោះអង្គការ UNESCO ដែលបានផ្តល់ជំនួយបច្ចេកទេស និង ហិរញ្ញវត្ថុ ដោយបានសហការយ៉ាងល្អពិសេស ជាមួយអ្នកបច្ចេកទេសរបស់ក្រសួង ក្នុងកិច្ចការធ្វើអោយសម្រេចគោលនយោបាយ និង យុទ្ធសាស្ត្រដ៏មានប្រយោជន៍ចំពោះកុលបុត្រកុលធីតាខ្មែរ ។ ក្រសួងអប់រំ យុវជន និង កីឡា សង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយយុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នេះ នឹងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព ។
ចក្ខុវិស័យ
កែប្រែចក្ខុវិស័យរយៈពេលវែង សម្រាប់ការអប់រំសម្រាប់ទាំងអស់គ្នានៅកម្ពុជា គឺការធានាការអប់រំប្រជាពលរដ្ឋគ្រប់រូប អោយទទួលបានដោយស្មើភាពនូវការអប់រំមូលដ្ឋានប្រកបដោយគុណភាព ព្រមទាំងត្រៀមលក្ខណៈជូនប្រជាពលរដ្ឋទាំងនោះអោយបំពេញតួនាទីដ៏សកម្មមួយនៅក្នុងការកសាងប្រទេសជាតិខ្លួនឡើងវិញ សំដៅធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍សកលលោកផ្អែកលើពុទ្ធិ ។ ក្រសួងអប់រំ យុវជន និង កីឡា កំពុងតែផ្តួចផ្តើមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង សារគមនាគមន៍អោយកាន់តែទូលំទូលាយ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំសម្រាប់ទាំងអស់គ្នានៅគ្រប់កម្រិតសិក្សា ដើម្បីកសាងកំលាំងពលករជាអក្ខរជនបច្ចេកវិទ្យា ដែលសកម្មផលិត និង មានសមត្ថភាពវិភាគពិចារណាជូនជាតិ ។
គោលបំណង
កែប្រែ- លើកកម្ពស់ការចូលសិក្សានៅកម្រិតអប់រំមូលដ្ឋាន សម្រាប់ទាំងអស់គ្នាទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ជាឧបករណ៍មួយនៅក្នុងចំណោមឧបករណ៍សំខាន់ៗសម្រាប់រៀន សម្រាប់ការបង្រៀន សម្រាប់ការសិក្សាស្រាវជ្រាវ និង សម្រាប់ចែករំលែកព័ត៌មាន ។
- លើកកម្ពស់គុណភាពអប់រំមូលដ្ឋានអោយបានប្រសើរជាងមុន ដោយជម្រុញការរៀនដោយខ្លួនឯងពេញមួយជីវិត ជាពិសេសនៅកម្រិតក្រោយបឋមសិក្សា ។
- បង្កើនសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក ដោយមានកំលាំងពលករដែលមានជំនាញបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ សម្រាប់ឆ្លើយតបចំពោះតម្រូវការការងារ ចេះប្រើប្រាស់ជំនាញទាំងនោះនៅក្នុងសង្គមផ្អែកលើពុទ្ធិ ។ ធានាថាកម្ពុជាពិតជាអាចប្រជែងបាន ។
គោលនយោបាយចំពោះបច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគមន៍ នៅក្នុងការអប់រំ
កែប្រែគោលនយោបាយ ស្តីពីបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ នៅក្នុងការអប់រំរបស់ក្រសួងអប់រំ យុវជន និង កីឡា ផ្តោតការយកចិត្តទុកដាក់ចំពោះផែនសំខាន់ៗចំនួន ៤ ៖
- ផែនទី១ ៖ បង្កលក្ខណៈឲ្យគ្រូ និង សិស្សគ្រប់រូបទាំងអស់ជាពិសេសនៅកម្រិតមធ្យមសិក្សា បានប្រាស្រ័យប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ ដោយធានាអះអាងថា បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ពិតជាត្រូវបានប្រើប្រាស់ជាយានជួយកាត់បន្ថយគំលាតឌីហ្សីថលរវាងសាលារៀនកម្ពុជា ជាមួយនឹងសាលារៀនផ្សេងៗទៀតនៅប្រទេសជិតខាង ។
- ផែនទី២ ៖ សង្កត់ធ្ងន់ទៅលើតួនាទី និង មុខងាររបស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសារគមនាគមន៍ ដែលជាឧបករណ៍សម្រាប់រៀន និង បង្រៀនទៅតាមមុខវិជ្ជាផ្សេងៗ និង ក៏ជាមុខវិជ្ជាដោយឡែកផងដែរ ។ ការទទួលព័ត៌មានតាមអ៊ិនធឺណែតបណ្តាញព័ត៌មានអន្តរជាតិ និង ការប្រាស្រ័យទាក់ទងគ្នាដែលកាន់តែសកម្មតាមរយៈអ៊ីមែល (សារអេឡិចត្រូនិច ) រវាងសាលារៀនជាមួយសាលារៀននិង រវាងបុគ្គលជាមួយបុគ្គលនោះអាចបំពេញមុខនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍន៍អាជីពជូនអ្នកអប់រំ ។ក្រៅពីវិទ្យុ និង ទូរទស្សន៍ ដែលជាឧបករណ៍សម្រាប់រៀន និង បង្រៀនដែរនោះគោលនយោបាយនេះក៏បានសង្កត់ធ្ងន់ទៅលើការប្រើប្រាស់កុំព្យូទ័រសម្រាប់ទទួលយកព័ត៌មានបង្កើនពុទ្ធិ និង ជំនាញផ្សេងៗ សម្រាប់ប្រាស្រ័យទាក់ទងគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានផងដែរ ។
- ផែនទី៣ ៖ លើកកម្ពស់ការអប់រំសម្រាប់ទាំងអស់គ្នា តាមរយៈការអប់រំពីចម្ងាយ និង ស្វ័យសិក្សា ជាពិសេសគឺនៅក្នុងចំណោមក្រុមកុមារ ក្រុមជំទង់និង ក្រុមជនពេញវ័យជួបការលំបាក ដែលបាត់បង់ឱកាសចូលសិក្សានៅកម្រិតគោលនយោបាយ និង យុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងការអប់រំនៅកម្ពុជាអប់រំមូលដ្ឋាន រួមមានអក្ខរកម្ម និង បណ្តុះបណ្តាលបំណិនដោយមិនគិតពី អាយុភេទ ជនជាតិភាគតិច ពិការភាព ឬ ទីកន្លែង ដោយគួបផ្សំជាមួយនឹងវិទ្យុ ទូរទស្សន៍ ឯកសារបោះពុម្ព និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំរុះ ។
- ផែនទី ៤ ៖ សង្កត់ធ្ងន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ ដើម្បីលើកកម្ពស់ផលិតភាព ភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពការគ្រប់គ្រងអប់រំ ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងនេះនឹងត្រូវបានប្រើប្រាស់កាន់តែច្រើន ដើម្បីធ្វើអោយការងារមានល្បឿនលឿនជាងមុន រួមមានការកត់ត្រាលទ្ធផលបំពេញមុខងាររបស់គ្រូ និង សិស្សការប្រាស្រ័យទាក់ទងព័ត៌មានរវាងរដ្ឋាភិបាល ជាមួយនឹងសាលារៀន កិច្ចតែងការបង្រៀន ការវាយតម្លៃ ការធ្វើតែស ការគ្រប់គ្រងហិរញ្ញវត្ថុ និងការថែរក្សាបញ្ជីសារពើពន្ធ ។
១. សាវតារ
កែប្រែក្រោយសង្គ្រាមខ្ទេចខ្ទាំអស់រយៈពេល ៣០ឆ្នាំ កន្លងមក កម្ពុជាបានខិតខំអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនដើម្បីកសាងប្រទេសជាតិសាជាថ្មីឡើងវិញ និង ដើម្បីធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងសហគមន៍តំបន់ និង សហគមន៍ពិភពលោក ។ដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា គឺស្ថិតក្នុងដំណាក់បឋមនៅឡើយ ប្រសិនបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ។រាជរដ្ឋាភិបាលកម្ពុជា និង សហគមន៍អន្តរជាតិកំពុងតែធ្វើការរួមជាមួយគ្នាដើម្បីសម្រេចអោយបានតាមគោលដៅអប់រំសម្រាប់ទាំងអស់គ្នានៅឆ្នាំ២០១៥ ហើយរាជរដ្ឋាភិបាលក៏ទទួលស្គាល់ផងដែរថា បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍មិនត្រឹមតែជាកត្តាចម្បងសម្រាប់ជួយអោយសម្រេចបានទាំងគោលដៅអប់រំសម្រាប់ទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែនៅបានបង្កលក្ខណៈងាយស្រួលអោយទទួលបានសេរីភាពខាងការបញ្ចោញមតិយោបល់ និង ការប្រាស្រ័យទាក់ទងព័ត៌មានថែមទៀតផង ។ គេរំពឹងទុកថា ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នេះ ពិតជានឹងជួយលើកទឹកចិត្តអោយមានទម្លាប់ស្វ័យសិក្សា និង រៀនពេញមួយជីវិត ។បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ដែលប្រើប្រាស់នៅកម្ពុជា រួមមានបច្ចេកវិទ្យាកុំព្យូទ័រ បណ្តាញកុំព្យូទ័រអ៊ីម៉ែល (សារអេឡិចត្រូនិច ) និង អ៊ិនធឺណេត (បណ្តាញព័ត៌មានអន្តរជាតិ ) ព្រមជាមួយនឹងវិទ្យុ និង ទូរទស្សន៍ផងដែរ ។គោលនយោបាយនេះ កសាងឡើងដោយបានពិគ្រោះយោបល់ជាមួយដៃគូជាតិ និង ដៃគូអន្តរជាតិតាមរយៈសិក្ខាសាលា និង កិច្ចប្រជុំការងារជាបន្តបន្ទាប់ទាំងនៅក្នុងប្រទេសកម្ពុជា និង នៅក្នុងតំបន់ ។
២. ការវិភាគស្ថានភាព
កែប្រែព្រមជាមួយឧបសគ្គដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកម្ពុជាចាំបាច់ត្រូវតែពុះពារជំនះអោយបាន ដើម្បីអាចផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នានោះគេហាក់ដូចជាសង្កេតឃើញថា បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ស្ថិតនៅលំដាប់ចុងក្រោយក្នុងបញ្ជីអាទិភាពនៅឡើយ ។ ម្យ៉ាងទៀតនោះប្រសិនបើគេមិនបានចាត់អោយមានសកម្មភាពអ្វីនាពេលឆាប់ៗនេះទេ នោះកម្ពុជាពិតជាធ្វើដំណើរយឺតដាច់ឆ្ងាយពីប្រទេសជិតខាងជាពុំខាន ហើយនៅក្នុងខណៈនោះពលរដ្ឋក្នុងយុវវ័យរបស់ខ្លួនក៏ពិតជានឹងគ្មានបំណិនចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការរស់នៅ នៅក្នុងយុគសម័យឌីហ្សីថលនេះដែរ ។ ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នេះអាចជួយអោយគ្រូបង្រៀន បោះជំហានឆ្ពោះទៅរកការបង្រៀន និង របៀបរៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌល ។
២.១. កម្រិតទទួលបាន និង កម្រិតប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍
កែប្រែក្នុងពេលបច្ចុប្បន្នយោងតាមការអង្កេតវាយតម្លៃ ស្តីពីការត្រៀមលក្ខណៈរបស់ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើងកាលពីឆ្នាំ២០០១ កន្លងមកនេះ ប្រទេសកម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសទាំង១០ជាសមាជិកអាស៊ាន នៅក្នុងន័យថាតើប្រទេសនីមួយៗសម្រេចបានហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិច សង្គមអេឡិចត្រូនិច ពាណិជ្ជកម្មអេឡិចត្រូនិច និង រដ្ឋាភិបាល គោលនយោបាយ និង យុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងការអប់រំនៅកម្ពុជាអេឡិចត្រូនិចបានត្រឹមកម្រិតណា ។ គេបានអោយចំណាត់ថ្នាក់ដល់ប្រទេសណាមួយថាល្អបានត្រៀមលក្ខណៈ “ជាទីសង្ឃឹម” ត្រឹមកម្រិតណានោះ ដោយផ្អែកលើភាពចាំបាច់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ និងកំលាំងពលករជាអក្ខរជនផ្នែកបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ។ ការប្រាស្រ័យទាក់ទងគ្នាតាមរយៈ អ៊ីនធឺណិត ជាសាធារណៈ គឺនៅមានកម្រិតនៅឡើយ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនហាងកាហ្វេមានប្រើអ៊ិនធឺណែតបានបង្ហាញខ្លួនច្រើនជាងមុននៅតាមទីប្រជុំជន និង នៅតាមចំណុចគោលដៅទេសចរណ៍ ។បច្ចុប្បន្ននេះគេសង្កេតឃើញមានហាងកាហ្វេប្រើ អ៊ីនធឺណេត ច្រើនជាង១០០ កន្លែងនៅក្នុងទីក្រុងភ្នំពេញ និង សង្កេតឃើញហាងប្រើ អ៊ីនធឺណិត ជាច្រើនផ្សេងទៀតនៅខេត្តសៀមរាប និង ក្រុងព្រះសីហនុ ។ វគ្គបណ្តុះបណ្តាលប្រើប្រាស់កុំព្យូទ័រកំពុងតែទទួលបានការពេញនិយមនៅតាមទីប្រជុំជនសំខាន់ៗ ។ ក៏ប៉ុន្តែពលរដ្ឋជាង៨០%ដែលរស់នៅតាមទីជនបទពិតជាមានភ័ព្វសំណាង តិចតួច ឬ ក៏គ្មានឱកាសទាល់តែសោះនៅក្នុងការប្រើប្រាស់កុំព្យូទ័រ និង អ៊ីនធឺណិត ដើម្បីទទួលបានព័ត៌មាន ។ មហាជននៅតាមជនបទពឹងផ្អែកទាំងស្រុងតែទៅលើវិទ្យុ និង ទូរទស្សន៍ ។យោងតាមការសិក្សាស្រាវជ្រាវរបស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ គេបានដឹងថានៅឆ្នាំ២០០២ ការជ្រៀតចូល អ៊ីនធឺណិត មានកម្រិតទាបបំផុតនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងកម្រិតដែលប្រទេសផ្សេងៗទៀតនៅអាស៊ីអាគ្នេយ៍នេះទទួលបាន ហើយតម្លៃប្រើប្រាស់អ៊ិនធឺណិតគឺមានកម្រិតខ្ពស់។
២.២. អាំងឌីកាទ័រអប់រំ
កែប្រែអត្រាពិតនៃការសិក្សា (NER) នៅកម្រិតបឋមសិក្សាសម្រាប់ឆ្នាំ ២០០២-២០០៣ បាន ៨៨.៣% ដោយមានចំនួនសិស្សសរុបប្រមាណ ២ ៧៥០ ០០០នាក់ ។ នៅកម្រិតមធ្យមសិក្សាវិញនោះ អត្រាពិតនៃការសិក្សាបានត្រឹមតែ ២០% ប៉ុណ្ណោះដែលជាអត្រាទាបបំផុតនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ។ ចំនួនសិស្សបានកើនជាមធ្យមពី ៣៥០ ទៅ ៤០០នាក់ នៅតាមសាលាបឋមសិក្សានីមួយៗ ហើយ និងមានសិស្សប្រមាណជា ៧០០នាក់ នៅតាមវិទ្យាល័យ/អនុវិទ្យាល័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ នៅកម្រិតបឋមសិក្សា និង មធ្យមសិក្សា ផលធៀបសិស្ស-គ្រូ មាន ៥៥៖១ និង ២៦៖១ រៀងគ្នា (ធៀបទៅនឹងសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលមាន ២៨ៈ១ និង ១៥ៈ១ រៀងគ្នា) ។ ផលធៀបនេះបានធ្លាក់ស្រុតចុះចាប់តាំងពីឆ្នាំ១៩៩៨ ដោយហេតុថាចំនួនសិស្សបានកើនឡើងជាលំដាប់ ប៉ុន្តែការផ្គត់ផ្គង់គ្រូបង្រៀនដែលបានឆ្លងវគ្គបណ្តុះបណ្តាលនោះមិនទាន់បានឆ្លើយតបទៅនឹងកំណើនសិស្សដែលកើនច្រើនឡើងនោះនៅឡើយទេ ។ ផលធៀបសិស្ស-គ្រូ នេះប្រែប្រួលគួរអោយកត់សម្គាល់នៅតាមបណ្តាខេត្តផ្សេងៗ និង នៅតាមតំបន់ដាច់ស្រយាល ដោយហេតុថាផលធៀបសិស្ស-គ្រូ នៅកម្រិតបឋមសិក្សាអាចកើនខ្ពស់រហូតដល់ទៅ ៩៥៖១ ។ ចំនួនម៉ោងអប្បបរមា ដែលសិស្សបានជួបគ្រូនៅក្នុងសាលារៀននោះគឺ ៨០០ម៉ោងក្នុង១ឆ្នាំសិក្សា ។ តាមការអនុវត្តន៍ជាក់ស្តែងនោះ របាយការណ៍ពីមូលដ្ឋានបានគូសបញ្ជាក់ថា សាលារៀនភាគច្រើនដំណើរការបង្រៀនបានត្រឹមតែ ៥០០ម៉ោងប៉ុណ្ណោះនៅក្នុងឆ្នាំសិក្សានីមួយៗ ។ នៅតាមសាលារៀនដែលបានបង្រៀនពីរវេន ឬបីវេន ចំនួនម៉ោងដែលសិស្សបានប្រាស្រ័យជាមួយគ្រូនោះធ្លាក់នៅសល់ត្រឹមតែ ៣៥០ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំសិក្សា ។
២.៣. ស្ថានភាពបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ក្នុងការអប់រំនាពេលបច្ចុប្បន្ន
កែប្រែផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០០៤-២០០៨យុទ្ធសាស្ត្រឆ្លងផ្នែកសម្រាប់ពង្រឹងការអនុវត្តន៍គោលនយោបាយ គឺបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង ការប្រាស្រ័យទាក់ទង ដោយអនុវត្តតាមគោលនយោបាយថ្មីស្តីពីបច្ចេកវិទ្យា ព័ត៌មាន និង ការប្រាស្រ័យទាក់ទង របស់ក្រសួងដែលបានអនុម័តនៅដើមឆ្នាំ២០០៤ ។ អាទិភាពមួយទៀត គឺពង្រឹងការគ្រប់គ្រងព័ត៌មានដោយផ្អែកលើបច្ចេកវិទ្យា ព័ត៌មាន និង ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត ដែលជាផ្នែកមួយនៃវិធានការធ្វើវិមជ្ឈការ ។ កំណែលំអការចូលរៀន និង គុណភាពត្រូវបានគាំទ្រគោលនយោបាយ និង យុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងការអប់រំនៅកម្ពុជាដោយការផ្តល់កាលានុវត្តភាព ក្នុងការសិក្សាពីចម្ងាយដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន និង ការប្រាស្រ័យទាក់ទង ( ឧ. ការអភិវឌ្ឍន៍គ្រូបង្រៀន ការសិក្សាពីចម្ងាយសម្រាប់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ ) ការដាក់អោយអនុវត្តកម្មវិធីយល់ដឹងអំពីកុំព្យូទ័រនៅក្នុងសាលាមធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានក្រោយមធ្យមសិក្សា ។ ទន្ទឹមនេះដែរក្រសួងប្រើប្រាស់សមត្ថភាពរបស់ផ្នែកឯកជនក្នុងការកសាងកម្មវិធី និងផ្តល់តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចម្រុះ (Multi-Media) សម្រាប់ពង្រីកកម្មវិធីបច្ចេកវិទ្យា ព័ត៌មាននិងការប្រាស្រ័យទាក់ទង និង បង្កើនការយល់ដឹងអំពីជំងឺ អេដស៍-ហ៊ីវ ។
២.៣.១. ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន
កែប្រែនាពេលថ្មីៗកន្លងមកនេះ ក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញសក្ខីភាពនៃការប្តេជ្ញាចិត្តមោះមុត លើកកម្ពស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នៅក្នុងការអប់រំ ដោយបានតម្រូវអោយគរុសិស្សទាំងអស់រៀនមុខវិជ្ជាបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ចំនួន ២ម៉ោង ក្នុងមួយសប្តាហ៍ ចាប់ពីឆ្នាំ២០០៣ តរៀងទៅ ។ ចំនួនកុំព្យូទ័រនៅតាមសាលាគរុកោសល្យនានា បានកើនឡើងគួរអោយចាប់អារម្មណ៍ចាប់តាំងពីឆ្នាំ២០០៣ ។ កុំព្យូទ័រមួយចំនួនក្នុងចំណោមកុំព្យូទ័រទាំងនោះបានមកពីការចំណាយថវិកាផែនការសកម្មភាពជាអាទិភាព និងមួយចំនួនផ្សេងទៀតបានមកពីប្រភពជំនួយផ្សេងៗ ។ បរិមាណកុំព្យូទ័របានកើនច្រើនគួរអោយកត់សំគាល់ហើយគ្រប់សាលាគរុកោសល្យទាំងអស់ សុទ្ធតែមានបន្ទប់បណ្តុះបណ្តាលការប្រើប្រាស់កុំព្យូទ័ររៀងៗខ្លួន ។ នៅក្នុងឆ្នាំ២០០៣ នេះ ផលធៀបគរុសិស្ស-កុំព្យូទ័រនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និង សាលាគរុកោសល្យ និង វិក្រឹតការខេត្ត-ក្រុងមាន ៦៥៖១ ។ ផលធៀបនេះបានថយចុះនៅត្រឹម ៣២៖១ នៅក្នុងឆ្នាំ២០០៤ ។ ប្រការនេះបានជួយបង្កលក្ខណៈអោយស្ថាប័នគរុកោសល្យទាំងឡាយ អាចចាប់ផ្តើមវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍រៀងៗខ្លួន ។ ប៉ុន្តែសាលាគរុកោសល្យទាំងអស់ ពុំមែនសុទ្ធតែមានកុំព្យូទ័រគ្រប់គ្រាន់សម្រាប់បង្រៀនវគ្គបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ អោយមានប្រសិទ្ធភាពនោះឡើយ ។ សាលាខ្លះជួបបញ្ហាគ្មានថាមពលអគ្គិសនីគ្រប់គ្រាន់ ដែលជាហេតុតម្រូវអោយគេពឹងផ្អែកលើម៉ាស៊ីនភ្លើង ឬ តម្រូវអោយផ្អាករាល់ការប្រើប្រាស់បរិធានអគ្គិសនីផ្សេងៗទៀត ឬ សុំអោយការិយាល័យផ្សេងៗទៀតត្រូវបិទចរន្តអគ្គិសនី ហើយនិងផ្អាកការងារខ្លួនជាបណ្តោះអាសន្នសិន ដើម្បីបង្កលក្ខណៈអោយបន្ទប់រៀនកុំព្យូទ័រអាចដំណើរការរៀនបាន ។ នៅដើមខែ កញ្ញា ឆ្នាំ២០០៤ គ្រូឧទ្ទេសចំនួនជាងពាក់កណ្តាលនៃគ្រូឧទ្ទេសទាំងអស់ ៦០០ នាក់ មកពីសាលាគរុកោសល្យ និង វិក្រឹតការខេត្ត-ក្រុងទាំង ១៨ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង ៦ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលបំណិនបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ជាមូលដ្ឋាន និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង សារគមនាគមន៍ នៅក្នុងការងាររដ្ឋបាល និងការបង្រៀន និងការរៀន ។គ្រូឧទ្ទេសមួយនាក់ មកពីសាលាគរុកោសល្យនីមួយៗ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលអោយចេះបង្កើតវែបសាយសាមញ្ញដំបូងមួយ ហើយនិងបានដាក់បញ្ចូលគេហទំព័ររៀងខ្លួន ទៅក្នុងវែបសាយក្រសួងអប់រំ យុវជន និង កីឡា ។ ដោយឡែកពីនេះគ្រូឧទ្ទេសមួយនាក់មកពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំងអស់ និង វិទ្យាស្ថានជាតិអប់រំ បានផ្តើមបង្កើតធនធានរៀនតាមវែបសាយ និង ចក្ខុសោតទស្សន៍សម្រាប់មធ្យមសិក្សា តាមរយៈសិក្ខាសាលាបណ្តុះបណ្តាលមួយ ហើយនិងបានឆ្លងកាត់វគ្គ បណ្តុះបណ្តាលថែរក្សា និង ជួសជុលកុំព្យូទ័រ នៅក្នុងឆ្នាំ ២០០៤ នេះ ។ កម្មវិធីសិក្សាមួយសម្រាប់រៀនបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នៅក្នុងការបង្រៀន និង រៀនកំពុងតែត្រូវបានអភិវឌ្ឍសម្រាប់សាលាគរុកោសល្យខេត្ត-ក្រុង និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ។ កម្មវិធីសិក្សានេះ នឹងមានបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល ការអភិវឌ្ឍន៍អាជីពបង្រៀន និង សម្រាប់បង្កើតធនធានបង្រៀនជាភាសាខ្មែរផងដែរ ។ នៅកម្រិតមធ្យមសិក្សាវិញនោះ គេនឹងត្រូវប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ដើម្បីពង្រឹងការបង្រៀនទៅតាមមុខវិជ្ជា ។
២.៣.២. បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នៅក្នុងឧត្តមសិក្សា
កែប្រែការបោះជំហានឈានចូលក្នុងសេដ្ឋកិច្ចទីផ្សារចាប់តាំងពីឆ្នាំ១៩៩៣ មកនោះបានបង្កលក្ខណៈអោយមានការបង្កើតគ្រឹះស្ថានឧត្តមសិក្សាឯកជនតូច ធំ ដែលមានគុណភាពប្លែកៗពីគ្នា ។ គ្រឹះស្ថានអប់រំខ្លះដែលមានវគ្គសិក្សាពេញនិយមខ្លាំងបំផុតនោះបានបើកបង្រៀនមុខវិជ្ជាពាក់ព័ន្ធជាមួយ បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ភាសាបរទេស និង មុខវិជ្ជាជំនួញ ។ ភាគច្រើននៃមហាវិទ្យាល័យទាំងនេះមានទីតាំងនៅក្នុងតំបន់ក្រុង ដោយបានផ្តល់មធ្យោបាយ និងសេវាកម្ម បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ ជាទីគាប់ចិត្ត ហើយបានភ្ជាប់ជាមួយនឹងអ៊ិនធឺណែតផងដែរ ។
២.៣.៣. ការអប់រំក្រៅប្រព័ន្ធ និង ការអប់រំពីចម្ងាយ
កែប្រែភាពជឿនលឿនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ និង ខ្លឹមសារជាភាសាខ្មែរ សម្រាប់ការអប់រំក្រៅប្រព័ន្ធ និង ការសិក្សាពីចម្ងាយនោះច្រើនតែសម្រេចបានដោយអង្គការក្រៅរដ្ឋាភិបាល ។ ឧទាហរណ៍គួរអោយកត់សម្គាល់នោះ រួមមានមជ្ឈមណ្ឌលព័ត៌មាន សហគមន៍ចំនួន២២កន្លែង ដែលកំពុងតែផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋនៅតាមទីជនបទ និងទីប្រជុំជន អោយអាចប្រាស្រ័យជាមួយអ៊ីនធឺណិតតដោយបង់ថ្លៃតិចតួច ។ សាលារៀនមួយចំនួនតូចនៅតាមតំបន់ដាច់ស្រយាលកំពុងតែប្រើប្រាស់ថាមពលព្រះអាទិត្យ និង ភ្ជាប់ជាមួយផ្កាយរណប ។ អង្គការ “វេទិកាទូទៅនៃកម្ពុជា” (Open Forum of Cambodia) បានបំពេញតួនាទីឈានមុខ ក្នុងការលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរក្នុងវិស័យបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ។ បច្ចុប្បន្នអង្គការបានឈានមុខគេក្នុងការអភិវឌ្ឍន៍ខ្លឹមសារវិបផតថល ជាខេមរភាសាដែលជាវែបសាយនាំផ្លូវចូលទៅភ្ជាប់អ៊ិនធឺណែតដ៏ធំជាងគេតែមួយគត់នៅក្នុងប្រទេស ដោយផ្តល់ជូនអ្នកប្រើប្រាស់អោយបានជ្រាបអំពីព័ត៌មានទាក់ទងវិស័យជាច្រើន ដែលរួមមានព័ត៌មានស្តីពីសិទ្ធិមនុស្ស ប្រវត្តិសាស្ត្រ និង បរិស្ថាន៘ ទន្ទឹមនឹងនេះ អង្គការ “វេទិកាទូទៅនៃកម្ពុជា” បានបើកវគ្គបណ្តុះបណ្តាលមិនបង់ថ្លៃជាបន្តបន្ទាប់ដូចជា វគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់អ៊ីមែល និង ការបង្កើត វែបសាយជាភាសាខ្មែរជាដើម ។ ក្រៅពីនេះអង្គការកំពុងអនុវត្ត ( គំរោងផ្តួចផ្តើម បង្កើតគ្រឿងទន់ “Software” ភាសាខ្មែរដែលមានឈ្មោះថា KhmerOS) ដែលមានបំណងបង្កើតគ្រឿងទន់ (Software) មានអានុភាពខ្ពស់ជាភាសាខ្មែរហើយឥតគិតថ្លៃដោយសមស្របទៅនឹងសេដ្ឋកិច្ចរបស់កម្ពុជាយើង ។ ដោយហេតុថាមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធយើងនៅខ្សត់ខ្សោយនោះ ពលរដ្ឋខ្មែរមួយចំនួនធំនៅតាមជនបទ អាចទទួលបានព័ត៌មានតែតាមរយៈវិទ្យុ និង ទូរទស្សន៍ប៉ុណ្ណោះ ហើយគេក៏នៅពុំទាន់ទាញយកគុណប្រយោជន៍អោយបានពេញទំហឹង ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចម្រុះអប់រំនៅឡើយ ។
២.៤. ការត្រៀមលក្ខណៈបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នៅតាមសាលារៀន
កែប្រែ ក្នុងចំណោមសាលាមធ្យមសិក្សាទាំង ៦៩៨ នៅទូទាំងប្រទេសមានតែសាលាចំនួន១៣%ប៉ុណ្ណោះដែលមានអគ្គិសនី ៨% ផ្សេងទៀតមានម៉ាស៊ីនភ្លើង និង ៤% ប្រើថាមពលព្រះអាទិត្យ ។ សាលាមធ្យមសិក្សា ៧៥% ពុំទទួលបានការផ្គត់ផ្គង់ថាមពលអ្វីទាំងអស់។ សាលារដ្ឋចំនួនតិចតួចណាស់ ដែលមានកុំព្យូទ័រសម្រាប់រៀន ។ អនុវិទ្យាល័យចំនួន៦% និង វិទ្យាល័យចំនួន ៣៥% មានកុំព្យូទ័រមួយគ្រឿង ឬ ពីរគ្រឿងសម្រាប់តែការងារ រដ្ឋបាលប៉ុណ្ណោះ ។ វិទ្យាល័យចំនួនត្រឹមតែ ៨ មានកុំព្យូទ័រច្រើនលើសពី ១០ គ្រឿង ។លើសពីនេះក្រៅពីសាលារដ្ឋ សាលារៀនឯកជនមួយចំនួនធំ បានបើកវគ្គបង្រៀនកុំព្យូទ័រ ។ នៅដើមឆ្នាំ២០០៥ នេះ ក្រសួងអប់រំ យុវជន និង កីឡាមានផែនការធ្វើការអង្កេតកម្រិតជាតិមួយ ដើម្បីប្រមូលព័ត៌មានលំអិតស្តីពីបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ក្នុងការអប់រំ ។
៣. យុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំ
កែប្រែ៣.១. គោលដៅរយៈពេលមធ្យម
កែប្រែទិសដៅរយៈពេលមធ្យមសម្រាប់រយៈពេល ២០០៤-២០១០ មាន ៖ នាយកដ្ឋានផែនការ (ក្រសួង អយក) ២០០២-២០០៤គោលនយោបាយ និង យុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងការអប់រំនៅកម្ពុជា។ ក). កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ និង ផ្ដល់គ្រឿងរឹង (Hardware) សម្រាប់ការអប់រំ និង ការបណ្ដុះបណ្ដាល។ កិច្ចការនេះ រួមមានការរៀបចំបន្ទប់កុំព្យូទ័រ និង ការបង្កើតបណ្តាញ(ក្នុងស្ថាប័នផ្ទាល់នីមួយៗ អ៊ីនត្រាណិត និង អ៊ីនធឺណិត)។ ក្រសួងនឹងផ្តល់កុំព្យូទ័រអោយគ្រឹះស្ថានសិក្សា សាលាមធ្យមសិក្សា មហាវិទ្យាល័យ/សកលវិទ្យាល័យ មន្ទីរអប់រំ យុវជន និង កីឡាខេត្ត/ក្រុង ការិយាល័យអប់រំយុវជន និងកីឡា ស្រុក/ខ័ណ្ឌ មជ្ឈមណ្ឌលសិក្សាសហគមន៍ ។បណ្តានាយកដ្ឋាននៅក្រោមឱវាទក្រសួងអប់រំ យុវជន និង កីឡាមន្ទីរអប់រំ យុវជន និង កីឡា ខេត្ត/ក្រុង ការិយាល័យអប់រំ យុវជន និងកីឡាស្រុក/ខ័ណ្ឌ នឹងមានបណ្តាញភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីអាចប្រាស្រ័យទាក់ទង និង ទទួលបានមូលដ្ឋានទិន្នន័យ និង ធនធានផ្សេងៗសម្រាប់ការងារគ្រប់គ្រងអប់រំ ។ ខ). អភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបចំពោះតម្រូវការក្នុងវិស័យ បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ និង អប់រំ ។ គ). លើកស្ទួយបំណិនត្រិះរិះច្នៃប្រឌិត បំណិនប្រាស្រ័យទាក់ទងព័ត៌មាន និងបំណិនដោះស្រាយបញ្ហា បំណិនស្រាវជ្រាវ និង បំណិនកែច្នៃ និងទាញយកព័ត៌មាន ដោយប្រើបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ដែលជាឧបករណ៍ក្នុងការបង្រៀន និង ការរៀន ។ ឃ). បង្កើនប្រសិទ្ធភាពការងាររដ្ឋបាល ដោយប្រើបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍នៅក្នុងការគ្រប់គ្រងអប់រំ តាមរយៈការប្រើប្រាស់ឧបករណ៍ទាំងនេះ ដូចជាប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំជាដើម ។
៣.២. យុទ្ធសាស្ត្ររយៈពេលមធ្យម
កែប្រែ៣.២.១. ការអភិវឌ្ឍន៍ធនធានមនុស្ស
កែប្រែក). នៅឧត្តមសិក្សាសាធារណៈ និង ឯកជន ចាំបាច់ត្រូវបើកវគ្គអោយបានច្រើនគ្រប់រូបភាពសម្រាប់អាជីព បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ។ ខ). នៅសាលាគរុកោសល្យ ចាំបាច់ត្រូវបណ្តុះបណ្តាលគ្រូឧទ្ទេសទាំងអស់អោយចេះប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល និង ការអភិវឌ្ឍន៍អាជីព ។ ក្រៅពីនេះត្រូវបណ្តុះបណ្តាលគ្រូបង្រៀននៅវិទ្យាល័យ/អនុវិទ្យាល័យ ទាំងអស់អោយក្លាយជាអក្ខរជនបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ដើម្បីធ្វើអោយគ្រូទាំងអស់ចេះប្រើបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ជួយការបង្រៀន និងការរៀន ។ គ). កែលំអកម្មវិធីសិក្សាអោយតាមទាន់បច្ចុប្បន្នភាពសម្រាប់បណ្តុះបណ្តាលគ្រូបឋមសិក្សា ដោយបញ្ចូលការប្រើបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល និង ការអភិវឌ្ឍន៍អាជីព ។ ឃ). កែលំអកម្មវិធីសិក្សាអោយមានលក្ខណៈបច្ចុប្បន្នភាពសម្រាប់បណ្តុះបណ្តាលគ្រូមធ្យមសិក្សា ដោយបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សម្រាប់ការងាររដ្ឋបាល ការអភិវឌ្ឍន៍អាជីព និងប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នេះ ជាឧបករណ៍ជួយការបង្រៀននិង រៀន ។ ង). ជម្រុញសកម្មភាពសិក្សាស្រាវជ្រាវ និង សិក្សាដោយឯករាជ្យពេញមួយជីវិតនៅគ្រប់ស្ថាប័នអប់រំទាំងអស់ ។ ច). បណ្តុះបណ្តាលបុគ្គលិកជូនស្ថាប័ននីមួយៗ យ៉ាងហោចណាស់ ១នាក់អោយចេះថែរក្សា និង ជួសជុលកុំព្យូទ័រ ។
៣.២.២. គ្រឿងរឹង “Hardware” និងហេដ្ឋារចនាសម្ព័ន្ធ
កែប្រែក). បំពាក់គ្រឿងរឹង និង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងឡាយ ជូនសាលាគរុកោសល្យ និង សកលវិទ្យាល័យទាំងអស់ ដើម្បីអនុញ្ញាតអោយគ្រូនិង សិស្ស បានប្រាស្រ័យប្រើប្រាស់កុំព្យូទ័រ និងអ៊ិនធឺណែត ។ផ្តល់ថវិកាសម្រាប់ជួសជុល និង ថែរក្សាកុំព្យូទ័រ ។ ខ). ផ្គត់ផ្គង់អគ្គិសនីជូនគ្រប់វិទ្យាល័យ/អនុវិទ្យាល័យ និង បំពាក់គ្រឿងរឹងអោយសាលារៀនទាំងអស់នោះ ដើម្បីអោយសិស្សបានប្រាស្រ័យប្រើប្រាស់កុំព្យូទ័រ វិទ្យុ និង ទូរទស្សន៍ជាជំនួយដល់ការសិក្សារបស់ខ្លួន ។គេគប្បីប្រើប្រាស់ធនធានដែលមានស្រាប់អោយអស់លទ្ធភាព ជាឧទាហរណ៍បន្ទប់កុំព្យូទ័ររបស់សាលារៀន គប្បីត្រូវបានប្រើប្រាស់ផងដែរដោយសហគមន៍ និង កុមារក្រៅសាលារៀន ដែលមិនធ្លាប់ចូលរៀនក្នុងសាលារៀន ។ គ). ផ្តល់សេវាកម្មចល័តរៀនបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ជូនចំពោះសហគមន៍ដែលជួបការលំបាក ។ ឃ). ជម្រុញការប្រើប្រាស់មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលព័ត៌មានសហគមន៍ និង បណ្ណាល័យសហគមន៍ ។ ពង្រីកសកម្មភាពបន្ថែមដោយបញ្ចូលការប្រើប្រាស់វីដេអូ វិទ្យុ និង ទូរទស្សន៍ សម្រាប់ការរៀន។ ដោយធ្វើការជាមួយដៃគូអង្គការក្រៅរដ្ឋាភិបាល ។ បង្កលក្ខណៈងាយស្រួលអោយបានច្រើនថែមទៀតជូនយុវជនក្រៅសាលារៀន ។ ង). បង្កើតស្ថានីយទូរទស្សន៍ ស្ថានីយវិទ្យុ និង ផ្តល់បុគ្គលិកគ្រប់គ្រាន់ដើម្បីបំរើអោយប្រព័ន្ធអប់រំ ។ ច). ផ្តល់ចរន្តអគ្គិសនី និង ការភ្ជាប់អ៊ិនធឺណែត ជូនសាលាមធ្យមសិក្សានៅទីណាដែលអាចធ្វើបាន ។
៣.២.៣. ការអភិវឌ្ឍន៍ខ្លឹមសារក្នុងស្រុក និង ការប្រើប្រាស់គ្រឿងទន់ (Software) ដែលមិនចាំបាច់បង់ថ្លៃ
កែប្រែក). លើកទឹកចិត្តអោយប្រើគ្រឿងទន់ពីប្រភពមិនបង់ថ្លៃឈ្នួល ដូចជា Linux nig Star Office . គ្រឿងទន់ពីប្រភពចំហ ឬគ្រឿងទន់មិនចាំបាច់បង់ថ្លៃនេះ សំដៅយោងដល់គ្រឿងទន់ទាំងឡាយដែលគេទាំងអស់គ្នាអាចចម្លង ហើយអាចប្រើប្រាស់បានដោយមិនចាំបាច់បង់ថ្លៃទិញគ្រឿងទន់នោះ ឬ ជាគ្រឿងទន់ដែលមានច្បាប់រក្សាសិទ្ធិមិនតឹងរ៉ឹង ។ ខ). ជម្រុញការអភិវឌ្ឍន៍ខ្លឹមសារជាភាសាខ្មែរ សម្រាប់សាលារៀនក្នុងប្រព័ន្ធការអប់រំពីចម្ងាយ និង បណ្តាកម្មវិធីមានតម្លៃសមមូល ដោយផ្តល់រង្វាន់ប្រចាំឆ្នាំជូនបណ្តាស្នាដៃឆ្នើមៗ ជាធនធានសម្រាប់បង្រៀន និងរៀន ដែលបានដាក់ជូនទៅគ្រឹះស្ថានជាតិ ប្រមូល និង ផ្សព្វផ្សាយ ធនធានបង្រៀន និង រៀនតាមបណ្ដាញ (National Clearinghouse)។ គ). ជម្រុញការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការជាភាសាខ្មែរ ដែលនឹងបង្កលក្ខណៈងាយស្រួលទូលំទូលាយជូនដល់អក្ខរជននៅក្នុងប្រទេសកម្ពុជាអោយបានប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍នេះ នៅក្នុងការប្រាស្រ័យទាក់ទងព័ត៌មាន និងការរៀនរបស់ខ្លួន ។
៣.២.៤. ការប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នៅតាមសាលារៀន
កែប្រែ ក). នៅតាមសាលាមធ្យមសិក្សាត្រូវជម្រុញការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាននិង សារគមនាគមន៍ ដើម្បីពង្រឹងគុណភាពបង្រៀន និង រៀន ជាដំបូងក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ ភាសាបរទេស វិទ្យាសាស្ត្រសង្គម និងគណិតវិទ្យា ។ ខ). កែសម្រួលកម្មវិធីសិក្សាសម្រាប់កម្រិតមធ្យមសិក្សា ដោយដាក់បញ្ចូលអោយមានការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ក្នុងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ភាសាបរទេស វិទ្យាសាស្ត្រសង្គមនិង គណិតវិទ្យា នៅទីណាដែលអាចធ្វើបាន ។ កម្មវិធីសិក្សាគប្បីលើកទឹកចិត្តអោយប្រើប្រាស់បច្ចេកវិទ្យាផងដែរ ដូចជាការប្រើវីស៊ីឌីកាស្សែតវីដេអូ និង កាស្សែតស្តាប់ វិទ្យុ និង ទូរទស្សន៍ជាដើម ។ គ). ផ្តល់បំណិនបច្ចេកវិទ្យានេះ ក្នុងរូបភាពជាវគ្គបំប៉នបំណិនជីវិត នៅទីណាដែលមានធនធានល្មមនឹងអាចធ្វើបាន ។ ឃ). ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ នៅតាមសាលារៀននេះគប្បីគោរពតាមក្រមសីលធម៌ សំដៅឆ្លើយតបទៅនឹងចតុស្តម្ភអប់រំ ។
៣.២.៥. ប្រព័ន្ធគ្រប់គ្រងពុទ្ធិ
កែប្រែក). បង្កើតគ្រឹះស្ថានប្រមូល និង ផ្សព្វផ្សាយធនធានបង្រៀន និង រៀនតាមបណ្តាញជាខេមរភាសា និង ជាភាសាបរទេស ។ ខ). ធានាអោយមានការភ្ជាប់ឃ្លាំងព័ត៌មាន ដែលមានប្រយោជន៍ដល់ការអប់រំ និង វែបសាយ ធានាអោយមានការប្រមូលធនធានបង្រៀន និងរៀន ដែលកសាងដោយគ្រូ និង បុគ្គលអាជីពដទៃៗទៀត និង ធានាអោយមានការប្រមូលគ្រឿងទន់ដែលអាចប្រើប្រាស់បានដោយមិនចាំបាច់បង់ថ្លៃ (Freeware) និងគ្រឿងទន់ “Software” ដែលអាចប្រើប្រាស់រួមគ្នាបាន (Shareware Software) ដែលអ្នកប្រើប្រាស់អាចទាញយក (Download) បានតាមបណ្ដាញក្នុងប្រទេសកម្ពុជា និង ពីវែបសាយ នៅលើពិភពលោក ។
៣.២.៦. ការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ តាមរយៈសាលារៀនចំហ និង ការអប់រំពីចម្ងាយ
កែប្រែដោយហេតុថា កុមារអាយុពី ១២-១៥ឆ្នាំ ត្រឹមតែ ២០% បានចូលរៀននៅកម្រិតមធ្យមសិក្សា នៅក្នុងឆ្នាំ២០០៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជម្រុញការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នេះ សម្រាប់ជួយពង្រឹងការចូលសិក្សារនៅកម្រិតបឋមសិក្សា និង មធ្យមសិក្សាតាមរយៈ សាលារៀនចំហ “Open Schools”។ សាលារៀនចំហ ការអប់រំពីចម្ងាយ ឬការអប់រំមានតម្លៃសមមូលនេះនឹងត្រូវបង្កើតក្នុងក្របខ័ណ្ឌផែនការ៥ឆ្នាំ (ESSP) បច្ចុប្បន្ន (២០០៤-២០០៨) ដើម្បីផ្តល់ ៖ ក). ឱកាសអប់រំនៅតាមទីតាំងដាច់ស្រយាល ដែលគ្មានសាលារៀនធម្មតាក្នុងប្រព័ន្ធនៅទីនោះ ។ ខ). ជំរើសមួយជូនអ្នកសិក្សា ពោលគឺគេចង់រៀនអំពីអ្វី រៀននៅពេលណានិង រៀននៅទីណា ។ គ). បណ្តាញមានសុវត្ថិភាពមួយជូនដល់សិស្សបោះបង់ការសិក្សា អោយអាចបន្តការសិក្សារបស់ខ្លួន ។ ឃ). ការអប់រំដល់អ្នកដែលចង់ធ្វើការផងរៀនផង ។សេវាអប់រំនេះនឹងត្រូវផ្តល់ជូនតាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព និងតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចម្រុះ មានអន្តរកម្ម (interactive multi-media) ដែលរួមមានវិទ្យុ ទូរទស្សន៍ ទូរស័ព្ទចល័ត អ៊ិនធឺណែត និង អ៊ីមែលជាដើម ។ ក្រសួងអប់រំយុវជន និង កីឡា មានចេតនាបង្កើត វិទ្យុអប់រំ និង ទូរទស្សន៍អប់រំផ្ទាល់ខ្លួននៅក្នុងអាណត្តិពេលវេលានៃការអប់រំសម្រាប់ទាំងអស់គ្នានេះ ។
៣.២.៧. ការប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍នៅតាមសកលវិទ្យាល័យ
កែប្រែដោយហេតុថា កម្ពុជាកំពុងតែខ្វះខាតសាស្ត្រាចារ្យ ដែលឆ្លងកាត់ការបណ្តុះបណ្តាលល្អត្រឹមត្រូវនោះ សកលវិទ្យាល័យទាំងឡាយ ត្រូវតែប្រើប្រាស់ធនធានមនុស្សដែលខ្លួនមានតិចតួចខ្សត់ខ្សោយនេះ អោយអស់លទ្ធភាព និង សមត្ថភាពតាមរយៈបច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ ដោយភ្ជាប់អ្នកសិក្សាទៅនឹងធនធានរៀនមានប្រយោជន៍នៅទូទាំងពិភពលោក ។ ក្រសួងអប់រំ យុវជន និង កីឡា នឹងជម្រុញការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និង សារគមនាគមន៍ នៅក្នុងដំណើរការបង្រៀន និងរៀន ការសិក្សាស្រាវជ្រាវ និងការងាររដ្ឋបាល ដោយបង្កើតសមាគមគាំទ្រ (a cyber campus consortium) ហើយភ្ជាប់សម្ព័ន្ធនេះទៅជាមួយនឹងសកលវិទ្យាល័យបណ្ដុះបណ្ដាលពីចម្ងាយ (virtual universities) នៅតាមបណ្ដាប្រទេសផ្សេងៗទៀត ។ ក្រសួងក៏នឹងគាំទ្រជម្រុញប្រែក្លាយសៀវភៅភាសាខ្មែរអោយទៅជាទិន្នន័យឌីហ្ស៊ីថល និង បកប្រែសៀវភៅបរទេសដែលមានប្រយោជន៍ខ្ពស់អោយទៅជាសៀវភៅភាសាខ្មែរដែរ ។
៣.២.៨. កិច្ចសហប្រតិបត្តិការ និង ការកសាងដៃគូ
កែប្រែក). លើកកម្ពស់កិច្ចសហការជាមួយអង្គការជាតិ អង្គការក្រៅរដ្ឋាភិបាលអង្គការអន្តរជាតិ និង សប្បុរសជនទាំងនៅក្នុង និង ក្រៅប្រទេសដើម្បីជម្រុញសន្ទុះអភិវឌ្ឍបច្ចេកវិទ្យា ព័ត៌មាន និង សាគមនាគមន៍ ក្នុងការអប់រំនៅកម្ពុជា ។ ខ). កសាងភាពដៃគូជាមួយសហគមន៍ស៊ីវិល និង ក្រុមហ៊ុនឯកជននៅក្នុងនិង ក្រៅប្រទេស ដើម្បីចែករំលែកធនធានបច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ សំដៅកាត់បន្ថយគំលាតឌីហ្ស៊ីថលនៅក្នុងតំបន់ ។
៤- ផែនការសកម្មភាព
កែប្រែផ្អែកលើផែនការយុទ្ធសាស្ត្រវិស័យអប់រំ (ESP) ២០០៤-២០០៨ និងកម្មវិធីគាំទ្រវិស័យអប់រំនោះ រាល់ស្ថាប័នពាក់ព័ន្ធ និង ជាពិសេសក្រសួងនឹងត្រូវអភិវឌ្ឍផែនការសកម្មភាពប្រាកដនិយមរៀងៗខ្លួន ដើម្បីបង្កលក្ខណៈអោយប្រទេសកម្ពុជាអាចប្រែក្លាយគោលនយោបាយ និង យុទ្ធសាស្ត្រអប់រំនេះ ទៅជាលទ្ធផលជាក់ស្តែងប្រកបដោយគុណភាព និង ធានាការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាព នៅចំពោះមុខពិភពលោកដែលប្រែប្រួលយ៉ាងឆាប់រហ័សនេះ ។
(ប្រភពអត្ថបទ ៖ ក្រសួងអប់រំយុវជន នឹងកីឡា Archived 2022-11-23 at the វេយប៊ែខ ម៉ាស៊ីន.)