ទីអង្គុយ (តាមឱវាទពីបុរាណ)
[១] ចាស់ៗច្រើនទូន្មានកូនចៅថា «ត្រូវអង្គុយឲ្យទាប» តើយ៉ាងណាម៉ិញ? ។ ក្នុងពេលប្រជុំម្ដងៗ រមែងមានជនគ្រប់ជាន់គ្រប់ថ្នាក់ក្សត្រិយ៍ មន្ត្រី រាស្ត្រសាមញ្ញប្រុសស្រី ចាស់ក្មេងជាធម្មតា ហើយលោកឲ្យឱវាទយើងទាំងអស់គ្នា ឲ្យអង្គុយឲ្យទាប ។ ចុះទីត្រង់ណាដែលយើងសំគាល់ទុកថាជាទីទាប? ។
យើងទាំងអស់គ្នាត្រូវឲ្យដឹងឋានៈរបស់យើង យើងអាចស្គាល់បាន ចូលចិត្តបានថាក្នុងប្រជុំនេះ (មិននិយាយពីប្រជុំជាផ្លូវការទេ) គឺអ្នកស្រុកភូមិផងរបងជាមួយញាតិសាច់ និងមិត្រភក្ដិ... ។ល។ ដូច្នេះយើងអង្គុយត្រង់នេះ ជាទីគួរសមតែយើងកុំគប្បីទៅអង្គុយដល់ទីនោះភ្លាមទេ យើងគប្បីរើសយកទីបន្ទាប់អំពីនោះបន្តិចមក យ៉ាងនេះហើយហៅថាអង្គុយឲ្យទាប ព្រោះយើងបារម្ភក្រែងមានអ្នកធំជាងយើង ឬ ចាស់ជាងយើង អញ្ជើញមកទៀតមិនរវល់នឹងរើសកន្លែង ។
មួយវិញទៀត ក្នុងពេលប្រជុំនោះ បើមានមន្ត្រីចាស់ (រ៉ឺត្រែត) ដែលលោកមានយសក្ដិធំខ្ពស់ដែរ ឬ មានចាស់ព្រឹទ្ធាចារ្យ ដែលប្រកបដោយលក្ខណៈ ជាអ្នកស្រគត់ស្រគំ អ្នកសមាទានរក្សាសីល សមរម្យជាទីគោរពរបស់យើង ទុកដូចជាឪពុកយើង ម្ដាយយើង ជីដូនជីតាយើង យើងគប្បីអញ្ជើញឲ្យខិតឡើងទៅមុខបន្តិចក៏គួរដែរ ទុកណាជាយើងជាមន្ត្រីធំក្ដី តូចក្ដី ដែលនៅងារពេញទី ។ ចំណែកខាងស្រីៗក៏គប្បីប្រើរបៀបអង្គុយដូចអធិប្បាយហើយខាងលើនេះ ។
របៀបអង្គុយនឹងឲ្យរៀបរយបានល្អអាស្រ័យភ្ញៀវ និងការគួរសមឲ្យបរិបូណ៌ផង បើភ្ញៀវឥតល្បបមិនគិតក្រែងមានការរំខានដល់ភ្ញៀវ និងភ្ញៀវផងគ្នា ឬ ដល់អ្នកម្ចាស់ផ្ទះ ម្ចាស់បុណ្យ នោះជាអំពើឲ្យកើតឡើងនូវសេចក្ដីមិនស្រួលក្នុងទីប្រជុំ ឬបង្កើតនូវសេចក្ដីចង្អៀតចង្អល់ចិត្តគេឯងរាល់គ្នា ។
ឯកសារយោង
កែប្រែ- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ