ក្រពើ (ឧបករណ៍ភ្លេង)

(ត្រូវបានបញ្ជូនបន្តពី តាខេ)

ឧបករណ៍ភ្លេងខ្មែរហៅថា ក្រពើ ឬតាខេ ជាឧបករណ៏ភ្លេងខ្មែរ(ឧបករណ៍កេះខ្សែ) មានខ្សែបី ហើយមានសណ្ឋានខ្ទង់ដូចខ្នងក្រពើ។ ឧបករណ៍នេះមានរាងប្រហាក់ប្រហែលឧបរណ៍បរទេសដែលមានឈ្មោះថា [] (ច្រើនឃើញមានប្រើនៅក្នុងវប្បធម៌នៃប្រទេសមួយចំនួនដូចជា ស្លូវើនៀ អូទ្រីស ហុងគ្រី ក្រូអាត(ភាគពាយព្យ) អាលឺម៉ង់(ខាងត្បូង) អឺរ៉ុប(តំបន់ភ្នំ) និងអាស៊ីខាងកើតរាប់បញ្ជូលទាំងប្រទេសចិនផងដែរ []។ នៅប្រទេសជិតខាងយើងក៍មានឧបករណ៍នេះដែរ ដូចជាប្រទេសថៃ គេហៅថា «ចរខេ៍» ឬ «តៈខេរ៍» ដែលមានន័យថា «ក្រពើ» រីឯនៅប្រទេសភូមាវិញគេហៅថា mi gyaung ។ ចំពោះជនជាតិមន ដែលរស់នៅប្រទេសភូមាវិញ ក៍ឃើញមានប្រើឧបករណ៍នេះដែរ ដោយរចនាជារូបក្រពើតែម្ដង។ ជនជាតិមនហៅឧបករណ៍នោះថា «ក្យាម» (Kyam)

តាខេ ឬក្រពើ (ខ្មែរ)

រូបរាងតាខេ

កែប្រែ

គេហៅឧបករណ៍នេះថាក្រពើដោយសំដៅលើសណ្ឋានខ្ទង់របស់វា។ តាខេ ឬក្រពើ គឺជាឧបករណ៍ភ្លេងខ្មែរបុរាណដែលមានកំណើតយូរលង់ណាស់មកហើយ។ តាខេមានជើងទប់ពីបីទៅប្រាំ។ នៅពេលប្រគុំ អ្នកលេងអង្គុយជិតឧបករណ៍ដោយប្រើដៃឆ្វេងកេះខ្សែចុះឡើង ដៃស្ដាំឆ្កឹះខ្សែខ្ទង់ដោយប្រើក្រចកកេះ។ ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប និងប្រគំម្នាក់ឯង ជួនកាលចម្រៀងដេញបែបចាប៉ីដងវែងក៏មាន ។ នៅក្នុងវង់ភ្លេងមហោរី គេច្រើនតែយកតាខេណាធំៗ មានសំនៀងក្រាងក្រអៅធ្ងន់មកចូលរួមប្រគំ ប៉ុន្ដែនៅក្នុងវង់ភ្លេងអាយ៉ៃ និងវង់ភ្លេងការសម័យទំនើបវិញ គេច្រើនតែយកតាខេតូចជាងបន្ដិចមានសំនៀងចចាតស្រាលមកប្រគំ ។ តាខេមានដំណើរសាច់បទចិញ្ច្រាំញាប់ធ្វើឱ្យសំនៀងចង្អៀតជាងឧបករណ៍ដទៃ[] ។ សព្វថ្ងៃនេះ មានតាខេ មួយប្រភេទទៀតត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់សិស្សដែលចង់រៀនតាខេ ហើយពុំមានលទ្ធភាពក្នុងការទិញរៀន ឬតន្ត្រីករដែលចង់យកតាខេធ្វើដំណើរផ្លូវឆ្ងាយ។ តាខេថ្មីនេះ មានឈ្មោះថា «តាខេរក្ស» អានថា [តា-ខេ-រាក់]។ ពាក្យថា «រក្ស ឬ រ័ក ឬ រក្ខ» ប្រែថា រក្សា។ ដូច្នេះ «តាខេរក្ស» មានន័យថា ជាតាខេដែលជួយថែរក្សា ការពារ អភិរក្ស និងជាតំណាងនៃក្ដីស្រលាញ់ចំពោះមរតកតន្ត្រីបុរាណខ្មែរផងដែរ។ ស្វែងរករូប តាខេរក្ស []

ការផលិតឧបករណ៍

កែប្រែ

សព្វថ្ងៃតាខេនៅកម្ពុជាយើងធ្វើអំពីឈើខ្នុរ ដែលជាប្រភេទឈើឱ្យសំនៀងល្អជាងឈើដទៃ។ ដូនតាយើងបានបែងចែកតាខេទាំងមូលជា៣ផ្នែកគឺក្បាល ដងខ្លួន និងពោះ ។ នៅត្រង់ក្បាលមានព្រលួត៣ ច្រើនធ្វើអំពីឈើរឹងៗ មានកំប៉ក់អាចម៍ឆ្កែ១ (ពកនៅលើច្រមុះក្រពើ បុរាណហៅថា កំប៉ក់អាចម៍ឆ្កែ) បន្ដុបពីលើសម្រាប់លម្អ ។ មានធរណី (ប្រកៀន) ដាក់បន្ទាប់ពីព្រលួត គឺជាខ្ទង់ដែលខ្ពស់ជាងគេសម្រាប់ទ្រខ្សែឱ្យផុតពីខ្ទង់ដទៃ ។ នៅក្រោមក្បាលមានជើងមួយសម្រាប់ទ្រ ។ នៅលើខ្លួនមានខ្ទង់២ ធ្វើអំពីឈើរឹង ឬឆ្អឹងដំរី ។ នៅលើខ្ទង់នីមួយៗមានបិទឆ្អឹង ឬខ្នងឫស្សីរឹងបន្ដុបពីលើសម្រាប់ការពារភាពសឹករឹលនៃខ្ទង់ ។ ខ្ទង់ទាំង១២នេះរាយចន្លោះពីមួយទៅមួយតាមកម្រិតសំនៀងរបស់ខ្លួន ។ នៅលើពោះមានប្រអប់មួយធ្វើអំពីឈើ ឬស្ពាន់មានឈ្មោះហៅថា ក្រាញ (គីង្គក់) នៅលើក្រាញមានបន្ទះឫស្សីតូចស្ដើងសម្រាប់កល់ខ្សែសំនៀងឱ្យមានសំនៀងក្រាងៗ ដែលជាលក្ខណៈសំនៀងរបស់តាខេ ។ នៅខាងក្រោមពោះមានជើង៤ ឬ២សម្រាប់ទ្រតួតាខេ ។ ខ្សែសំនៀងមាន៣ ដូចជា៖

  1. ខ្សែទី១ ហៅថា ខ្សែឯក មានសំនៀងតូចជាងគេ ពីដើមគេប្រើសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្នគេប្រើជ័រនីឡុងជំនួសវិញ ។
  2. ខ្សែទី២ ហៅថា ខ្សែគ មានសំនៀងគ្រលរ ធ្វើអំពីសរសៃសូត្រដែរ ប៉ុន្ដែឥឡូវគេប្រើខ្សែនីឡុងវីញ ។
  3. ខ្សែទី៣ ហៅថា ខ្សែបន្ទរ មានសំនៀងធំ ធ្វើអំពីខ្សែលោហធាតុប្រើសម្រាប់តែបន្ទរ ។

ក្រចកកេះខ្សែសំនៀង មានរាងមូលទ្រ វែងជមផ្នែកខាងកេះ ក្រចកនេះធ្វើអំពីឈើរឹង ឬភ្លុកដំរី មានដោតខ្សែចំកណ្ដាលសម្រាប់ទុករុំភ្ជាប់នឹងចង្អុលដៃកេះ។ ក្នុងពេលប្រគំបទភ្លេងម្ដងៗ គេប្រើប្រាស់ខ្សែឯកច្រើនជាងគេសម្រាប់រាយសាច់បទ ឯខ្សែគ និងខ្សែបន្ទរពុំសូវប្រើឡើយ ។ តន្ដ្រីករតាខេគ្រប់រូបប្រើម្រាមដៃតែ៣សម្រាប់ចុចខ្សែសំនៀង ចំណែកឯមេដៃ និងកូនដៃគេច្រើនតែទុកនៅទំនេរ ៕

ឯកសារយោង

កែប្រែ
  1. http://en.wikipedia.org/wiki/Zither Zither
  2. http://en.wikipedia.org/wiki/Zither
  3. ប្រវត្តិឧបករណ៍ភ្លេងតាខេ ដកស្រង់ពីកោះសន្តិភាព ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០ http://kohsantepheapdaily.com.kh/article/6238.html
  4. នៅទីនេះ