ជីវិតជាអ្នករត់ម៉ូតូឌុប

ទ្រីនៗទ្រឺនៗលឿនដូចហោះ

ឆ្វែលឆ្វាត់ផ្លេកផ្លោះកាត់ទីក្រុង

ឌុបអ្នកដំណើរមិនអែអង់

ត្រេចត្រង់ត្រឹមត្រូវមិនប្រមាថ។

ថ្ងៃខ្លះឌុបតាយាយមីងអ៊ំ

ថ្ងៃខ្លះក្រៀមក្រំរកស៊ីខាត

អត់មានអ្នកជិះសល់តែកាត

មុខជូរដូចត្មាតដេកចាំព្រៃ។

ថ្ងៃខ្លះមុខរីកដូចគ្រាប់ជីរ

បានឌុបនារីស្រស់ពេកក្រៃ

ក្លិនខ្លួនក្រអូបដូចចំប៉ី

រំភើបដួងចៃតែម្នាក់ឯង។

រាល់ថ្ងៃដឹកឌុបអស់មនុស្សសត្វ

វត្ថុគ្រប់សព្វមានកញ្ច្រែង

ឧស្សាហ៍ធ្វើការយ៉ាងរអែង

ប្រឹងប្រែងញើសហូរប្តូរជីវិត។

បាយត្រឹមបាតឆ្នាំងអាំងត្រីងៀត

ហូបចុកត្បិតត្បៀតមានកំរិត

សន្សំលុយកាក់ផ្ញើញាតិមិត្ត

ម៉ែឪក្រពិតឯស្រុកស្រែ។

មួយថ្ងៃសន្សំខំតក់ៗ

រកស៊ីដង្ហក់មិនត្អូញត្អែ

របរសុចរិតមិនលួចគេ

សូមព្រះយាងថែលុះភ្លឺស្វាង។


ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍