ជនជាតិជ្វីហ
កាលណាគេនិយាយពីអរិយធម៌នៃតំបន់មេឌីទែរ៉ាណេសម័យបុរាណ គេមិនអាចមិននិយាយបានទេ អំពីប្រវត្តិរបស់ជនជាតិតូចមួយ ក៏ប៉ុន្តែ ដែលមានឥទ្ធិពលខ្លាំង នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ជាពិសេស ឥទ្ធិពលខាងមនោគមន៍វិជ្ជាសាសនា។ នោះគឺ ជនជាតិជ្វីហ្វ។ ការស្វែងយល់អំពីជនជាតិជ្វីហ្វសម័យបុរាណក៏ជាមូលដ្ឋានដ៏សំខាន់ដែរ ដើម្បីយល់ពីជម្លោះនៅដើមបូព៌ានាពេលបច្ចុប្បន្ននេះ។
ជនជាតិជ្វីហ្វសម័យបុរាណនោះ ថ្វីដ្បិតតែរស់នៅក្បែរឆ្នេរសមុទ្រ ក្នុងតំបន់មេឌីទែរ៉ាណេ ក៏ប៉ុន្តែ មិនមែនជាអ្នកជំនាញខាងដើរសមុទ្រ ដូចអរិយធម៌មេឌីទែរ៉ាណេផ្សេងទៀត ដូចជា ក្រិក កោះក្រែត និងហ្វេនីស៊ីនោះទេ។ ជនជាតិជ្វីហ្វសម័យដើម គឺជាជាជនជាតិដែលរស់នៅតាមបែបកុលសម្ព័ន្ធនៃមនុស្សសម័យបុរេប្រវត្តិ ដោយផ្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ នៅចន្លោះប្រទេសអេហ្ស៊ីប និងមេសូប៉ូតាមី។
ប្រវត្តិនៃប្រជាជាតិជ្វីហ្វបានចាប់ផ្តើមឡើង កាលពីជាង ៣ពាន់ឆ្នាំមុន នៅពេលដែលជនជាតិជ្វីហ្វភៀសខ្លួនចេញពីភាពជាទាសករនៅអេហ្ស៊ីប ហើយធ្វើដំណើរកាត់តាមវាលរហោស្ថាន ឆ្ពោះទៅកាន់ទឹកដីកាណាន (អ៊ីស្រាអែល និងប៉ាឡេស្ទីនបច្ចុប្បន្ន)។ ដំណើររឿង ដែលត្រូវបានរ៉ាយរ៉ាបយ៉ាងក្បោះក្បាយ នៅក្នុងគម្ពីរតូរ៉ា (Torah) របស់ពួកជ្វីហ្វ និងនៅក្នុងសញ្ញាចាស់នៃគម្ពីរប៊ីបរបស់គ្រឹស្តសាសនា។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និងអ្នកបុរាណវិទ្យានៅតែមិនទាន់មានការឯកភាពគ្នានៅឡើយ ជុំវិញដំណើររឿងនេះ។
នៅក្នុងទឹកដីកាណាន ជនជាតិជ្វីហ្វ (ឬហេព្រើ) បានចាប់របរកសិកម្ម បង្កើតជារដ្ឋ រួចហើយបានសាងសង់បុរីជាទីសក្ការៈមួយ គឺទីក្រុងយេរូសាឡឹម។ នៅខាងត្បូងទីតាំងដែលជនជាតិជ្វីហ្វរស់នៅ មានជនជាតិមួយទៀត ដែលជាសត្រូវរបស់ពួកជ្វីហ្វ គឺជនជាតិហ្វ៊ីលីស្ទីន។
ក្រុងយេរូសាឡឹមរបស់ពួកជ្វីហ្វត្រូវបានពួកបាប៊ីឡូនកម្ទេចចោល នៅឆ្នាំ៥៨៨មុនគ.ស ហើយជនជាតិជ្វីហ្វទាំងអស់ត្រូវបានគេជម្លៀសចេញពីទឹកដីកំណើត យកទៅបាប៊ីឡូន រហូតក្រោយពេលដែលអាណាចក្រពែរស៍វាយដណ្តើមកាន់កាប់បាប៊ីឡូន ទើបអធិរាជពែរស៍អនុញ្ញាតឲ្យជនជាតិជ្វីហ្វវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។