ចាន់ ស៊ី
លោកចាន់-ស៊ី បានចាប់កំណើតនៅឆ្នាំ ១៩៣២ នៅខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា ហើយទទួលមរណៈភាព នៅឆ្នាំ១៩៨៤ នាទីក្រុង មូស្គូ។ គាត់គឺជាអ្នកនយោបាយម្នាក់ ហើយធ្លាប់ជានាយករដ្ឋមន្ត្រីទី២ នៅក្នុងរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៤។
ចាន់-ស៊ី | ||
---|---|---|
ព័ត៌មានមួយចំនួន | ||
ឈ្មោះ | ចាន់-ស៊ី | |
កំណើត | ឆ្នាំ១៩៣២ | |
មរណៈភាព | ឆ្នាំ១៩៨៤ | |
ទីកន្ឡែងកំណើត | ខេត្តកំពង់ឆ្នាំង | |
ឋានៈ | នាយករដ្ឋមន្ត្រីទី២ | |
បន្តពីលោក | ប៉ែន-សុវណ្ណ | |
អ្នកបន្ទាប់ | ហ៊ុន-សែន | |
សម័យកាល | សាធារណរដ្ឋប្រជាមានិតកម្ពុជា |
ឯកសារយោង
កែប្រែចាន់ ស៊ី ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(នាយករដ្ឋមន្ដ្រី) នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្រមាណ៣ឆ្នាំ៖
៥ ធ្នូ ១៩៨១ -២៦ ធ្នូ ១៩៨៤បន្ទាប់ពីលោកទទួលមរណភាព លោក ហ៊ុន សែនក៏បានចូលកាន់តំណែងជំនួស ។ លោក ចាន់ ស៊ី បានកើតនៅឆ្នាំ ១៩៣២ នៅខេត្តកំពង់ឆ្នាំង ។ លោក ចាន់ ស៊ី បានស្លាប់ដោយអាថ៌កំបាំងនៅដើមខែធ្នូ ឆ្នាំ ១៩៨៤ ក្នុងវ័យ ៥២ឆ្នាំ ដោយសារជម្ងឺបេះដូងក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្កូ ប្រទេសរុស្ស៊ី។
ការស្លាប់របស់លោក ចាន់ ស៊ី ត្រូវបានទីភ្នាក់ងារព័ត៌មានរបស់វៀតណាមផ្សព្វផ្សាយនៅថ្ងៃទី៣១ធ្នូ បើទោះជាគេដឹងថាការស្លាប់នេះបានកើតឡើងច្រើនថ្ងៃមកហើយក៏ដោយ។ ចាន់ ស៊ី ជាមិត្តភក្ដិរបស់ ប៉ែន សុវណ្ណ ដែលជាអ្នកស្រឡាញ់វៀតណាមហើយវៀតណាមទុកចិត្តបំផុតនៅមុនឆ្នាំ១៩៨១ ។ ការស្លាប់របស់ ចាន់ ស៊ី នៅតែជាអាថ៌កំបាំងនៅឡើយ បើទោះជាគេប្រកាសថាដោយសារជម្ងឺបេះដូងក៏ដោយ។ ភរិយា៖ ផាម ធីអៀន(កូនកាត់ឡាវ) ប្រសូតឆ្នាំ១៩៣៦។ លោកស្រី ផាម ធីអៀន នៅឆ្នាំ២០១៤ អាយុ៧៨ឆ្នាំ រស់នៅជាមួយកូនស្រីក្នុងរាជធានីភ្នំពេញ។
ចាន់ស៊ីនិងផាម ធីអៀន មានកូន៥នាក់
- ចាន់ អានហ្សីណា(ស្រី) បានធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯងនៅឆ្នាំ១៩៨៩ បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារ
- ចាន់ សូនី (ប្រុស) រស់នៅរាជធានីភ្នំពេញ (ឆ្នាំ២០១៤)
- ចាន់ សុភាព(ស្រី) រស់នៅរាជធានីភ្នំពេញ(ឆ្នាំ២០១៤)
- ចាន់ សូវៀត(ប្រុស) រស់នៅអាមេរិក(ឆ្នាំ២០១៤)
- ចាន់ សីហា(ស្រី) រស់នៅអាមេរិក(ឆ្នាំ២០១៤)
ចាន់ ស៊ីចូលចិត្តហូបម្ហូបខ្មែរ ពិសេសទឹកគ្រឿង សម្លម្ជូរគ្រឿងនិងសម្លកកូរ។ សម្រាប់កីឡា កាលនៅក្មេង លោកចូលចិត្តលេងបាល់ទាត់ តែពេលវ័យចំណាស់ លោកចូលចិត្តដើរ។
កិច្ចការនយោបាយនិងប្រទេសជាតិ
ចាន់ ស៊ី ជាអ្នកនយោបាយ និងជាកូនកាត់ខ្មែរ-ចិន។ ដូច ប៉ែន សុវណ្ណ ដែរ ចាន់ ស៊ី បានស្នាក់និងរៀនសូត្រនៅប្រទេសវៀតណាមជាយូរឆ្នាំ ហើយជាស្ថាបនិកនៃរណសិរ្សសង្គ្រោះជាតិកម្ពុជាដែលបានផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ប៉ុលពត នួន ជា អៀង សារី និងខៀវ សំផន នាថ្ងៃ៧មករា ១៩៧៩។
លោកជាមនុស្សស្លូតបូត ហើយមិនសូវនិយាយច្រើនឡើយ តែដោយសារជាមនុស្សដែលស្និទ្ធនិងវៀតណាម ហើយមានប្រពន្ធខ្មែរកាត់ឡាវនិងវៀតណាម រដ្ឋាភិបាលក្រុងហាណូយក៏បានតែងតាំងលោកឲ្យធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(នាយករដ្ឋមន្ដ្រី)។
ដើមទសវត្សរ៍ ១៩៥០៖ ក្រោយពេលបានចូលរួមជាមួយកងទ័ពវៀតមិញមក ចាន់ស៊ី ក៏ក្លាយជាឥស្សរជនយោធាជាន់ខ្ពស់។
១៩៥៤៖ នៅពេលប្រទេសទទួលបានឯករាជ្យពីបារាំង ចាន់ ស៊ី បានចាកចេញទៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
១៩៦០៖ ចាន់ ស៊ី ក្លាយជាសមាជិកបក្សកុម្មុយនីស្ដកម្ពុជា
១៩៧០៖ បន្ទាប់ពីសម្ដេច នរោត្តម សីហនុ ត្រូវបាន លន់ នល់ ទម្លាក់ចេញពីព្រះប្រមុខរដ្ឋនាថ្ងៃទី១៨ មីនា ១៩៧០ ចាន់ ស៊ីបានត្រឡប់មកប្រទេសវិញ ហើយចូលរួមជាមួយខ្មែរក្រហម ប៉ុលពត និង ខៀវ សំផន។
១៩៧៣៖ ចាន់ ស៊ី ត្រូវបានឃុំខ្លួន ដោយសារលោកប្រឆាំងនឹង ប៉ុល ពត តែក្រោយមកបានដោះលែង ហើយបានគេចខ្លួនទៅវៀតណាមជាថ្មី។
១៩៧៨៖ ចាន់ ស៊ី បានលេចមុខជាមួយនិងកម្លាំង “រណសិរ្សសង្គ្រោះជាតិកម្ពុជា”ដែលក្រោយមកបានដូរទៅជា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”នោះ បានទទួលការឧបត្ថម្ភនិងគាំទ្រពីរដ្ឋាភិបាលវៀតណាម។
៨ មករា ១៩៧៩៖ មួយថ្ងៃបន្ទាប់ពីប្រទេសត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយបង្កើតរបបថ្មីឈ្មោះ “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលជារបបកុម្មុយនីស្ដក្រោមកាតត្រួតត្រារបស់វៀតណាម ចាន់ ស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រសួងការពារជាតិ។
១៩៨០៖ ចាន់ ស៊ី ត្រូវបានបញ្ជូនឲ្យទៅរៀនផ្នែកយោធានៅសហភាពសូវៀត (រុស្ស៊ី) បីបួនខែ ហើយនៅពេលត្រឡប់មកប្រទេសវិញ ជាបន្តបន្ទាប់ លោកត្រូវបានតែងតាំងជាអនុរដ្ឋមន្ដ្រី(រដ្ឋលេខាធិការ) ក្រសួងការពារជាតិ ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(ឧបនាយករដ្ឋមន្ដ្រី) និងជាសមាជិកការិយាល័យនយោបាយរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា បច្ចុប្បន្នជាគណបក្សប្រជាជនកម្ពុជា)។ លោកក៏ជាតំណាងរាស្ដ្រប្រចាំខេត្តដែរ។
២៧ មិថុនា ១៩៨១៖ ខណៈដែល ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី ចាន់ ស៊ី ជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការពារជាតិ។
៥ ធ្នូ ១៩៨១៖ បន្ទាប់ពីនាយករដ្ឋមន្ដ្រី ប៉ែនសុវណ្ណត្រូវបានចាប់ខ្លួននៅថ្ងៃទី ២ ធ្នូ និងបញ្ជូនទៅវៀតណាមនៅថ្ងៃទី ៤ធ្នូ ចាន់ ស៊ី ត្រូវបានតែងតាំងជំនួសនៅថ្ងៃទី៥ធ្នូ។ ស្ថិតនៅក្នុងមុខតំណែងកំពូលនេះ ចាន់ ស៊ី ត្រូវបានគេមើលឃើញថា ជាអ្នកគោរពគោលនយោបាយរបស់វៀតណាមយ៉ាងខ្ជាប់ខ្ជួនហើយលោកក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសប៊ុលហ្គារី អាល្លឺម៉ង់ខាងកើត និងសហភាពសូវៀត ដែលសុទ្ធតែជាប្រទេសកុម្មុយនីស្ដនិងជាសម្ព័ន្ធមិត្តរបស់វៀតណាម។
ខែ ធ្នូ ១៩៨៤៖ ក្នុងវ័យ ៥២ឆ្នាំ ចាន់ ស៊ី បានស្លាប់ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ ការស្លាប់របស់លោកនៅតែជាអាថ៌កំបាំងនៅឡើយ ហើយទីភ្នាក់ងាររបស់វៀតណាមផ្សព្វផ្សាយនៅថ្ងែទី ៣១ ធ្នូ ១៩៨៤ ថា ចាន់ ស៊ី បានស្លាប់ដោយជម្ងឺបេះដូង។ ឆ្លៀតឳកាសចំណេញផ្នែកនយោបាយដើម្បីវាយបំបាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋាភិបាលកុម្មុយនីស្ដក្រុងហាណូយ ក្រុមចលនាប្រឆាំងបានផ្សព្វផ្សាយ
ពត៌មានថា ការស្លាប់របស់ ចាន់ ស៊ី ស្ថិតនៅក្នុងសភាពអាថ៌កំបាំងគឺអាចត្រូវបានវៀតណាមចាក់ថ្នាំសម្លាប់ចោល។ ទោះជាយ៉ាងនេះក្ដី ក៏ពួកគេមិនមានភស្ដុតាងណាមួយបញ្ជាក់ឡើយ ហើយវិទ្យុជាតិកម្ពុជារបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏បានប្រកាសថា ចាន់ ស៊ី បានស្លាប់ដោយសារជម្ងឺពិតប្រាកដមែន មិនមែនដូចការឃោសនាបោកប្រាស់របស់ខ្មាំងនោះឡើយ។
នៅក្នុងបទអត្ថាធិប្បាយប្រវត្តិសាស្ដ្ររបស់លោកពីប្រទេសបារាំង ក្នុងវិទ្យុ RFI ដែលបានផ្សាយនៅថ្ងៃសុក្រទី១៥ កក្កដា ឆ្នាំ២០១១ លោក វ៉ាន់ឌី កាអុន បានរៀបរាប់ថា រដ្ឋាភិបាលរបស់ចាន់ ស៊ី នាពេលនោះពិតជាបានប្រឈមមុខនឹងបញ្ហាដ៍ចម្រូងចម្រាស់ដោយលោកបានបញ្ជាក់ថា បញ្ហាដែលសំខាន់ជាងគេគឺលោកទប់ទល់នឹងចលនាផ្ទៃក្នុងប្រឆាំងនឹងវត្តមានរបស់កងទ័ពវៀតណាមនៅកម្ពុជាផង និងការទប់ស្កាត់ការវាយបកពីពួក ប៉ុល ពត និងសម្ព័ន្ធមិត្តផង ដែលក្នុងនោះក៏មានសម្ដេច នរោត្តម សីហនុ ដែរ។
ការដោះស្រាយរបស់រដ្ឋាភិបាល ចាន់ ស៊ី មានលក្ខណៈស្មុគស្មាញបំផុត ព្រោះថា អ្នកស្មោះត្រង់នឹង ប៉ែន សុវណ្ណ ដែលប្រឆាំងនឹងវៀតណាមនៅតែមាន បើទោះបីជា ប៉ែន សុវណ្ណត្រូវចាប់ខ្លួន នាថ្ងៃទី២ ធ្នូ ១៩៨១ក៏ដោយ។ នៅក្នុងគ្រប់វគ្គសិក្សានយោបាយសាស្ដ្រាចារ្យវៀតណាមតែងតែថ្កោលទោសដោយប្រយោលដល់អ្វីដែលគេហៅថា រដ្ឋអំណាចមុខពីរ។ គឺនៅក្នុងបរិបទនេះហើយដែលលោក ចាន់ ស៊ី គ្រប់គ្រងប្រទេស លោក ចាន់ ស៊ី ក៏មិនខុសពីលោកប៉ែន សុវណ្ណ និងអ្នកដែលស្មោះត្រង់នឹងលោក ប៉ែន សុវណ្ណដូចជាលោក រស់ សម័យ ជាសុទ្ធជាដើមដែលត្រូវបានដកហូតមុខតំណែងជាបន្តបន្ទាប់។
បញ្ហាចម្បងមួយទៀតដែលកើតមាននៅក្នុងសម័យរដ្ឋាភិបាលលោក ចាន់ ស៊ី នាឆ្នាំ១៩៨៣ វៀតណាមបង្ខំឲ្យកសាងកំពែង “ក៥” ដើម្បីទប់ទល់នឹងចលនាតស៊ូខ្មែរពិសេសកម្លាំងរបស់ខ្មែរក្រហមប៉ុលពតដែលប្រឆាំងនឹងការឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជារបស់កងទ័ពវៀតណាម។ កំផែង”ក៥” នេះគឺមានការបញ្ជូនប្រជាជនទៅកាប់ព្រៃឈើ និងសាងសង់ផ្លូវជាយុទ្ធសាស្ដ្រ ដើម្បីកុំឲ្យពួកខ្មែរក្រហម និងកម្លាំងតស៊ូឯទៀតៗលាក់ខ្លួនបាន។
“ក៥”គឺជាផែនការការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំ (១៩៨០-៨៤ និង ១៩៨៥-៨៩) ហើយផែនការនេះបានផ្ដោតលើការកាប់ព្រៃនៅតាមតំបន់មួយចំនួនទាំងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងប្រទេស ក្នុងគោលបំណងបំផ្លាញជម្រកលាក់ខ្លួន និងរបៀបជ្រៀតចូលក្នុងប្រទេសរបស់ពួកខ្មែរក្រហម និងពួកចលនាតស៊ូដទៃៗទៀតនៃរដ្ឋាភិបាលជម្រុះត្រីភាគីដែលដឹកនាំដោយសម្ដេច នរោត្តម សីហនុ ប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ពួកចលនាតស៊ូប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងវៀតណាមបានចោទប្រកាន់ថា ការបង្កើតយុទ្ធនាការ”ក៥” នេះជាយុទ្ធនាការដែលនាំឲ្យពលរដ្ឋកម្ពុជារាប់ពាន់នាក់បានស្លាប់។ ទាក់ទិននឹងយុទ្ធនាការ” ក៥” នេះ ហ៊ុន សែន ធ្លាប់បានឆ្លើយតបថា គឺជាការទប់ទល់ជាមួយពួកចលនាតស៊ូ ពិសេសទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ដោយលោកបានបញ្ជាក់ថា បើកុំតែមានពួកខ្មែរក្រហម និងក្រុមផ្សេងៗទៀតដែលបានយកព្រៃធ្វើជាជម្រក ហើយចេះតែលួចវាយប្រហារមកលើតំបន់កាន់កាប់ដោយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានោះ នោះក៏មិនមានផែនការ”ក៥” នេះដែរ។
នៅក្នុងការអនុវត្តផែនការ”ក៥” នេះ ខ្ញុំ អ្នកចងក្រងសៀវភៅ និងមិត្តរួមសាលាភ្នំដូនពេញ នៅឆ្នាំ១៩៨៦ (បច្ចុប្បន្ន វិទ្យាល័យព្រះស៊ីសុវត្ថិ) ក៏បានចូលរួមកាប់ឆ្ការព្រៃនៅតំបន់មុខកំពូលក្នុងខេត្តកណ្ដាលដែរ ព្រោះនៅតំបន់នោះ ពួកខ្មែរក្រហមក៏បានលាក់ខ្លួន ហើយបានលួចវាយឆ្មក់ចូលមកដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជននៅជុំវិញតំបន់នោះ និងបាញ់គ្រាប់ចូលមកក្នុងតំបន់ជាយក្រុងភ្នំពេញទៀតផង ។ មុនចូលកាប់ព្រៃនោះ គឺមានក្រុមដោះមីនបានត្រួតពិនិត្យរួចហើយ ដើម្បីជាសុវត្ថិភាពសម្រាប់យើងដែលជាអ្នកកាប់ព្រៃ៕ ដកស្រង់ពី (នាយករដ្ឋមន្ត្រីខ្មែរទាំង ៣៩ )