ទីអង្គុយ (ក្មេង)
[១] ក្នុងទីប្រជុំនីមួយៗ ត្រូវប្រយ័ត្នក្មេងៗដែលឥតល្បបកុំឲ្យចូលទៅដណ្ដើមកន្លែងដែលចាស់ៗអង្គុយ ។ មានក្មេងខ្លះអង្គុយហើយមិននៅស្ងៀមទៀតផង ចេះតែក្រោកដើរចេញចូលកន្លងដៃជើងចាស់ទុំឥតកោតញញើត ។ ក្មេងខ្លះមិនព្រមអង្គុយរាបនឹងកន្ទេលទេ ទារអង្គុយលើភ្លៅម្ដាយ ឬ ជីដូន ខ្លះក៏បានអង្គុយលើភ្លៅម្ដាយហើយមានការចាប់បោចរោចសំពត់អាវម្ដាយ ឬ ទារយកនេះយកនោះទៀត ។ ចំណែកខាងអ្នកអង្គុយកៅអីក៏ដូចគ្នា មានលោកអ្នកខ្លះយកកូនចៅទៅផង ហើយយកទៅឲ្យអង្គុយកៅអី១ ។ បើយ៉ាងនេះភ្ញៀវម្នាក់មានក្មេងម្នាក់ទៅផង នោះអ្នកផ្ទះរកកៅអី និងកន្លែងជូនភ្ញៀវពុំគ្រប់គ្រាន់ទេ ។ មានកាលមិនមែនកូនចៅរបស់ភ្ញៀវទេ គឺកូនចៅរបស់អ្នកផ្ទះ បណ្ដោយឲ្យមកដណ្ដើមកន្លែងភ្ញៀវៗពុំដឹងធ្វើដូចម្ដេចក៏ស៊ូតែឈរទៅ ចំណែកភ្ញៀវអង្គុយរាបក៏ស៊ូទ្រាំចង្អៀតទៅ ។ ហេតុដែលនាំឲ្យខូចរបៀបអង្គុយយ៉ាងនេះ យើងអាននឹងកែរួចស្រួលឡើងវិញបាន គឺថាយើងជាភ្ញៀវមិនត្រូវឲ្យកូនចៅទៅផងទេ ព្រោះគេអញ្ជើញតែត្រឹមយើង គេពុំបានអញ្ចើញកូនចៅយើងទេ ។ ចំណែកអ្នកផ្ទះត្រូវដឹងខ្លួនឲ្យច្បាស់ថា អញពុំបានអញ្ជើញកូនចៅគេទេ ដូច្នេះត្រូវកុំបណ្ដោយឲ្យចៅអញទៅរំខានភ្ញៀវ ។
ចុះបើទៅប្រជុំនៅវត្តអារាម នោះទម្លាប់ខ្មែរគេតែងតែយកកូនចៅទៅផង ដើម្បីឲ្យកូនចៅចេះចង់ធ្វើបុណ្យទានទម្លាប់ឲ្យស្គាល់ ឲ្យស្រឡាញ់ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលជាទីពឹងរបស់ខ្លួន ជាពុទ្ធមានមកជូន ។ ការដែលមានកូនចៅទៅវត្តជាកិច្ចប្រសើរក្រៃ តែបើនាំយកទៅហើយបណ្ដោយឲ្យឥតល្បប ក៏ត្រឡប់ជាមិនប្រសើរវិញ ។
ពេលប្រជុំយ៉ាងសំខាន់ ដែលមិនត្រូវយកកូនចៅទៅជាមួយផងឲ្យសោះ ។ ត្រង់នេះយើងរាល់គ្នាគប្បីចូលចិត្តបានថា ប្រជុំណាមួយដែលគេតែងតែរាប់ចំនួនភ្ញៀវឲ្យមានកំណត់ថា មានប៉ុណ្ណេះប៉ុណ្ណោះ ។ ភ្ញៀវត្រូវប្រតិបត្តិតាមសំបុត្រអញ្ជើញ នោះយ៉ាងណាម៉ិញ? ថាបើអញ្ជើញតែស្វាមី ភរិយាកុំគប្បីទៅផងទេ ។ បើគេអញ្ជើញទាំងស្វាមីភរិយា នោះគប្បីយកកូនចៅទៅផងឡើយ ។ បើគេអញ្ជើញគ្រួសារទាំងមូលទើបទៅទាំងអស់គ្នាបាន ។ ចុះដោយហេតុដូចម្ដេច?
នឹងលើកឧទាហរណ៍មួយជាតួយ៉ាង មកអធិប្បាយពន្យល់ជូនឲ្យឃើញការប្រៀបប្រដូចក្នុងពិធីរៀបអាពាហ៍ពិអាហ៍ គេតែងលៀងភ្ញៀវជាកិត្តិយសដោយមេត្រីរាប់អានរវាងមិត្រភក្តិនឹងសាច់សន្ដាន ។ អ្នកដើមការតែងតែគិតចំនួនភ្ញៀវចំនួនកៅអី ចំនួនតុ ឲ្យត្រូវគ្នាកុំឲ្យមានខ្វះខាត ខ្លាចក្រែងភ្ញៀវអន់ចិត្ត ។ បើប្រសិនជាសល់តុវិញនោះពុំជាការអ្វីឡើយ ។ ត្រង់នេះហើយជាហេតុចង្អុលឲ្យយើងជាភ្ញៀវកុំគប្បីយកកូនចៅទៅផង ដែលអ្នកដើមការពុំបានគិតទីកន្លែងនឹងម្ហូបចំណីទុកឲ្យ ។ មិនទាល់តែប៉ុណ្ណោះទេ ត្រូវដឹងថា គេតែងកំណត់ទុក រៀបទុកជាមុនឲ្យឃើញថាក្នុង១តុ ត្រូវដាក់ភ្ញៀវ៦នាក់ ឬ ៨នាក់... ។ ចុះបើភ្ញៀវណាមួយមានកូនម្នាក់យកទៅផង ហើយនិយាយសុំកៅអី១ទៀត ចានបាយ១ទៀត សមស្លាបព្រា១សម្រាប់ទៀត តើឲ្យគេទៅរកឯណាមកឲ្យយើង? នេះហើយជាហេតុដែលយើងធ្វើឲ្យគេរំខានឲ្យខូចរបៀបរៀបរយរបស់គេ ។ យើងគប្បីគោរពរបៀបគេឲ្យបានបរិបូណ៌ ។
ដូចប្រជុំមើលល្បែងរបាំផ្សេងៗក្ដី ប្រជុំស្ដាប់សន្និសិទក្ដី... ។ល។ ដែលជាប្រជុំមានកំណត់ទីអង្គុយតាមចំនួនភ្ញៀវ នោះភ្ញៀវមិនត្រូវដឹកនាំយកអ្នកដទៃទៅផងទេ ឲ្យលើសពីសំបុត្រអញ្ជើញរបស់គេ ។
ឯកសារយោង
កែប្រែ- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ