ទសពិធរាជធម៌
ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បាលី. ទសវិធ + រាជធម្ម) រាជធម៌១០យ៉ាង គឺធម៌ ១០ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតី មន្ត្រីធំតូច និងពួកប្រជារាស្ត្រឱ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យ ក្រម ច្បាប់ វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។ បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ ឯព្រះមហាក្សត្រ និងអ្នកដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។
ទសពិធរាជធម៌ទាំងដប់មាន៖
ទាន
កែប្រែព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។
សីល
កែប្រែព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។
ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖
- មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ
- ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស
- មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង
- ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។
បរិច្ចាគ
កែប្រែព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពនឹងប្រតិបត្តិធ្វើតាមដែរ។
អាជ្ជវៈ
កែប្រែ(មានសេចក្ដីត្រង់) ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់ទៅនឹងកាយវាចាចិត្តរបស់អ្នកដឹកនាំ។ បើនិយាយឱ្យចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំណាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និង បរទេស។
មទ្ទវៈ
កែប្រែ(មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំឬកពារ អាកប្បកិរិយា ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់បែបយ៉ាង។
តបៈ
កែប្រែ(ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិតាមកាលកំណត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍ មនោសញ្ចេតនាឱ្យភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃក្តីវិនាស ការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយៈពីភាពជាប់ជំពាក់ជំពិនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេល យកឱកាសសំរាប់សញ្ជប់សញ្ជឹង រិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាព និងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយា និងកាយវិការរបៀបនេះអាចនាំឱ្យអ្នកដឹកនាំ ឬអ្នកនយោបាយមានពេលវេលា និងរកផ្លូវល្អឃើញ ហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។
អក្កោធនៈ
កែប្រែ(មិនក្តៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបំបាក់អ្នកដទៃឱ្យកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ ការបង្កបង្កើតឱ្យមានរឿងសៅហ្មង ឱ្យមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាលធ្វើឱ្យបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និងជាសង្រ្គាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនឱ្យមានកំហឹងគំនុំ និងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិមិនមែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គី បង្កើតឱ្យមានជម្លោះឈ្លោះ មើលមុខគ្នាមិនត្រង់នោះទេ។
អវិហឹសា
កែប្រែ(មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រ ឱ្យអ្នកដឹកនាំជាតិមិនត្រូវយកហិង្សា ឬកម្លាំងបាយ និងអាវុធមកធើ្វជាត្រីមុខទេ ក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេ គេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ ទស្សនៈសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់ឱបក្រសោប យកមកឱ្យបានជាចាំបាច់ ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍ ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាព ក្សេមក្សាន្ត។
ខន្តី
កែប្រែ(មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជួលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយ នូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំ និងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំឱ្យយើងចេះរង់ចាំពេលវេលាឱកាសល្អដើម្បីអនុវត្តគោលការណ៍ឱ្យបានសម្រេច។ ការប្រកាន់ខន្តី អំណត់ធ្មត់សង្កត់ចិត្ត និងព្យាយាមជាគុណសម្បត្តិមួយដ៏កម្ររកបានក្នុងសម្បត្តិមនុស្ស។
អវិរោធនៈ
កែប្រែ(មិនបំពានលើធម៌លើច្បាប់) ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំឱ្យខ្ពស់បំផុតលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាន និងជាគ្រឹះរបស់ជាតិសំរាប់រៀបចំស្ថាប័នឱ្យកើតមានជានិតិរដ្ឋ។ គេត្រូវធ្វើដូចម្តេចឱ្យច្បាប់ ធម្ម វិន័យ ក្រឹត្យក្រមក្លាយទៅជារបងសំរាប់ការពារ ធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះ សេដ្ឋី គហបតី និងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សម្រាប់បំរើអំណាច និងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនឹងជួបប្រទះនូវភាពអនាធិបតេយ្យ រំជើបរំជួល ចលាចល អសន្តិសុខអន្តរាយ ហើយប្រជារាស្រ្តនឹងរងទុក្ខវេទនា ព្រាត់ប្រាស បែកបាក់ក្រុមញាតិសន្តានជាមិនខាន គឺបានសេចក្តីថា នគរណាដែលគ្មានច្បាប់ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើន រុងរឿង រស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះឱនថយខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។