ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ
ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៣ និងព្រឹទ្ធសភាបានអនុម័តយល់ស្របលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០០៥ នាសម័យប្រជុំពេញអង្គ លើកទី ១០ នីតិកាលទី ១ ដែលមានសេចក្ដីទាំងស្រុងដូចតទៅនេះ ៖
ជំពូកទី ១ បទប្បញ្ញាត្តិទូទៅ
កែប្រែមាត្រា ១
ច្បាប់នេះមានគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងពង្រឹងវប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងគ្រួសារក្នុងសង្គមនៅព្រះរាជាណាចក្រកម្ពុជា ។
ច្បាប់នេះ មានទិសដៅបង្កើតយន្តការនីត្យានុកូល ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងថែរក្សាភាពសុខដុមរមនាក្នុងគ្រួសារតាមទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ ស្របតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តជាធរមាន។
ជំពូកទី ២ វិសាលភាពនៃការអនុវត្តន៍
កែប្រែមាត្រា ២Ret
អំពើហិង្សាក្នុងគ្រួសារគឺសំដៅលើអំពើហិង្សាដែលកើតមាននិងអាចកើតមានទៅលើ ៖
- ប្ដី ឬ ប្រពន្ធ
- កូនក្នុងបន្ទុក
- ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
មាត្រា ៣
អំពើហិង្សាក្នុងគ្រួសារ ទាមទារឱ្យមានការទប់ស្កាត់ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ហើយតម្រូវឱ្យចាត់វិធានការសមស្របបំផុត ដើម្បីការពារជនរងគ្រោះ ឬ ជនអាចនឹងរងគ្រោះ។ អំពើហិង្សារួមមាន ៖
- ការប៉ះពាល់ដល់ជីវិត
- ការប៉ះពាល់ដល់បូរណភាពរូបកាយ
- ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ
- ការឈ្លានពានខាងផ្លូវភេទ ។
មាត្រា ៤
អំពើប៉ះពាល់ដល់ជីវិត រួមមាន :
- មនុស្សឃាតដោយគិតទុកជាមុន
- មនុស្សឃាតដោយចេតនា
- មនុស្សឃាតដោយអចេតនា បណ្ដាលមកពីអំពើចេតនាផ្សេងទៀតនៃជនល្មើស
- មនុស្សឃាតដោយអចេតនា។
មាត្រា ៥
អំពើប៉ះពាល់ដល់បូរណភាពរូបកាយ រួមមាន :
- ការបំពារបំពានលើរូបកាយដោយប្រើអាវុធ ឬ ឥតអាវុធមានរបួស ឬ គ្មានរបួស
- ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ។
មាត្រា ៦
អំពើទារុណកម្ម ឬ អំពើឃោរឃៅ រួមមាន :
- ការធ្វើទុក្ខបុកម្នេញបង្កឱ្យមានការឈឺចុកចាប់ផ្លូវចិត្តសតិ អារម្មណ៍ បញ្ញាស្មារតីដល់រូបវន្តបុគ្គលក្នុងគ្រួសារ
- ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបកាយដែលប្រព្រឹត្តហួសពីសីលធម៌ និងច្បាប់កំណត់។
មាត្រា ៧
អំពើឈ្លានពានខាងផ្លូវភេទ រួមមាន : * ការប្រើហិង្សាសេពសន្ថវៈ
- ការបៀតបៀនកេរ្តិ៍ខ្មាស
- ការធ្វើអាស្រូវភាស។
មាត្រា ៨
ត្រូវទប់ស្កាត់ផងដែរចំពោះអំពើគំរាមកំហែងក្នុងគោលបំណងឱ្យជនរង គ្រោះភ័យខ្លាច តក់ស្លុត និងអំពើប៉ះពាល់ដល់បុគ្គលភាព និងទ្រព្យសម្បត្តិនៃជនដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារតែមួយ។
មិនរាប់បញ្ចូលថាជាការប្រើហិង្សា ឬ សកម្មភាពហិង្សាក្នុងគ្រួសារទេរាល់ការប្រៀនប្រដៅដោយផ្ដល់ ដំបូន្មាន ឬ ធ្វើការដាស់តឿនក្រើនរំលឹកឬចាត់វិធានការនានាសមស្របដើម្បីឱ្យ សហព័ទ្ធ ឬ កូន ឬ អ្នកនៅក្នុងបន្ទុកដើរក្នុងផ្លូវល្អតាមលក្ខណៈរស់នៅថ្លៃថ្នូរ នឹងទំនៀមទម្លាប់និងប្រពៃណីល្អរបស់ជាតិ ប្រសិនបើការប្រៀនប្រដៅនិងការអប់រំនោះ ធ្វើឡើងប្រកបដោយព្រហ្មវិហារធម៌ និងស្របទៅតាមគោលការណ៍នៃអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិដែលទទួលស្គាល់ដោយព្រះ រាជាណាចក្រកម្ពុជា។
ជំពូកទី ៣ សមត្ថកិច្ច និងនីតិវិធី
កែប្រែមាត្រា ៩
អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតមានកាតព្វកិច្ចធ្វើ អន្តរាគមន៍ជាបន្ទាន់ ក្នុងករណីមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ឬ បម្រុងនឹងកើតឡើងដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះ។ ក្នុងអំឡុងពេលចូលធ្វើអន្តរាគមន៍ អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើកំណត់ហេតុឱ្យបានជាក់លាក់អំពី ហេតុការណ៍នោះ រួចរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញាមានសមត្ថកិច្ច។
មាត្រា ១០
ក្នុងគោលដៅទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ មន្ត្រីនៃក្រសួងកិច្ចការនារី បម្រើការងារលើវិស័យដែលបញ្ញត្តិដោយច្បាប់នេះ ត្រូវបានទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងអាចធ្វើជាដើមបណ្ដឹងជួសមុខឱ្យជនរងគ្រោះស្របតាមនីតិវិធី ព្រហ្មទណ្ឌជាធរមាន។
មាត្រា ១១
ក្នុងករណីអវត្ដមាននៃមន្ត្រីដែលបានទទួលនីតិសម្បទាជានគរបាល យុត្តិធម៌រួចហើយនោះ មន្ត្រីសមត្ថកិច្ចដទៃទៀតរួមមានមន្ត្រីនគរបាល ភ្នាក់ងារនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់មន្ត្រីរបស់ក្រសួងកិច្ចការនារីរួមទាំងមេភូមិ ដែលធ្វើអន្តរាគមន៍ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជន រងគ្រោះត្រូវបានទទួលអំណាចពីច្បាប់នេះ ដើម្បីធ្វើកំណត់ហេតុជូនទៅតុលាការ។ កំណត់ហេតុនេះមានតម្លៃស្មើគ្នាដូចកំណត់ហេតុដែលបំពេញដោយមន្ត្រី នគរបាលយុត្តិធម៌ដែរ។
មាត្រា ១២
ក្នុងការអនុវត្តភារកិច្ច អាជ្ញាធរមានសមត្ថកិច្ចដូចបានចែងក្នុងមាត្រា៩ មាត្រា១០ និងមាត្រា១១ ខាងលើនេះ ត្រូវគោរពតាមនីតិវិធីដែលបានកំណត់ក្នុងបញ្ញត្តិនៃច្បាប់នេះ និងនីតិវិធីព្រហ្មទណ្ឌ ជាធរមាន។
ជំពូកទី ៤ វិធានការទប់ស្កាត់ និងការការពារជនរងគ្រោះ
កែប្រែមាត្រា ១៣
ដើម្បីទប់ស្កាត់អំពើហិង្សាដែលកំពុងតែកើត ឬ ជឿជាក់ថានឹងកើតឡើងអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ដោយ :
- ឃាត់ទុកអាវុធឬវត្ថុជាក់ស្ដែងដែលជនមុខសញ្ញាបានឬអាចប្រើប្រាស់
- បង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ឬ បង្វែរជនរងគ្រោះ បើមានការស្នើសុំពីជនរងគ្រោះ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញបានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ។
- ផ្ដល់អោយជនរងគ្រោះនូវជំនួយសមស្របតាមកាលៈទេសៈជាពិសេសផ្ដល់ កន្លែងជម្រកបណ្ដោះអាសន្នដែលអាចធានាសុវត្ថិភាព និងផ្ដល់នូវជំនួយសុខាភិបាលជាបន្ទាន់
- ពន្យល់ អប់រំនិងសម្រុះសម្រួលគូភាគីទាំងសងខាងឱ្យបញ្ឈប់អំពើហិង្សា និង ណែនាំជនរងគ្រោះអំពីសិទ្ធិរបស់ខ្លួនសម្រាប់ទប់ស្កាត់អំពើហិង្សា ដែលមានចែងនៅក្នុងមាត្រា២០ និងមាត្រា២៦ នៃច្បាប់នេះ។
ជនមុខសញ្ញាក្នុងច្បាប់នេះគឺសំដៅដល់អ្នកដែលបានប្រព្រឹត្ត កំពុងប្រព្រឹត្តនិងត្រៀមប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។
មាត្រា ១៤
ដើម្បីការពារសន្តិសុខជនរងគ្រោះ អាជ្ញាធរមានសមត្ថកិច្ចអាចចេញសេចក្ដីសម្រេចរដ្ឋបាលស្របតាមមាត្រា ៤៣ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងវិធានការបណ្ដោះអាសន្នស្របច្បាប់ ដែលមានជាអាទិ៍ ៖
- ហាមប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារដោយខ្លួនឯងផ្ទាល់ឬដោយអ្នកផ្សេង
- ហាមបំផ្លាញទ្រព្យសម្បត្តិ ឬ ណែនាំកុំឱ្យចាត់ចែងលក់ទ្រព្យសម្បត្តិរួម ឬ របស់ជនរងគ្រោះ ឬ របស់ញាតិសាលោហិតរបស់ជនរងគ្រោះ
- ហាមជនមុខសញ្ញាចូលទៅជិត ឬ ចូលទៅក្នុងទីលំនៅរួម កន្លែងស្នាក់នៅ ឬ កន្លែងធ្វើការរបស់ជនរងគ្រោះ បើគ្មានការអនុញ្ញាតពីជនរងគ្រោះនិងអាជ្ញាធរមានសមត្ថកិច្ច
- ចាត់វិធានការស្របច្បាប់ផ្សេងទៀតដែលចាំបាច់សម្រាប់ការពារ សុវត្ថិភាពដល់ជនរងគ្រោះ និងសមាជិកក្នុងគ្រួសារ ឬ ជនដែលពាក់ព័ន្ធ។
មាត្រា ១៥
បើមានសំណើសុំធ្វើអន្តរាគមន៍ និងមានបទល្មើសជាក់ស្ដែងកើតឡើងហើយអាជ្ញាធរមានសមត្ថកិច្ចមាន សិទ្ធិចូលទៅក្នុងទីកន្លែងកើតហេតុទោះជាពុំមានដីកាតុលាការ អនុញ្ញាតឱ្យចូលក៏ដោយក្នុងករណីទាំងឡាយណាដែលមន្ត្រីនិងភ្នាក់ងារ មានសមត្ថកិច្ច យល់ដោយសមហេតុផលថា មានអំពើហិង្សាក្នុងគ្រួសារបានកើតឡើងក្នុងអំឡុងពេល ៤៨ម៉ោងកន្លងផុត ឬ នឹងអាចកើតឡើងក្នុងអំឡុងពេល ២៤ម៉ោង ខាងមុខ។
ក្នុងអំឡុងពេលចូលធ្វើអន្តរាគមន៍ អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើកំណត់ហេតុឱ្យបានជាក់លាក់អំពីហេតុ ការណ៍នោះ រួចរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញាមានសមត្ថកិច្ច។
មាត្រា ១៦
ទន្ទឹមនឹងការធ្វើអន្តរាគមន៍របស់អាជ្ញាធរមានសមត្ថកិច្ច ជនរងគ្រោះអាចធ្វើបណ្ដឹងទៅតុលាការ ខេត្ត ក្រុង ដើម្បីសុំឱ្យចេញដីកាការពារ។ ចៅក្រមដែលទទួលចាត់ការ ត្រូវចេញដីកាការពារដោយមានវត្តមានឬ ពុំចាំបាច់មានវត្តមានជនមុខសញ្ញា។
មាត្រា ១៧
ក្នុងការចូលរួមអនុវត្តនីតិវិធីព្រហ្មទណ្ឌជាធរមាន អាជ្ញាធរមានសមត្ថកិច្ចពុំអាចធ្វើអន្តរាគមន៍ដើម្បីផ្សះផ្សា ឬ សម្រុះសម្រួលបទល្មើសព្រហ្មទណ្ឌដែលមានលក្ខណៈជាបទឧក្រិដ្ឋ ឬ មជ្ឈឹមធ្ងន់បានទេ។
មាត្រា ១៨
អាជ្ញាធរមានសមត្ថកិច្ច អាចឃាត់ខ្លួនជនមុខសញ្ញាដែលកំពុងប្រព្រឹត្តអំពើហិង្សាជាក់ស្ដែង ឬ ជនមុខសញ្ញាណាដែលកំពុងតែរំលោភលើដីកាការពាររបស់តុលាការដូចមាន ចែងក្នុងមាត្រា២៤ និង មាត្រា២៥ នៃច្បាប់នេះ ដោយពុំចាំបាច់មានដីកាតុលាការ។ ប៉ុន្តែក្រៅពីករណីទាំងពីរនេះ ការឃាត់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចដែលពុំមានដីកាពីតុលាការ ត្រូវហាមឃាត់។
ក្នុងករណីអនុវត្តតាមបញ្ញត្តិនៃវាក្យខណ្ឌទី១ខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើកំណត់ហេតុច្បាស់លាស់ កសាងសំណុំរឿង និងបញ្ជូនជនមុខសញ្ញាដែលត្រូវឃាត់ខ្លួនទៅតុលាការជាបន្ទាន់ ក្នុងអំឡុងពេលអតិបរិមាដែលបានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីចាត់វិធានការបន្ថែមឱ្យស្របច្បាប់។
មាត្រា ១៩
អំពើហិង្សាក្នុងគ្រួសារណា ដែលមានចរិកជាបទល្មើសព្រហ្មទណ្ឌមានលក្ខណៈជាបទឧក្រិដ្ឋ ឬ បទល្មើសមជ្ឈិមធ្ងន់ធ្ងរត្រូវតែជាកម្មវត្ថុនៃបណ្ដឹងអាជ្ញាទោះ អំពើហិង្សានេះបានកន្លងផុតហើយក៏ដោយ។
បណ្ដឹងអាជ្ញា ត្រូវធ្វើឡើងតាមបែបបទដែលមានចែងក្នុងច្បាប់នេះ និងតាមច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌជាធរមាន។
ជំពូកទី ៥ សិទ្ធិអំណាចតុលាការ
កែប្រែមាត្រា ២០
ដីកាការពារមានអនុភាពបង្គាប់បញ្ជាលើជនមុខសញ្ញា លើអាជ្ញាធរមានសមត្ថកិច្ច និងលើជនដែលពាក់ព័ន្ធនឹងរឿងក្ដីនេះ។ ដីកាការពារនេះជាវិធានការផ្នែករដ្ឋប្បវេណី។
ដីកាការពារមានកម្មវត្ថុចង្អុលបង្ហាញអំពីស្ថានភាពសកម្មភាព ឬអាកប្បកិរិយាទាំងអស់ជាការបង្គាប់ឱ្យធ្វើក្ដីឬបញ្ជាហាមឃាត់ ទង្វើក្ដី ដែលទាក់ទិនទៅនឹងតម្រូវការការពារជនរងគ្រោះ ឬ បុគ្គលណាដែលទទួលការគំរាមកំហែងពីអំពើហិង្សាគ្រួសារ។
ដីកាការពារមាន :
- ឥទ្ធិពលសម្រាប់មួយរយៈ
- ឥទ្ធិពលបណ្ដោះអាសន្នស្របតាមបញ្ញត្តិនៃមាត្រា២៣ នៃច្បាប់នេះ។
ចៅក្រមមានសមត្ថកិច្ច មានសិទ្ធិចេញដីកាការពារជាថ្មី ស្របតាមស្ថានភាពជាក់ស្ដែង ឬ បទបញ្ជាណាមួយក្នុងលក្ខណៈសមស្រប។
មាត្រា ២១
មានតែតុលាការខេត្ត ក្រុងទេ ដែលមានសមត្ថកិច្ចចេញដីកាការពារជាប្រយោជន៍ដល់ជនរងគ្រោះនៃអំពើ ហិង្សាក្នុងគ្រួសារ លើគ្រប់ករណីទាំងអស់ ទោះជាអំពើហិង្សាក្នុងគ្រួសារនោះកើតឡើងផ្ទួនគ្នាជាផ្នែកស៊ីវិល ក្ដី ជាផ្នែករដ្ឋបាលក្ដី ឬ ជាផ្នែកព្រហ្មទណ្ឌក្ដី។
មាត្រា ២២
ពាក្យបណ្ដឹងសុំដីកាការពារពីតុលាការអាចធ្វើឡើងដោយ :
- ជនរងគ្រោះ ឬ តំណាងជនរងគ្រោះ ឬ អាជ្ញាធរមានសមត្ថកិច្ចនៃលំនៅឋានជនរងគ្រោះ ឬ មន្ត្រីភ្នាក់ងារដែលបំពេញការងារនៅកន្លែងកើតហេតុ។
- ជនណាម្នាក់ដែលបានដឹងពីឧបទ្ទវហេតុនៃអំពើហិង្សាក្នុងគ្រួសារ ប្រសិនបើជនរងគ្រោះជាកុមារ ជាជនវិកលចរិត ឬ ជាជនដែលតុលាការយល់ថាគ្មានលទ្ធភាពធ្វើពាក្យបណ្ដឹងដោយខ្លួនឯង បាន។
មាត្រា ២៣
ដីកាការពារមានពីរដំណាក់កាល ៖
- ដំណាក់កាលទី ១ ហៅថាដីកាការពារបណ្ដោះអាសន្នដែលមានរយៈពេល ២ (ពីរ) ខែ ចេញក្នុងពេលដែលមានអាសន្នពីអំពើហិង្សាក្នុងគ្រួសារភ្លាមៗ។
- ដំណាក់កាលទី ២ ហៅថាដីកាការពារមានរយៈពេល ៦ (ប្រាំមួយ) ខែ ចេញក្នុងពេលដែលតុលាការកំពុងស៊ើបអង្កេតមិនទាន់ជំនុំជម្រះឬមុន មានសាលក្រមស្ថាពរ។
មាត្រា ២៤
តុលាការ អាចចេញដីកាការពារបណ្ដោះអាសន្ននៅពេលទទួលបណ្ដឹងការពារ ដោយមិនចាំបាច់សាកសួរជនមុខសញ្ញាបើសិនវិធានការបណ្ដោះអាសន្ននោះ មានភាពចាំបាច់សម្រាប់រក្សាការពារសុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះ ឬសម្រាប់ជាការរក្សាទុកជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិជនរង គ្រោះមុនមានសាលក្រមស្ថាពរ។
មាត្រា ២៥
ក្នុងការចេញដីកាការពារ តុលាការមានសិទ្ធិកំណត់បញ្ជាលើសកម្មភាពជនមុខសញ្ញា ដើម្បី ការពារជនរងគ្រោះ ដូចតទៅ ៖
- ហាមប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារដោយខ្លួនឯងផ្ទាល់ ឬដោយអ្នកផ្សេង
- ហាមចូលទៅជិត ឬ ចូលទៅក្នុងទីលំនៅរួម កន្លែងស្នាក់នៅ ឬកន្លែងធ្វើការរបស់ជនរងគ្រោះ បើគ្មានការអនុញ្ញាតពីជនរងគ្រោះ និងអាជ្ញាធរមានសមត្ថកិច្ច។
- ហាមជនមុខសញ្ញាទាក់ទងជាមួយជនរងគ្រោះ តាមផ្លូវណាមួយ
- ហាមបំផ្លាញទ្រព្យឬចាត់ចែងលក់ទ្រព្យរបស់ជនរងគ្រោះឬញាតិសាលោហិតរបស់ជនរងគ្រោះ
- បំបែកជនមុខសញ្ញាពីលំនៅឋានរួម ឬបំបែកជនរងគ្រោះ បើមានការស្នើសុំ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញបានដោយគ្មានការស្នើសុំ ប្រសិនបើ មានហេតុផលចាំបាច់ត្រូវធ្វើ។
បើយល់ថាជាការចាំបាច់សម្រាប់ការពារ ឬ រៀបចំសុវត្ថិភាព សុខភាព និងសុខុមាលភាពជនរងគ្រោះ តុលាការអាចបង្គាប់ដោយចាត់វិធានការបន្ថែមទៀត ដូចតទៅ :
* បញ្ជាឱ្យភ្នាក់ងារនគរបាលឬកងរាជអាវុធហត្ថណាម្នាក់ការពារបេតិកភណ្ឌផ្ទាល់ខ្លួនរបស់ជនរងគ្រោះ
- សម្រេចអំពីការថែរក្សាកូន និងអំពីសិទ្ធិទៅសួរសុខទុក្ខកូនដោយគិតយ៉ាងខ្ពស់បំផុតពីសិទ្ធិ និងផលប្រយោជន៍នៃកុមារនោះ
- បញ្ចប់កាតព្វកិច្ចហិរញ្ញវត្ថុនៃជនរងគ្រោះ ចំពោះជនមុខសញ្ញា
- កំហិតអោយជនមុខសញ្ញាផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យជនរងគ្រោះដោយផ្អែកតាមលទ្ធភាពធនធាននៃជនមុខសញ្ញា។
មាត្រា ២៦
ចំពោះបទល្មើសដែលជាអំពីហិង្សាប៉ះពាល់ខាងផ្លូវចិត្ត ឬ ផ្លូវជីវភាពសេដ្ឋកិច្ច និងបទល្មើសមជ្ឈិមស្រាល ឬ បទលហុ ការផ្សះផ្សា ឬសម្រុះសម្រួលអាចធ្វើទៅបានតាមការយល់ព្រមពីភាគីទាំងសងខាង។ សមាជិកគ្រួសារអាចជ្រើសរើសវិធីណាមួយ ដោយស្នើសុំ ឪពុកម្ដាយ សាច់ញាតិ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មេភូមិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាអ្នកអាជ្ញាកណ្ដាលដោះស្រាយបញ្ហា ដើម្បីថែរក្សាបាននូវភាពសុខដុមរមនាក្នុងគ្រួសារ តាមទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ ស្របតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៧
អនុលោមលើខ្លឹមសារនៃមាត្រា២៥ ខាងលើ តុលាការត្រូវព្យាយាមធ្វើការផ្សះផ្សាភាគីមានវិបត្តិអំពើហិង្សា ក្នុងលក្ខខណ្ឌឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សមាជិកនៃគ្រួសារនោះ ។ ក្នុងការផ្សះផ្សាសម្រុះសម្រួលគ្នាតុលាការត្រូវចៀសវាងធ្វើសម្ពាធ លើគូភាគីដែលមិនព្រមស្រុះស្រួលគ្នា ឬ បង្ខិតបង្ខំភាគីណាមួយឱ្យចូលផ្សះផ្សាឬបង្ខិតបង្ខំឱ្យចុះ កិច្ចព្រមព្រៀងដោយគ្មានការព្រមព្រៀងពីភាគីទាំងពីរឡើយ។
មាត្រា ២៨
ក្នុងករណីអំពើហិង្សាពាក់ព័ន្ធដល់កុមារ អាជ្ញាធរមានសមត្ថកិច្ចដែលមានតួនាទីទទួលបន្ទុកបម្រើប្រយោជន៍កុមារ និងការពារសុខុមាលភាពរបស់កុមារ ធ្វើការតាមដានបញ្ហានេះ។ ក្នុងករណីធ្ងន់ធ្ងរអាជ្ញាធរមានសមត្ថកិច្ច ត្រូវកសាងសំណុំរឿងទៅតុលាការ។
អ្នកទទួលខុសត្រូវណាម្នាក់ដែលតុលាការបានបង្គាប់ រួមទាំងព្រះរាជអាជ្ញាផង ត្រូវទទួលបន្ទុកតាមដានអំពីស្ថានភាពនៃកុមារ និងធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពនេះជូនទៅតុលាការ។
តុលាការ អាចផ្ដល់អាណត្តិដល់ស្ថាប័នមានសមត្ថកិច្ច ដើម្បីរកជំនួយ និងការគាំទ្រជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការពារសុវត្ថិភាព និងសុខុមាលភាពជនរងគ្រោះ ពេលតុលាការកំពុងបំពេញនីតិវិធី។
មាត្រា ២៩
លើកលែងតែករណីបន្ទាន់ដូចមានចែងក្នុងមាត្រា ២៣ តុលាការត្រូវជូនដំណឹងទៅជនមុខសញ្ញាអំពីការស្នើសុំដីកាការពារ មិនឱ្យលើសពី ៥ (ប្រាំ) ថ្ងៃ មុននឹងយកបញ្ហានេះមកពិនិត្យ។ បើជនមុខសញ្ញានេះមិនបង្ហាញខ្លួននៅមុខតុលាការ ដើម្បីបញ្ជាក់អំពីហេតុផល តុលាការអាចពិនិត្យបញ្ហាដោយពុំមានវត្តមានជនមុខសញ្ញា ឬ បើជាការចាំបាច់អាចចាត់វិធានការ តាមនីតិវិធីជាធរមាន ចំពោះជនមុខសញ្ញាដែលមិនអើពើនឹងសេចក្ដីសម្រេចរបស់តុលាការ។
ក្នុងករណីអវត្ដមានឬ ការមិនអើពើរបស់ជនមុខសញ្ញា អំពីសេចក្ដីសម្រេចរបស់តុលាការ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវស្នើតុលាការចាត់ការតាម នីតិវិធីព្រហ្មទណ្ឌជាធរមាន។
មាត្រា ៣០
បើមានសំណើពីភាគីណាមួយ តុលាការអាចកែប្រែ លុបចេញ ឬ បន្ថែមទម្ងន់នៅក្នុងដីកាការពារក្រោយពីបានជូនដំណឹងទៅភាគីម្ខាង ទៀត ៥ (ប្រាំ) ថ្ងៃ មុននឹងសម្រេច។
គូរភាគីអាចធ្វើការតវ៉ាឱ្យតុលាការពិនិត្យឡើងវិញ លើសេចក្ដីសម្រេចរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ២ (ពីរ) ខែ ចាប់ពីថ្ងៃចេញដីកាការពារ។
មាត្រា ៣១
ជនរងគ្រោះ និងជនមុខសញ្ញា មានសិទ្ធិទទួលអ្នកការពារតាមផ្លូវច្បាប់ ឬមានសិទ្ធិជ្រើសរើសអ្នកតំណាងដែលខ្លួនទុកចិត្ត នៅគ្រប់ដំណាក់កាលនៃនីតិវិធី។
មាត្រា ៣២
ក្រោយពីបានចេញដីកាការពាររួចហើយព្រះរាជអាជ្ញា ឬមន្ត្រីមានសមត្ថកិច្ចដែលច្បាប់ប្រគល់ឱ្យ ត្រូវចាត់គ្រប់វិធានការ ដើម្បីអនុវត្តដីកាការពារតាមនីតិវិធីកំណត់។
ជំពូក ទី ៦ ការអប់រំ ការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល
កែប្រែមាត្រា ៣៣
រដ្ឋ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ទូទាំងប្រទេសបានយល់ជ្រួតជ្រាបអំពីបញ្ញត្តិនៃច្បាប់នេះ ជាពិសេសអំពីការទទួលខុសត្រូវក្នុងគ្រួសារ ការគោរពសិទ្ធិគ្នាទៅវិញទៅមកដើម្បីលើកស្ទួយតម្លៃគ្រួសារខ្មែរ សីលធម៌ សុជីវធម៌ ការរស់នៅ ការថែរក្សា និងការអប់រំគ្រួសារ របៀបដោះស្រាយទំនាស់ដោយអហិង្សា និង សន្តិវិធីព្រមទាំងណែនាំអោយយល់ពីវិធានការទាំងឡាយក្នុងការទប់ ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារដល់ជនរងគ្រោះ។
រដ្ឋជម្រុញភាគីដែលមានវិបត្តិអំពើហិង្សាក្នុងគ្រួសារឱ្យចូលរួម ក្នុងវគ្គពិគ្រោះបញ្ហា ដើម្បីរៀនសូត្រស្វែងយល់ អំពីវិធីសាស្ត្រនានា ក្នុងការដោះស្រាយទំនាស់ និង អប់រំដោយមិនប្រើប្រាស់អំពើហិង្សា។
មាត្រា ៣៤
ក្រសួង ស្ថាប័នទាំងឡាយរបស់រដ្ឋ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន អង្គការនានា និងផ្នែកឯកជនដើម្បីជម្រុញកម្មវិធីផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សា ក្នុង គ្រួសារនិងកិច្ចការពារជនរងគ្រោះ។
មន្ត្រីពាក់ព័ន្ធទាំងឡាយនិងភ្នាក់ងារអង្គការនានាត្រូវបានទទួល ការបណ្ដុះបណ្ដាលអំពីបញ្ហានៃអំពើហិង្សាក្នុងគ្រួសារ និងវិធានការទាំងឡាយដែលមានចែងនៅ ក្នុងច្បាប់នេះដើម្បីឱ្យយល់ពីមូលហេតុចម្បងនានាដែលបង្កឱ្យ មានការកើតឡើងនូវអំពើហិង្សាក្នុងគ្រួសារ និងបទល្មើសទាំងឡាយដែលពាក់ព័ន្ធវិស័យនេះ។
ជំពូកទី ៧ ទោសប្បញ្ញត្តិ
កែប្រែមាត្រា ៣៥
អំពើហិង្សាក្នុងគ្រួសារទាំងឡាយណា ដែលចូលជាបទល្មើសព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសដោយយោងតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
មាត្រា ៣៦
ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជនដោយបទល្មើសនោះ ជាបទមជ្ឈិមស្រាល ឬ បទលហុ។ ក្នុងករណី ដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើងជាថ្មីម្ដងទៀត ដែលល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តុលាការត្រូវតែធ្វើការចោទប្រកាន់ជនមុខសញ្ញារូបនោះ តាមនីតិវិធីព្រហ្មទណ្ឌ ទោះបីជាមានការស្នើសុំពីជនរងគ្រោះម្ដងទៀតក៏ដោយ។
ជំពូកទី ៨ អវសានប្បញ្ញត្តិ
កែប្រែមាត្រា ៣៧
ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។