ចិត្តម៉ែ
ម៉ែព ម៉ែអោប ក្រសោបកូន
ម៉ែស្រឡាញ់ស្ងួនថ្នមបមបី
ម៉ែថែធួនកូនកក់ក្តៅក្រៃ
ម៉ែរក្សាថ្លៃ ដោយជីវិត។
ម៉ែអត់ងងុយ ជ្រុលយប់ជ្រៅ
ម៉ែបំពេរពៅនៅនែបនិត្យ
ម៉ែច្រៀងបំពេរពាក្យអម្រិត
ម៉ែថែវរមិត្រស្មើសង្ខារ។
ម៉ែសណ្តោសកូនទាំងប្រុសស្រី
ម៉ែប្រោសប្រណីមានមេត្តា
ម៉ែអប់រំកូនដោយករុណា
ម៉ែផ្តល់សុខាយ៉ាងមនោរម្យ។
ម៉ែបូជាសព្វចំពោះកូន
ម៉ែគ្រងនឹមនួនអោយសុខុម
ម៉ែត្រដាងម្លប់ធម៌ភិរម្យ
ម៉ែថែមាសមុំក្សេមក្សាន្តអើយ។
អ្នកស្រី កែវ ច័ន្ទបូរណ៍