លោកសាស្ត្រាចារ្យត្រឹង ងា គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគទី១ និងភាគទី២) ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៣ (សម័យសាធារណរដ្ឋខ្មែរ) ។ លោកត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅគុកទួលស្លែង (ភ្នំពេញ) នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ពេលដែលគាត់និងក្រុមគ្រួសារកំពុងស្ថិតនៅ ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ។

ត្រឹង ងា
កើត២ មករា ១៩៣៧
ស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម
ស្លាប់១៩៧៥
គុកទួលស្លែង ភ្នំពេញ
សញ្ជាតិខ្មែរ
អាជីពនាយកវិទ្យាស្ថានខ្មែរ មន
ឆ្នាំដែលសម្តែង១៩៥៧​-១៩៧៥
ពន្ធភាពឡាយ​ ហ៊ុនគី (អ្នកស្រីត្រឹង ងា)
កូន

អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន

កែប្រែ

លោក ត្រឹង ងា​ (Treong Ngea) កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ១៩៣៧ នៅស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។ ឪពុករបស់លោកឈ្មោះឡាំ ស៊ុង (ជនជាតិខ្មែរ) និងម្តាយរបស់លោកឈ្មោះទិន សៀម (ជនជាតិខ្មែរ) ។ លោកជាជនជាតិខ្មែរម្នាក់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមខាងត្បូង ។ លោកត្រឹង ងាបានសិក្សាថ្នាក់បឋមសិក្សានៅស្រុកយិងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។ ​

ដោយសារតែមានការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាមខាងត្បូងមកលើប្រជាពលរដ្ឋខ្មែរនៅទីនោះ លោកត្រឹង ងាក៏បានសម្រេចចិត្តភៀសខ្លួនចូលមកនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៥៦ លុះដល់ឆ្នាំ១៩៦៥ទើបឪពុកម្តាយរបស់លោកមករស់នៅទីក្រុងភ្នំពេញតាមលោកដែរ ។ លោកត្រឹង ងាបានបន្តការសិក្សារបស់លោកនៅទីក្រុងភ្នំពេញរហូតដល់ទទួលបានសញ្ញាប័ត្រមធ្យមសិក្សាភាគទី១ (សញ្ញាប័ត្រ Bac I)​ ក្នុងឆ្នាំ១៩៥៦ ។ ក្រោយពីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២ (សញ្ញាប័ត្រ Bac II​)​​ នៅក្នុងឆ្នាំ១៩៥៧ លោកក៏បានចាប់យកអាជីពជាគ្រូបង្រៀន ហើយបានផ្លាស់ទៅធ្វើការនៅទីរួមខេត្តបាត់ដំបង ។ ​

នៅឆ្នាំ១៩៥៨ លោកត្រឹង ងាបានរៀបអពាហ៍ពិពាហ៍ជាមួយអ្នកគ្រូបង្រៀនម្នាក់ឈ្មោះឡាយ ហ៊ុនគីដែលមានដើមកំណើតនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ) ។ អ្នកស្រីឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រីត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់ ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ និង១៩៧៥ ។ កាលណោះអ្នកស្រីឡាយ ហ៊ុនគីបានដាក់ឈ្មោះអ្នកនិពន្ធថា «អ្នកស្រីត្រឹង ងា» ។ មានមនុស្សមួយចំនួនមានការភ័ន្តច្រឡំស្មានថាអ្នកស្រីត្រឹង ងា និងលោកត្រឹង ងាជាមនុស្សតែម្នាក់ ។ ​

ក្រោយពីធ្វើការមួយរយៈនៅទីរួមខេត្តបាត់ដំបង នៅក្នុងឆ្នាំ១៩៦១ លោកត្រឹង ងានិងអ្នកស្រីឡាយ ហ៊ុនគីបានផ្លាស់ប្តូរទីលំនៅមកកាន់ទីក្រុងភ្នំពេញវិញ ។ នៅពេលនោះលោកត្រឹង ងាក៏បានចូលបម្រើការងារនៅក្រសួងអប់រំ ហើយលោកក៏បានបន្តការសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្រ ។ ដោយការខិតខំព្យាយាមសិក្សា លោកត្រឹង ងាបានប្រឡងជាប់បរិញ្ញាប័ត្រផ្នែកវប្បធម៌ និងអរិយធម៌អាស៊ីនៅក្នុងឆ្នាំ១៩៦៥ ។​ ​

នៅក្នុងឆ្នាំ១៩៧៣ លោកត្រឹង ងាបានចាប់ផ្តើមនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដែលមាន២ភាគ (ភាគទី១និងភាគទី២) ។ ស្នាដៃរបស់លោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងចំណោមសិស្ស និស្សិត បញ្ញាវ័ន្តទាំងក្នុងនិងក្រៅប្រទេស ។ ដោយសារតែភាពល្បីល្បាញនេះទើបក្រសួងអប់រំនាសម័យនោះ (សាធារណរដ្ឋខ្មែរ) បានយកអត្ថបទនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដាក់ចូលទៅក្នុងកម្មវិធីសិក្សារបស់ជាតិ ។ ចាប់តាំងពីការបោះពុម្ពផ្សាយលើកដំបូងនាឆ្នាំ១៩៧៣ សៀវភៅនេះត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍និងឲ្យតម្លៃរហូតដល់សម័យបច្ចុប្បន្ន ។​

ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ លោកត្រឹង ងា ត្រូវបានតែងតាំងជាអគ្គលេខាធិកានៃវិទ្យាស្ថានខ្មែរ-មន លុះក្រោយមកទៀតលោកត្រូវបានតម្លើងឋានៈជានាយកនៃវិទ្យាស្ថានខ្មែរ-មន ។ នៅទីនោះលោកត្រឹង ងាបានបន្តការងាររបស់លោកក្នុងការងារបម្រើប្រទេសជាតិរហូតដល់ឆ្នាំ១៩៧៥ ។​

លុះដល់ថ្ងៃទី១៧ មេសា ១៩៧៥ ពេលដែលពួកខ្មែរក្រហមចូលកាន់កាប់ភ្នំពេញ លោកត្រឹង ងានិងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ដូចប្រជាជនដទៃទៀតដែរ ។ នៅក្នុងរបបខ្មែរក្រហម មានការតាមដាន ស៊ើបរកមន្ត្រីទាហាន ប៉ូលីស និងរដ្ឋការដែលបម្រើការងារក្នុងរបបសាធារណរដ្ឋខ្មែរ ។ ដោយសារតែខ្វះបទពិសោធន៍ជាមួយពួកកុម្មុយនីស្តនិងខ្វះការប្រុងប្រយ័ត្ន​លោកត្រឹង ងានិងអ្នកស្រីឡាយ ហ៊ុនគីមិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ ។ លុះដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ មានកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយបាន«ស្នើ»ឲ្យលោកត្រឹង ងាទៅជួយរៀបរៀងទស្សនាវត្តីរបស់កម្ពុជាប្រជាធិបតេយ្យ ដោយស្អែកឡើងឲ្យទៅជាមួយវា ។ ពេលនោះលោកត្រឹង ងាហាក់ដូចជាបានដឹងខ្លួនជាមុនដែរថាពួកខ្មែរក្រហមគ្មានបំណងល្អជាមួយលោកទេ តែបើលោកសម្រេចចិត្តថារត់គេច តើក្រុមក្រួសារលោកនឹងទៅជាយ៉ាងណា? ដូច្នេះហើយទើបលោកត្រឹង ងាសម្រេចចិត្តថាត្រូវទៅតាមកម្មាភិបាលខ្មែរក្រហមរូបនោះ ។​

យោងតាមសៀវភៅកំណត់ត្រារបស់អ្នកជាប់ឃុំឃាំងនៅគុកទួកស្លែង ដែលខ្មែរក្រហមហៅថា«មន្ទីរស២១» លោកត្រឹង ងាត្រូវបានបញ្ជូនទៅដល់គុកទួលស្លែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ។ អ្នកស្រីឡាយ ហ៊ុនគីជាភរិយាបានរកឃើញថាកាលបរិច្ឆេទនៃការសម្លាប់លោកត្រឹង ងាគឺមិនបានដាក់ចូលក្នុងសៀវភៅនេះទេ គឺមិនដឹងមកពីមូលហេតុអ្វី ។ ប៉ុន្តែក្រុមគ្រួសារលោកត្រឹង ងាដែលសល់ពីការស្លាប់ បានសន្និដ្ឋានថាលោកត្រឹង ងាពិតជាត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់នៅទីនោះយ៉ាងសាហាវដូចជាអ្នកជាប់ឃុំឃាំងដទៃទៀតដែរ ។ លោកត្រឹង បញ្ចារុណ ដែលជាកូនប្រុសទី៣ របស់លោកត្រឹង ងាបានស្រាវជ្រាវរកឃើញឯកសារសារភាពរបស់លោកត្រឹង ងានៅគុកទួលស្លែងដែលមាន៨ទំព័រ ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ។ នៅក្នុងនោះលោកត្រឹង ងាត្រូវបានពួកខ្មែរក្រហមបង្ខំឲ្យសារភាពថាលោកគឺជាភ្នាក់ងារCIA មួយរូប ដែលប៉ុនប៉ងប្រឆាំងនឹងរបបខ្មែរក្រហម ។ យោងតាមសម្តីអ្នកស្រីឡាយ ហ៊ុនគីជាភរិយា បានបញ្ជាក់ថាលោកត្រឹង ងា ជាមនុស្សមិនសូវចូលចិត្តធ្វើនយោបាយទេ គាត់មិនបានចូលរួមជាមួយសកម្មភាពនយោបាយណាមួយរបស់របបសាធារណរដ្ឋខ្មែរឡើយ ដូច្នេះចម្លើយសារភាពរបស់លោកត្រឹង ងានៅគុកទួលស្លែងទាក់ទងនឹងសកម្មភាពនយោបាយ ជាពិសេសភ្នាក់ងារ​CIA​​ គឺជាចម្លើយសារភាពដោយសាររងទារុណកម្មតែប៉ុណ្ណោះ គេមិនអាចយកជាការពិតបានទេ ។ សូមបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម ឪពុក ម្តាយ កូនប្រុសទី១ និងកូនស្រីទី២ របស់លោកត្រឹង ងាក៏បានបាត់បងជីវិតដោយសារជំងឺគ្មានថ្នាំព្យាបាលដែរ ។ កូនប្រុសទី៣ឈ្មោះត្រឹង បញ្ចារុណបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ ឯកូនប្រុសទី៤ ឈ្មោះត្រឹង សុន្ថារ៉ា បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី ។ ចំពោះអ្នកស្រីឡាយ ហ៊ុនគីដែលជាភរិយាសព្វថ្ងៃរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។​

ទស្សនាកិច្ចសម្ភាសន៍របស់លោកត្រឹង សុន្ថារ៉ា (កូនប្រុសទី៤) ជាមួយ​ Khmer Queensland Media អំពីប្រវត្តិលោក ត្រឹង ងា ។

ទស្សនាវីដេអូ YouTube ដែលរៀបរាប់អំពីប្រវត្តិលោក ត្រឹង ងា ។

ចូលទស្សនា Facebook Page របស់លោកត្រឹង ងា

ជីវប្រវត្តិសង្ខេបរបស់លោកត្រឹង ងា

កែប្រែ
  • ថ្ងៃខែឆ្នាំកំណើត ០២ មករា ១៩៣៧
  • ទីកន្លែងកំណើត ស្រុកយិងចូវ ខេត្តពលលាវ កម្ពុជាក្រោម
  • ឆ្នាំ​១៩៥៤ ប្រឡង​ជាប់​មធ្យមសិក្សា​បឋម​ភូមិ​ នៅកម្ពុជាក្រោម
  • ឆ្នាំ​១៩៥៦ ចូល​មក​ប្រទេស​កម្ពុជា​ រស់នៅភ្នំពេញបន្តការសិក្សា
  • ឆ្នាំ​១៩៥៦ ប្រឡង​ជាប់​បញ្ញា​ប័ត្រ​មធ្យមសិក្សា​ភាគ​ទី​១
  • ឆ្នាំ​១៩៥៧ ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ភាគ​ទី​២
  • ឆ្នាំ​១៩៥៧ ធ្វើ​សាស្ត្រាចារ្យ​នៅ​ខេត្តបាត់ដំបង​
  • ឆ្នាំ​១៩៦១ ផ្លាស់​ពី​បាត់ដំបង​មក​ភ្នំពេញ បម្រើការងារនៅក្រសួងអប់រំ និងបន្តការសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្រ​
  • ឆ្នាំ១៩៦៥ ប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី ​
  • ឆ្នាំ១៩៧៣ ចងក្រងសៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគ១ និងភាគ២) ​
  • ឆ្នាំ១៩៧៣-១៩៧៤ អគ្គលេខាធិការវិទ្យាស្ថានខ្មែរ មន ​
  • ឆ្នាំ១៩៧៤-១៩៧៥ នាយកវិទ្យស្ថានខ្មែរ មន ​
  • ឆ្នាំ១៩៧៥ ជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ​
  • ថ្ងៃទី២០ វិច្ឆិកា ១៩៧៥ ខ្មែរក្រហមបញ្ជូនដល់គុកទួលស្លែង ​
  • ថ្ងៃខ្មែរក្រហមសម្លាប់ មិនច្បាស់លាស់ ​

ភរិយាលោកត្រឹង ងា

កែប្រែ

ភរិយាលោកត្រឹង ងា ឈ្មោះឡាយ ហ៊ុនគី ដែលប្រជាជនខ្មែរ ជាពិសេសអ្នករដ្ឋការស្គាល់ថា អ្នកស្រីត្រឹង ងា ។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ ដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ ។ សៀវភៅអ្នកស្រីឡាយ ហ៊ុនគីក៏ល្បីល្បាញដូចជាសៀវភៅរបស់ស្វាមីអ្នកស្រីដែរ គឺត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ទីបញ្ចប់ក្នុងសម័យសាធារណរដ្ឋខ្មែរ ។

  • ថ្ងៃខែឆ្នាំកំណើត ២៤ វិច្ឆិកា ១៩៣៧
  • ទីកន្លែងកំណើត ភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)
  • ឆ្នាំ១៩៤៧ រៀននៅបឋមសិក្សា ខេត្តបាត់ដំបង
  • ឆ្នាំ១៩៥៧ ធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបង
  • ឆ្នាំ១៩៦២ សិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ
  • ឆ្នាំ១៩៦៦ ប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រខ្មែរ និងជាសាស្ត្រាចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ
  • ឆ្នាំ១៩៧៤ និពន្ធសៀវភៅអរិយធម៌ខ្មែរ
  • មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ នាយិកាវិទ្យាល័យនារី ភ្នំពេញ
  • ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល
  • ឆ្នាំ១៩៧៦ ជម្លៀសទៅភូមិស្វាយជួរ ស្រុកកោះធំ ខេត្តកណ្តាល
  • ឆ្នាំ១៩៧៧ ជម្លៀសទៅភូមិបឹងច្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
  • ឆ្នាំ១៩៧៨ ជម្លៀសទៅភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង
  • ឆ្នាំ១៩៧៩ លក់ដូរនៅទីរួមស្រុកមោងឫស្សី​ ខេត្តបាត់ដំបង និងទីរួមស្រុកមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)
  • ឆ្នាំ១៩៨៣ នាយិកាវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
  • ឆ្នាំ១៩៩៥-បច្ចុប្បន្ន ចូលនិវត្តន៍ (រស់នៅទីរួមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ)

​ឪពុក​ម្តាយ​

កែប្រែ

ឪពុក​ឈ្មោះ ឡាំ​ ស៊ុង ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៤ ក្នុងស្រុក​ថាញ់ហ៊ឹង ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។ កាលនៅកម្ពុជាក្រោមធ្លាប់​ធ្វើ​ទាហាន​បារាំង ក្រោយមក​ធ្វើ​ប៉ូលីស​វៀតណាម​ខាងត្បូង។ គាត់​មក​រស់នៅ​ភ្នំពេញ ឆ្នាំ​១៩៦៥ ​ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។

ម្ដាយ​ឈ្មោះ ទិន​ សៀម ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៥ ក្នុងស្រុក​ថាញ់ហ៊ឹង ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។ ធ្វើជា​មេផ្ទះ​តាំងពី​ដើម​មក គាត់​មក​រស់នៅ​ភ្នំពេញ ឆ្នាំ​១៩៦៥ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។

​បងប្អូន​បង្កើត

កែប្រែ

លោកត្រឹង ងាមាន​បងប្អូនបង្កើត​បី​នាក់​គឺ ត្រឹង-ធីហ៊ូន ត្រឹង-ងា និង ត្រឹង-ថាច់៖

  1. ត្រឹង ធីហ៊ូន (ភេទស្រី) កើតនៅឆ្នាំ១៩៣២ ​នៅ​ភូមិ​ព្រែកជ្រៅ ស្រុក​ថាច់ហ៊ឹង ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។
  2. ត្រឹង ងា
  3. ត្រឹង ថាញ់ ស្លាប់​កាលពី​អាយុ​៩​ឆ្នាំ

កូនបង្កើត

កែប្រែ

លោកត្រឹង ងា មានកូន​ចំនួន​៤​នាក់៖

  • ត្រឹង បញ្ញារិទ្ធិ ភេទ​ប្រុស កើតនៅឆ្នាំ១៩៥៩ ស្លាប់នៅឆ្នាំ ១៩៧៨ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
  • ត្រឹង សុគន្ធវារី ភេទ​ស្រី កើតនៅឆ្នាំ១៩៦០ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
  • ត្រឹង បញ្ចារុណ ភេទ​ប្រុស កើតនៅឆ្នាំ១៩៦៧ បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ
  • ត្រឹង-សុន្ថារា ភេទ​ប្រុស កើតនៅឆ្នាំ១៩៦៨ បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី

សេចក្តីបញ្ចប់

កែប្រែ

ដោយបានឃើញថាកន្លងមកមានការផ្សព្វផ្សាយជាច្រើនអំពីប្រវត្តិលោកត្រឹង ងា នៅតាមបណ្តាញសង្គម និងវេបសាយនានាមានលក្ខណៈមិនត្រឹមត្រូវដូចការពិតទើប អ្នកស្រីឡាយ ហ៊ុនគី លោកត្រឹង បញ្ចារុណ និងលោកត្រឹង សុន្ថារា បានរៀបចំចងក្រងជាអត្ថបទនេះឡើងដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយមានការភ័ន្តច្រឡំអំពីប្រវត្តិលោកត្រឹង ងាដែលមានចុះនៅក្នុងវេបសាយផ្សេងៗ ។ និងម៉្យាងទៀតដើម្បីពន្យល់អំពីការយល់ច្រឡំរវាងលោកត្រឹង ងា និងអ្នកស្រីឡាយ ហ៊ុនគី ថាតើអ្នកណានិពន្ធសៀវភៅអ្វី ។ សូមបញ្ជាក់ថាប្រវត្តិលោកត្រឹង ងា នៅក្នុងវេបសាយ និងនៅតាមបណ្តាញសង្គមមួយចំនួន គឺមិនមែនជាប្រវត្តិពិតប្រាកដនោះទេ ជាពិសេសចម្លើយសារភាពរបស់លោកត្រឹង ងា ដែលពួកខ្មែរក្រហមធ្វើទារុណកម្មគាត់ ។ ដូច្នេះសូមវេបសាយទាំងឡាយ និងបណ្តាញសង្គមនានាដែលចុះផ្សាយអំពីប្រវត្តិលោកត្រឹង ងា សូមមេត្តាកែតម្រូវតាមប្រវត្តិលោកត្រឹង ងានៅក្នុងវិគីភីឌានេះផង ។ សូមអរគុណ ។

ឯកសារយោង

កែប្រែ