​លោក ផ្ជិត ខៃ្យ (អាន​សព្វ​ថ្ងៃ​ថា​ ជុត ខៃ) កើត​នៅ​ថ្ងៃ​ ៣០ តុលា ១៩៤០ នៅ កោះ​សំរោង ​ក្នុង​ខែត្រ​កំពង់ចាម ។ លោក​បាន​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ និង មធ្យម​សិក្សា​នៅ​ទី​រួម​ខែត្រ​កំណើត (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ ក្មេង​វត្ត​សម័យ​បារាំង​ និង ក្មេង​សាលា​បារាំង) ។

នៅ​​ឆ្នាំ ១៩៦៦ លោក​បាន​ចេញ​ពី​វិទ្យាស្ថាន​គរុ​កោសល្យ​ហើយ​បាន​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​​នៅ​អនុវិទ្យាល័យ​ឈូក ក្នុង​ខែត្រ​កំពត ។ ទន្ទឹម​នឹង​មុខ​ងារ​ជា​សាស្ត្រាចារ្យ​ លោក​បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ រហូត​ដល់​ទទួល​បរិញ្ញាបត្រ​​នៅ​ឆ្នាំ​ ១៩៦៨ ។​ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​​ផ្លាស់​ទៅ​វិទ្យាល័យ​សន្តិភាព​ ក្នុង​ខែត្រ​កំពង់​ស្ពឺ ។ លោក​ក៏​ជា​គ្រូ​បង្រៀន​ភាសា​បារាំង និង ច្បាប់ ហើយ​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​​កាសែត​ផង​ដែរ ។

ក្រោយ​ស្ថានការណ៍​ ១៨ មិនា ១៩៧០ លោក​បាន​ជាប់​កំណែន​ក្នុង​កងទ័ព​ផ្នែក​កង​អាវុធហត្ថ​មាន​ងារ​ជា​អនុសេនីយ៍​ឯក​ ហើយ​នៅ​ឆ្នាំ ១៩៧១ លោក​មាន​តួនាទី​ជា​ប្រធាន​ក្រសួង​រដ្ឋបាល​នៃ​តុលាការ​សឹក ។

លោក​បាន​ទទួល​ការ​តែង​តាំង​ជា​ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​នីតិសាស្ត្រ​ និង សេដ្ឋកិច្ច ​នៅ​​ក្នុង​ឆ្នាំ​សិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោក​រស់​នៅ​យ៉ាង​វេទនា​ក្នុង​របប​ខ្មែរ​ក្រហម​ (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ កូន​ក្របី​មនោសញ្ចេតនា) ហើយ​បាន​ភៀស​ខ្លួន​ជា​មួយ​គ្រួសារ​មក​ដល់ ​ខៅអ៊ីដាង​ ប្រទេស​ថៃ​ នៅ​ឆ្នាំ ១៩៧៩ ។ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នយោបាយ​ នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ ១៩៨០ ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ជាយ​ក្រុង​ប៉ារីស៍ ។

លោក​ជា​អតីត​អ្នក​និពន្ធ​កាសែត «​នគរ​ធំ» ហើយ​លោក​បាន​ទុក​ស្នាដៃ​នានា​ជា​ប្រលោម​លោក​ផ្ទាល់ខ្លួន​ និង​ ប្រលោម​លោក​បកប្រែ ។

   ខ្មោច​ព្រាយ​អសុរកាយ (ប្រលោម​លោក, ភ្នំពេញ, ១៩៧៣) ជា​បណ្ដុំ​រឿង​ខ្លី​ៗ អំពី​ជំនឿ​លើ​ខ្មោច​ព្រាយ​បិសាច​របស់​អ្នក​និពន្ធ​ផ្ទាល់ ដែល​សព្វ​ថ្ងៃ​ខ្ញុំ​បាន​ប្រទះ​ឃើញត្រូវ​បាន​បោះពុម្ព​ជា​ផ្នែក​តូច​ហើយ​ដាក់​លក់​ជា​រឿង​​សម្រាប់​កុមារទៅ​វិញ​ ដោយ​អ្នក​បោះ​ពុម្ព​ខ្លះ​មិន​បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ (លោក ជុត​ ខៃ) ទាល់​តែ​សោះ ។
   មេម៉ាយ​​ប្ដី ៥ (ប្រលោម​លោក​, ភ្នំពេញ​, ១៩៧៣)
   អស្ដង្គត​​នៃ​ប្រជាជាតិ (ជីវប្រវត្តិ​ផ្ទាល់​ខ្លួន, បម្រុង​បោះពុម្ព)
   បុត្រ​ឆ្នើម​នៃ​សង្គ្រាម​ (Les Centurions de Jean Lartéguy) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
   ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
   លោក​ឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)

ក្រោយ​សតវត្ស​ទី ២០ លោក​បាន​បោះពុម្ព​រឿង​ ក្មេង​វត្ត​សម័យ​បារាំង, សិស្ស​សាលា​បារាំង និង កូន​ក្របី​មនោសញ្ចេតនា (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ SIPAR) រឿង ​វិប្បដិសារី (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​អង្គរ) និង រឿង​ តើ​ខ្ញុំ​ភូត​ពួក​ខ្មែរ​ក្រហម​យ៉ាង​ម៉េច ជា​ភាសា​បារាំង(Comment J’ai Menti au x Khmers Rouges, Paris, Edition de l’Harmattan, 2004, 309p) ។

រឿង​ ២​ ខ្ញុំ​មិន​ទាន់​ស្គាល់​ការ​បរិច្ឆេទ ៖ រឿង​ ក្រុម​បេរេ​បៃតង (បកប្រែ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នគរធំ) និង រឿង ខ្មោច​កណ្ដាល​ក្រុង​ភ្នំពេញ ជា​ភាសា​បារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។

«​លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​​មួយ​រូប​ដែល​ចេះ​បញ្ចេញ​គំនិត​ ដោយ​បញ្ចូល​កេរមរតក​ខ្មែរ និង ឥទ្ធិពល​ពី​បស្ចិម​ប្រទេស» [SIPAR]

«លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ទី​ ១ ក្នុង​ដួង​ចិត្ត​ខ្ញុំ ដោយ​សារ​តែ​លោក​បាន​ពិពណ៌នា​អំពី​ខែត្រ​កំពង់​ចាម​​ ស្រុក​កំណើត​នៃ​ខ្ញុំ​ កាល​ពី​អតីតកាល ដោយ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ឯកសារ​មួយ​ដ៏​កម្រ» [តា ម៉ាប់]

ទាញ​យក​សៀវភៅ ៣ ក្បាល​របស់​លោក ជុត ខៃ ដោយ​គ្រាន់​តែ​ចុច​​លើ​រូប ៖

ឯកសារយោង

កែប្រែ

តាម៉ាប់និងយាយម៉ាប់