ថ្ម​គោល​បញ្ឈរ​ពិសិដ្ឋ

ថ្មគោល​បញ្ឈរ​ពិសិដ្ឋ មកទល់នឹង ​ពេលនេះ​មិនទាន់មាន​ការស្រាវជ្រាវ​ហ្មត់ចត់​ណាមួយ​អំពី​ថ្មគោល ឬ​បង្គោល​ថ្ម​ដែល​គេ​បញ្ឈរ​ដើម្បី​មូលហេតុ​សាសនានា​សម័យ​បុ​រេ​ប្រ​វ​តិ្ត​ សាស្ត្រ ។ សូមជម្រាបថា​ ថ្មគោល​នេះ​មាន​ឈ្មោះថា មែន​ហៀរ (Menhir) នៅ​ប្រទេស​បារាំង​ហើយ​មាន​លក្ខណៈ​ជាស​កល ។ ការរកឃើញ​នូវ​ថ្មគោល​ជាច្រើន​នៅ​ត្រា​និ​ញ ប្រទេស​លាវ និង​ប្រទេស​ថៃ​បច្ចុប្បន្ន បានឱ្យដឹងថា វប្បធម៌​ថ្មគោល​ជា​ផ្នែក​មួយ​ខាងស្ថាបត្យកម្ម​ថ្ម​ដែល​បាន​សាងសង់ឡើង​ដោយ​ បុព្វការី​ជន​ខ្មែរ​យ៉ាង​ប្រាកដ ។



នៅ ​ម្តុំ​មេមត់​ គេ​បាន​រកឃើញ​ថ្មគោល​មួយ​នៅ​ចំ​កណ្តាល​ភូមិ​មូល​មួយ តែមាន​លក្ខណៈ​ជា​ពុទ្ធ​និយម​ទៅវិញ ព្រោះ​មាន​រាង​ជា​ផ្កាឈូក​នៅ​ផ្នែក​ខាងលើ ។ ដូច្នេះ អី្វ​ដែល​យើង​អាច​កត់សម្គាល់​នៅទីនេះ គឺ​នៅពេល​ដែលមាន​សាសនា​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​ចូលមក​ដល់​ភូមិភាគ​នេះ បង្គោល​ថ្ម​ធម្មជាតិ​ពិសិដ្ឋ​ទាំងនោះ ក៏បាន​ផ្លាស់ប្តូរ​រូបរាង និងអត្ថន័យ ហើយ​នៅ​ទីបំផុត ក៏បាន​ក្លាយទៅជា​បង្គោល​សីមា​វត្ត​ទៅវិញ ។

សូមជម្រាបថា កត្តា​ដែល​អាចជា​ជំនួយ​យ៉ាង​ធំ​ដល់​ទស្សនៈ​នេះ គឺ​នៅក្បែរបូជនីយដ្ឋាន​បែប​ពុទ្ធ​និយម​នៅ​ខេត្ត​កាឡា​សិន ប្រទេស​ថៃ​បច្ចុប្បន្ន គេ​បាន​រកឃើញ​ថ្មគោល​ជាច្រើន​នា​សម័យ​បុរេប្រវត្តិសាស្ត្រគួបផ្សំ​ជាមួយ​ សីមា​ដែលមាន​លក្ខណៈ​បែប​ឥណ្ឌា​និយម​ទៅវិញ ។ គឺ​ក្នុង​បរិបទ​នេះហើយ​ដែល​យើង​អាច​ចាត់ទុកថា ជាតិ​សាសន៍​ខ្មែរ​ពិតជា​បាន​ស្គាល់​វប្បធម៌​ថ្មគោល​យ៉ាង​ជាក់ច្បាស់ ក៏ប៉ុន្តែ​ក្រោម​ឥ​ទិ្ធ​ពល​នៃ​ល​ទិ្ធ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា បង្គោល​ថ្ម​ទាំងនោះ​ក៏បានក្លាយទៅជា​បង្គោល​សីមា ឬ​សីមា​វត្ត ជាពិសេស​នា​ដើម​សម័យ​ចេនឡា ។ ភាគច្រើន​នៅលើ​ផ្ទាំង​សីមា​វត្ត​ទាំងនោះ​មាន​ធ្លាក់​រឿងរ៉ាវ​ពុទ្ធប្រវត្តិ ឬ​រឿង​ជាតក​ជាច្រើន ។

ម្យ៉ាងវិញទៀត សូមជម្រាបថា ក្រៅពី​ជំនឿ​លើ​ថ្មគោល​បញ្ឈរ​នៅ​ចំ​កណ្តាល ឬ​ក្បែរ​ស្រុកភូមិ ឬ​ទីក្រុង​ណាមួយដែល​សព្វថ្ងៃនេះ​ គេ​ឱ្យ​ឈ្មោះថា ថ្ម​លក្ខណ៍​នេះ ខ្មែរ​យើង​ក៏មាន​ជំនឿ​លើ​ថ្មដុះ​ដែរ ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែលគ្នា​នឹង​ថ្មគោល​នេះដែរ ដែល​គេ​សន្និដ្ឋានថា ជា​ថ្មអ្នកតា​ចាស់​ស្រុក ។ តាមពិតទៅ ជំនឿ​លើ​ថ្ម​ធម្មជាតិ គឺជា​វប្បធម៌​មួយ (Culture mégalithique)ដែលមាន​លក្ខណៈ​ជាស​កល ព្រោះ​ថ្ម​តំណាង​នូវ​ភាពរឹងមាំ ឬ​អម​តៈនៃ​ធម្មជាតិ​ជាទូទៅ ហើយ​ជីវិត​ដោយឡែក គឺ​ក្នុង​បរិបទ​នេះហើយ​ដែល​ថ្ម​បញ្ឈរ​តំណាងឱ្យ​លិង្គ ឬ​អង្គ​ជាតិ​សម្រាប់​បន្ត​ពូជ​ដោយ​ជាក់ស្តែង ។ រហូតដល់ ​សព្វថ្ងៃនេះ​តាម​ឆន្ទៈ​ប្រជាជន ថ្ម​នេះ​ក៏​តំណាងឱ្យ​អ្នកតាឬ​ជា​ថ្មអ្នកតា​ផ្ទាល់​ផងដែរ ហើយ​ថ្ម​នេះ​ទៀតសោតក៏​ជា​ថ្ម​ដែលមាន​បារមី​កាន់ ហើយ​មាន​តួនាទី​ដ៏​ពិសិដ្ឋ គឺ​ការពារ​បីបាច់​ថែរក្សា​កូនចៅ​ក្នុង​សហគមន៍​ឱ្យបាន​សុខ​សប្បាយ (ម.ត្រា​ណេ) ។



ឯកសារ​យោង

កែប្រែ