ដំរីជាន់ខ្លា
រូបសំណាក់ដំរីជាន់ខ្លាសាងសង់ឡើងនៅក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ នៅសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំដោយគណៈនៃគណៈអភិបាលខេត្តគឺលោក ពូ តុងហាវ។ រូបសំណាក់នេះមានទីតាំងស្ថិតនៅទីរួមខេត្តកំពង់ធំ ក្នុងភូមិសាស្រ្តសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលស្ថិតនៅក្បែរមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ ដើមហេតុនៃការសាងសង់រូបនេះឡើង គឺបណ្តាលមកពីព្រះរាជបូជនីយកិច្ចបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងរួចមក សម្តេចព្រះបាទនរោត្តម សីហនុ បានបញ្ជាឱ្យខេត្តនីមួយៗ ធ្វើជារូបសំណាក់និម្មិតរូបតំណាងឱ្យខេត្តរៀងៗខ្លួននៅទសវត្សឆ្នាំ១៩៦០ ហើយរូបសំណាក់ជានិម្មិតរូប គឺតម្រូវឱ្យស្របតាមតថភាព និងសក្តាពលនៅក្នុងខេត្តនីមួយៗ។