ត្រឹង ងា
លោកសាស្ត្រាចារ្យត្រឹង ងា គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគទី១ និងភាគទី២) ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៣ (សម័យសាធារណរដ្ឋខ្មែរ) ។ លោកត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅគុកទួលស្លែង (ភ្នំពេញ) នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ពេលដែលគាត់និងក្រុមគ្រួសារកំពុងស្ថិតនៅ ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ។
ត្រឹង ងា | |
---|---|
កើត | ២ មករា ១៩៣៧ ស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម |
ស្លាប់ | ១៩៧៥ គុកទួលស្លែង ភ្នំពេញ |
សញ្ជាតិ | ខ្មែរ |
អាជីព | នាយកវិទ្យាស្ថានខ្មែរ មន |
ឆ្នាំដែលសម្តែង | ១៩៥៧-១៩៧៥ |
ពន្ធភាព | ឡាយ ហ៊ុនគី (អ្នកស្រីត្រឹង ងា) |
កូន | ៤ |
អំពីប្រវត្តិផ្ទាល់ខ្លួន
កែប្រែលោក ត្រឹង ងា (Tran Ngea) កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ១៩៣៧ នៅស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។ ឪពុករបស់លោកឈ្មោះឡាំ ស៊ុង (ជនជាតិខ្មែរ) និងម្តាយរបស់លោកឈ្មោះទិន សៀម (ជនជាតិខ្មែរ) ។ លោកជាជនជាតិខ្មែរម្នាក់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមខាងត្បូង ។ លោកត្រឹង ងាបានសិក្សាថ្នាក់បឋមសិក្សានៅស្រុកយិងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។
ដោយសារតែមានការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាមខាងត្បូងមកលើប្រជាពលរដ្ឋខ្មែរនៅទីនោះ លោកត្រឹង ងាក៏បានសម្រេចចិត្តភៀសខ្លួនចូលមកនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ១៩៥៦ លុះដល់ឆ្នាំ១៩៦៥ទើបឪពុកម្តាយរបស់លោកមករស់នៅទីក្រុងភ្នំពេញតាមលោកដែរ ។ លោកត្រឹង ងាបានបន្តការសិក្សារបស់លោកនៅទីក្រុងភ្នំពេញរហូតដល់ទទួលបានសញ្ញាប័ត្រមធ្យមសិក្សាភាគទី១ (សញ្ញាប័ត្រ Bac I) ក្នុងឆ្នាំ១៩៥៦ ។ ក្រោយពីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២ (សញ្ញាប័ត្រ Bac II) នៅក្នុងឆ្នាំ១៩៥៧ លោកក៏បានចាប់យកអាជីពជាគ្រូបង្រៀន ហើយបានផ្លាស់ទៅធ្វើការនៅទីរួមខេត្តបាត់ដំបង ។
នៅឆ្នាំ១៩៥៨ លោកត្រឹង ងាបានរៀបអពាហ៍ពិពាហ៍ជាមួយអ្នកគ្រូបង្រៀនម្នាក់ឈ្មោះឡាយ ហ៊ុនគីដែលមានដើមកំណើតនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ) ។ អ្នកស្រីឡាយ ហ៊ុនគី ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រីត្រឹង ងា ។ ការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ ។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់ ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ និង១៩៧៥ ។ កាលណោះអ្នកស្រីឡាយ ហ៊ុនគីបានដាក់ឈ្មោះអ្នកនិពន្ធថា «អ្នកស្រីត្រឹង ងា» ។ មានមនុស្សមួយចំនួនមានការភ័ន្តច្រឡំស្មានថាអ្នកស្រីត្រឹង ងា និងលោកត្រឹង ងាជាមនុស្សតែម្នាក់ ។
ក្រោយពីធ្វើការមួយរយៈនៅទីរួមខេត្តបាត់ដំបង នៅក្នុងឆ្នាំ១៩៦១ លោកត្រឹង ងានិងអ្នកស្រីឡាយ ហ៊ុនគីបានផ្លាស់ប្តូរទីលំនៅមកកាន់ទីក្រុងភ្នំពេញវិញ ។ នៅពេលនោះលោកត្រឹង ងាក៏បានចូលបម្រើការងារនៅក្រសួងអប់រំ ហើយលោកក៏បានបន្តការសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្រ ។ ដោយការខិតខំព្យាយាមសិក្សា លោកត្រឹង ងាបានប្រឡងជាប់បរិញ្ញាប័ត្រផ្នែកវប្បធម៌ និងអរិយធម៌អាស៊ីនៅក្នុងឆ្នាំ១៩៦៥ ។
នៅក្នុងឆ្នាំ១៩៧៣ លោកត្រឹង ងាបានចាប់ផ្តើមនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដែលមាន២ភាគ (ភាគទី១និងភាគទី២) ។ ស្នាដៃរបស់លោកត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងចំណោមសិស្ស និស្សិត បញ្ញាវ័ន្តទាំងក្នុងនិងក្រៅប្រទេស ។ ដោយសារតែភាពល្បីល្បាញនេះទើបក្រសួងអប់រំនាសម័យនោះ (សាធារណរដ្ឋខ្មែរ) បានយកអត្ថបទនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរ ដាក់ចូលទៅក្នុងកម្មវិធីសិក្សារបស់ជាតិ ។ ចាប់តាំងពីការបោះពុម្ពផ្សាយលើកដំបូងនាឆ្នាំ១៩៧៣ សៀវភៅនេះត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍និងឲ្យតម្លៃរហូតដល់សម័យបច្ចុប្បន្ន ។
ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ លោកត្រឹង ងា ត្រូវបានតែងតាំងជាអគ្គលេខាធិកានៃវិទ្យាស្ថានខ្មែរ-មន លុះក្រោយមកទៀតលោកត្រូវបានតម្លើងឋានៈជានាយកនៃវិទ្យាស្ថានខ្មែរ-មន ។ នៅទីនោះលោកត្រឹង ងាបានបន្តការងាររបស់លោកក្នុងការងារបម្រើប្រទេសជាតិរហូតដល់ឆ្នាំ១៩៧៥ ។
លុះដល់ថ្ងៃទី១៧ មេសា ១៩៧៥ ពេលដែលពួកខ្មែរក្រហមចូលកាន់កាប់ភ្នំពេញ លោកត្រឹង ងានិងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ដូចប្រជាជនដទៃទៀតដែរ ។ នៅក្នុងរបបខ្មែរក្រហម មានការតាមដាន ស៊ើបរកមន្ត្រីទាហាន ប៉ូលីស និងរដ្ឋការដែលបម្រើការងារក្នុងរបបសាធារណរដ្ឋខ្មែរ ។ ដោយសារតែខ្វះបទពិសោធន៍ជាមួយពួកកុម្មុយនីស្តនិងខ្វះការប្រុងប្រយ័ត្នលោកត្រឹង ងានិងអ្នកស្រីឡាយ ហ៊ុនគីមិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ ។ លុះដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ មានកម្មាភិបាលខ្មែរក្រហមម្នាក់បានមកជួបលោកត្រឹង ងា ហើយបាន«ស្នើ»ឲ្យលោកត្រឹង ងាទៅជួយរៀបរៀងទស្សនាវត្តីរបស់កម្ពុជាប្រជាធិបតេយ្យ ដោយស្អែកឡើងឲ្យទៅជាមួយវា ។ ពេលនោះលោកត្រឹង ងាហាក់ដូចជាបានដឹងខ្លួនជាមុនដែរថាពួកខ្មែរក្រហមគ្មានបំណងល្អជាមួយលោកទេ តែបើលោកសម្រេចចិត្តថារត់គេច តើក្រុមក្រួសារលោកនឹងទៅជាយ៉ាងណា? ដូច្នេះហើយទើបលោកត្រឹង ងាសម្រេចចិត្តថាត្រូវទៅតាមកម្មាភិបាលខ្មែរក្រហមរូបនោះ ។
យោងតាមសៀវភៅកំណត់ត្រារបស់អ្នកជាប់ឃុំឃាំងនៅគុកទួកស្លែង ដែលខ្មែរក្រហមហៅថា«មន្ទីរស២១» លោកត្រឹង ងាត្រូវបានបញ្ជូនទៅដល់គុកទួលស្លែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ។ អ្នកស្រីឡាយ ហ៊ុនគីជាភរិយាបានរកឃើញថាកាលបរិច្ឆេទនៃការសម្លាប់លោកត្រឹង ងាគឺមិនបានដាក់ចូលក្នុងសៀវភៅនេះទេ គឺមិនដឹងមកពីមូលហេតុអ្វី ។ ប៉ុន្តែក្រុមគ្រួសារលោកត្រឹង ងាដែលសល់ពីការស្លាប់ បានសន្និដ្ឋានថាលោកត្រឹង ងាពិតជាត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់នៅទីនោះយ៉ាងសាហាវដូចជាអ្នកជាប់ឃុំឃាំងដទៃទៀតដែរ ។ លោកត្រឹង បញ្ចារុណ ដែលជាកូនប្រុសទី៣ របស់លោកត្រឹង ងាបានស្រាវជ្រាវរកឃើញឯកសារសារភាពរបស់លោកត្រឹង ងានៅគុកទួលស្លែងដែលមាន៨ទំព័រ ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ។ នៅក្នុងនោះលោកត្រឹង ងាត្រូវបានពួកខ្មែរក្រហមបង្ខំឲ្យសារភាពថាលោកគឺជាភ្នាក់ងារCIA មួយរូប ដែលប៉ុនប៉ងប្រឆាំងនឹងរបបខ្មែរក្រហម ។ យោងតាមសម្តីអ្នកស្រីឡាយ ហ៊ុនគីជាភរិយា បានបញ្ជាក់ថាលោកត្រឹង ងា ជាមនុស្សមិនសូវចូលចិត្តធ្វើនយោបាយទេ គាត់មិនបានចូលរួមជាមួយសកម្មភាពនយោបាយណាមួយរបស់របបសាធារណរដ្ឋខ្មែរឡើយ ដូច្នេះចម្លើយសារភាពរបស់លោកត្រឹង ងានៅគុកទួលស្លែងទាក់ទងនឹងសកម្មភាពនយោបាយ ជាពិសេសភ្នាក់ងារCIA គឺជាចម្លើយសារភាពដោយសាររងទារុណកម្មតែប៉ុណ្ណោះ គេមិនអាចយកជាការពិតបានទេ ។ សូមបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម ឪពុក ម្តាយ កូនប្រុសទី១ និងកូនស្រីទី២ របស់លោកត្រឹង ងាក៏បានបាត់បងជីវិតដោយសារជំងឺគ្មានថ្នាំព្យាបាលដែរ ។ កូនប្រុសទី៣ឈ្មោះត្រឹង បញ្ចារុណបច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ ឯកូនប្រុសទី៤ ឈ្មោះត្រឹង សុន្ថារ៉ា បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី ។ ចំពោះអ្នកស្រីឡាយ ហ៊ុនគីដែលជាភរិយាសព្វថ្ងៃរស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ទស្សនាកិច្ចសម្ភាសន៍របស់អ្នកស្រីត្រឹង ងាជាមួយអ្នកយកពត៌មាន CNC អំពីប្រវត្តិអ្នកស្រីត្រឹង ងា និងលោកត្រឹង ងា
ទស្សនាកិច្ចសម្ភាសន៍របស់លោកត្រឹង សុន្ថារ៉ា (កូនប្រុសទី៤) ជាមួយ Khmer Queensland Media អំពីប្រវត្តិលោក ត្រឹង ងា ។
ទស្សនាវីដេអូ YouTube ដែលរៀបរាប់អំពីប្រវត្តិលោក ត្រឹង ងា ។
ទស្សនាវីដេអូរឿង«អង្គការនរក» ដែលរៀបរាប់អំពីប្រវត្តិរបស់គ្រួសាររបស់លោកត្រឹង ងា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ជីវប្រវត្តិសង្ខេបរបស់លោកត្រឹង ងា
កែប្រែ- ថ្ងៃខែឆ្នាំកំណើត ០២ មករា ១៩៣៧
- ទីកន្លែងកំណើត ស្រុកយិងចូវ ខេត្តពលលាវ កម្ពុជាក្រោម
- ឆ្នាំ១៩៥៤ ប្រឡងជាប់មធ្យមសិក្សាបឋមភូមិ នៅកម្ពុជាក្រោម
- ឆ្នាំ១៩៥៦ ចូលមកប្រទេសកម្ពុជា រស់នៅភ្នំពេញបន្តការសិក្សា
- ឆ្នាំ១៩៥៦ ប្រឡងជាប់បញ្ញាប័ត្រមធ្យមសិក្សាភាគទី១
- ឆ្នាំ១៩៥៧ ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២
- ឆ្នាំ១៩៥៧ ធ្វើសាស្ត្រាចារ្យនៅខេត្តបាត់ដំបង
- ឆ្នាំ១៩៦១ ផ្លាស់ពីបាត់ដំបងមកភ្នំពេញ បម្រើការងារនៅក្រសួងអប់រំ និងបន្តការសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្រ
- ឆ្នាំ១៩៦៥ ប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
- ឆ្នាំ១៩៧៣ ចងក្រងសៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគ១ និងភាគ២)
- ឆ្នាំ១៩៧៣-១៩៧៤ អគ្គលេខាធិការវិទ្យាស្ថានខ្មែរ មន
- ឆ្នាំ១៩៧៤-១៩៧៥ នាយកវិទ្យស្ថានខ្មែរ មន
- ឆ្នាំ១៩៧៥ ជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល
- ថ្ងៃទី២០ វិច្ឆិកា ១៩៧៥ ខ្មែរក្រហមបញ្ជូនដល់គុកទួលស្លែង
- ថ្ងៃខ្មែរក្រហមសម្លាប់ មិនច្បាស់លាស់
ភរិយាលោកត្រឹង ងា
កែប្រែភរិយាលោកត្រឹង ងា ឈ្មោះឡាយ ហ៊ុនគី ដែលប្រជាជនខ្មែរ ជាពិសេសអ្នករដ្ឋការស្គាល់ថា អ្នកស្រីត្រឹង ងា ។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ ដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ ។ សៀវភៅអ្នកស្រីឡាយ ហ៊ុនគីក៏ល្បីល្បាញដូចជាសៀវភៅរបស់ស្វាមីអ្នកស្រីដែរ គឺត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ទីបញ្ចប់ក្នុងសម័យសាធារណរដ្ឋខ្មែរ ។
- ថ្ងៃខែឆ្នាំកំណើត ២៤ វិច្ឆិកា ១៩៣៧
- ទីកន្លែងកំណើត ភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)
- ឆ្នាំ១៩៤៧ រៀននៅបឋមសិក្សា ខេត្តបាត់ដំបង
- ឆ្នាំ១៩៥៧ ធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបង
- ឆ្នាំ១៩៦២ សិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ
- ឆ្នាំ១៩៦៦ ប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រខ្មែរ និងជាសាស្ត្រាចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ
- ឆ្នាំ១៩៧៤ និពន្ធសៀវភៅអរិយធម៌ខ្មែរ
- មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ នាយិកាវិទ្យាល័យនារី ភ្នំពេញ
- ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល
- ឆ្នាំ១៩៧៦ ជម្លៀសទៅភូមិស្វាយជួរ ស្រុកកោះធំ ខេត្តកណ្តាល
- ឆ្នាំ១៩៧៧ ជម្លៀសទៅភូមិបឹងច្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
- ឆ្នាំ១៩៧៨ ជម្លៀសទៅភូមិចកតូច ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង
- ឆ្នាំ១៩៧៩ លក់ដូរនៅទីរួមស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទីរួមស្រុកមង្គលបូរី ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)
- ឆ្នាំ១៩៨៣ នាយិកាវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
- ឆ្នាំ១៩៩៥-បច្ចុប្បន្ន ចូលនិវត្តន៍ (រស់នៅទីរួមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ)
ឪពុកម្តាយ
កែប្រែឪពុកឈ្មោះ ឡាំ ស៊ុង ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៤ ក្នុងស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។ កាលនៅកម្ពុជាក្រោមធ្លាប់ធ្វើទាហានបារាំង ក្រោយមកធ្វើប៉ូលីសវៀតណាមខាងត្បូង។ គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
ម្ដាយឈ្មោះ ទិន សៀម ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៥ ក្នុងស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។ ធ្វើជាមេផ្ទះតាំងពីដើមមក គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
បងប្អូនបង្កើត
កែប្រែលោកត្រឹង ងាមានបងប្អូនបង្កើតបីនាក់គឺ ត្រឹង-ធីហ៊ូន ត្រឹង-ងា និង ត្រឹង-ថាច់៖
- ត្រឹង ធីហ៊ូន (ភេទស្រី) កើតនៅឆ្នាំ១៩៣២ នៅភូមិព្រែកជ្រៅ ស្រុកថាច់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។
- ត្រឹង ងា
- ត្រឹង ថាញ់ ស្លាប់កាលពីអាយុ៩ឆ្នាំ
កូនបង្កើត
កែប្រែលោកត្រឹង ងា មានកូនចំនួន៤នាក់៖
- ត្រឹង បញ្ញារិទ្ធិ ភេទប្រុស កើតនៅឆ្នាំ១៩៥៩ ស្លាប់នៅឆ្នាំ ១៩៧៨ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
- ត្រឹង សុគន្ធវារី ភេទស្រី កើតនៅឆ្នាំ១៩៦០ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
- ត្រឹង បញ្ចារុណ ភេទប្រុស កើតនៅឆ្នាំ១៩៦៧ បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ
- ត្រឹង-សុន្ថារា ភេទប្រុស កើតនៅឆ្នាំ១៩៦៨ បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី
សេចក្តីបញ្ចប់
កែប្រែដោយបានឃើញថាកន្លងមកមានការផ្សព្វផ្សាយជាច្រើនអំពីប្រវត្តិលោកត្រឹង ងា នៅតាមបណ្តាញសង្គម និងវេបសាយនានាមានលក្ខណៈមិនត្រឹមត្រូវដូចការពិតទើប អ្នកស្រីឡាយ ហ៊ុនគី លោកត្រឹង បញ្ចារុណ និងលោកត្រឹង សុន្ថារា បានរៀបចំចងក្រងជាអត្ថបទនេះឡើងដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយមានការភ័ន្តច្រឡំអំពីប្រវត្តិលោកត្រឹង ងាដែលមានចុះនៅក្នុងវេបសាយផ្សេងៗ ។ និងម៉្យាងទៀតដើម្បីពន្យល់អំពីការយល់ច្រឡំរវាងលោកត្រឹង ងា និងអ្នកស្រីឡាយ ហ៊ុនគី ថាតើអ្នកណានិពន្ធសៀវភៅអ្វី ។ សូមបញ្ជាក់ថាប្រវត្តិលោកត្រឹង ងា នៅក្នុងវេបសាយ និងនៅតាមបណ្តាញសង្គមមួយចំនួន គឺមិនមែនជាប្រវត្តិពិតប្រាកដនោះទេ ជាពិសេសចម្លើយសារភាពរបស់លោកត្រឹង ងា ដែលពួកខ្មែរក្រហមធ្វើទារុណកម្មគាត់ ។ ដូច្នេះសូមវេបសាយទាំងឡាយ និងបណ្តាញសង្គមនានាដែលចុះផ្សាយអំពីប្រវត្តិលោកត្រឹង ងា សូមមេត្តាកែតម្រូវតាមប្រវត្តិលោកត្រឹង ងានៅក្នុងវិគីភីឌានេះផង ។ សូមអរគុណ ។
ឯកសារយោង
កែប្រែ- អ្នកស្រី ឡាយហ៊ុនគី
- លោកត្រឹង បញ្ចារុណ
- លោកត្រឹង សុន្ថារ៉ា