ចិត្តវិភាគ
ចិត្តវិភាគគឺជាអ្វី?
១. ចិត្តវិភាគគឺជាវិធីសាស្ត្រស្រាវជ្រាវអំពីអ្វីដែលកើតមាននៅក្នុងខ្លួនមនុស្សដោយមិនដឹងខ្លួន[១]។
២. ចិត្តវិភាគគឺជាវិធីសាស្ត្រដែលធ្វើឲ្យមនុស្សម្នាក់អាចយល់ដឹងអំពីអ្វីដែលកើតមាននៅក្នុងខ្លួនរបស់គេដោយមិនដឹងខ្លួន តាមរយៈការនិយាយ[២]។
៣. ចិត្តវិភាគគឺជាគោលការណ៍ទូទៅ ដែលពិពណ៌នាពីអ្វីដែលកើតមាននៅក្នុងខ្លួនមនុស្សដោយមិនដឹងខ្លួន[៣]។
លោក Sigmund Freud គឺជាមនុស្សទីមួយដែលបានចាប់ផ្តើមធ្វើការវិភាគខាងផ្នែកចិត្តសាស្ត្រ។ លោកបានធ្វើការវិភាគខាងផ្នែកនេះអស់រយៈពេល ៥០ ឆ្នាំ គឺពីឆ្នាំ ១៨៩០ ដល់ឆ្នាំ ១៩៤០។ បន្ទាប់ពី លោក Sigmund Freud មាន លោកស្រី Anna Freud[៤] លោក Ernest Jones [៥] លោក Jacques Lacan[៦] ដែលបានចែងពីគោលការណ៍ជាមូលដ្ឋាននៃការវិភាគផ្នែកចិត្តសាស្ត្រ។ បច្ចុប្បន្ននេះ មាន លោកស្រី MC Ortigues និងលោក E Ortigues[៧] ដែលបានកំពុងធ្វើការស្រាវជ្រាវអំពីការវិភាគផ្នែកចិត្តសាស្ត្រ នៅទ្វីបអាហ្រ្វិក។ បច្ចុប្បន្ននេះ មាន លោក Huo Datong[៨] ដែលបានកំពុងធ្វើការស្រាវជ្រាវអំពីការវិភាគផ្នែកចិត្តសាស្ត្រ នៅប្រទេសចិន។
គោលការណ៍ជាមូលដ្ឋាននៃការវិភាគផ្នែកចិត្តសាស្ត្រ
១. អឺឌីប និងការក្រៀវ[៩]
- អឺឌីប អឺឌីប គឺជាវិបត្តិដែលក្មេងជាទូទៅឆ្លងកាត់ នៅពេលដែលក្មេងមានអាយុប្រហែល ៥ ឆ្នាំ។ វិបត្តិនេះកើតមានឡើងទាំងទៅលើក្មេងប្រុង និងក្មេងស្រី គ្រាន់តែវាមានលក្ខណៈខុសគ្នា ។ អឺឌីបគឺជាផ្លូវដែលអាចនាំមនុស្សឲ្យទៅយល់ដឹង និងស្គាល់អំពីវប្បធម៌ និងប្រើប្រាស់នូវវប្បធម៌ទាំងនោះនៅពេលក្រោយ[១០]។
អឺឌីបមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងគំនិតដែលត្រូវគេក្រៀវ ហើយដែលគំនិតនោះកើតមានឡើងដោយមិនដឹងខ្លួន។ អឺឌីបជាជម្លោះដែលកើតមានដោយមិនដឹងខ្លួន ហើយជម្លោះនេះកើតមានជាដំណាក់កាល ហើយដំណាក់កាលទៀតសោតក៏មានលក្ខណៈខុសគ្នារវាងស្រី និងប្រុសផងដែរ។
- ការក្រៀវ ៖ គឺជាបទពិសោធន៍ផ្លូវចិត្តដែលក្មេងបានឆ្លងកាត់ដោយមិនដឹងខ្លួន នៅពេលដែលក្មេងមានអាយុប្រហែល ៥ ឆ្នាំ ហើយដែលនៅក្នុងបទពិសោធន៍នេះ ក្មេងបានដឹងជាលើកដំបូងនូវភាពខុសគ្នារវាងប្រដាប់ភេទមនុស្សប្រុស និងប្រដាប់ភេទមនុស្សស្រី។
មិនថាជាក្មេងប្រុសឬក្មេងស្រីទេ ក្មេងអាយុក្រោមប្រាំឆ្នាំទាំងអស់សុទ្ធតែគិតថាមនុស្សគ្រប់រូបតែងតែមានពងស្វាស។ នៅពេលធំបន្តិច ក្មេងស្រីក៏ចាប់ផ្តើមស្រលាញ់ឪពុករបស់ខ្លួន ចំណែកឯក្មេងប្រុសវិញក៏ស្រលាញ់ម្តាយខ្លួនបង្កើតផងដែរ ហើយក្មេងទាំងពីរនេះថែមទាំងចង់ "រៀបការ" ជាមួយអ្នកទាំងនោះទៀតផង។ ដូច្នេះហើយក្មេងប្រុសក៏ចាប់ផ្តើមស្អប់ឪពុករបស់់ខ្លួន ហើយក្មេងស្រីក៏ស្អប់ម្តាយរបស់ខ្លួនដែរ[១១] ។ នៅពេលនោះ ការស្រលាញ់ និងការស្អប់ក៏កើតមានឡើងក្នុងពេលជាមួយគ្នា ដោយម្ខាងខ្លួនចង់ "រៀបការ" ជាមួយម្តាយឬឪពុករបស់ខ្លួន ហើយម្ខាងទៀតគឺជាការស្រលាញ់ដែលក្មេងជាទូទៅមានចំពោះឪពុកម្តាយ។ នៅពេលនោះ ក្មេងប្រុសគិតថាឪពុករបស់ខ្លួនមិនសប្បាយចិត្តនឹងខ្លួននោះទេ ហើយក្មេងប្រុសក៏ចាប់មានការភ័យខ្លាចចំពោះឪពុករបស់ខ្លួន។ គាត់ខ្លាចឪពុករបស់គាត់ចាប់គាត់ក្រៀវ ពីព្រោះគាត់ឃើញមនុស្សជាច្រើនអត់មានពងស្វាស។ ដូច្នេះ គាត់ក៏បង្ខំចិត្តឈប់ស្រលាញ់ម្តាយរបស់គាត់។ នៅពេលក្មេងប្រុសឃើញម្តាយគាត់អត់មានពងស្វាស គាត់មានការបារម្ភយ៉ាងខ្លាំង។ ចំណែកឯក្មេងស្រីវិញមិនមានការសប្បាយចិត្តនោះទេ ពីព្រោះខ្លួនមិនមានពងស្វាស ហើយគាត់គិតថាគេបានកាត់ពងស្វាសគាត់ចោល។ ក្រោយមក នៅពេលដែលគាត់ឃើញម្តាយគាត់អត់មានពងស្វាសដែរ ក្មេងស្រីក៏មានការខឹងសម្បារ ពីព្រោះម្តាយរបស់គាត់មិនមានអ្វីដែលគាត់ចង់បាន។ និយាយរួមទៅ គឺម្តាយគាត់មិនអាចអោយពងស្វាសមួយទៅគាត់បានទេ។ ដូច្នេះ ក្មេងស្រីចង់បានពងស្វាស ហើយបន្ទាប់មកក៏ចាប់ផ្តើមស្រលាញ់ឪពុករបស់ខ្លួន និងចង់ "រៀបការ" ជាមួយទៀតផង។ ក្មេងស្រីគិតថាខ្លួនត្រូវគេកាត់ពងស្វាសចោល។ នេះគឺជាវិបត្តិអឺឌីប1924[១២] ។
២. អត្តស្នេហានិយម គឺជាការបញ្ចេញថាមពលដែលមានដូចជាចំណង់ ឬថាមពលផ្លូវភេទ ទៅលើវត្ថុមួយ ហើយរូបភាពនៃវត្ថុនេះក៏ត្រលប់មករកអាត្មាវិញ[១៣]។
អត្តស្នេហានិយមមានពីរប្រភេទ៖
ក. ពេលក្មេងនៅតូច ក្មេងគិតថាខ្លួនសំខាន់ណាស់ ហើយខ្លួនគឺជាស្នូលនៃចំណាប់អារម្មណ៍របស់មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន។ អ្នកទាំងអស់នោះមានតែរូបគាត់ និងចាប់អារម្មណ៍តែទៅលើគាត់ម្នាក់ប៉ុណ្ណោះ។ ឧទាហរណ៍ ពេលឃ្លាន គាត់យំ ហើយនៅពេលនោះ អ្នកទាំងអស់នោះ ឬមួយក៏ឪពុកម្តាយរបស់គាត់នឹងត្រូវមកមើលគាត់ និងបញ្ចុកអាហារដល់គាត់។ នៅពេលនោះ គាត់សប្បាយចិត្តណាស់។
ខ. នៅពេលដែលក្មេងនេះរៀងធំបន្តិច គាត់ក៏ចាប់ផ្តើមសង្កេតឃើញថា អ្នកដែលនៅជុំវិញខ្លួនរបស់គាត់មិនមែនមានតែរូបគាត់ម្នាក់ប៉ុណ្ណោះនោះទេ គឺមានមនុស្សផ្សេងទៀតដែលពួកគេចាប់អារម្មណ៍ ឧទាហរណ៏ក្មេងសង្កេតឃើញ ក្រៅពីខ្លួន ម្តាយរបស់ខ្លួនមានការចាប់អារម្មណ៍ទៅលើប្តីរបស់គាត់ដែលត្រូវជាឪពុករបស់ខ្លួន។ នៅពេលដែលក្មេងឃើញម្តាយខ្លួននិយាយជាមួយប្តីយ៉ាងសប្បាយ ក្មេងក៏ចង់ធ្វើអី្វៗឲ្យដូចឪពុករបស់ខ្លួនដែរ ដើម្បីឲ្យម្តាយរបស់ខ្លួនសប្បាយចិត្ត[១៤]. ។
អត្តស្នេហានិយមគឺជាហេតុការណ៍ដែលកុមារចង់ធ្វើ ឬចង់មានអ្វីមួយ ប៉ុន្តែមិនអាចធ្វើ ឬមានបានតាមការដែលខ្លួនចង់ ហើយការដែលខ្លួនមិនអាចធ្វើ ឬមានបានតាមចំណង់របស់ខ្លួននោះក៏វិលត្រលប់មករកអាត្មាវិញ។ ឧទាហរណ៍ ក្មេងប្រុសចង់រៀបការជាមួយម្តាយរបស់ខ្លួន តែក្មេងមិនអាចធ្វើទៅបាន ដូច្នេះក្មេងក៏បង្ខំចិត្តឈប់ស្រលាញ់ម្តាយរបស់ខ្លួន។ ការដែលសម្រេចបែបនេះគឺជា “អាត្មា” (moi)។ ការចង់រៀបការជាមួយម្តាយរបស់ខ្លួនគឺជាចំណង់ (libido)។ នៅក្នុងកាលៈទេសៈនេះ ក្មេងត្រូវគិតពិចារណាអំពីមជ្ឈដ្ឋានដែលនៅជុំវិញខ្លួន (surmoi) ថាតើមជ្ឈដ្នាននោះអាចអនុញ្ញាតឲ្យខ្លួនរៀបការជាមួយម្តាយខ្លួនបានឬអត់។ បន្ទាប់ពីថ្លឹងថ្លែងរវាងមជ្ឈដ្ឋាន និងចំណង់របស់ខ្លួនរួចហើយ វាក៏ធ្វើការសម្រេចចិត្ត។ ការសម្រេចចិត្តនេះគឺថាគាត់មិនអាចរៀបការជាមួយម្តាយរបស់គាត់បានទេ។ ដូច្នេះហេតុការណ៍ក៏ត្រលប់មករកសភាពដើមវិញ (អាត្មា)។
៣. ឥទ្ធិពលនៃចរិយាធម៌ (Surmoi) ពេលក្មេងអាយុ ៥ ឆ្នាំ ក្មេងមានវិបត្តិអឺឌីប និងវិបត្តិនៃការខ្លាចគេក្រៀវ ដោយសារតែក្មេងត្រូវអនុវត្តច្បាប់ដែលចែងឡើងដោយឪពុករបស់ខ្លួន[១៥]។ ច្បាប់គឺស្ថិតនៅក្នុងខ្លួនរបស់ក្មេងជានិច្ច ទោះជាក្មេងចង់អនុវត្តក្តី មិនចង់អនុវត្តក្តី ក៏ក្មេងត្រូវតែអនុវត្តដែរ។ នេះមានន័យថាក្មេងត្រូវតែអនុវត្តច្បាប់នេះ ដោយមិនចាំបាច់មានគេមកបញ្ជាឡើយ។ សម្រាប់ក្មេង ច្បាប់ខ្លះល្អសម្រាប់គាត់ តែច្បាប់ខ្លះមិនល្អទេ។ នៅពេលដែលក្មេងគិតថាច្បាប់ណាមួយល្អ ក្មេងនឹងអនុវត្តច្បាប់ដោយឯកឯង គឺដោយមិនដឹងខ្លួន និងដោយពេញចិត្តទៀតផង។ នៅពេលក្មេងមានវ័យប្រហែល ៥ ឆ្នាំ ច្បាប់ដែលត្រូវយកមកអនុវត្តសម្រាប់ក្មេង គឺមានតែច្បាប់របស់ឪពុកប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលក្មេងធំបន្តិច ក្មេងឃើញថាច្បាប់មិនមានមកតែពីឪពុករបស់ខ្លួនប៉ុណ្ណោះនោះទេ គឺមានច្បាប់ដែលចេញមកពីមនុស្សផ្សេងទៀត ឧទាហរណ៍ដូចជាប៉ូលីសជាដើម។ បើមានច្បាប់មួយដែលតម្រូវឲ្យមនុស្សអនុវត្ត ប៉ុន្តែមនុស្សគិតថាមិនមែនជាច្បាប់ល្អ នេះមិនមែនជាឥទ្ធិពលនៃចរិយាធម៌ (Surmoi) ទេ។ ឧទាហរណ៍ ពេទ្យនិយាយថាញុំាស្រាមិនល្អទេ នៅពេលនោះមនុស្សនឹងគិតពិចារណាថាតើគំនិតនេះត្រឹមត្រូវឬអត់។ បើមនុស្សគិតថាត្រឹមត្រូវ គេក៏ឈប់ញុំាស្រា បើមិនអញ្ចឹងទេ គេនៅតែបន្តញុំាទៀត។ ដូច្នេះ ច្បាប់មួយជាច្បាប់ល្អ ឬមិនល្អសម្រាប់មនុស្សម្នាក់ គឺអាស្រ័យទៅលើឥទ្ធិពលនៃចរិយាធម៌ (Surmoi) របស់មនុស្សនោះ ហើយឥទ្ធិពលនៃចរិយាធម៌នេះគឺចេញមកពីវិបត្តិអឺឌីប។ បើក្មេងមានបញ្ហា នៅពេលមានវិបត្តិអឺឌីប នោះឥទ្ធិពលនៃចរិយាធម៌របស់ក្មេងនោះនឹងមានបញ្ហាដែរនៅក្នុងជីវិតរបស់គាត់។ គឺមានន័យថាបើក្មេងមិនធ្វើតាម ឬមិនយល់ពីច្បាប់នោះទេនៅពេលដែលវគាត់នៅតូច លុះដល់គាត់ធំឡើង គាត់នឹងមានបញ្ហា។ ឧទាហរណ៍ ច្បាប់ឪពុកចែងថាកូនប្រុសកូនស្រីមិនអាចមានទំនាក់ទំនងផ្លូវភេទជាមួយសមាជិកនៅក្នុងក្រុមគ្រួសារតែមួយបានទេ។ ប៉ុន្តែ ក្មេងខ្លះមិនយល់ច្បាស់ពីច្បាប់នេះទេ។ ពួកគាត់បែរជាយល់ថាច្បាប់នេះហាមឃាត់មិនឲ្យមានទំនាក់ទំនងផ្លូវភេទជាមួយសមាជិកនៅក្នុងក្រុមគ្រួសារតែមួយ និងទន្ទឹមនឹងនោះក៏ហាមឃាត់មិនឲ្យមានបំណងចង់មានទំនាក់ទំនងផ្លូវភេទបែបនេះផងដែរ។ ប៉ុន្តែតាមពិតច្បាប់មិនបានចែងពីការហាមឃាត់ក្នុងការមានចំណង់រួមភេទជាមួយមនុស្សនៅក្នុងក្រុមគ្រួសារខ្លួននោះទេ។
ឥទ្ធិពលនៃចរិយាធម៌មានពីរប្រភេទ៖
ក. ឥទ្ធិពលនៃចរិយាធម៌ល្អ៖ គឺមនុស្សនិយាយប្រាប់ខ្លួនពីអ្វីដែលត្រូវធ្វើ។ ឥទ្ធិពលនៃចរិយាធម៌ល្អមានបីចំនុច៖ - កុំធ្វើ។ ឧទាហរណ៍ កុំស្រឡាញ់ម្តាយរបស់ខ្លួន (សម្រាប់ក្មេងប្រុស)។ - ធ្វើ ៖ មនុស្សធ្វើអ្វីដែលឥទ្ធិពលនៃចរិយាធម៌របស់ខ្លួនយល់ថាល្អ ឧទាហរណ៍ ឥទ្ធិពលនៃចរិយាធម៌និយាយថា៖ “ត្រូវខំធ្វើការ។” - ការពារ ៖ ឥទ្ធិពលនៃចរិយាធម៌ប្រាប់អ្នកពីអ្វីដែលត្រូវធ្វី និងពីអ្វីដែលមិនត្រូវធ្វើ ដើម្បីចៀសវាងកុំឲ្យអ្នកមានបញ្ហា។ ឥទ្ធិពលនៃចរិយាធម៌ព្យាយាមការពារអ្នក។ ឧទាហរណ៍ អ្នក(មនុស្សប្រុស)ស្រលាញ់ម្តាយរបស់អ្នក ហើយអ្នកចង់រៀបការជាមួយគាត់ ប៉ុន្តែឥទ្ធិពលនៃចរិយាធម៌របស់អ្នកប្រាប់អ្នកថាកុំស្រឡាញ់ម្តាយអ្នក បើមិនអញ្ចឹងទេ អ្នកនឹងត្រូវគេក្រៀវ។ ដូចគ្នានេះដែរ នៅពេលអ្នកចង់ឆ្លងថ្នល់ ឥទ្ធិពលនៃចរិយាធម៌របស់អ្នកប្រាប់អ្នកថា ៖ អ្នកត្រូវមើលឆ្វេងមើលស្តាំ បើមិនអញ្ចឹងទេ អ្នកនឹងមានគ្រោះថ្នាក់។
ខ. ឥទ្ធិពលនៃចរិយាធម៌មិនល្អ ៖ នៅពេលខ្លះ ឥទ្ធិពលនៃចរិយាធម៌មានលក្ខណៈផ្តាច់ការ ដែលជាហេតុធ្វើឲ្យមានការលំបាក។ ពេលខ្លះ អ្នកចង់ធ្វើអ្វីមួយ ប៉ុន្តែឥទ្ធិពលនៃចរិយាធម៌របស់អ្នកបញ្ជាអ្នកកុំឲ្យធ្វើ ហើយពេលខ្លះទៀត អ្នកមិនចង់ធ្វើអ្វីមួយ ប៉ុន្តែឥទ្ធិពលនៃចរិយាធម៌របស់អ្នកបញ្ជាឲ្យអ្នកធ្វើ។ ឧទាហរណ៍ មនុស្សស្រលាញ់ភេទដូចគ្នា ឥទ្ធិពលនៃចរិយាធម៌របស់ពួកគេបញ្ជាឲ្យពួកគេកុំស្រលាញ់មនុស្សភេទដូចគ្នា។
៤. អត្តសញ្ញាណកម្ម[១៦] អត្តសញ្ញាណកម្មគឺជាផ្នែកមួយនៃរូបភាពនៃវត្ថុដែលអ្នកចង់បាន និងជាទំនាក់ទំនងដែលមនុស្សមិនដឹងខ្លួនរវាងរូបភាពនៃវត្ថុ និងអាត្មា។ ឧទាហរណ៍ មានក្មេងម្នាក់ត្រូវឪពុកស្លាប់ចោល ឬក៏បាត់ខ្លួន ហើយក្មេងនេះចងចាំនូវអ្វីៗដែលឪពុករបស់វាបានធ្វើ។ ប្រសិនបើវាធ្វើដូចអ្វីៗឲ្យដូចឪពុករបស់វាធ្វើ នេះជាអត្តសញ្ញាណកម្មនៅក្នុងន័យធម្មតា ប៉ុន្តែមិនមែនជាអត្តសញ្ញាណកម្មនៅក្នុងន័យចិត្តវិទ្យាទេ។ នៅក្នុងឧទាហរណ៍នេះ ប្រសិនបើក្មេងនេះដួលសន្លប់មិនដឹងខ្លួន នេះជាអត្តសញ្ញាណកម្មសម្រាប់ចិត្តវិទ្យា ពីព្រោះថាក្មេងនេះមិនបានចង់ដួលសន្លប់ទេ ប៉ុន្តែរូបភាពនៃការបាត់ខ្លួនរបស់ឪពុកគាត់ក្លាយទៅជាអាត្មារបស់គាត់ ដូច្នេះអាត្មារបស់គាត់ក៏បាត់ខ្លួនដូចឪពុករបស់គាត់ដែរ។ នេះគឺជាអត្តសញ្ញាណកម្មនៃការបាត់ខ្លួនរបស់ឪពុកគាត់[១៧]។
តំណភ្ជាប់ខាងក្រៅ
- ↑ Freud Sigmund : 1909, Cinq leçons sur la psychanalyse, Payot, 2001.
- ↑ Sigmund Freud : 1911, Le maniement de l'interprétation des rêves en psychanalyse; 1912, La dynamique du transfert; 1912, Conseils aux médecins sur le traitement psychanalytique; 1913, Le début du traitement; 1914, Remémoration, répétition, et élaboration; in : La technique psychanalytique, Ed.: Presses Universitaires de France, 2007, coll.: Quadrige Grands textes.
- ↑ Freud Sigmund : 1923, Encyclopedia Britannica.
- ↑ Centre Anna Freud : http://www.annafreud.org/ (visité le 8/12/2011)
- ↑ Sigmund Freud & Ernest Jones: Correspondance complète 1908-1939, Éd: Presses Universitaires de France, Coll.: Histoire de la psychanalyse, 1998.
- ↑ Gaogoa [archive] visité le 8/12/211,Ecole lacanienne de psychanalyse ELP [archive], visitié le 8/12/2011
- ↑ Ortigues MC et E : 1984, L'Oedipe africain, L'Harmattan.
- ↑ Porret Philippe : 2008, La Chine de la psychanalyse, CampagnePremière.
- ↑ Freud Sigmund : 1909, Cinq leçons sur la psychanalyse, Payot, 2001.
- ↑ Freud, Sigmund : 1912, Totem et Tabou, Payot, 1967.
- ↑ Freud, Sigmund : 1899, L'Interprétation des rêves, Presses universitaires de France, 1967.
- ↑ Freud, Sigmund : 1924, La disparition du complexe d'oedipe in La vie sexuelle Presses universitaires de France, 1969.
- ↑ Freud, Sigmund : 1914, Pour introduire le narcissisme, in Œuvres complètes de Freud, vol. 12, 1913-1914, Presses universitaires de France
- ↑ Freud, Sigmund : Remarques psychanalytiques sur l'autobiographie d'un cas de paranoïa in Cinq Psychanalyses, Presses universitaires de France., 1954
- ↑ Nasio JD : 1980, Enseignement des 7 concepts cruciaux de la psychanalyse, Petite bibliothèque Payot
- ↑ Lacan, Jacques : 19961/1962, Séminaire 9, L'identification, http://gaogoa.free.fr/SeminaireS.htm (visité le 9/12/2011)
- ↑ Freud Sigmund : 1919, Un enfant est battu, in Névrose et perversion, 1919