ជំងឺអាសន្នរោគបក្សី
Fowl Cholera ឬ Avian Pasterellosis
ជំងឺអាសន្នរោគបក្សី ជាជំងឺឆ្លងយ៉ាងកាចសាហាវមួយ ដែលមានការកើតឡើងចំពោះបក្សីស្រុក និងបក្សីព្រៃ ក្នុងសភាពពិសឈាម ហើយវាអាចបណ្តាលឲ្យបក្សីឈឺ និងស្លាប់យ៉ាងច្រើន ប៉ុន្តែជំងឺនេះអាចមានលេចចេញជាទំរង់រ៉ាំរ៉ៃ និងទំរង់មួយទៀតពុំមានបញ្ចេញរោគសញ្ញាផងដែរ។
និមិត្តហេតុ(Etiology)
កែប្រែជំងឺនេះបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះ PasterellaMultocida ដែលមានប្រវែង ០,៦µ ទៅ២,៥µ × ០,២៥µ ទៅ ៤µ ក្រាមអវិជ្ជមាន (Gram -)Bipolar។ នៅក្នុងទំរង់ស្រួចស្រាវជំងឺនេះអាចបណ្តាលឲ្យសត្វស្លាប់យ៉ាងច្រើន។ មេរោគនេះវាអាចបាត់បង់ទៅវិញ (កំចាត់) ដោយធ្វើការរំងាប់មេរោគ យ៉ាងសាមញ្ញធម្មតា ក្រោមពន្លឺព្រះអាទិត្យ ការសំងួត និងកំដៅ។ ចំពោះមាន់បារាំង ងាយនឹងទទួលជំងឺនេះជាងមាន់ រីឯមាន់ធំងាយទទួលជំងឺនេះជាងមាន់តូច ហើយពូជមាន់ខ្លះងាយទទួលជំងឺនេះ ជាងមាន់ពូជមួយចំនួនទៀត។
របៀបឆ្លងជំងឺ(Transmission)
កែប្រែ- ជំងឺនេះអាចឆ្លងបាន តាមរយៈការបញ្ចូលបក្សីថ្មីដែលឈឺ
- ជំងឺនេះអាចឆ្លង តាមរយៈការប៉ះទង្គិចផ្ទាល់រវាងបក្សីជា និងបក្សីឈឺ រឺបក្សីដែលជាសះស្បើយពីឈឺ
- ទឹកសំបោរ និងទឹកមាត់ (Dischages) ដែលមានមេរោគ ឧទាហរណ៍ មេរោគអាចចេញមកក្រៅ បានតាមរយៈទឹករំអិលដេលហូរចេញពី ច្រមុះ និងមាត់ ហើយធ្លាក់ទៅលើចំណី និងទឹក បណ្តាលឲ្យឆ្លងទៅសត្វឯទៀតដែលស៊ីចំណី និងទឹកផឹកដែលមានមេរោគនោះ
- ជំងឺនេះ អាចឆ្លងផងដែរតាមរយៈការប៉ះទង្គិចផ្ទាល់ជាមួយសំភារៈប្រើប្រាស់នៅក្នុងទ្រុង សំបកបាវដាក់ចំណី និងបរិវេណទ្រុងតែម្តង
- មេរោគអាចជ្រាតចូលទៅក្នុងខ្លួនបក្សីតាមរយៈ Conjunctiva រឺរបួសសើរស្បែក
- បក្សីស្លាប់ គឺជាប្រភពនៃការឆ្លងជំងឺ ប្រសិនបើមិនបានចោលបក្សីនោះឲ្យបានត្រឹមត្រូវ (Not properly disposed)
- ការចំលងរោគ អាចប្រព្រឹត្តទៅបានតាមរយៈរុយ សត្វល្អិត និងកណ្តុរ
- ជំងឺឆ្លងតាមរយៈ ដៃ ស្បែកជើង... សំភារៈផ្សេងៗ របស់បុគ្គលិក រឹបក្សីដែលជាសះស្បើយពីជំងឺ រមែងជាអ្នកផ្ទុកជំងឺ និងបន្តនូវការចំលងជំងឺនេះ។
រោគសញ្ញា(Clinical Signs)
កែប្រែ-Pnemonic form (ហើមសួត)
-Septicaemic form (ពិសឈាម)
រោគវិនិច្ឆ័យប្រៀបធៀប(Differential diagnosis)
កែប្រែ- ជំងឺញូវកាស ជាជំងឺដែលបង្កឡើងដោយវីរុស រយៈពេលឈឺខ្លី បក្សីស្លាប់ច្រើនគ្មានស្លាកស្នាមនៅសិរ និងណង់ សញ្ញាសរសៃប្រសាទ រាគពណ៌ប្រផេះ ស្នាមក្រហមអុចៗនៅនឹងចន្លោះគែរ និងកោះ ឬទងកោះ (Preventiculus)
- Fowl Plague ជាជំងឺដែលបង្កឡើងដោយវីរុស ហើមស្បែកក្បាល ក និងណង់ មិនអាចងើបក្បាលរួច ញាក់ៗ និងប្រកាច់ (convulsion) មានឈាមហូរចេញនៅចន្លោះក្រពេញទងកោះ
- កង្វះវីតាមីន ធ្វើឲ្យមានការប្រែប្រួលនូវភ្នាសសើមនៃបំពង់អាហារ មានពំនូកសៗក្នុងស្រោមបេះដូង និងនៅតំរងនោម។
ការព្យាបាល (Treatment)
កែប្រែ១. Sulphonamide និង Sulphaquinoxalline group
(មើលការព្យាបាលជំងឺ Coccidiosis)
២. Trimethoprim-Sulphadiazineនិង Sulphamethoxasole group (មើលព្យាបាលជំងឺ រាគស)
៣. Ampicilline group (មើលការព្យាបាលជំងឺ គ្រុនពោះវៀន)
៤. Chloramphenicol group (មើលការព្យាបាលជំងឺ គ្រុនពោះវៀន)
៥. Tetracycline hydrochloride group
*Achromycin១០ម.ល/ដប
កំរិតៈ ០.៥ម.ល/២-៤គ.ក្រ ទំងន់បក្សីរស់រៀងរាល់ថ្ងៃ រយៈពេលពី ៣-៥ថ្ងៃ
*Hostacycline(ម្សៅរលាយក្នុងទឹក) ១កញ្ចប់ ១០០ក្រាម
កំរិតៈ សំរាប់ការពារ ២,៥ក្រាម/ទឹក ៤,៥លីត្រ
សំរាប់ព្យាបាល ៥ក្រាម/ទឹក ៤,៥លីត្រ
* Tetracycline (ម្សៅ) ១០០ក្រាម/ដប
កំរិតៈ សំរាប់ការពារ ២,៥ក្រាម/ទឹក ៤,៥លីត្រ
សំរាប់ព្យាបាល ៥ក្រាម/ទឹក ៤,៥លីត្រ
៦. Oxytetracycline group
*Terramycine(ម្សៅ) ឬ Terramycine(ចាក់)
អាយុ១ថ្ងៃ-២សប្តាហ៍ ល្បាយ(១:៣) ១/២ម.ល ថ្នាំលាយចាក់សាច់ដុំ រឺក្រោមស្បែក
អាយុ ២-៤ សប្តាហ៍ ល្បាយ (១:៣) ១ម.ល ថ្នាំលាយរួច ចាក់សាច់ដុំ រឺក្រោមស្បែក
អាយុ ៤-៨ សប្តាហ៍ មិនលាយ ១/២ម.ល ចាក់សាច់ដុំ រឺក្រោមស្បែក
អាយុច្រើនជាង ៨សប្តាហ៍ មិនលាយ ១ម.ល ចាក់សាច់ដុំ រឺក្រោមស្បែក
មាន់ធំ មិនលាយ ២ម.ល ចាក់សាច់ដុំ រឺក្រោមស្បែក
៧. Chlortetracycline hydrochloride group (ម្សៅ)
*Aureomycline(ម្សៅ)
កំរិតៈ ការពារ ៤-៨ក្រាម/ទឹក១០លីត្រ
ការព្យាបាល ៨-១៦ក្រាម/ទឹក១០លីត្រ
៨. Doxycycline hydrochloride group
*Xidox(ម្សៅលាយទឹក)
កំរិត ៥ម.ក្រ/ទឹក ២.៥លីត្រ
*Bidoxកំរិត ៥ម.ក្រ/ទឹក ២,៥លីត្រ។
ការការពារ(Prevention)
កែប្រែ- ត្រូវធ្វើអនាម័យនៅទីកសិដ្ឋានចិញ្ចឹមមាន់ឲ្យបានត្រឹមត្រូវបំផុត
- ខិតខំយ៉ាងណាយកបក្សី ដែលជាសះស្បើយពីជំងឺ (Carrier birds) ចេញពីកសិដ្ឋាន (ព្រោះវាអាចឆ្លងទៅបក្សីដែលមានសុខភាពល្អ)
- បក្សីដែលមានអាយុផ្សេងៗពីគ្នា ហើយនិង ឈាមជ័រជាប់គ្នា ផ្សេងគ្នាត្រូវតែដាក់ចិញ្ចឹមនៅក្នុងទ្រុងផ្សេងគ្នា
- ហាមមិនឲ្យយកបក្សីថ្មីចូលដោយមិនបានយកបក្សីដែលមានស្រាប់នៅក្នុងទ្រុងចេញ
- បំបែកបក្សីដែលឈឺចេញពីបក្សីជា ហើយធ្វើការព្យាបាលវា
- មិនត្រូវអនុញ្ញាតឲ្យសត្វដូចជា ឆ្កែ ឆ្មា ជ្រូក។ល។ មកជិតទីកន្លែងកសិដ្ឋាន
- មិនត្រូវប្រើប្រាស់ប្រដាប់ប្រដារផ្សេងៗ ដែលធ្លាប់ប្រើជាមួយបក្សីឈឺ
- ខិតខំបន្ថយចំនួនចៃដែលមាន ដោយប្រើ Anti-tick measures ធ្វើការសំលាប់មេរោគ (disinfection) នៅកន្លែងចិញ្ចឹមអោយបានត្រឹមត្រូវ ដោយប្រើ ១% Phenol ឬ១:៥០០០ mercuric chloride
- ទ្រុងដែលធ្លាប់មានកើតជំងឺនេះ មិនត្រូវប្រើប្រាស់វាដើម្បីសំរាប់ចិញ្ចឹមបក្សីថ្មីឡើយ យ៉ាងហោចណាស់ក៏ត្រូវទុករយៈពេល ២សប្តាហ៍ ឬ១ខែ
- ត្រូវធ្វើការចាក់វ៉ាក់សាំងការពារ ឲ្យបានទៀតទាត់តាមកាលកំណត់។