[]កិរិយាដែលដេកនោះមានលក្ខណៈប្រពៃណាស់ តាមកាល តាមដំណើរ តាមទំនង ។ តាមធម្មតាបើយើងចូលដំណេកត្រូវរៀបកន្ទេល ពូក ខ្នើយ បោសសម្អាតទីដំណេកឲ្យស្អាត ហើយបិទទ្វារបន្ទប់ឲ្យគត់មត់ ។

អ្នកទាំងឡាយមានធុរយ៉ាងណា ក៏មិនត្រូវច្រានបើកទ្វារបន្ទប់គេឯងឡើយ បើមានកិច្ចអាសន្ន គប្បីស្រែកហៅ ឬក៏គោះទ្វារជញ្ជាំងហៅឲ្យចេញមកនិយាយផង ។ កុំគប្បីចូលទៅក្នុងបន្ទប់ដំណេកគេឲ្យសោះ បើគេពុំបានអញ្ជើញឲ្យទៅទេ ។

អ្នកដែលមានដំណេកល្អ ចេះប្រយ័ត្នខ្លួនដោយមិនបោះជើងបោះដៃច្រងេងច្រងាង ចេះប្រយ័ត្នសំពត់អាវ ចេះរៀបខ្លួនឲ្យស្រួលបួលមុននឹងលក់ស្កប់ស្កល់ទៅ ។

ក្មេងត្រូវគោរពចាស់

កែប្រែ

មាតា បិតា គ្រូបាអាចារ្យចាស់ទុំ ដែលជាអ្នករក្សាព្យាបាលក្មេង ត្រូវបង្វឹកបង្ហាញឲ្យចេះគារវកិច្ចនេះ តាំងពីនៅតូច ដល់ធំឡើងកូនចៅរបស់យើងនឹងចេះដឹងយកតម្រាប់តាម ។

មួយទៀត បើម្ដាយឪពុកកំពុងអង្គុយលេង មិនត្រូវឲ្យកូនចៅទៅដេកសំយ៉ុងជើងមកលើឡើយ ។

អ្នកដេកហើយតែពុំទាន់លក់ បើមានព្រះសង្ឃ ក្សត្រ មន្ត្រី ចាស់ព្រឹទ្ធាចារ្យដើរមកជិតនោះត្រូវក្រោកអង្គុយ ឬអង្គុញជើងគួរសម ទើបជាចរិយាល្អមួយ ។ បើចាស់អាស្រ័យដំណេកនៅកន្លែងជាមួយ ក្មេងមិនត្រូវទៅដេកទន្ទឹម ឬ ដេកសំយ៉ុងជើងលើចាស់នោះឲ្យសោះឡើយ ឬ ទៅធ្វើអ្វីជាការមិនគប្បី ជាដំណើរឲ្យរំខានដល់អ្នកអាស្រ័យដំណេកនោះ ទាល់តែខានលក់ទៅ ។

គេអង្គុយរាល់គ្នាក្នុងទីប្រជុំ យើងមិនត្រូវទៅដេកជិតវង់អ្នកអង្គុយប្រជុំនោះឡើយ យើងមិនត្រូវយកកូនចៅទៅឲ្យដេកនៅទិនោះទៀត ។ បើកូនចៅងងុយដេកត្រវុតែនាំយកទៅផ្ទះ (ត្រង់នេះមានអ្នកស្ដាប់ទេសន៍ជាដើម យកកូនចៅទៅឲ្យដេកជិតខ្លួនរំខានគេឯងរាល់គ្នា) ។

អ្នកដែលជាពុទ្ធមាមកៈ ពុទ្ធមាមកា តែងតែមានកន្លែងរៀបអសនៈធ្វើសក្ការៈបូជាមានព្រះបដិមាករជាដើម នៅក្នុងផ្ទះសម្បែងក្នុងល្វែងណាមួយ ដោយគួរសម ដូច្នេះក្នុងកិច្ចគោរពមិនត្រូវអាស្រ័យដំណេកដេកសណ្ដូកជើងត្រង់ទៅ ទីនោះឡើយ សូម្បីតែកូនចៅដែលមិនទាន់ដឹងក្ដីក៏គប្បីទូន្មានឲ្យខ្លាចបាប ឲ្យចេះគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាដរាប។

បើនឹងពោលឲ្យឧក្រិដ្ឋទៅទៀតថានៅក្នុងផ្ទះនីមួយៗ គប្បីកុំឲ្យកូនចៅដែលមានបន្ទប់ដំណេកផ្សេងពីមាតបិតាទៅ ហើយដេកយកជើងទៅរកបន្ទង់មាតាបិតាឡើយ ។ មូលសេចក្ដីទៅ ត្រូវចាំថា យើងត្រូវគោរពបុគ្គលទាំងឡាយដែលគួគោរព យើងមិនត្រូវដេកសណ្ដូកជើងទៅត្រង់បុគ្គលនោះ ទៅត្រង់ទៅនោះ ជាដាច់ខាត។ ត្រង់អធិប្បាយចេញថា «ក្មេង» ថា «ចាស់» នោះត្រូវលើកយកអ្នកមានបណ្ដាសក្តិធំ សក្តិតូច និងរាស្ត្រសាមញ្ញ មកប្រៀបផ្ទឹមផង ជាគោលចរិក ក្នុងកិច្ចគោរព និងសេចក្ដីគួរសមកាន់គ្នានឹងគ្នា ៕

ឯកសារយោង

កែប្រែ
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ