ឆព័ណ្ណរង្សីក្នុងព្រះពុទ្ធសាសនា

នៅក្នុងប្រពៃណីខ្មែរបុរាណ យើងបានជ្រើសរើសពណ៌ចំនួន៦ពណ៌ មកតម្រៀបលើទង់ពុទ្ធសាសនា ជាសាក្ខីភា តំណាង ភាពប្រសើរ៦យ៉ាង។ ពណ៌ទាំងនោះមាន ខៀវ ស ក្រហម លឿង ស្លាទុំ និងពណ៌ផ្លេក។ មានពលរដ្ឋខ្លះមានចម្ងល់ រកមិនឃើញ ថាពណ៌ផ្លេកនោះជាអ្វី។ តាមការពិត យោងទៅតាមអត្ថន័យអត្ថានុរូប (ន័យត្រង់) ពណ៌ផ្លេកជាពណ៌ទី៦ ច្រើនបញ្ចេញពណ៌ នៅពេលទង់សាសនាឆ្លុះចាំងនឹងពន្លឺ ព្រោះកាលសម័យដើម គេច្រើនយកសំពត់សូត្រ មកដេរជាទងស់ាសនា ហើយសំពត់សូត្ររមែង ផ្តល់ភាពភ្លឺរលោងផ្លេក បន្ថែមទៀត ទៅតាមស្រមាលនិងពន្លឺ ដែលសំពត់សូត្រនោះបានទទួល។

នៅក្នុងន័យអត្ថាបដិរូប ពណ៌ផ្លេកសំដៅទៅលើ ពន្លឺនៃព្រះធម៌ ដែលនាំអោយ យើងបានសិក្សារៀនសូត្រ ហើយបានយល់ស្គាល់ នូវភាពពណ្ណរាយរបស់ពន្លឺសតិប្រាជ្ញា ដែលជាស្ពាននាំជីវិតរបស់យើង ឆ្លងទៅរកភាពសន្តិ និងសេចក្តីសុខ មានគុណធម៌ សីលធម៌ ប្រចាំជីវិត យ៉ាងប្រសើរ។ ពន្លឺនៃប្រាជ្ញា នាំអោយយើងចេះស្វែង រកមធ្យោបាយ ដោះស្រាយវិបត្តិ បញ្ហា ឬសេចក្តីទុក្ខរំខានទាំងឡាយ ដែលយើងជួបប្រទះ ក្នុងការរស់នៅ។ ពន្លឺសតិនាំអោយយើង ចេះគិតយល់ ហើយចែកវែកញែក បែងចែក នូវបុណ្យបាប ល្អអាក្រក់ វិជ្ជមាន អវិជ្ជមាន សុចរិត ទុច្ចរិត គុណធម៌ ឬអប្រិយតិរច្ឆាន អោយដាច់ពីគ្នា។ ពន្លឺទាំងពីរផ្គួបគ្នា គឺការមានសតិប្រាជ្ញាពណ្ណរាយ រមែងនាំអោយមនុស្ស ធ្វើដំណើរក្នុងជីវិត ប្រកបដោយសុវត្ថិភាព រីកចម្រើន ហើយមានសន្តិ ជានិច្ច។ ពន្លឺនេះ មានភាពថ្លាពណ្ណរាយ ក្រៃលែង ដែលមនុស្សទាំងឡាយ មិនអាចសម្លឹងមើលឃើញ ដោយប្រើត្រឹមតែកែវភ្នែក សំបកខាងក្រៅបានឡើយ។ រីឯរូបឆពណ្ណ័រង្សី ដែលយើង ចំណាំឃើញ គេគូរ ឬដាក់ភ្លើង តុបតែងលំអ ព័ទ្ធព្រះកេស ព្រះពុទ្ធ ដែលគង់នៅលើប័ល្លង្ក គឺសំដៅទៅលើ ភាពពណ្ណរាយ និងភាពអច្ឆរិយៈ នៃកម្លាំងឥទ្ធិពល នៃសតិប្រាជ្ញា នៅក្នុងខួរក្បាលរបស់មនុស្ស នោះឯង។

រីឯរូបព្រះពុទ្ធគង់នៅលើផ្កាឈូករីកដ៏ស្រស់សោភា ដុះចេញពីផ្ទៃទឹកបឹងភក់ ជាសក្ខីភាពតំណាង ជីវិតរបស់មនុស្ស ដែលបានប្រឹងប្រែងព្យាយាម ខំត្រដរលូតលាស់ ចម្លងខ្លួនអោយផុត ពីសភាពភក់ជ្រាំ នៃសេចក្តីទុក្ខខ្មៅក្រខ្វក់ ក្នុងជីវិត ដើមកំណើតរបស់ខ្លួន អោយបានមកយល់ស្គាល់ នូវភាពពណ្ណរាយក្នុងជីវិតមួយថ្មីទៀត យ៉ាងស្រស់ស្អាត ដោយសារតែ កម្លាំងបារមីនៃសតិប្រាជ្ញា ដ៏ភ្លឺពណ្ណរាយ របស់ខ្លួន នោះឯង។ ដូច្នេះហើយ ទើបយើងតែងតែឃើញ គេឆ្លាក់ព្រះពុទ្ធអង្គ គង់សមាធិញ្ញាណ នៅលើផ្កាឈូករីក ដោយមានពន្លឺឆពណ្ណ៍រង្សី ចែងចាំង ព័ទ្ធជុំវិញព្រះកេស ព្រះអង្គជានិច្ច។


អ្នកស្រីកែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]

ខែឧសភា២០១១