ជំរំជនភៀសខ្លួន ខាវអ៊ីដាង
ខៅអ៊ីដាង ជាឈ្មោះភ្នំមួយ ដែលឋិតនៅក្នុងឃុំខូខ្លាន ស្រុកតាផៈយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ជើងភ្នំនេះ ធ្លាប់ផ្ដល់ជាទីជម្រកដល់ជនភៀសខ្លួនខ្មែររាប់សែននាក់ ឲ្យបានស្នាក់អាស្រ័យផុតពីទុក្ខភ័យ ក្នុងពេលដែលពលរដ្ឋខ្មែរទាំងនោះកំពុងរត់គេចពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៩ និងពេញមួយទសវត្សឆ្នាំ១៩៨០។ អ្នកដែលធ្លាប់រស់នៅក្នុងជំរំនេះខ្លះ បានចាកចេញឆ្ងាយទៅរស់នៅឯប្រទេសទី៣ នៅអូស្ត្រាលី អាមេរិក និងអឺរ៉ុប ដោយមិនមានឱកាសបានមកមើលទីនេះម្ដងទៀត។ ឯអ្នកខ្លះទៀត ក៏មានឱកាសបានមកមើលកន្លែងនេះសាជាថ្មី ដើម្បីរំលឹកឡើងវិញនូវប្រវត្តិរឿងរ៉ាវចាស់ៗ ដែលគេមានរាប់មិនអស់ ក្នុងពេលដែលគេស្នាក់នៅទីនេះ។
តើអ្នកធ្លាប់នៅទីនេះមានអនុស្សាវរីយ៍អ្វីខ្លះ? ហើយទីនេះបច្ចុប្បន្នមានសភាពបែបណា?
លោក ជី វិតា មានសេចក្ដីរាយការណ៍មួយស្ដីអំពីការរំឭករឿងរ៉ាវខ្លះៗ នៃជំរំខៅអ៊ីដាងនេះ ...
ខៅអ៊ីដាង ដែលឋិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ខាងជើងស្រុកអរញ្ញ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត កម្ពុជា បច្ចុប្បន្ននេះ ក្លាយជាព្រៃស្ងាត់ជ្រងំមួយ មិនខុសពីបទចម្រៀងមួយឃ្លា ដែលលោក កែវ សារ៉ាត់ ធ្លាប់ច្រៀងពណ៌នាអំពីទិដ្ឋភាពទីនេះ កាលពីអំឡុងទសវត្សឆ្នាំ ១៩៨០ នោះឡើយ។
ចម្រៀង កែវ សារ៉ាត់៖ «រសៀលរៃយំល្វើយៗ ខៅអ៊ីដាងខ្ញុំអើយ កាលដើមឡើយស្ងាត់ឈឹង … »
ថ្វីបើពេលនេះ ខៅអ៊ីដាង មានសភាពស្ងាត់ជ្រងំ មិនមានអ្វីជាទីចាប់អារម្មណ៍សណ្ដំចិត្តចំពោះមនុស្សទូទៅរាប់ពាន់លាននាក់ក្ដី ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែររាប់ម៉ឺននាក់ នៅតែចាប់អារម្មណ៍ និងចងចាំឈ្មោះខៅអ៊ីដាង ព្រោះពួកគេធ្លាប់ភៀសខ្លួនមករស់នៅទីនេះ កាលពីក្នុងទសវត្សឆ្នាំ១៩៨០។ ជារឿយៗ មានពលរដ្ឋខ្មែរ ដែលជាអតីតជនភៀសខ្លួនខ្មែរនាំគ្នាទៅលេងនៅទីនោះ។ ពួកគាត់ថតរូបបង្ហោះលើហ្វេសប៊ុក ជជែកគ្នាពីអនុស្សាវរីយ៍ចាស់ និងទទួលទានអាហារជុំគ្នា អមដោយចម្រៀងបទ ខៅអ៊ីដាង ដួងចិត្ត របស់លោក កែវ សារ៉ាត់ ផង។
សំឡេង៖ «ដល់ហើយនេះ រសៀលរៃយំហើយ»។
ពួកគាត់តែងព្យាយាមស្វែងរកទីតាំងចាស់នានា ដើម្បីចំណាំ ដូចជា ផ្ទះ មន្ទីរពេទ្យ អាគាររដ្ឋបាល និងវត្តអារាមជាដើម។
ទោះជាព្រៃដុះជិតទៅហើយក្ដី ក៏ទីនេះមិនត្រូវបានគេបោះបង់ចោលទាំងស្រុងដែរ។ យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០១៦មក អាជ្ញាធរថៃ បានកសាងអាគារមួយសម្រាប់តម្កល់ទុកប័ណ្ណសារនានា ទាក់ទងនឹងជនភៀសខ្លួនខ្មែរ ដែលធ្លាប់មកស្នាក់អាស្រ័យនៅទីនេះ ពីចុងឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៣។ អាគារនេះមានឈ្មោះថា មជ្ឈមណ្ឌលសិក្សាអំពីប្រវត្តិខៅអ៊ីដាង ដែលជាការរំឭកអំពីការទទួលខុសត្រូវរបស់ប្រទេសថៃ រួមជាមួយសហគមន៍អន្តរជាតិ ជួយដោះស្រាយវិបត្តិជនភៀសខ្លួនខ្មែរពេលនោះ។
ជនជាតិថៃមួយរូប ដែលជាបុគ្គលិកធ្វើការនៅទីនេះ លោក ស៊ុមស៊ី ផៃអ៊ុបផ្លី ឲ្យដឹងថា ចាប់តាំងពីពេលមជ្ឈមណ្ឌលនេះបើកទ្វារនៅឆ្នាំ ២០១៦មក មានភ្ញៀវមកទស្សនាជាហូរហែ។ ភ្ញៀវទាំងនេះ តែងតែបានចុះកំណត់ត្រាអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងសៀវភៅរំឭកអនុស្សាវរីយ៍ ដែលតម្កល់ទុកនៅទីនេះដែរ។ លោក ស៊ុមស៊ី (ផៃអ៊ុបផ្លី) បង្ហាញក្នុងសៀវភៅកំណត់ហេតុថា ភាគច្រើននៃអ្នកមកទស្សនាទីនេះ គឺជាអតីតជនភៀសខ្លួនខ្មែរ ដែលធ្លាប់រស់នៅទីនេះ។
ក្រៅពីអតីតជនភៀសខ្លួន ក៏មានអ្នកសិក្សា អតីតអ្នកធ្វើការឲ្យអង្គការអន្តរជាតិ ជនជាតិថៃ និងមន្ត្រីរដ្ឋាភិបាលកម្ពុជាផង។ ក្នុងសៀវភៅកត់ត្រាភ្ញៀវ យើងឃើញមានឈ្មោះមន្ត្រីរដ្ឋាភិបាលកម្ពុជាពីររូប គឺលោក គង់ វិបុល និងលោក អៀង សុផល្លែត បានទៅលេងអតីតជំរំខៅអ៊ីដាងនេះ នៅខែមករា ឆ្នាំ ២០១៧។
អតីតជនភៀសខ្លួនម្នាក់ ក្នុងចំណោមជនភៀសខ្លួនជាច្រើននាក់ ដែលធ្លាប់បានត្រឡប់មកទស្សនាអតីតជំរំខៅអ៊ីដាងនេះម្ដងទៀត គឺលោក សុខ សារ៉ែន ថ្លែងថា លោកនៅតែនឹកឃើញជីវិតអតីតកាល ព្រោះទីនេះធ្លាប់ផ្ដល់ជាទីជម្រកសុខសាន្តដល់រូបលោក និងពលរដ្ឋខ្មែររាប់ម៉ឺននាក់ផ្សេងទៀត ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា៖ «ទៅដល់គ្រាន់តែឃើញភ្នំខៅអ៊ីដាងហ្នឹង យើងស្លុតចិត្ត។ ម្នាក់ៗ គ្រាន់តែឃើញអ៊ីចឹង ចង់តែទៅដល់កន្លែងដែលខ្លួននៅ ដូចជា វត្ត សំខាន់រកវត្តឲ្យឃើញ។ ដំបូងយើងវង្វេងពេញតែព្រៃ ទៅរកជើងភ្នំឃើញហើយ រកវត្តមិនឃើញ។ ប៉ុន្តែគេរក្សាទុកខ្ទមអ្នកតានោះ។ វត្តហ្នឹងនៅមានសល់ដូចជាកន្លែងព្រះដែលយើងដុតធូបដុតអីហ្នឹង ឃើញនៅជាស៊ីម៉ង់។ ព្រៃវាដុះលើកន្លែងណាដែលអត់ស៊ីម៉ង់អ៊ីចឹងទៅ គ្របលើស៊ីម៉ង់»។
មុននឹងទៅដល់ជំរំខៅអ៊ីដាង ប្រទេសថៃ លោក សុខ សារ៉ែន បានភៀសខ្លួនពីស្រុកថ្មពួក ក្នុងពេលដែលកងទ័ពវៀតណាមសម្រុកវាយចូលលុកលុយប្រទេសកម្ពុជា ផ្ដួលរំលំរបបខ្មែរក្រហម នៅដើមខែមករា ឆ្នាំ១៩៧៩។ គឺពេលនោះហើយ ដែលមានប្រជាពលរដ្ឋខ្មែររាប់សែននាក់ រត់ភៀសខ្លួនដូចទឹកបាក់ទំនប់ពីក្នុងប្រទេសឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ ពលរដ្ឋខ្មែរទាំងនេះ នាំគ្នារែកកូនជញ្ជូនចៅរត់ទៅជាមួយយោធាខ្មែរក្រហម ដែលបាក់ទ័ព មកនៅផ្ដុំគ្នាតាមព្រំដែន។ ការមកដល់ព្រំដែន ពួកគេបង្កើតបានជាជំរំច្រើនកន្លែងនៅតាមបន្ទាត់ព្រំដែនខ្មែរថៃ ដើម្បីគេចចេញពីការវាយប្រហាររបស់កងទ័ពវៀតណាម។ ជនភៀសខ្លួនទាំងនេះ រស់នៅក្នុងជំរំក្រោមដើមឈើជាង ២០ជំរំ ឋិតក្នុងទឹកដីខ្មែរ ចាប់ពីខេត្តកោះកុងរហូតដល់ខេត្តព្រះវិហារ ហើយជំរំទាំងនោះមានឈ្មោះផ្សេងៗ គ្នា។ ជាពិសេស មានជំរំច្រើន នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំប្រទល់នឹងខេត្តស្រះកែវប្រទេសថៃមានជំរំច្រើន។
លោក សុខ សារ៉ែន រំឭកឡើងវិញថា ពេលដែលលោករត់ភៀសខ្លួនពីស្រុកថ្មពួក ទៅព្រំដែននៅគ្រានោះ គឺជាពេលវេលាដែលលំបាកវេទនាបំផុត៖ «បញ្ហាប្រឈមទីមួយ គឺយើងអត់មានអីហូប ហើយប្រជាជនកើតជំងឺខ្វះអាហារូបត្ថម្ភ ហើម ខ្លះស្លាប់។ ស្លាប់ច្រើនណាស់ ហើយពេលដែលយើងឈឺថ្កាត់ យើងអត់មានថ្នាំព្យាបាល»។
ស្រដៀងគ្នានេះដែរ អតីតជនភៀសខ្លួនម្នាក់ទៀត គឺលោកស្រី ស្ងួន គីម បញ្ជាក់បន្ថែមថា ក្នុងពេលភៀសខ្លួននោះ ជនភៀសខ្លួនខ្មែររស់នៅក្រោមការភ័យខ្លាចគ្រប់យ៉ាង និងគ្មានសុវត្ថិភាពឡើយ។ អ្នកខ្លះស្លាប់ដោយសារដាច់ស្បៀង ជំងឺគ្រុនចាញ់ និងជំងឺដង្កាត់ផ្សេងៗ ទៀត ដោយគ្មានថ្នាំព្យាបាល នៅក្នុងតំបន់ព្រៃស្រោងតាមព្រំដែន៖ «ដោយសារអត់បាយ ខ្លះឃ្លានពេក អោបឆ្នាំងងាប់ក៏មានដែរ។ អង្គុយផ្អែកដើមឈើក៏ងាប់ដែរ។ នៅកំរៀង នៅអូរត្រាង សឹងតែថា កន្លែងកប់ខ្មោចមិនចេះតិចហិកតារទេដី ធំណាស់។ ងាប់មួយសហករណ៍ៗ ចង់រលីង។ ដល់ថ្នាក់មែនទែនទៅ ទាហានថៃយកម៉ៃខូ (Excavator) កាយដាក់កប់»។
ដោយសារតែមានការប្រយុទ្ធគ្នា និងក្រុមចោរឆក់ចោរប្លន់ជាដើម អ្នកខ្លះស្លាប់ អ្នកខ្លះពិការ ព្រោះត្រូវគ្រាប់កាំភ្លើង និងគ្រាប់មីន។
ទាំងលោក សុខ សារ៉ែន និងលោកស្រី ស្ងួន គីម ដែលជាសាក្សីរស់បានឲ្យដឹងដូចគ្នាថា ដោយសារតែឃើញទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរទាំងនេះហើយ ទើបអង្គការសហប្រជាជាតិ សហការជាមួយយោធាថៃ បានប្រមូលជនភៀសខ្លួនទាំងនេះ យកទៅដាក់នៅជំរំស្រះកែវ ឋិតក្នុងខេត្តស្រះកែវ ប្រទេសថៃ៖ «មានឡានក្រុងមកតម្រៀបចាំនៅរបងជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ម្ដុំព្រំប្រទល់គោករមៀតយើងសព្វថ្ងៃនេះ ខេត្តបន្ទាយមានជ័យដែរ។ ម្ដុំតាផៈយ៉ាអីហ្នឹង។ គេឲ្យយើងឡើងឡានទៅ ប៉ុន្តែរបស់របរដូចជាការ៉ុងអី យើងមិនអាចយកបានទេ ទៅតែខ្លួន។ មានប្រាក់អីយកបាន ជាប់ខ្លួន។ ប៉ុន្តែអ្វីផ្សេងដូចជាអង្ករ ខោអាវសំពីងសំពោងអីយកអត់បានទេ គឺបោះចោលត្រឹមហ្នឹងអស់ហើយ តាំងពីគោ ក្របី លែងចោលអស់ហើយ។ អត់មាននរណាអាចយកអីបានទេ ក្រៅពីខោអាវមួយចង្កេះហ្នឹង។ ដល់ពេលយើងឡើងឡានទៅ ឡានក្រុងគេបើកជូនយើងទៅ ប៉ុន្តែដល់កន្លែងមួយ ឡានហ្នឹងឈប់ទាំងអស់ ហើយមានក្រុមបិទមុខឡើងមកប្លន់យើង។ នរណាមានមាស គឺដោះយកអស់ នាឡិកាក៏ដោះយកអស់ ហើយបានគេដឹកយកទៅស្រះកែវទី១»។
លោកស្រី ស្ងួន គីម បញ្ជាក់អំពីរឿងនេះ៖ «ពួកទាហានថៃ បារាំងទៅប្រមូល ម៉ែឪខ្លះស្លាប់សល់តែកូនកុមារកំព្រាអីហ្នឹងប្រមូលយកមកចូលជំរំស្រះកែវទី ១ហ្នឹង។ អ្នកខ្លះចាញ់នយោបាយគេ ក៏ត្រឡប់ទៅវិញ កាលនៅស្រះកែវទី១នោះ។ ភាគច្រើនទៅយប់ ព្រោះអីមានមេខ្មែរក្រហមមកបញ្ចុះបញ្ចូល ខ្លះភ្លេចខ្លួន ក៏ទៅតាមគេវិញទៅ»។
នៅទន្ទឹមគ្នានឹងការប្រមូលជនភៀសខ្លួនទៅដាក់នៅជំរំស្រះកែវនោះដែរ គឺនៅចុងខែវិច្ឆិកា ឆ្នាំ ១៩៧៩ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូ.អិន.អេច្ឆ.ស៊ី.អារ៍ (UNHCR) ដែលសហការជាមួយក្រសួងមហាផ្ទៃថៃ បានបង្កើតជំរំសុវត្ថិភាពក្នុងទឹកដីថៃមួយទៀត ដើម្បីទទួលជនភៀសខ្លួនខ្មែរទាំងនោះ។ គេដាក់ឈ្មោះជំរំនេះថា ជំរំខៅអ៊ីដាង ព្រោះតែជំរំនេះឋិតនៅនឹងជើងភ្នំខៅអ៊ីដាងនេះតែម្ដង។
ជើងភ្នំខៅអ៊ីដាង ដែលធ្លាប់ជាព្រៃស្ងាត់ ពេលនោះត្រូវបានអង្គការសហប្រជាជាតិឈូសឆាយឲ្យក្លាយទៅជាប្រជុំជននៃជនភៀសខ្លួនខ្មែររាប់ពាន់នាក់ ជ្រកនៅដោយសុវត្ថិភាព ដែលមិនខុសពីចម្រៀងរបស់លោក កែវ សារ៉ាត់ ឡើយ។
លោក សុខ សារ៉ែន ដែលត្រូវបានអង្គការសហប្រជាជាតិដឹកពីជំរំស្រះកែវចូលជំរំខៅអ៊ីដាងនៅដើមឆ្នាំ១៩៨០ ក្នុងវ័យ ៨ឆ្នាំ នៅចាំបានថា អ្វីដែលគេយកចិត្តទុកដាក់ដំបូងនោះ គឺបញ្ហាសុខភាព៖ «គឺយើងចុះពីឡានដែលគេដឹកពីស្រះកែវមក គេឲ្យយើងចាក់ថ្នាំវ៉ាក់សាំងការពារ ហើយបានគេឲ្យយើងនៅជារបៀបតង់ ហើយចែកឲ្យរបបហូប។ មិនទាន់មានប្រធានក្រុមអីទេ កាលនោះ។ នៅបានមួយរយៈ បានគេចែកស្លឹក ឫស្សី និងគ្រឿងប្រដាប់ប្រដាធ្វើផ្ទះស្លឹក បានម្នាក់ៗ ចាប់ផ្ដើមធ្វើផ្ទះប្រក់ស្លឹកធ្វើពីឫស្សីជាជួរៗ ហើយមានធ្វើជាសង្កាត់ ជាកន្លែងបើកអាហារ កន្លែងមណ្ឌលផ្សេងៗ»។
កាលពីពេលបើកដំបូងៗ ឧត្ដមស្នងការអង្គការសហប្រជាជាតិ (UNHCR)បានបញ្ជូនរថយន្តក្រុង និងរថយន្តដឹកឥវ៉ាន់ជាច្រើនគ្រឿង ទៅទទួលយកជនភៀសខ្លួនខ្មែរ ពីជំរំចលនាតស៊ូនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ យកមកដាក់នៅជំរំខៅអ៊ីដាងនេះ។ ជនភៀសខ្លួនខ្មែរ ដែលស្ម័គ្រចិត្តចាកចេញពីជំរំនៅជាយដែន ទៅរស់នៅក្នុងជំរំក្នុងទឹកដីថៃនេះ ក៏ព្រោះតែគេចង់រួចផុតពីភាពអត់ឃ្លាន និងគេចផុតពីការច្បាំងគ្នា ដែលកើតមានជាញឹកញាប់ រវាងកងទ័ពអ្នកតស៊ូនៅតាមព្រំដែន និងកងទ័ពវៀតណាមរួមជាមួយកងទ័ពរដ្ឋាភិបាលខ្មែរពេលនោះ ដែលគេហៅថា កងទ័ព ហេង សំរិន។
ជំរំខៅអ៊ីដាង ដែលមានទំហំជាង ២គីឡូម៉ែត្រក្រឡា (២.៣គីឡូម៉ែត្រ) បានទទួលក្រុមជនភៀសខ្លួនដំបូងគេជិត ៥ពាន់នាក់។ នៅពាក់កណ្ដាលឆ្នាំ ១៩៨០ តួលេខជនភៀសខ្លួនខ្មែរក្នុងជំរំខៅអ៊ីដាង បានកើនឡើងដល់ចំនួន ១៦ម៉ឺន (១៦០,០០០) នាក់។ តួលេខនេះ ធ្វើឲ្យអង្គការ UNHCR បិទលែងទៅទទួលយកជនភៀសខ្លួនពីព្រំដែនមកទៀត។ ហេតុនេះហើយ បានជាមានជនភៀសខ្លួនខ្លះធ្វើដំណើរកាត់ព្រៃដោយខ្លួនឯង លួចចូលទៅរស់នៅក្នុងជំរំខៅអ៊ីដាងនេះ។
លោក ខូយ កុសល ជាអតីតអ្នកខៅអ៊ីដាងម្នាក់ ដែលបានលបចូលទៅរស់នៅក្នុងជំរំខៅអ៊ីដាងនៅឆ្នាំ១៩៨៤ ក្នុងគ្រាដែលជំរំនៅតាមព្រំដែនត្រូវរងការវាយប្រហារពីកងទ័ពវៀតណាម៖ «យើងគេចពីយួនមកទេ។ ដល់ពេលចូលខៅអ៊ីដាងហ្នឹងទៅ ក៏មានគេថា យកខ្មែរទៅស្រុកបរទេសអី ប្រទេសទី៣ យើងក៏ប្រាថ្នារស់នៅទីនោះបន្តទៀតទៅ កុំឲ្យពិបាកត្រឡប់ទៅវិញ ព្រោះជំនាន់ឆ្នាំ១៩៨៤ ហ្នឹងរត់គេចគ្រាប់ផ្លោងយួនបាញ់គ្នាជាមួយប៉ារ៉ា សេរីកា និងជាមួយខ្មែរក្រហមហ្នឹង គឺត្រូវតែគេចមុខគ្រាប់ហើយ។ ទៅវិញម្ដេចកើត បើយួននៅអស់ហើយកាលនោះ មានតែចូលខៅអ៊ីដាងហ្នឹង»។
លោក ខូយ កុសល មានប្រសាសន៍ថា ការរស់នៅក្នុងជំរំខៅអ៊ីដាង មានសុវត្ថិភាពជាងជំរំតាមជាយដែន៖ «វាអត់មាននរណាការពារសន្តិសុខឲ្យយើងទេ គឺខ្លួនទីពឹងខ្លួន នៅតាមជាយដែន។ ប៉ុន្តែយើងមកនៅខៅអ៊ីដាង មានទាហានថៃការពារ។ អ្នកមានសិទ្ធិនៅក្នុងខៅអ៊ីដាង យូ.អិន.អេច្ឆ.ស៊ី.អរ ការពារ។ ម្ល៉ោះហើយវាល្អជាងនៅជាយដែន។ យូ.អិន.អេច្ឆ.ស៊ី.អរ គេបើកបន្លែបើកសាច់ អង្ករគ្រប់សព្វឲ្យយើងមិនខ្វះអីស៊ី។ នរណាចង់ធ្វើអី ធ្វើហ្នឹងទៅ។ នរណាចង់រៀនអីក៏រៀនទៅ»។
នៅក្នុងជំរំខៅអ៊ីដាង អ្នកដែលរស់នៅស្របច្បាប់ គឺអ្នកដែលអង្គការ យូ.អិន.អេច្ឆ.ស៊ី.អរ ចុះបញ្ជីទទួលស្គាល់ និងចេញប័ណ្ណសម្គាល់ខ្លួនឲ្យមានសិទ្ធិរស់នៅ ក្នុងជំរំនេះបាន៖ «ពេលយើងនៅខៅអ៊ីដាង យើងទទួលការឧបត្ថម្ភពីអង្គការសហប្រជាជាតិទាំងការអប់រំ ទាំងសុខាភិបាល ចំណីអាហារ គឺយើងហូបមួយគ្រប់គ្រាន់។ មិនសល់ ហើយក៏មិនខ្វះ។ ទាំងស្បៀងអាហារទាំងទឹកទាំងអី គឺមួយគ្រប់ ហើយការអប់រំ គឺមិនមានបង់ប្រាក់ទេ ទៅកន្លែងណា ក៏យើងអាចរៀនបាន ពីមត្តេយ្យក៏បាន បឋមក៏មាន ហើយទៅវិទ្យាល័យ»។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកដែល យូ.អិន.អេច្ឆ.ស៊ី.អរ និងកងការពារថៃ មិនទាន់បានទទួលស្គាល់ គឺជាអ្នកខុសច្បាប់ មិនមានប័ណ្ណសម្គាល់ខ្លួន និងមិនមានសិទ្ធិទទួលបានរបបអាហារឡើយ។ អ្នកដែលលបចូលមករស់នៅដោយខុសច្បាប់ទាំងនោះ ត្រូវរស់នៅដោយក្ដីព្រួយបារម្ភជានិច្ច ព្រោះខ្លាចគេចាប់បញ្ជូនចេញទៅជំរំនានា វិញ។ ដូច្នេះហើយទើបអ្នកទាំងនោះ រួមទាំងរូបលោក ខូយ កុសល ផង ត្រូវរត់ពួនក្នុងជញ្ជាំងភ្លោះ ឬក្នុងរូងក្រោមដី ពេលដែលទាហានថៃចុះឆែកម្ដងៗ។ អ្នកខ្លះស្លាប់ពេលរត់ពួននោះ៖ «យើងអត់ច្បាប់ពួន ជីកត្រង់សេ (រូងដី) នៅក្នុងដីធ្វើបំពង់ដកដង្ហើមតាមសសរឫស្សីផ្ទះហ្នឹង ចោះឲ្យប្រហោងទាំងអស់ ដកដង្ហើមតាមហ្នឹង ហើយត្រង់សេបិទដីឲ្យជិត ហើយនៅក្នុងហ្នឹងទៅ។ អ្នកដែលមានរបប គេមានសិទ្ធិរស់នៅស្រួលរបស់គេ។ ប៉ុន្តែយើងដែលទើបនឹងមក មិនអាចរស់នៅបានទេ។ រត់ពួនទាហានថៃ ព្រោះយើងអត់ច្បាប់ យើងអត់សិទ្ធិរស់នៅ។ រស់នៅផ្លាស់យប់ឡើង។ ថ្ងៃក៏មិនហ៊ានដើរ នៅតែក្នុងផ្ទះក្នុងត្រង់សេ ទម្រាំតែគេបើករបបឲ្យ ទើបបានសិទ្ធិរស់នៅ។ នៅសម័យឆ្នាំ ១៩៨៤ហ្នឹង អ្នកខ្លះងាប់ក្នុងស៊ីទែនទឹក»។
នៅគ្រាដំបូងៗ ជំរំខៅអ៊ីដាង ក្រៅពីជម្រកស្នាក់នៅរបស់ជនភៀសខ្លួន អង្គការអន្តរជាតិសម្រាប់សង្គ្រោះបន្ទាន់ ដូចជាគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ក៏បានបោះតង់បង្កើតមន្ទីរពេទ្យ ដើម្បីជួយវះកាត់អ្នកជំងឺ រងរបួស និងសង្គ្រោះជាបន្ទាន់ដែរ។ មិនយូរប៉ុន្មាន ជម្រកសំពត់កៅស៊ូ ក៏ក្លាយទៅជាផ្ទះធ្វើពីដើមឫស្សី និងស្លឹកចាករាប់ម៉ឺនខ្នង។ រីឯមន្ទីរពេទ្យនៅក្រោមសំពត់តង់ ក៏ក្លាយទៅជាអាគារឈើប្រក់ស័ង្កសីចាក់បេតុង ក្លាយជាមន្ទីរពេទ្យបង្អែករឹងមាំសម្រាប់ទទួលអ្នកជំងឺរបួសដែលគេបានបញ្ជូនមកពីជំរំនានា នៅតាមព្រំដែន។ មន្ទីរពេទ្យនេះមានគ្រូពេទ្យមកពីប្រទេសក្នុងតំបន់អឺរ៉ុប ជប៉ុន ថៃ និងបុគ្គលិកខ្មែរជាង ១០០នាក់។
ការរស់នៅក្នុងជំរំនេះ ជនភៀសខ្លួនខ្មែរត្រូវបានអង្គការសហប្រជាជាតិ យូ.អិន.អេច្ឆ.ស៊ី.អារ៍ (UNHCR) និងក្រសួងមហាផ្ទៃថៃ ទទួលបន្ទុកការពារយ៉ាងតឹងរ៉ឹង ដោយមានរបងលួសបន្លាព័ទ្ធហ៊ុំជុំវិញពីរជាន់ និងដាក់ទាហានថៃការពារ ដែលខុសពីជំរំផ្សេងទៀតនៅតាមបន្ទាត់ព្រំដែនក្នុងទឹកដីខ្មែរ។
លោក សុខ សារ៉ែន នៅជំរំខៅអ៊ីដាង អង្គការសហប្រជាជាតិបានរៀបចំឲ្យមានទឹកសម្រាប់ប្រើប្រាស់ និងមានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើងបំភ្លឺ និងប្រឡាយទឹកខ្វាត់ខ្វែង មានមន្ទីរពេទ្យ សាលារៀន វត្តអារាម និងស្ថាប័នការងាររដ្ឋបាលជាដើម៖ «សេវាសាធារណៈ ភ្លើងនៅក្នុងជំរំក៏មាន គ្រាន់តែមិនបានតាមផ្ទះ។ ប៉ុន្តែបើយើងដើរតាមផ្លូវ មានភ្លើងភ្លឺចិញ្ចាចដើរលេងមួយសប្បាយ ហើយផ្លូវថ្នល់ យើងជិះកង់មួយស្រួល។ បើនិយាយទៅ យើងរស់នៅទីនោះមានសុវត្ថិភាពខ្ពស់ ទទួលការអប់រំបានល្អ។ ការអប់រំ ក្រៅពីរៀនចំណេះដឹងទូទៅ យើងមានសាលាវិជ្ជាជីវៈ
ក្រៅពីមន្ទីរពេទ្យកាកបាទក្រហមអន្តរជាតិ អង្គការមនុស្សធម៌មិនមែនរដ្ឋាភិបាលជាដៃគូជាច្រើនទៀត ក៏ចូលមកផ្ដល់សេវាជួយជនភៀសខ្លួនដែរ។
ចំណែកលោកស្រី ស្ងួន គីម ថ្លែងថា ជីវិតរស់នៅជាជនភៀសខ្លួននៅក្នុងជំរំខៅអ៊ីដាង មិនត្រឹមតែមានជម្រកសមរម្យទេ គឺថែមទាំងបានទទួលរបបអាហារហូបចុកគ្រប់គ្រាន់ ដែលអង្គការសហប្រជាជាតិចែកឲ្យជារៀងរាល់សប្ដាហ៍៖ «ពួកខ្ញុំលែងកម្សត់ទៀតហើយ ព្រោះអីគេជួយឧបត្ថម្ភជីវភាពរស់នៅ តាំងពីថ្នាំលេប តាំងពីស្អីសព្វគ្រប់បែបយ៉ាង យើងរស់បានស្រួល។ គេរកការងារឲ្យ យើងចង់ធ្វើការងារអីគេរកការងារឲ្យយើងធ្វើទៀត»។
ជំរំខៅអ៊ីដាង ជាកន្លែងសម្រាប់ជនភៀសខ្លួនខ្មែររត់គេចពីទុក្ខភ័យ ហើយក៏ទីសំចតក្នុងពេលរង់ចាំទៅតាំងលំនៅថ្មីនៅប្រទេសទីបី ឬត្រូវបញ្ជូនទៅជំរំផ្សេងៗ ទៀត ដែលសម្របសម្រួលដោយ UNHCR។ ប្រសិនបើគេគិតចាប់ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩២ មានជនភៀសខ្លួនខ្មែរប្រមាណ ២៣ម៉ឺន ៥ពាន់នាក់(២៣៥.០០០នាក់) បានទៅតាំងទីលំនៅថ្មីក្នុងប្រទេសទី៣ ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ជាដើម។ ភាគច្រើនបំផុតនៃអ្នកទៅតាំងទីលំនៅថ្មីក្នុងប្រទេសទី៣ ទាំងនេះ គឺសុទ្ធតែបានឆ្លងកាត់តាមជំរំខៅអ៊ីដាងនេះ។
លោកស្រី ស្ងួន គីម នៅតែនឹកឃើញគុណអង្គការសហប្រជាជាតិ ដែលបង្កើតជំរំសម្រាប់ជនភៀសខ្លួន។
លោក សុខ សារ៉ែន ថ្លែងថា លោកបានមកលេងកន្លែងដើមនេះ ពីរលើកហើយ គឺនៅឆ្នាំ២០១៥ និង២០១៦ ព្រោះលោកនៅតែនឹកឃើញថា ជំរំខៅអ៊ីដាង គឺជាកន្លែងដែលផ្ដល់ម្ហូបអាហារ និងការគាំពារសុវត្ថិភាពដល់ជនភៀសខ្លួនខ្មែរ៖ «អ្វីដែលខ្ញុំចងចាំមកដល់សព្វថ្ងៃ គឺការងារយើងមើល បើនិយាយពីស្បៀង យើងហូបមួយគ្រប់ ហើយបើនិយាយពីការអប់រំវិញ គឺការអប់រំនោះមិនជាល្អណាស់ណាទេ ប៉ុន្តែសិស្សចេះ។ បើចង់រៀងអង់គ្លេស មានអង់គ្លេស បើបង់រៀនផ្នែក ជេវីស៊ី (JVC) មានគ្រប់ តាំងពីស្អីក៏មានហើយនៅក្នុងការអប់រំចំណេះទូទៅវិញ អ្វីដែលខ្ញុំចាប់អារម្មណ៍ គឺក្រៅពីការរៀនគណិតវិទ្យាអីហ្នឹង មានសេវាសុខាភិបាល គេពិនិត្យយើង។ និយាយទៅជំរំផ្ដល់ក្ដីសុខសាន្តដល់យើងមែន។ អ្នកទៅនៅអាមេរិកអី គឺបានដោយសារជំរំទេ បានមានថ្ងៃឥឡូវនេះ។ គិតទៅអង្គការសហប្រជាជាតិ គាត់មានគុណបំណាច់ខ្ពស់បំផុត។ អស្ចារ្យមែន!»។
លោក និងមិត្តភ័ក្ដិអតីតជនភៀសខ្លួនផ្សេងទៀត ពេញចិត្តចំពោះរដ្ឋាភិបាលថៃ ដែលរក្សាទីនេះជាកន្លែងសិក្សាអំពីប្រវត្តិជនភៀសខ្លួនខ្មែរ។ លោកមិនចង់ឲ្យទីតាំងនេះរលប់បាត់ទៅតាមព្រៃដុះនោះទេ៖ «អ៊ីចឹងជំរំហ្នឹងវាយ៉ាងម៉េច យើងចង់ឲ្យមានការថែទាំដូចជាស្ថានីយប្រវត្តិសាស្ត្រមួយសម្រាប់ជនភៀសខ្លួន។ មានអ្នកខ្លះគេមកពីប្រទេសក្រៅ គេចំណាយលុយ គេមកមើលកន្លែងដែលគេធ្លាប់រស់នៅ។ ថៃក៏បានចំណេញដែរ ពេលដែលប្រជាពលរដ្ឋយើងទៅលេង យើងត្រូវបង់សេវា យើងត្រូវជួលឡាន យើងត្រូវទិញម្ហូបអាហារ ហើយអនាគតទៅ មិនមែនត្រឹមតែមនុស្សមួយក្រុមទេ គឺមនុស្សចង់ចូលម៉ឺននាក់នៅជំរំ ត្រូវមានកូនគាត់ គាត់ទៅនៅប្រទេសក្រៅ មានចៅ ពេលនិយាយតគ្នាទៅ អ៊ីចឹងពួកទាំងអស់នោះមកលេងកន្លែងហ្នឹង ព្រោះគេចង់ឃើញណាស់»។
ជំរំខៅអ៊ីដាង ត្រូវបានបិទទាំងស្រុងនៅឆ្នាំ១៩៩៣ គឺបន្ទាប់ពីក្រុមជនភៀសខ្លួនខ្មែរ ១៩៩នាក់ចុងក្រោយ ចាកចេញត្រឡប់ទៅប្រទេសកម្ពុជាវិញ។
ចំណែកលោកស្រី ស្ងួន គីម គឺថិតនៅក្នុងចំណោមអ្នកដែលចាកចេញក្រោយគេនោះ។ លោកស្រីមានប្រសាសន៍ថា ហេតុផលដែលលោកស្រីចាកចេញទៅក្រោយគេពេលនោះ គឺព្រោះមិនចង់វិលទៅស្រុកខ្មែរវិញ៖ «ខ្ញុំក្រាញថា អត់ទៅស្រុកខ្មែរដាច់ខាត។ ថាបើគេដឹកមកប្រទេសទី៣ អាមេរិកអីហ្នឹង គឺមកហើយ ឬប្រទេសណាក៏បានដែរ ឲ្យតែបានចេញ។ ប៉ុន្តែពេលហ្នឹង គេសរសេរប៉ាយធំៗ ដាក់ថា ប្រជាពលរដ្ឋខ្មែរដែលនៅទីនោះ គេស្ម័គ្រចិត្តនឹងធ្វើមាតុភូមិនិវត្តន៍ទៅនៅប្រទេសខ្លួនវិញ។ បើគេដាក់អ៊ីចឹងហើយ យើងមិនទៅ? ពួកកាសែតចូលអត់បានទេ កាលនោះ»។
ចាប់តាំងពីក្រុមជនភៀសខ្លួនចុងក្រោយ ១៩៩នាក់ ចាកចេញមក អតីតជំរំជនភៀសខ្លួនខៅអ៊ីដាងនេះ ក៏ក្លាយទៅជាព្រៃភ្នំស្ងាត់ជ្រងំដូចដើមវិញ។ បន្ទាប់ពីបានបិទទាំងស្រុងអស់រយៈពេល ១៣ឆ្នាំ អតីតជំរំខៅអ៊ីដាង ត្រូវបានរដ្ឋាភិបាលថៃប្រែក្លាយទៅជាកន្លែងបណ្ដុះកូនឈើ និងជាមជ្ឈមណ្ឌលសិក្សាអំពីប្រវត្តិជនភៀសខ្លួនខ្មែរ ក្នុងអំឡុងទសវត្ស ៧០ និង៨០។
បច្ចុប្បន្ន មជ្ឈមណ្ឌលសិក្សាអំពីប្រវត្តិជនភៀសខ្លួនខ្មែរ ខៅអ៊ីដាង មានតម្កល់រូបថត និងឯកសារពាក់ព័ន្ធនានា សម្រាប់អ្នកទៅស្វែងយល់អំពីជនភៀសខ្លួនខ្មែរ និងអតីតជំរំនេះ។ ទីតាំងខ្លះ ត្រូវបានគេដាក់ស្លាកសញ្ញាសម្គាល់។ នៅក្នុងព្រៃ ក៏មានបន្សល់ទុកស្លាកស្នាមទីតាំង និងបំណែករបស់របរ ដែលជនភៀសខ្លួនខ្មែរធ្លាប់ប្រើប្រាស់ ដូចជាអាងទឹក បំណែកពាងទឹក គ្រឿងចានឆ្នាំង និងគុម្ពផ្កាជាដើម៕