ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ

ពន្យល់ពាក្យ

កែប្រែ

មាន​ពាក្យ​សំខាន់​ចំនួន ៤ ម៉ាត់​ដែល​យើង​ត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់​ជាមុន​ រួច​សឹម​យើង​ពិនិត្យ​មើល​អត្ថន័យ​របស់​សំនួន​វោហាសព្ទ​ទាំង​មូល ។ ដុត គឺ​ជា​កិរិយាសព្ទ​ មាន​ន័យ​ថា ធ្វើ​ឲ្យ​ក្តៅ, ធ្វើ​ឲ្យ​ឆេះ​ដោយ​ភ្លើង ឧទាហរណ៍ ដុត​គំនរ​សំរាម, កុំ​ដុត​ព្រៃ ។ នៅ​ក្នុង​ន័យ​ម្យ៉ាង​ទៀត ដុត ប្រែ​ថា​ធ្វើ​ឲ្យ​ក្តៅ​ចិត្ត​ដោយ​អាការ​ណា​មួយ ឧទាហរណ៍ ពី​យប់​មិញ​ វា​មក​ដុត​ឯង​ទៀត ។ យើង​អាច​យក​ពាក្យ ​ដុត ​ទៅ​ប្រើ​ជា​គុណនាម​ក៏បាន ដូច​ជា​ពាក្យ​ថា ត្រី​ដុត, ដំឡូង​ដុត មាន​ន័យ​ថា​ ត្រី ឬ ដំឡូង​ដែល​គេ​ដុត​ហើយ ។​

ខ្លោច គឺ​ជា​គុណនាម​ មាន​ន័យថា ដែល​ឆ្អិន​មិន​ស្រួល​មិន​ល្អ​ដោយ​ដុត, ដោយ​អាំង, ដោយ​លីង, ដោយ​រោល​មិន​ស្រួល ភ្លើង​ឆេះ​តែ​ខាង​ក្រៅ​ មិន​ឆ្អិន​ខាង​ក្នុង ឬ​ឆេះ​ទាំង​ក្នុង​ទាំង​ក្រៅ ឧទាហរណ៍ បាយ​ខ្លោច, ត្រី​ខ្លោច ជា​ដើមី ។ ម្យ៉ាង​ទៀត​ ខ្លោច ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​សំដៅ​ន័យ​ថា ដែល​អាណិត​យ៉ាង​ខ្លាំង ឧទាហរណ៍ អាណិត​ខ្លោច​ចិត្ត​​ ហើយ​ពាក្យ ខ្លោច​ផ្សា គឺ​​សង្រេងសង្រៃ​ខ្លាំង​ហាក់​ដូច​ជា​ឆេះ​ខ្លោច​ហើយ​ផ្សា​ក្នុង​ចិត្ត ។

រី​ឯ​ពាក្យ រោច គឺ​ជា​ការ​ប្រើ​ក្លាយ​មក​ពី​ពាក្យ​ថា រុក ដើម្បី​ធ្វើ​សំនួន​វោហាសព្ទ​មាន​សំនៀង​ចួន​រណ្តុំ ។​ ពាក្យ​ រោចរុក គឺ​ជា​កិរិយាសព្ទ​​ មាន​ន័យ​ថា​ បុក​ចូល, រុល, សំរុក, ត្រសុល ឧទាហរណ៍ យក​របុក​រុក​រន្ធ, ដើរ​រុក​ព្រៃ, រុក​ចូល​ក្នុង​ព្រៃ​ជ្រៅ ។ ន័យ​ម្យ៉ាង​ទៀត រុក មាន​ន័យ​ថា និយាយ​ផ្ចញ់​ឬ​ស្ទាក់​ផ្លូវ​ស្ទាក់​ដំណើរ​ឲ្យ​គាំង​ឆ្លើយ​តប​ត​មិន​រួច ឧទាហរណ៍ រុក​តែ​មួយ​ម៉ាត់​ពីរ​ទៅ​នៅ​ស្ញេញ ។ ពាក្យ​ ​រុករាន មាន​ន័យ​ថា រុក​ទន្ទ្រាន​ចូល​រាន​យក​ទី​ ឧទាហរណ៍ ដើរ​រុករាន គឺ​ការ​ដើរ​ទន្ទ្រាន​ចូល​ឥត​ក្រែង ។ ចំណែក​ឯ​ពាក្យ​ថា បុករុក មាន​ន័យ​ថា រុក​ខ្លាំង​រឿយៗ, សំរុក​ចូល​ឬ​ចូល​សំរុក​ទាំង​អំណាច, សំរុក​ចូល​ឥត​ក្រែង ។

ចុង​ក្រោយ​បំផុត ពាក្យ​ថា ឆៅ គឺ​ជា​គុណនាម​ ប្រែថា ដែល​មិន​ទាន់​ឆ្អិន ឧទាហរណ៍ ចិន​ឆៅ គឺ​ចិនសុទ្ធ​ដែល​មក​ពី​ប្រទេស​ចិន ។ ន័យ​ម្យ៉ាង​ទៀត ឆៅ ប្រែថា ចេះ​ស្ទើរៗ ឧទាហរណ៍ គំនិត​ឆៅ, នៅ​ឆៅ, ឆៅ​ណាស់ គឺ​គំនិត​ស្រាល មិន​ទាន់​ដឹង​ខុស​ត្រូវ​ជាក់​លាក់ ។

អត្ថានុរូប

កែប្រែ

សំនួន​វោហា​សព្ទ​ថា ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ ផ្សំ​ឡើង​ដោយ​ពីរ​ផ្នែក គឺ​ ដុត​ឲ្យ​ខ្លោច និង រោច​ឲ្យ​ឆៅ ។ សំនួន​វោហាសព្ទ​ថា ដុត​ឲ្យ​ខ្លោច សំដៅ​ទៅ​លើ​ការ​ដុត​ភ្លើង​ដាំបាយ​ឬ​ចំអិន​អាហារ​ប្រភេទ​ណា​មួយ​រហូត​ដល់​ខ្លោច​ធំ​ក្លិន​ឈ្ងៀម ។ យើង​អាច​សន្មត់​ថា​​ចុង​ភៅ​អាច​ខឹង​មនុស្ស​ណា​ម្នាក់​​ដែល​ចុងភៅ​នោះ​មិន​អាច​ធ្វើ​អ្វី​គេ​​បាន ឧទាហរណ៍ បាវបម្រើ និង ចៅហ្វាយ​នាយ ។ នៅ​ក្នុង​ស្ថានភាព​នេះ កូន​ឈ្នួល​មាន​កិច្ចការ​​ធ្វើ​ម្ហូប​ឲ្យ​ចៅហ្វាយនាយ រីឯ​ចៅហ្វាយ​នាយ​គ្មាន​ធ្វើ​អ្វី​បន្តិច​សោះ គឺ​ចាំ​តែ​សំឡុត​បញ្ជា ដែល​បង្ក​ឲ្យ​បាវ​បម្រើ​នោះ​ក្តៅ​ចិត្ត ។ បាវបម្រើ​មិន​ដឹង​អាច​ធ្វើ​អ្វី​សងសឹក​ចៅហ្វាយ​នាយ​ខ្លួន ឃើញ​មាន​សល់​តែ​​​​​វិធី​សងសឹក​មួយ​គត់​​នៅ​ចំពោះ​មុខ​គាត់​ គឺ​ការ​បន្ត​ដុត​ភ្លើង​ចង្ក្រាន​រហូត​​ទាល់​តែ​បាយ​ឬ​​​សម្ល​នោះ​​ខ្លោច​មិន​អាច​​ឲ្យ​អ្នកណា​ម្នាក់​យក​ទៅ​បរិភោគ​បាន ។ ជា​សរុប ទាំង​អ្នក​ដាំ​ស្ល​​ទាំង​​ភ្ញៀវ​ដែល​​​រង់ចាំ​បរិភោគ​​​នឹង​​គ្មាន​បាយ​ឬ​ម្ហូប​សម្រាប់​ពិសារ​ ។​​

រីឯ​សំនួន​វោហា​សព្ទ​ រោច​ឲ្យ​ឆៅ ក៏​មាន​ន័យ​ស្រដៀង​គ្នា​នឹង​ន័យ​ដែល​បាន​បកស្រាយ​ខាង​លើ​រួច​ហើយ​ដែរ ។ ចុង​ភៅ​ដែល​កំពុង​ដាំ​បាយ​​ឬ​ចំអិន​ម្ហូប​អ្វី​មួយ​អាច​នឹង​ត្រូវ​បាន​មនុស្ស​ណា​ម្នាក់​ធ្វើ​ឲ្យ​ខឹង​សម្បារ​ក្តៅក្រហាយ ។ ចុង​ភៅ​គ្មាន​អ្វី​អាច​សងសឹក​ចំពោះ​មនុស្ស​បង្ក​រឿង​នោះ គាត់​ក៏​ប្រើ​ល្បិច​​បុករុក​កំណាត់​ឧស​កំពុង​ឆេះ​នៅ​ក្នុង​ចង្ក្រាន​ឲ្យ​រលត់​អស់​ដែល​ឈប់​មាន​កំដៅ​សម្រាប់​ចំអិន​បាយ​ឬ​ម្ហូប​នោះ​ទៀត ។ ជា​សរុប​ មនុស្ស​ទាំង​អស់​គ្នា ទាំង​ចុងភៅ​និង​ភ្ញៀវ​​គ្មាន​អ្វី​សម្រាប់​បរិភោគ ។

អត្ថបដិរូប

កែប្រែ

ការ​បកស្រាយ​​អត្ថន័យ​របស់​សំនួន​វោហាសព្ទ​ ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ ស្រប​តាម​អត្ថានុរូប​ខាង​លើ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​មាន​មនុស្ស​ពីរ​នាក់​ ឬ​ពីរ​ក្រុម​កំពុង​ប្រជែង​យក​លាភសក្ការៈ​ ផលប្រយោជន៍​គ្នា​ ។ មនុស្ស​ធ្លាប់​បាន​ផល​ប្រយោជន៍​ត្រូវ​បាន​មនុស្ស​ដទៃ​មក​ដណ្តើម​យក​ប្រយោជន៍​ទៅ​បាត់​ ឬ​បាន​ទទួល​ចំណែក​តិចតួច​ជាង​មុន ។ ស្ថានភាព​នេះ​បាន​ញ៉ាំង​ឲ្យ​មនុស្ស​បាត់​ប្រយោជន៍​រិះរក​វិធី​សងសឹក​វិញ​ដោយ​ធ្វើ​សកម្មភាព​ផ្សេងៗ​បង្ក​ជា​ការរំខាន​ឬ​បង្អាក់​ដំណើរការងារ​កុំ​ឲ្យ​​សម្រេច​គម្រោង​ឬ​កម្មវិធី​តាម​ផែនការ​កំណត់ ។ ​

ឯកសារ​យោង

កែប្រែ