ដំបូន្មានរៀមច្បង
ដំបូន្មានរៀមច្បង (បទ ពាក្យ៨) | |
ដំបូន្មានរៀមច្បង (បទ ពាក្យ៨) (១) ថ្ងៃនេះបានស្ដាប់ដំបូន្មានល្អ មានចិត្តត្រេកអរចង់ចែករំលែក រៀមច្បងរៀបរាប់ខំប្រឹងវែកញែក អត្ថន័យល្អប្លែកគួរយកតម្រាប់។ (២) សម័យបច្ចុប្បន្នសម័យទំនើប ត្រៀមខ្លួនមុនទើបដើរទាន់ក្បួនច្បាប់ មតិល្អៗគួរយើងត្រងស្ដាប់ បើអ្នកចំណាប់ត្រូវអនុវត្ត។ (៣) ភាសាសំខាន់មានប្រាំធំៗ ភាសាឧត្តមត្រូវចេះចាំស្ទាត់ ភាសាជាតិខ្មែរចេះអោយប្រាកដ ប្រឹងរៀនម៉ត់ចត់ភាសាសកល។ (៤) ភាសាអង់គ្លេសគេប្រើគ្រប់គ្នា បច្ចេកវិទ្យាភាសាតម្កល់ ចេះតែភាសាបច្ចេកមិនដល់ ការងារនឹងថ្កល់តាមមិនទាន់គេ។ (៥) ភាសាទីបួនភាសាកាទូត រៀបឬកលាងជូតកុំអោយទំនេរ ទំនាក់ទំនងពាក្យពេជន៍សំណេរ ចូលស្ទឹងទន្លេត្រូវចេះបត់បែន។ (៦) ភាសាចុងក្រោយបន្ទាប់បន្សំ បើអាចខិតខំព្យាយាមប្រឹងស្វែង គឺភាសាចិនដ៏យូរអង្វែង ចេះមិនចំបែងបង្កើនសមត្ថភាព។ (៧) ពេលរៀនបរិញ្ញាអស់កាលបួនឆ្នាំ សង្កេតចំណាំហាក់ដូចនៅទាប ទូលំទូលាយពិបាកស្ទង់ស្ទាប ផ្លូវដើរពេញប្រៀបវង្វេងមាគា។ (៨) ដូចនេះត្រូវចេះសម្រួចគោលដៅ រៀនកុំអោយឆៅត្រូវស្វែងការងារ តាមចំនូលចិត្តចេះជ្រើសមុខងារ កុំនៅរែករាដេកពួនខ្សឹបយំ។ (៩) ដឹកនាំខ្លួនឯងអោយបានថ្លៃថ្លា ដឹកនាំគ្រួសារត្រជាក់ត្រជុំ ដឹកនាំដំណើររបស់សង្គម នគរសាយគុម្ពត្រចះត្រចង់។ (១០) ទោះចេះដល់ណាកុំឬកឆ្មើងឆ្មៃ អំណួតពេកក្រៃគង់ធ្លាក់ខាត់បង់ ត្រូវចេះដាក់ខ្លួនចរិកទៀងត្រង់ ចរិយាផូរផង់អ្នកផងរាប់អាន។ និពន្ធដោយ សុខគឹមហេង ២៧ វិច្ឆិកា ២០១០ |