ទីក្រុងប្រជុំជន ឬក្រុងសម័យបុរេប្រវត្តិសាស្រ្តនៅសុរិន្ទ្រ
ដើម្បីស្រាវជ្រាវពីអតីតកាល កត្តាដ៏សំខាន់បំផុត គឺស្វែងយល់ពីការរីកដុះដាល និងការវិវត្តសហគមន៍មនុស្សជំនាន់មុននៅក្នុងភូមិភាគឦសាននៃ ព្រះរាជាណាចក្រថៃបច្ចុប្បន្ន ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត គេត្រូវសិក្សារាល់ស្លាកស្នាមនៃវប្បធម៌បុរាណ ។ ដោយសារ អត្ថប្រយោជន៍នេះហើយ ទើបយើងសូមលើកយកទីប្រជុំជនចំនួន ៤ តែប៉ុណ្ណោះនៅខេត្តសុរិន្ទ្រមកធ្វើការអធិ-ប្បាយ ។ ថ្វីត្បិតតែការស្រាវជ្រាវនេះ គឹជាការផ្តួចផ្តើមរបស់អ្នកឯកទេសថៃក៍ដោយ ក៏ប៉ុន្តែយើងជាអ្នកធ្វើការវិភាគស៊ីជម្រៅបន្តមួយ កម្រិតទៀត ។
តាម ការពិនិត្យវាយតម្លៃឱ្យដិតដល់ ដោយមូលហេតុប្រវតិ្តសាស្ត្រ អី្វដែលមាននៅក្នុងខេត្តសុរិន្ទ្រ ក៏នៅមានក្នុងអាណាខេត្ត ផ្សេងៗឯទៀតនៃព្រះរាជាណាចក្រថៃ និងកម្ពុជាបច្ចុប្បន្នផងដែរ ។ សេចកី្តកត់សម្គាល់នេះមិនមែនជាការមិនសមហេតុសមផលនោះទេ ពីព្រោះមុនការមកដល់នៃជនជាតិថៃក្នុងតំបន់នេះ និងមុនបញ្ចូលខេត្តនេះទៅក្នុងខណ្ឌសីមានៃព្រះរាជាណាចក្រថៃ ខេត្ដនេះគឺជាទឹកដីរបស់ខ្មែរសុទ្ធសាធ ។
ប្រការ នេះហើយដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដោយបកស្រាយថា ទីប្រជុំជនបុរេប្រវត្តិសាស្ត្រទាំងនោះត្រូវបានសាងសង់ឡើងដោយដូនតាខ្មែរ ពោលគឺមិនអាចចាត់ទុកថា សមិទ្ធផលទាំងនោះជារបស់ថៃឡើយមុនស.វទី ១៣ ។
ជារួម ក្នុងករណីនេះ យើងអាចបំភ្លឺនូវប្រភពមន-ខ្មែរនៃទីប្រជុំជននា សម័យបុរេប្រវត្តិសាស្ត្រទាំងនោះដែលមានពាសពេញដេរ ដាសនៅទូទាំងព្រះរាជាណាចក្រថៃ និងកម្ពុជាបច្ចុប្បន្ន ហើយក៏ជាផ្នែកមួយនៃខឿនវប្បធម៌ខ្មែរ មុនឥណ្ឌារូបនីយកម្ម ។ ម្យ៉ាងវិញទៀត ដូចនៅប្រទេសទាំងពីរនេះដែរ យើងឃើញនៅមានស្លាកស្នាមវប្បធម៌បុរេប្រវត្តិសាស្ត្រ ដូចនៅវៀតណាមខាងត្បូងផងដែរ ។
ទីប្រជុំជន បុរេប្រវត្តិសាស្ត្រដែលសំខាន់ជាងគេនៅក្នុងខេត្តសុរិន្ទ្រ និងមានរាងជាពងក្រពើដែលគេអាចសង្កេតឃើញរចនាសម្ព័ន្ធជាក់លាក់ដោយ រូបភាពពីលើអាកាស គឺប្រជុំជននៅភូមិកៃយ៉ៃ ភូមិព្រះបិត ភូមិស្លាក់ដៃ ក្នុងទីរួមខេត្តសុរិន្ទ្រ ។
តាម ឯកសាររូបភាពដែលបានមកពីការស្រាវជ្រាវនេះបានចង្អុលបង្ហាញឱ្យយើងឃើញ អំពីស្លាកស្នាមវប្បធម៌ខ្មែរដែលមានអាយុប្រមាណជា ៥០០០ ឆ្នាំមកហើយ ។ វាក៏ជាភស្តុតាងដ៏សំខាន់មួយបញ្ជាក់ឱ្យយើងដឹងអំពីស្ថានភាព នៃការរៀបចំស្រុកភូមិ ឬសហគមន៍ជនជាតិខ្មែរយើងមុនការទទួលឥទិ្ធពលឥណ្ឌាដែលបានធ្វើឱ្យ ទីតាំងនៃក្រុង (ពាក្យខ្មែរ) តូចធំទាំងនោះឱ្យក្លាយទៅជាបុរី (ពាក្យសំស្ដ្រឹត) តាមលំនាំឥណ្ឌា ។
នៅ តំបន់ខ្ពង់រាបនគររាជ វប្បធម៌ឥណ្ឌាត្រូវបានជ្រួតជ្រាបក្នុងភូមិភាគនេះចាប់តាំងពីដើមស.វទី ៦ ។ ស្ថានីយបុរេប្រវតិ្តនៅ សុរិន្ទ្រដែលមានរាងដូចពងក្រពើ គឺដូចគា្ននឹងស្ថានីយបុរេប្រវតិ្តសាស្ត្រមេមត់ខេត្តកំពង់ចាមដែរ ។
សរុប សេចកី្តមក តាមរយៈការវិភាគ យើងអាចវាយតម្លៃបានថា ស្ថានភាពជាក្រុងបែបខ្មែរជាបុរី ឬបុរៈបែបឥណ្ឌា ការផ្លាស់ ប្តូរទម្រង់ត្រូវបានធ្វើឡើងយ៉ាងងាយស្រួលជាទីបំផុត ។ នេះគឺជាចំណុចយ៉ាងប្រសើរដែលជាការបើកទំព័រប្រវតិ្តសាស្ត្រថ្មី ធ្វើឱ្យមានការ រីកចម្រើនយ៉ាងឆាប់រហ័សដោយហេដ្ឋារចនាសម្ព័ន្ធឥណ្ឌា ។
ជាទីបំផុត សូមជម្រាបថា ក្នុងបរិវេណនៃទីក្រុងបុរាណទាំងនោះ គេបានរកឃើញនូវឧបករណ៍ធ្វើអំពីថ្មរំលីងដូចជាពូថៅ ឬ អន្លួញ កុលាលភាជន៍ផាត់ពណ៌ និងឥតមានពណ៌មួយចំនួន និងរបស់របរប្រើប្រាស់ជាច្រើនទៀត (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ