- អារ្យធម៌ខ្មែរ ចែកចេញជាបួនផ្នែក ឬ បួនចលនាគឺ៖ ព្រហ្មនិយម ពុទ្ធនិយម ខេមរនិយម និងបរទេសនិយម ។ បានជាយើងចាត់ទុកគោលនិយមទាំងបួននេះ ជាគោលនិយមនៃអារ្យធម៌ខ្មែរយើង ព្រោះក្នុងវប្បធម៌ខ្មែរ បានបង្ហាញយ៉ាងច្បាស់នូវការដិតជាប់លាយឡំដោយទំនៀមទម្លាប់នៃឥទ្ធិពលទាំងនេះជាដរាប ។
- គោលនិយមនេះ បានបង្កើតវប្បធម៌ខ្មែរឲ្យផ្ដេកផ្ដួលទៅតាមទម្លាប់នៃលទ្ធិព្រាហ្មន៍ ដូចជាការចោទ និងដោះស្រាយបញ្ហាផ្សេងៗ ក្នុងវប្បធម៌ និងសង្គមធម៌ សុទ្ធសឹងតែយកទំនៀមព្រាហ្មណ៍មកផ្សំបញ្ចូលជាដរាប ។ មិនតែប៉ុណ្ណោះ ចលនានេះបានជ្រាបចូលក្នុងសន្ដានចិត្តខ្មែរគ្រប់រូប តាំងពីសម័យដែលខ្មែរយើងនិយមរាប់អានលទ្ធិព្រាហ្មណ៍ពីសតវត្សទី១ ដល់ទី១៤នៃគ្រិស្តសករាជ ។
- ពុទ្ធនិយមបានផ្លាស់វេនពីព្រាហ្មណ៍និយមចាប់តាំងពីសតវត្សទី១៣នៃគ្រិស្ដសករាជ ។ ជាពេលដែលខ្មែរប្ដូរការគោរពរាប់អានពីលទ្ធិព្រាហ្មណ៍មកពុទ្ធសាសនាវិញ ។ ឱវាទរបស់ព្រះពុទ្ធសាសនាបានជ្រួតជ្រាបចូលមកក្នុងសន្ដានចិត្តខ្មែរគ្មានសល់ម្នាក់ បណ្ដាលឲ្យខ្មែរយើងជ្រើសរើសយកទស្សនៈរបស់ព្រះពុទ្ធមកធ្វើជាការផ្ដួចផ្ដើមក្នុងវប្បធម៌ខ្មែរ ។ ដូច្នេះបញ្ហាគ្រប់បែបយ៉ាងក្នុងចលនានេះគឺសំអាងយកគោលទស្សនៈព្រះពុទ្ធ ដូចជាការជឿលើកម្មផលជាដើម ។
- គោលនិយមទី៣នេះ ពុំបានយកគោលពីលទ្ធិណា ឬ សាសនាណាឡើយ គឺប្រឌិតតាមការដែលគេធ្លាប់ឃើញពិត ជាក់ស្ដែងក្នុងសង្គមខ្មែរតែម្ដង ។ បានសេចក្ដីថា បើស្រុកទេសយើងជួបប្រទះនឹងបញ្ហាអ្វី បញ្ហានោះក៏បានជាការផ្ដួចផ្ដើមគំនិត កកើតជាបញ្ហាក្នុងវប្បធម៌ និងសង្គមធម៌ជាតិឡើង ។ ដូច្នេះបញ្ហាដែលកើតក្នុងគោកនិយមនេះ ពុំមានលក្ខណៈជាអច្ឆរិយៈឡើយ គឺសុទ្ធសឹងតែជាភាពពិតជាក់ស្ដែង ស្រប់ទៅនឹងលោកិយសច្ចៈទាំងស្រុង ។
- គោលគំនិតនេះ សំដៅដល់គោលទស្សនៈផ្សេងៗដែលពុំស្របតាមលទ្ធិព្រាហ្មណ៍ ឬ ព្រះពុទ្ធ ឬ ជាទំនៀមទម្លាប់សុទ្ធសាធរបស់ខ្មែរដែលធ្លាប់មានមកនោះទេ ។ ប្រទេសយើង ទើបតែមានគោលនិយមនេះ ក្នុរវាងពេលដែលខ្មែរយើងត្រូវធ្លាក់ខ្លួនគ្រាំគ្រា ហើយបរទេសបានយកគោលគំនិតពីប្រទេសគេមកផ្សាយបញ្ចូល ។ ប៉ុន្តែគោលគំនិតនេះមានឥទ្ធិពលខ្លាំងក្លាណាស់ក្នុងពេលបច្ចុប្បន្ន ព្រោះមនុស្សទូទៅក្នុងសកលលោកចូលចិត្តគោលនិយមបែបនេះ ។ សព្វថ្ងៃគេឃើញនៅសល់គោលនិយមនេះពាសពេញ ដូចជាខាងសុជីវធម៌ការស្លៀកពាក់ សិល្បៈ របាំ តន្រី។ល។