ដួងកែវវប្បធម៌ (បទ ពាក្យ៨)

ដួងកែវវប្បធម៌ (បទ ពាក្យ៨)

(១) នាដើមសម័យ មហានគរ សិល្បៈងើបឈរ បានចេញសម្ដែង

បង្អួតសម្ផស្ស ស្មារតីចាំងចែង ហោះគួចដូចផ្សែង ខ្ពស់ផុតអាកាស។


(២) មានតែកុលបុត្រ ធីតាមូលធន ទើបមានភព្វបុណ្យ បានស្ទាបបានប៉ះ

មកដល់ឥឡូវ បែរប្រែក្រឡាស់ អ្នកថែទាំច្បាស់ ជាជនក្រខ្សត់។


(៣) ពាក្យពេជន៍ជាច្រើន បានថ្លែងវាចា រៀនគ្មានបានការ ប្រឹងនាំតែហត់

របាំតន្រ្ដី អាយ៉ៃ ល្ខោនបទ រៀនចប់ប្រាកដ គ្មានប្រយោជន៍អ្វី។


(៤) បុរាណលោកថា រៀនអោយប្រសប់ ទោះគេចេះដប់ ក៏មិនព្រួយភ័យ

សម្ដែងក្នុងស្រុក ក្រៅស្រុកយកជ័យ រួចហើយលកលៃ ផ្ទេរចំណេះដឹង។


(៥) រៀបឆាកសម្ដែងក្នុងមហោស្រព មានក្រុមប្រកប ជំនាញរឹងប៉ឹង

បញ្ចេញថ្វីដៃអ្នកផងសម្លឹង ប្រាក់រាប់តម្លឹងហូរចូលហោប៉ៅ។


(រក្សាបានទាំងវប្បធម៌ មានទាំងទ្រព្យធន)

និពន្ធដោយ សុខគឹមហេង ០១​ វិច្ឆិការ ២០១០