ច្បាប់​ស្តី​ពី​សភា​ពាណិជ្ជកម្ម

ច្បាប់​​ស្តី​ពី​​សភា​​ពាណិជ្ជកម្ម ត្រូវ​បាន​អនុម័តដោយរដ្ឋសភានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩៥ មានសេចក្តីទាំងស្រុងដូចតទៅ៖

ជំពូកទី ១ ការរៀបចំនិងការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្ម

កែប្រែ
  • មាត្រា ១

សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាសាធារណនៅក្រោមអាណាព្យាបាលនៃក្រសួងពាណិជ្ជកម្ម ដែល ធ្វើសកម្មភាពដើម្បីជាផល ប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួន ។ នៅតាម​ខេត្តក្រុង នីមួយៗមាន​សភា​ពាណិជ្ជកម្មមួយ។ ប៉ុន្តែ​មណ្ឌល​នៃ​សភាពាណិជ្ជកម្មមួយអាច លាតសន្ធឹងទៅខេត្ត ក្រុងច្រើនបានកាលណាស្ថានការណ៍សេដ្ឋកិច្ចតំរូវអោយធ្វើដូច្នេះ ។

  • មាត្រា ២

សភាពាណិជ្ជកម្មនៅតាមខេត្ត ក្រុងនីមួយៗ ត្រូវបង្កើតឡើងដោយអនុក្រឹត្យតាមសំនើរបស់ ក្រសួងពាណិជ្ជកម្ម។ ព្រំដែនមណ្ឌល​នៃ​សភា​ពាណិជ្ជកម្ម​នីមួយៗ​ត្រូវ​កំនត់​ឡើង​ដោយ អនុក្រឹត្យដែល បង្កើតសភានោះ។

  • មាត្រា ៣

សភាពាណិជ្ជកម្មនីមួយៗ ត្រូវគ្រប់គ្រងដោយការិយាល័យមួយ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយរូប រឺច្រើនរូប ។ ចំនួនសមាជិកនៃការិយាល័យ ទំរង់បែបបទនៃការជ្រើសតាំងប្រធាន ព្រមទាំងការប្រព្រឹត្តទៅនៃ ការិយាល័យនេះត្រូវកំនត់ដោយបទ បញ្ជាផ្ទៃក្នុង របស់សភាពាណិជ្ជកម្មដែលមានទំរង់ដូចគ្នាតែមួយ សំរាប់សភាពាណិជ្ជកម្មទូទៅនិងមាន ការយល់ព្រមពីគណរដ្ឋមន្ត្រី តាមសំ នើរបស់ក្រសួងពាណិជ្ជកម្ម។

  • មាត្រា ៤

សភាពាណិជ្ជកម្មមានសមាជិកសញ្ជាតិជាខ្មែរ ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត។ អាណត្ដិ ចំនួនសមាជិក របៀបរបប និងការរៀបចំការបោះឆ្នោត ត្រូវកំនត់ដោយអនុក្រឹត្យ។

  • មាត្រា ៥

នៅអមសមាជិកជ្រើសតាំងដោយការបោះឆ្នោតសភាពាណិជ្ជកម្មមានសមាជិកទីប្រឹក្សា មួយចំនួន ទៀត ដែលចូលរួមក្នុងការ ពិភាក្សា តែមានភារកិច្ចត្រឹមតែជាអ្នកផ្តល់មតិប៉ុណ្ណោះ។ ចំនួនទីប្រឹក្សា មិនអាចលើសពីចំនួនសមាជិកជ្រើសតាំងដោយការបោះឆ្នោតឡើ យ។ ទីប្រឹក្សាទាំងនេះត្រូវបានតែងតាំងនៅពេលផ្លាស់សភាជាតិជាថ្មីម្តងៗ។ ទីប្រឹក្សាត្រូវជ្រើសរើសក្នុងចំនោម ៖

  1. តំនាងអង្គការ រឺតំនាងសមាគម ម្ចាស់សហគ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  2. តំនាងក្របខ័ណ្ឌដឹកនាំនៃសហគ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  3. តំនាងបុគ្គលិកនៃសហគ្រាសពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។ ក្រសួងពាណិជ្ជកម្មកំនត់តាមប្រកាស បន្ទាប់ពីបានទទួលសេចក្តីស្នើពីសភា​ពាណិជ្ជកម្មនូវ ៖
    • ចំនួនទីប្រឹក្សា
    • ចំនួនសមាជិកប្រភេទនីមួយៗ ដូចមានចែងខាងលើនេះ
    • បញ្ជីនៃអង្គការ រឺនៃសមាគមដែលមានសិទ្ធិចាត់តាំងតំនាងជាទីប្រឹក្សា។
  • មាត្រា ៦

អភិបាលខេត្ត ក្រុង រឺតំនាង និងតំនាងរាស្ត្រក្រសួងពាណិជ្ជកម្មមានសិទ្ធិចូលរួមក្នុងសម័យប្រជុំ សភាពាណិជ្ជកម្ម តែមានភារកិច្ចត្រឹមតែជាអ្នកផ្តល់មតិប៉ុណ្ណោះ។

  • មាត្រា ៧

សមាជិកជ្រើសតាំងនិងទីប្រឹក្សានៃសភាពាណិជ្ជកម្ម បំពេញមុខងាររបស់ខ្លួនដោយមិនយកប្រាក់ខែ រឺប្រាក់បំណាច់អ្វីឡើយ។

  • មាត្រា ៨

សភាពាណិជ្ជកម្មទាំងឡាយអាចសហការគ្នាតាមរយៈប្រធានរបស់ខ្លួន ក្នុងក្របខ័ណ្ឌនៃភារកិច្ចស្តីពី បញ្ហាទាំងឡាយ ដែលពាក់ ព័ន្ធទៅនឹងមណ្ឌលរៀងៗខ្លួន។

ជំពូកទី ២ ភារកិច្ចរបស់សភាពាណិជ្ជកម្ម

កែប្រែ
  • មាត្រា ៩

សភាពាណិជ្ជកម្មមានភារកិច្ចដូចតទៅ ៖

  1. ធ្វើទំនាក់ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅប្រទេសដើម្បីស្រង់យកពត៌មាន ដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ។
  2. បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅ ដូចជា​ការ​រៀប​ចំ​ផ្សព្វផ្សាយ នូវ ស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ការលើកតំកើងផ្នែកទេសចរណ៍។
  3. ផ្តល់ជូនរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្ត ក្រុង នូវយោបល់និងពត៌មានទាំងឡាយស្តីពី បញ្ហា ពាណិជ្ជកម្ម អុស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  4. ដើរតួជាអ្នកតំនាងសហគមន៍ពាណិជ្ជកម្ម អុស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មសំរាប់ សំរបសំរួលកិច្ចការជាមួយរដ្ឋអំនាច។
  5. ធានារ៉ាប់រងនូវការគ្រប់គ្រងសេវា ធានា និងអនុវត្តការងារចាំបាច់ដែលជាផលប្រយោជន៍ក្នុង សមត្ថកិច្ចរបស់ខ្លួន។
  6. ដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
  • មាត្រា ១០

សភាពាណិជ្ជកម្មត្រូវផ្តល់យោបល់ ៖

  1. អំពីគំរោងបទបញ្ជាទាំងឡាយផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
  2. អំពីតម្លៃ និងអាករលើសេវាទាំងឡាយ ដែលរដ្ឋធ្វើសម្បទានអោយសហគ្រាសណាមួយ។
  3. អំពីផលប្រយោជន៍ នៃគំរោងសំនង់សាធារណការ ដែលត្រូវអនុវត្តក្នុងមណ្ឌលនីមួយៗព្រម ទាំងពន្ធអាករដែលត្រូវប្រមូលយកពីអ្នកប្រើប្រាស់ ដើម្បីកសាងសំនង់នោះ។
  4. អំពីគំរោងនៃវិសោធនកម្មច្បាប់ វិស័យគយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
  5. អំពីការកំនត់អត្រាពន្ធគយ។ ម៉្យាងទៀត តាមគំនិតផ្តួចផ្តើមផ្ទាល់របស់ខ្លួន សភាពាណិជ្ជកម្មអាចធ្វើសនូមពរទាំងឡាយដែលទាក់ទងនឹងសកម្មភាពពាណិជ្ជកម្ម​ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម។
  • មាត្រា ១១

តាមសនូមពរម្ចាស់អំនោយឯកជន រឺរដ្ឋ ព្រមទាំងមានការយល់ព្រមពីគណរដ្ឋមន្ត្រី តាម សំនើរបស់ក្រសួងពាណិជ្ជកម្មសភាពាណិជ្ជកម្មអាចបង្កើត រឺគ្រប់គ្រងគ្រឹះស្ថានពាណិជ្ជកម្ម ឧស្សាហ កម្ម កសិកម្ម និងសេវាកម្ម ទោះជារបស់រដ្ឋក្តី របស់ឯកជនក្តី ដូចជាឃ្លាំងផ្ទុកទំនិញ សាលលក់ឥវ៉ាន់ សណ្ឋាគារ ពិព័រណ៍អចិន្ត្រៃយ៍ សារមន្ទីរពាណិជ្ជកម្ម សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងឧស្សាហកម្ម ទីផ្សារសាសាធារណមហាសាលសំរាប់ទេសចរណ៍។

  • មាត្រា ១២

សភាពាណិជ្ជកម្មអាចទិញ រឺសង់អគារសំរាប់ប្រើប្រាស់ជារបស់ខ្លួនផ្ទាល់ រឺសំរាប់ជួល ធ្វើអាជីវកម្ម បើគ្មានការជំទាស់ពីគណរដ្ឋមន្ត្រី តាមសំនើរបស់ក្រសួងពាណិជ្ជកម្ម

  • មាត្រា ១៣

ដោយមានសេចក្តីសំរេចរបស់គណរដ្ឋមន្ត្រី តាមសំនើរបស់ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម អាចចូលរួមក្នុងការដេញថ្លៃជាសាសាធារណ ដើម្បីទទួលភារៈជាសម្បទានិកនៃសំនង់ សាធារណការទាំងឡាយ រឺទទួលបន្ទុកធ្វើសេវាសាសាធារណ។

  • មាត្រា ១៤

រៀងរាល់ឆ្នាំ សភាពាណិជ្ជកម្មត្រូវបញ្ជូនរបាយការណ៍ទូទៅមួយ ស្តីពីសកម្មភាពរបស់ខ្លួនទៅក្រសួង ពាណិជ្ជកម្ម ដែលមានការតព្វកិច្ចផ្សព្វផ្សាយជា សាសាធារណនូវរបាយការណ៍នោះ។

ជំពូកទី ៣ ហិរញ្ញប្បទាន

កែប្រែ
  • មាត្រា ១៥

ចំនាយសំរាប់ការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្ម ត្រូវផ្គត់ផ្គង់ដោយភាគទានប្រចាំឆ្នាំរបស់សមាជិក បូករួមជាមួយនឹងចនូល ព្រមទាំងវិភាគទានមកពីប្រភពផ្សេងៗទៀត។

  • មាត្រា ១៦

បើគ្មានការជំទាស់ពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មអាចខ្ចីប្រាក់ ដើម្បីរ៉ាប់រងចំនាយនានា គ្រប់វិស័យដែលពាក់ព័ន្ធនឹង ភារកិច្ចបន្ថែមរបស់ខ្លួន ដែលមានចែងក្នុងមាត្រា ១១ និង ១២ លើកលែងតែ ចំនាយសំរាប់ការប្រព្រឹត្តទៅ ដែលមានចែងក្នុងមាត្រា ១៥ នៃច្បាប់នេះ។

  • មាត្រា ១៧

សំណងបំនុលទាំងដើមទាំងការដែលសភាពាណិជ្ជកម្មបានខ្ចី ត្រូវធានារ៉ាប់រងដោយប្រាក់ចនូល នៃអាជីវកម្ម។

  • មាត្រា ១៨

បើគ្មានការជំទាស់ពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មមួយចំនួនអាចនឹងខ្ចីឥណទានរួម ដើម្បី យកមកបង្កើត ផ្គត់ផ្គង់គ្រឹះស្ថានសេវា រឺសំនង់ដែលជាប្រយោជន៍រួមរបស់សភាពាណិជ្ជកម្មទាំងនោះ។ សំនង់បំនុលនេះត្រូវរ៉ាប់រងដោយប្រាក់ចនូលរួមនៃអាជីវកម្ម។

  • មាត្រា ១៩

ការខ្ចីប្រាក់ដូចមានចែងក្នុងមាត្រា ១៦ ១៧ និង ១៨ ខាងលើនេះអាចធ្វើតាមរយធនាគារដែល ណាផ្តល់អត្ថប្រយោជន៍ប្រសើរជាងគេ។

  • មាត្រា ២០

ក្រៅពីថវិកាសាមញ្ញ សភាពាណិជ្ជកម្មរៀបចំនូវថវិកាពិសេសសំរាប់គ្រឹះស្ថានពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងសិប្បកម្ម ដែលខ្លួនគ្រប់គ្រង។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនីមួយៗ សភាពាណិជ្ជកម្មត្រូវផ្ញើជូនក្រសួងពាណិជ្ជកម្ម ដើម្បីសុំការ យល់ព្រមលើរបា យការណ៍ស្តីពីចនូលនិងចំនាយនៃឆ្នាំមុន ហើយនិងគំរោងថវិកាចនូលចំនាយនៃឆ្នាំ បន្ទាប់ដោយមានអែកសារគណនេយ្យភ្ជាប់ជាមួយផង។ ម៉្យាងទៀតសភាពាណិជ្ជកម្មត្រូវផ្ញើតារាងរំលោះប្រាក់ខ្ចីជូនទៅក្រសួងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។ សភាពាណិជ្ជកម្មអាចបំរុងទុកទឹកប្រាក់ ទាំងអស់ រឺមួយភាគនៃចនូលលើស ដែលបានពិភាក្សាគ្រប់ គ្រងសេវាធម្មតាសំរាប់បង្កើតមូលនិធិពិសេសមួយ ដើម្បីផ្គត់ផ្គង់ចំនាយជា បន្ទាន់ដែលមិនបានគ្រោងទុក។ ទោះក្នុងករណីណាក្តី ចំនួនមូលនិធិបំរុងនេះមិនអាចខ្ពស់ជាង ២០ភាគរយនៃធនធានប្រចាំឆ្នាំរបស់ថវិកា នោះបានឡើយ។


ជំពូកទី ៤ អវសានប្បព្លាត្តិ

កែប្រែ
  • មាត្រា ២១

បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

  • មាត្រា ២២

ច្បាប់នេះត្រូវប្រកាសទុកជាការប្រញាប់។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ ព្រះហស្ថលេខាដោយនរោត្ដម សីហនុ

ឯកសារ​យោង

កែប្រែ

​* មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ស្វីស[តំណភ្ជាប់ខូច]