ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ធម្មបទគាថា

ធម្មបទ ប្រែថា គន្លងនៃធម៌ ឬ ធម៌ ដែលជាផ្លួវ សម្រាប់ធ្វើដំណើរទៅរក សេចក្តីសុខសម្រាន្ត ក្នុងជីវិត របស់បុគ្គលម្នាក់ ៗ ។ ធម្មបទគាថា (អដ្ឋកថា ឈ្មោះបរមត្ថជោតិកា ឬ ដែលគេស្គាល់ថា ធម្មបទដ្ឋកថា) ជាផ្នែកមួយ នៃគម្ពីរ ខុទ្ទកនិកាយ ដោយមានបទធម៌ តែងជាឆន្ទ ឬ ជាកាព្យភាសាបាលី បែងចេញជា ២៦ វគ្គ គឺ ៖

យមកវគ្គ កែប្រែ

[១១] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស [ធម៌ជាទោស ឬជាឧបក្កិលេសនៃចិត្ត មានអភិជ្ឈាជាដើម ដែលចូលមកធ្វើចិត្តឲ្យវឹកវរ ។] ប្រទូស្តហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លា [ជ្រះថ្លាដោយគុណ មានអនភិជ្ឈាជាដើម ។ អដ្ឋកថា ។] ហើយ ពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខ រមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។ អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្ដីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ ។ អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា មិនចងសេចក្ដីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ ទើបរម្ងាប់បាន ។ ពិតមែន តាំងពីកាលណាមក ក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌ ។ ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ ។ បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ ។ ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ភ្នំថ្មតាន់មិនបានដូច្នោះ ។ អ្នកណា នៅមានទឹកចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់ការទូន្មាន នូវឥន្ទ្រិយ និងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ ។ លុះតែអ្នកណា មានទឹកចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តដម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្ទ្រិយ និងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈបាន ។ ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។ ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវ ជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។ ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀង រមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង ។ ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង ។ បុគ្គលអ្នកធ្វើបាប តែងសោកស្តាយក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន ។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន ។ បុគ្គលអ្នកធ្វើអំពើបាប តែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាប អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង ។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យ អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង ។ បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើន តែជាអ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង ។ បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្ដីសៅហ្មង មិនមានសេចក្ដីប្រកាន់មាំ ក្នុងលោកនេះ និងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល ។ ចប់ យមកវគ្គ ទី១ ។

អប្បមាទវគ្គ កែប្រែ

[១២] សេចក្ដីមិនប្រមាទ [បានដល់ការប្រុងប្រយ័ត្ន ពាក្យនេះ ជាឈ្មោះស្មារតី ដែលបានតាំងប្រុងជានិច្ច ។] ជាផ្លូវនៃសេចក្ដីមិនស្លាប់ [ពាក្យថា មិនស្លាប់នេះ ជាឈ្មោះព្រះនិព្វាន ព្រោះព្រះនិព្វាន មិនមានចាស់ មិនមានស្លាប់ ។] សេចក្ដីប្រមាទ ជាផ្លូវនៃសេចក្ដីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ [បានដល់ការមិនប្រុងប្រយ័ត្ន ពាក្យនេះជាឈ្មោះនៃការលះបង់ស្មារតី ។] ឈ្មោះថា មិនស្លាប់ ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្ដីមិនប្រមាទ រីករាយក្នុងសេចក្ដីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរ ក្នុងធម៌ជាគោចរ [ពោធិបក្ខិយធម៌ ៣៧ និងលោកុត្តរធម៌ ៩ ហៅថា គោចរនៃអរិយៈ ។] នៃអរិយបុគ្គលទាំងឡាយ មានការពិនិត្យ ជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្ដីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាតដ៏ប្រសើរបំផុត ។ យស [ភាពជាធំ ភោគសម្បត្តិ សេចក្ដីរាប់អាន កិត្តិសព្ទដ៏ពីរោះ គុណទាំងនេះ រួមហៅថា យស ។] តែងចម្រើនកុះករ ដល់បុគ្គលអ្នកមានសេចក្ដីប្រឹងប្រែង មានស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្ដីប្រមាទ ។ អ្នកប្រាជ្ញ គប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់ គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្ដីប្រឹងប្រែងផង ដោយសេចក្ដីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រិយផង ។ ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្ដីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ ។ អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្ដីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្ដីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្ដីសុខដ៏ទូលាយ ។ កាលណាបណ្ឌិត បន្ទោបង់នូវសេចក្ដីប្រមាទ ដោយសេចក្ដីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។ បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះមានកំឡាំងទន់ទាប ដូច្នោះឯង ។ មឃមាណព ដល់នូវភាពជាបុគ្គលប្រសើរបំផុត ជាងទេវតាទាំងឡាយ ព្រោះតែសេចក្ដីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្ដីមិនប្រមាទ ត្មះតិះដៀលនូវសេចក្ដីប្រមាទ សព្វៗកាល ។ ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទ តែងដុតចោលសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង ។ ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។ ចប់ អប្បមាទវគ្គ ទី២ ។

ចិត្តវគ្គ កែប្រែ

[១៣] អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះ ដែលបុគ្គលលើកឡើងចាកអាល័យ គឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្ដៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើង ចាកទីនៅ គឺទឹក បោះទៅលើគោក ដូច្នោះឯង ។ ការទូន្មានចិត្ត ដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្ដីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យ សម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្ដីសុខ ។ អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្ដីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្ដីសុខ ។ អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ ។ ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្ដីជ្រះថ្លាអណ្តែតទៅ ។ ភ័យរមែងមិនមាន ដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបលះចោលហើយ ភ្ញាក់រឭកជានិច្ច ។ បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះ ឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ ។ ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានវិញ្ញាណទៅប្រាសហើយ គេយកទៅចោលផុតហើយ មុខជានឹងដេកស្តូកស្តឹងលើផែនដី ដូចជាអង្កត់ឧស រកប្រយោជន៍គ្មាន ។ ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរ ក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្ដីវិនាសណាមួយដល់គ្នា ចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្ដីវិនាសនោះទៅទៀត ។ មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃជាញាតិ មិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាងចិត្តដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន ។ ចប់ ចិត្តវគ្គ ទី៣ ។

បុប្ផវគ្គ កែប្រែ

[១៤] អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង ។ ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ នឹងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះ ។ ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចព្រេញថ្ងៃ គប្បីកាត់នូវផ្កាជាប្រធាននៃមារ គឺវដ្ដៈ ៣ ទៅកាន់ស្ថានជាទីមិនឃើញនៃមច្ចុរាជ ។ មច្ចុ គឺសេចក្ដីស្លាប់ តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង ។ អ្នកធ្វើទីបំផុត គឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន ។ ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។ ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គល មិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង ។ ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាម ដូច្នោះ ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។ មាលាការ ចេះធ្វើសំណុំនៃកម្រងផ្កា អំពីគំនរនៃផ្កា (ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាងណាមិញ កុសលដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើន យ៉ាងនោះ ។ ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមច័ន្ទន៍ក្ដី ក្លិនខ្លឹមក្រស្នាក្ដី ក្លិនផ្កាម្លិះរួតក្ដី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសីលជាគុណជាតប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា ។ ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន ។ មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្ដីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ ។ ផ្កាឈូក ទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្តេចមិញ បណ្តាជន ដែលដូចជាគំនរសម្រាម សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿង កន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា (របស់ខ្លួន) ដូច្នោះឯង ។ ចប់ បុប្ផវគ្គ ទី៤ ។

ពាលវគ្គ កែប្រែ

[១៥] រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។ បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ [ចូឡសីល មជ្ឈិមសីល មហាសីល កថាវត្ថុ ១០ ធុតង្គគុណ ១៣ វិបស្សនាគុណ មគ្គ ៤ ផល ៤ វិជ្ជា ៣ អភិញ្ញា ៦ ហៅថា សហាយតាគុណ ។] មិនមានក្នុងបុគ្គលពាលឡើយ ។ ជនពាលតែងព្រួយលំបាក ដោយសេចក្ដីសំគាល់ថា កូនទាំងឡាយរបស់អញ មាន ទ្រព្យរបស់អញ មាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន [ព្រោះមិនអាចនឹងការពារទុក្ខបាន ។ អដ្ឋកថា ។] ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថាមានអំពីណាបាន ។ អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួន ថាជាពាលនោះ ម្យ៉ាងទៀត អ្នកណា ជាមនុស្សពាល មានសេចក្ដីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត ។ មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វី ឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល ។ វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល ។ ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងធ្វើកម្មលាមក ដែលជាអំពើមានផលក្តៅក្រហាយ ។ បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថា ជាកម្មមិនល្អឡើយ ។ បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវសេចក្ដីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ ។ បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះតែកាលណាបាបឲ្យផល ជនពាលទើបប្រទះនូវសេចក្ដីទុក្ខ ក្នុងកាលណោះ ។ ជនពាលទុកជាបរិភោគភោជនដោយចុង [បានសេចក្ដីថា យកចុងស្បូវទៅចាក់ភោជន ហើយយកមកតេះនឹងចុងអណ្តាត ចំពោះគាថានេះ ព្រះសម្ពុទ្ធទ្រង់សំដែងប្រារព្ធនឹងជម្ពូកាជីវក ដែលជាអ្នកប្រព្រឹត្តបរិភោគបែបនោះជាវត្ត ក្នុងពេលដែលមហាជននាំភោជនមកបូជា ។] ស្បូវរាល់ៗខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី១៦ ៗ លើក របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ ។ កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ ដែលមិនទាន់ប្រែក្លាយ (ក្នុង ១ រំពេច) ដូច្នោះ បាបកម្មនោះ តាមដុតបុគ្គលពាល ដូចរងើកភ្លើង ដែលបិទបាំងទុកដោយផេះដូច្នោះ ។ ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្ដីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺ កុសលរបស់បុគ្គលពាលនោះ ។ ភិក្ខុពាល រមែងប្រាថ្នានូវសេចក្ដីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើក្នុងខាងមុខ គឺជាប្រមុខ ក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង ភិក្ខុពាល តែងមានសេចក្ដីត្រិះរិះថា គ្រហស្ថ និងបព្វជិតទាំង ២ ពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថាជាកិច្ចរបស់អញវិញ អំណាចដ៏ក្រៃលែងរបស់អញ ចូរមានក្នុងកិច្ចតូច ធំ ណាៗមួយ (កាលបើយ៉ាងនេះ) ឫស្យា និងមានះ រមែងចម្រើន ។ បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនុ៎ះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចម្រើនដោយលំដាប់ ។ ចប់ ពាលវគ្គ ទី៥ ។

បណ្ឌិតវគ្គ កែប្រែ

[១៦] បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់អ្នកប្រាជ្ញបែបនោះ (ព្រោះថា) កាលបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្ដីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។ បណ្ឌិតគួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់នូវជនទាំងឡាយចាកអំពើអសប្បុរស បណ្ឌិតនោះ រមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាង មិនជាទីស្រឡាញ់នៃអសប្បុរសឡើយ ។ បុគ្គល មិនគួរគប់មិត្តអាក្រក់ មិនគួរគប់បុរសថោកទាប គួរគប់តែមិត្តដែលល្អ គួរគប់តែបុរសជាន់ខ្ពស់ ។ បណ្ឌិត ដែលមានសេចក្ដីឆ្អែតក្នុងធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកអរក្នុងធម៌ដែលព្រះអរិយៈប្រកាសទុកហើយគ្រប់ពេល ។ ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះដែរ) ។ ភ្នំថ្មតាន់ មិនរំភើបព្រោះខ្យល់ ដូចម្តេចមិញ បណ្ឌិទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និងពាក្យសរសើរ (ជាដើម) ដូច្នោះឯង ។ អន្លង់ទឹកដែលជ្រៅ រមែងថ្លា មិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បើបានស្ដាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន យ៉ាងនោះ ។ ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្ដីប្រាថ្នាក្នុងកាម ពួកបណ្ឌិតបើសេចក្ដីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសំដែងអាការឡើងចុះឡើយ ។ បណ្ឌិតមិនគួរធ្វើអាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើអាក្រក់ ព្រោះហេតុនៃអ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាអ្នកមានសីល មានប្រាជ្ញាប្រកបដោយធម៌ ។ បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិច ចំណែកពួកសត្វក្រៅនេះ រមែងស្ទុះទៅកាន់ត្រើយ (គឺសក្កាយទិដ្ឋិ) ។ ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតទ្រង់សំដែងទុកហើយ ដោយប្រពៃ ជនទាំងនោះ នឹងឆ្លងនូវលំនៅនៃមច្ចុដែលមិនងាយឆ្លងបាន ហើយដល់នូវព្រះនិព្វាន ។ បណ្ឌិតគួរលះបង់ធម៌ខ្មៅ [អកុសលធម៌ មានកាយទុច្ចរិតជាដើម ។] ចេញ ញ៉ាំងធម៌ [កុសលធម៌ មានកាយសុចរិតជាដើម ។ អដ្ឋកថា ។] សឲ្យចម្រើនឡើង (ដោយវិធី) ចេញចាកអាល័យ គឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាតមិនមានអាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាអ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្ដីត្រេកអរ ក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះ បណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត ។ ចិត្តដែលបណ្ឌិតទាំងឡាយណា បានអប់រំល្អហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬបណ្ឌិតទាំងឡាយណា មិនប្រកាន់មាំ ត្រេកអរតែក្នុងការលះនូវសេចក្ដីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះ ៗ រមែងជាអ្នកអស់អាសវៈ មានសេចក្ដីរុងរឿង បរិនិព្វានក្នុងលោក ។ ចប់ បណ្ឌិតវគ្គ ទី៦ ។

អរហន្តវគ្គ កែប្រែ

[១៧] សេចក្ដីក្តៅក្រហាយ [សេចក្ដីក្តៅក្រហាយ មាន២យ៉ាង គឺក្តៅក្រហាយកាយ១ ក្តៅក្រហាយចិត្ត១ ព្រះខីណាស្រពនៅមានសេចក្ដីក្តៅក្រហាយ ព្រោះអំណាចកំដៅថ្ងៃ ឬត្រជាក់ជាដើម តែក្តៅក្រហាយក្នុងចិត្តមិនមាន ក្នុងទីនេះ សំដៅសេចក្ដីក្តៅក្រហាយក្នុងចិត្ត ។] រមែងមិនមានដល់លោកអ្នក មានផ្លូវឆ្ងាយដើរដល់ [ផ្លូវឆ្ងាយក្នុងទីនេះ សំដៅយកវដ្តៈដែលហៅថាវដ្តទ្ធា ។ ពួកសត្វដែលជាប់ក្នុងវដ្តៈ នៅក្នុងវដ្តៈដរាបណា ឈ្មោះថាជាអ្នកដើរផ្លូវឆ្ងាយដរាបនោះ ព្រោះសោតាបន្នបុគ្គលជាដើម ក៏ហៅថា អ្នកដើរផ្លូវឆ្ងាយដែរ ព្រោះមិនទាន់អស់វដ្តៈ តែព្រះខីណាស្រពលោកធ្វើវដ្តៈឲ្យអស់ហើយ ឲ្យឈ្មោះថាជាអ្នកដ៏មានផ្លូវឆ្ងាយដើរដល់ហើយ ។] ហើយ មិនមានសេចក្ដីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។ ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ [ខ្វល់ខ្វាយក្នុងគុណដែលខ្លួនបានហើយ ឬក្នុងឈាន និងវិបស្សនា ដោយកិច្ច គឺរំពឹងចូលចេញ អធិដ្ឋាន ឬពិចារណាមិនមានសម្រាក ។ អដ្ឋកថា ។] រមែងត្រេកអរក្នុងទីនៅអាស្រ័យ លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះ ។ ពួកជនណា មិនមានសេចក្ដីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ គតិ គឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ ។ ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ ដំណើររបស់ជននោះ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ ។ ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនរាបហើយ សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹងមិនញាប់ញ័រ ។ ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន ។ ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកដែលដឹងដោយប្រពៃ ផុតស្រឡះ (ចាករាគាទិក្កិលេស) ជាអ្នកស្ងប់រម្ងាប់ ដូច្នោះ ។ នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងត គឺវដ្ដៈផង មានឱកាសកំចាត់បង់ហើយផង មានសេចក្ដីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តមបុរស ។ ព្រះអរហន្តទាំងឡាយ នៅក្នុងទីណា ទោះជាស្រុកក្ដី ព្រៃក្ដី ទីទាបក្ដី ទីទួលក្ដី ទីនោះឯង ជាភូមិគួរត្រេកអរ ។ ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រព ដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម ។ ចប់ អរហន្តវគ្គ ទី៧ ។

សហស្សវគ្គ កែប្រែ

[១៨] បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ វាចានោះ ពុំប្រសើរឡើយ អ្នកណាស្ដាប់បទមានប្រយោជន៍ណាហើយ រមែងស្ងប់រម្ងាប់បាន បទមានប្រយោជន៍នោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង ។ បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថានោះ ពុំប្រសើរឡើយ អ្នកណាស្ដាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន បទនៃគាថានោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង ។ អ្នកណា គប្បីពោលគាថាមួយរយ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថាដែលអ្នកនោះពោលហើយនោះ ពុំប្រសើរឡើយ អ្នកណាស្ដាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន បទនៃធម៌នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង ។ អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗដង គឺមួយលាន ចំណែកអ្នកណា ឈ្នះខ្លួនឯងម្នាក់ឯងបាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ ជាងអ្នកដែលឈ្នះក្នុងសង្គ្រាមនោះ ។ ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះ របស់សត្វមានសភាពដូច្នោះ ឲ្យត្រឡប់ចាញ់វិញបានឡើយ ។ អ្នកណា បូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ខែ ៗ អស់ ១រយឆ្នាំគត់ ចំណែកអ្នកណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១រយឆ្នាំនោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ ។ ជនណា បម្រើភ្លើងក្នុងព្រៃអស់ ១០០ឆ្នាំ ចំណែកអ្នកណាបូជាលោក ដែលមានខ្លួនអប់រំហើយ តែ ១នាក់ សូម្បីមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ ។ បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជាធំតូចណាមួយ ក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី៤ នៃការអភិវាទន៍ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ប្រសើរជាង ។ ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្ដីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្ដីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានដម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានដម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមានចិត្តងុលងប់ ក្នុងអកុសលវិតក្កៈ មានព្យាយាមថោកថយ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលប្រារព្ធសេចក្ដីព្យាយាមមាំមួន ប្រសើរជាង ។ បុគ្គលណា រស់នៅមួយរយឆ្នាំ ឃើញការកើតឡើង និងការវិនាសទៅ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញការកើតឡើង និងការវិនាសទៅ ប្រសើរជាង ។ បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញផ្លូវព្រះនិព្វាន ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញផ្លូវព្រះនិព្វាន ប្រសើរជាង ។ បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង ។ ចប់ សហស្សវគ្គ ទី៨ ។

បាបវគ្គ កែប្រែ

[១៩] បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពីល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប ។ បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយ ៗ ឡើយ កុំគប្បីធ្វើសេចក្ដីពេញចិត្ត ក្នុងបាបនោះ (ព្រោះថា) ការសន្សំបាប តែងនាំសេចក្ដីទុក្ខមកឲ្យ ។ បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្ដីពេញចិត្ត ក្នុងបុណ្យនោះ (ព្រោះថា) ការសន្សំបុណ្យ តែងនាំសេចក្ដីសុខមកឲ្យ ។ បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សបាប ក៏នៅឃើញតែសេចក្ដីចម្រើនត្រឹមណោះ លុះកាលណា បាបឲ្យផល មនុស្សបាប ទើបឃើញបាប ក្នុងកាលនោះ ។ អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សល្អ នៅឃើញតែបាបត្រឹមណោះ លុះកាលណា អំពើល្អឲ្យផល មនុស្សល្អ ទើបឃើញល្អក្នុងកាលនោះ ។ បុគ្គល មិនគួរមើលងាយបាបថា មានប្រមានតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូច ក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាប សូម្បីបន្តិចម្តង ៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ ។ បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យ យ៉ាងនោះ ។ បុគ្គលគួរចៀសវៀងបាបទាំងឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវៀងផ្លូវគួរខ្លាច ឬដូចជាបុរសប្រាថ្នារស់នៅ ចៀសវៀងថ្នាំពិសដូច្នោះដែរ ។ បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិសតែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាប រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ យ៉ាងនោះដែរ ។ បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាប រមែងត្រឡប់មករកបុគ្គលពាលនោះវិញ ដូចធូលីល្អិត ដែលបុគ្គលបាចសាច ទៅកាន់ទីច្រាសខ្យល់ ។ ជនពួកខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ ទៅកាន់នរក ពួកអ្នកមានគតិល្អ ទៅកាន់ឋានសួគ៌ ពួកអ្នកមិនមានអាសវៈ បរិនិព្វាន ។ បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅឰដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនដែលមានឡើយ ។ បុគ្គលទៅឰដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះនៃភ្នំទាំងឡាយ ក៏មិនរួចចាកសេចក្ដីស្លាប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្ដីស្លាប់ គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ ។ ចប់ បាបវគ្គ ទី៩ ។

ទណ្ឌវគ្គ កែប្រែ

[២០] សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្ដីស្លាប់គ្រប់ ៗ រូប បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។ សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា (ព្រោះថា) ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លូនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។ ជនណា ស្វែងរកសេចក្ដីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្ដីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្ដីសុខឡើយ ។ ជនណា ស្វែងរកសេចក្ដីសុខដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ អ្នកដែលប្រាថ្នាសេចក្ដីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្ដីសុខ ។ អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយ ដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ ការតស៊ូទាំងឡាយ គប្បីប៉ះពាល់នូវអ្នក ។ បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ (រមែងមិនលាន់ឮសូរ) ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់ នូវព្រះនិព្វាន ការប្រណាំងប្រជែង មិនមានដល់អ្នក ។ គង្វាលគោ រមែងគៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្តេចមិញ ជរា និងមច្ចុ តែងគៀងអាយុរបស់សត្វទាំងឡាយ ដូច្នោះឯង ។ បុគ្គលមិនមានប្រាជ្ញា កាលធ្វើអំពើអាក្រក់ រមែងមិនភ្ញាក់ខ្លួន លុះកាលជាខាងក្រោយ ទើបក្តៅក្រហាយ ដោយសារកម្មរបស់ខ្លួន ដូចត្រូវភ្លើងឆេះ ។ បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញា មិនប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខណាមួយ ក្នុងហេតុ ១០យ៉ាង ដោយទាន់ហន់ គឺគប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្ដីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត (ឆ្កួត) ១ រឹបជាន់អំពីស្តេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ។ ការប្រព្រឹត្តិអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង មិនជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្ដីសង្ស័យបានទេ ។ បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ (ដោយគ្រឿងអម្ពរ) តែគប្បីប្រព្រឹត្តស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន (ឥន្ទ្រិយ) ជាបុគ្គលទៀង (ចំពោះមគ្គផល) អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះ ហៅថា ព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន ។ បុរសអ្នកកំចាត់បង់នូវអកុសលវិតក្កៈ ដោយសេចក្ដីខ្មាសបាប មានតិចក្នុងលោក បុគ្គលណា បន្ទោបង់នូវការដេកលក់ ដូចសេះល្អខ្លាចព្រោះរំពាត់ បុរសនោះ រកបានដោយក្រ ក្នុងលោក ។ សេះល្អ ដែលនាយសារថីទូន្មានដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្ដីតក់ស្លុតយ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិនិច្ឆ័យផង ជាអ្នកមានវិជ្ជា និងចរណៈដ៏បរិបូណ៌ មានស្មារតីតម្កល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ មិនខាន ។ ធម្មតាអ្នកបង្ហូរ តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន ។ ចប់ ទណ្ឌវគ្គ ទី១០ ។

ជរាវគ្គ កែប្រែ

[២១] កាលបើលោកសន្និវាស ត្រូវភ្លើងមានរាគៈ ជាដើម ឆេះទ្រលោមជានិច្ច ម្តេចក៏សើច ម្តេចក៏ត្រេកត្រអាល អ្នកទាំងឡាយត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ (ម្តេចឡើយ) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ។ អត្តភាពណា មិនទៀងទាត់ ឋិតថេរ អ្នកចូរមើលអត្តភាព (នោះ) ដែលកុសលាកុសលកម្ម ធ្វើវិចិត្រហើយ ជាកាយពាសពេញដោយដំបៅ ដែលឆ្អឹងបីរយកំណាត់ ផ្គុំគ្នាហើយ ជាអត្តភាពក្តៅក្រហាយជានិច្ច ជាទីរំពឹងត្រិះរិះរបស់ជនច្រើនគ្នា ។ រូបនេះគ្រាំគ្រាអស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយជារបស់ស្អុយ (នេះ) តែងបែកធ្លាយទៅវិញ ព្រោះថាជីវិតមានសេចក្ដីស្លាប់ជាទីបំផុត ។ ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយ ដូចផ្លែឃ្លោកក្នុងសរទកាល សេចក្ដីត្រេកអរអ្វីហ្ន៎ (របស់អ្នកទាំងឡាយ) ព្រោះតែឃើញឆ្អឹងទាំងឡាយ នោះ ។ សេចក្ដីគ្រាំគ្រា សេចក្ដីស្លាប់ សេចក្ដីប្រកាន់ខ្លួន និងសេចក្ដីលុបគុណ ប្រជុំចុះក្នុងសរីរៈណា (សរីរៈនោះ) ដែលកុសលាកុសលកម្មធ្វើហើយ ឲ្យជានគររបស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ដោយសាច់ និងឈាម ។ រាជរថទាំងឡាយ ដ៏វិចិត្រល្អ រមែងគ្រាំគ្រា សូម្បីសរីរៈក៏ដល់នូវសេចក្ដីគ្រាំគ្រាដូចគ្នា ទើបឯធម៌របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្ដីគ្រាំគ្រា (ដូច្នោះ) ទេ សប្បុរសទាំងឡាយ តែងនិយាយឲ្យពួកសប្បុរសផងគ្នាដឹងបាន ។ បុរសអ្នកមិនមានការចេះដឹងនេះ តែងចាស់ (ឥតអំពើ) ដូចគោបម្រើសាច់របស់វា តែងចម្រើនឡើង តែប្រាជ្ញារបស់វាមិនចម្រើនឡើយ ។ កាលតថាគតមិនទាន់បានជួបប្រទះ (ពោធិញ្ញាណ រវល់តែ) ស្វះស្វែងរកជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់សង្សារវដ្ដ មានជាតិដ៏ច្រើន សេចក្ដីកើត ជាទុក្ខរឿយៗ ។ នែជាងផ្ទះ អ្នកឯងធ្វើផ្ទះគឺអត្តភាព តថាគតឃើញហើយ អ្នកនឹងធ្វើផ្ទះ (របស់តថាគត) ទៀត មិនបានឡើយ ឆ្អឹងជំនី គឺកិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដម្បូលផ្ទះ គឺអវិជ្ជា តថាគតកំចាត់ចោលហើយ ចិត្តរបស់តថាគត ដល់ព្រះនិព្វាន ដែលមានសង្ខារប្រាសហើយ តថាគត បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។ ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅជាកំឡោះ ក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចសត្វក្រៀលចាស់ សំកុកនៅក្នុងភក់ដែលអស់ត្រីហើយ ។ ជនពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលខ្លួននៅកំឡោះ ក្រមុំ រមែងដេកថ្ងូរ សោកស្តាយទ្រព្យចាស់ទាំងឡាយ ដូចព្រួញដែលផុតចាកខ្សែបន្លោះ ដូច្នោះ ។ ចប់ ជរាវគ្គ ទី១១ ។

អត្តវគ្គ កែប្រែ

[២២] បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុក ក្នុងវ័យទាំង ៣ វ័យណាមួយ ។ បណ្ឌិត គួរដម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ ។ បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបាន យ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់ ។ ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្តេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។ បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង ។ ភាពជាអ្នកទ្រូស្តសីលហួសហេតុ [បើគ្រហស្ថចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង១០ បើបព្វជិតគិតអំពីថ្ងៃបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រូស្តសីលហួសហេតុ ។] គ្របសង្កត់ (នូវអត្តភាព) របស់បុគ្គលណា ដូចវល្លិ៍ ដែលរួបរឹតដើមឈើ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឯងឲ្យវិនាស ដូចជាចោរ អ្នកប្រាថ្នាធ្វើបុគ្គលនោះឲ្យវិនាសដូច្នោះ ។ កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក ។ បុគ្គលណាអ័ប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់សាសនារបស់ព្រះអរហន្តទាំងឡាយដ៏ប្រសើរ រស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួន ដូចផ្លែឫស្សីដូច្នោះ ។ អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្ដីបរិសុទ្ធ និងមិនបរិសុទ្ធ មានចំពោះខ្លួន អ្នកដទៃ នឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានទេ ។ បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន(នោះ) ។ ចប់ អត្តវគ្គ ទី១២ ។

លោកវគ្គ កែប្រែ

[២៣] បុគ្គល មិនគួរសេពធម៌ថោកទាប [កាមគុណ ៥ ឈ្មោះថា ធម៌ថោកទាប ព្រោះជាធម៌សម្រាប់ជនថោកទាប រាប់តាំងអំពីឱដ្ឋ និងគោជាដើម គប្បីសេព ទាំងជាធម៌នាំសត្វទៅកើតក្នុងទីទាប មាននរក ជាដើម ។] មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក ។ បុគ្គល មិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ [សំដៅយកភិក្ខាចរិយធម៌ ។ ការលះបង់អនេសនៈ ដើរទៅបិណ្ឌបាត តាមលំដាប់ច្រកល្ហក ឈ្មោះថា ភិក្ខាចរិយធម៌ ។] ឲ្យសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ បុគ្គល គួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲ្យទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា ស្តេចម្ឫត្យុ មិនឃើញអ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ ។ អ្នកទាំងឡាយ ចូរមកមើលលោកនេះដ៏ត្រកាល ដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមានដល់ជនជាបណ្ឌិតទាំងឡាយដែលដឹងច្បាស់ទេ ។ បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។ បុគ្គលណា ធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក ។ លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់ឋានសួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ ដូច្នោះ ។ ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញ ចាកលោកបាន ។ បុគ្គលប្រព្រឹត្តកន្លង (ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ ។ បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញ តែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្ដីសុខ ក្នុងលោកខាងមុខ ។ សោតាបត្តិផល ជាគុណជាតដ៏ប្រសើរ ជាងភាពនៃឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំ ក្នុងលោកទាំងមូលផង ។ ចប់ លោកវគ្គ ទី១៣ ។

ពុទ្ធវគ្គ កែប្រែ

[២៤] ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយក្នុងលោក រមែងមិនជាប់តាមជ័យជំនះ របស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត ។ តណ្ហាដែលមានបណ្តាញផ្សាយទៅ ក្នុងអារម្មណ៍ផ្សេង ៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្មាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត ។ អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតា និងមនុស្សទាំងឡាយតែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះ ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី ។ ការត្រឡប់បានអត្តភាពជាមនុស្ស បានដោយកម្រ ការរស់របស់សត្វទាំងឡាយ បានដោយកម្រ ការស្ដាប់ធម៌របស់សប្បុរស បានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ បានដោយកម្រ ។ ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។ ខន្តិ គឺសេចក្ដីអត់ធន់ ជាតបធម៌ [ធម្មជាតដុតកិលេសឲ្យក្តៅ ។] ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វាន ជាធម្មជាតដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថា សមណៈឡើយ ។ ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត ១ ការដេក និងអង្គុយក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ ។ ការស្កប់ស្កល់ ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ (ដែលធ្លាក់ចុះ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់ យ៉ាងនេះហើយ លោកមិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងជាអ្នកត្រេកអរក្នុងធម៌ ជាគ្រឿងអស់តណ្ហា ។ មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ ។ លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញាដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។ បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញា កើតក្នុងត្រកូលណា ត្រកូលនោះ តែងដល់នូវសេចក្ដីសុខ ។ ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ការសំដែងព្រះសទ្ធម្ម ជាសុខ សេចក្ដីព្រមព្រៀងគ្នានៃពួក ជាសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ ជាសុខ ។ កាលបុគ្គលបូជាដល់បូជារហបុគ្គលគឺ ព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្ដីសោក និងខ្សឹកខ្សួល ឬការបូជា ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីនិព្វានទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះមានប្រមាណប៉ុណ្ណេះបានឡើយ ។ ចប់ ពុទ្ធវគ្គ ទី១៤ ។ ចប់ បឋមភាណវារៈ ។

សុខវគ្គ កែប្រែ

[២៥] យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ ។ យើងជាអ្នកមិនមានសេចក្ដីក្តៅក្រហាយ (ដោយកិលេស) រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្ដីក្តៅក្រហាយ យើងជាអ្នកមិនមានសេចក្ដីក្តៅក្រហាយ ។ យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្ដីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ ។ យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត (ព្រោះ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។ បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។ ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្ដីស្ងប់ មិនមាន ។ សេចក្ដីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង (អ្នកប្រាជ្ញ) ដឹងច្បាស់សេចក្ដីនុ៎ះ តាមពិតហើយ (រមែងធ្វើឲ្យច្បាស់) នូវព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។ លាភមានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្ដីសន្តោស ជាយ៉ាងក្រៃលែង ញាតិមានសេចក្ដីស្និទ្ធស្នាល ជាយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង ។ ភិក្ខុផឹករស [រស ក្នុងទីនេះ សំដៅយកសេចក្ដីសុខដ៏ប្រសើរ ។] វិវេកផង រសព្រះនិព្វាន ជាទីរម្ងាប់កិលេសផង ផឹករសបីតិដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្ដីក្រវល់ក្រវាយ មិនមានសេចក្ដីសៅហ្មងឡើយ ។ ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្ដីសុខសព្វកាល បុគ្គលគប្បីមានសេចក្ដីសុខអស់កាលជានិច្ចបាន ព្រោះមិនជួបប្រទះបុគ្គលពាលទាំងឡាយ ។ បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្តាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខសព្វកាល ។ ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែកខាងការនៅរួមនឹងធីរជន រមែងជាសុខ ដូចការជួបជុំនៃញាតិទាំងឡាយ ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្ដីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈ ជាប្រក្រតីផង មានសីលវត្ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស ។ ចប់ សុខវគ្គ ទី១៥ ។

បិយវគ្គ កែប្រែ

[២៦] បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួន ក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន ។ កុំគប់រកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ក្នុងកាលណា ៗ ឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្ដី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្ដី ជាហេតុនាំមកនូវទុក្ខ ។ ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារ ឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់ និងការស្អប់ មិនមានដល់ពួកជនណា កិលេសគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមាន ដល់ពួកជននោះ ។ សេចក្ដីសោកកើតអំពីសេចក្ដីស្រឡាញ់ ភ័យកើតអំពីសេចក្ដីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្ដីស្រឡាញ់ហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។ សេចក្ដីសោកកើតអំពីសេចក្ដីស្រឡាញ់ ភ័យកើតអំពីសេចក្ដីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្ដីស្រឡាញ់ហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។ សេចក្ដីសោកកើតអំពីតម្រេក ភ័យកើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។ សេចក្ដីសោកកើតអំពីកាម ភ័យកើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។ សេចក្ដីសោកកើតអំពីតណ្ហា ភ័យកើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្ដីសោក ក៏លែងមាន ភ័យនឹងមានមកពីណា ។ ជនតែងធ្វើបុគ្គលដែលបរិបូណ៌ ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌ [សំដៅយកអរិយសច្ច ៤ ។] ជាប្រក្រតី ធ្វើកម្ម [បានដល់ត្រៃសិក្ខា ។ អដ្ឋកថា ។] ជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ ។ បុគ្គល អ្នកមានសេចក្ដីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្ត និងផលចិត្ត (ខាងក្រោម) ប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធក្នុងកាមផង តថាគតហៅថាជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅ ក្នុងខាងលើ ។ ពួកញាតិក្ដី មិត្រក្ដី សំឡាញ់ក្ដី រមែងត្រេកអរនឹងបុរសដែលឃ្លាតគ្នាអស់កាលយូរ មកអំពីចម្ងាយដោយសួស្តី មកដល់ហើយ យ៉ាងណាមិញ បុណ្យទាំងឡាយ តែងទទួលបុគ្គល ដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សលោកនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ទើបមកដល់ ដូច្នោះឯង ។ ចប់ បិយវគ្គ ទី១៦ ។

កោធវគ្គ កែប្រែ

[២៧] បុគ្គលគួរលះបង់សេចក្ដីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយ តែងមិនជាប់តាមបុគ្គល ដែលមិនចំពាក់ក្នុងនាម និងរូប មិនមានកិលេស គ្រឿងកង្វល់នោះឡើយ ។ បុគ្គលណា ឃាត់សេចក្ដីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះ ថាជាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរ (មិនមែនសារថីឡើយ) ។ បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្ដីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យមិនពិត ដោយពាក្យពិត ។ បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យ (តាមតិច) ១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង ។ ជនទាំងឡាយណា ជាអ្នកប្រាជ្ញ [សំដៅយកអសេក្ខមុនិ ដែលសម្រេចមគ្គផល ដោយមោនេយ្យប្បដិបទា ។ អដ្ឋកថា ។] មិនបៀតបៀនសត្វដទៃ សង្រួមហើយដោយកាយទ្វារ (ជាដើម) ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្តាយ ។ អាសវៈទាំងឡាយរបស់បុគ្គល អ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខាទាំងថ្ងៃ ទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិព្វាន តែងដល់នូវការតាំងនៅមិនបានឡើយ ។ ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បូរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើង ក្នុងថ្ងៃនេះទេ (ព្រោះថា) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀម ក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើន ក៏មាន និន្ទាបុគ្គល អ្នកនិយាយល្មមប្រមាណ ក៏មាន (អ្នកណាៗក៏ដោយ) ក្នុងលោក ដែលមិនត្រូវគេនិន្ទា គ្មានឡើយ បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬត្រូវគេសរសើរតែម៉្យាង មិនមែនមានមកហើយតែក្នុងអតីតទេ នឹងមានទៅក្នុងអនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។ បើអ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តដម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល អ្នកណាគួរនឹងនិន្ទាបុគ្គល ដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរ (ដូចគ្នា) ។ បុគ្គលគប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត គប្បីរក្សានូវការកម្រើកវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត គប្បីរក្សានូវការកម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ ។ ចប់ កោធវគ្គ ទី១៧ ។

មលវគ្គ កែប្រែ

[២៨] ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ [អ្នកបម្រើស្តេចយមៈ តែពាក្យនេះ សំដៅយកសេចក្ដីស្លាប់ ។ អដ្ឋកថា ។] ប្រាកដដល់អ្នកហើយ ខ្លួនអ្នក តាំងនៅក្នុងមាត់សេចក្ដីវិនាស សូម្បីស្បៀង គឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ ។ អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន ។ ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក ។ អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ ។ អ្នកមានប្រាជ្ញា គួរកំចាត់បង់មន្ទិលរបស់ខ្លួនបន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ដូចជាងមាស ជំរះស្នឹម ឬច្រែះរបស់មាសដូច្នោះ ។ ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញាជាគ្រឿងជំរះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។ មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្ដីខ្ជិល ជាមន្ទិលរបស់ពណ៌សម្បុរ សេចក្ដីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។ ការប្រព្រឹត្តិអាក្រក់ [សំដៅយកការប្រព្រឹត្តិកន្លងចិត្តប្តី ។ អដ្ឋកថា ។] ជាមន្ទិលរបស់ស្ត្រី សេចក្ដីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ទាំងឡាយ ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះមន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ ។ បុគ្គលអ្នកមិនមានសេចក្ដីអៀនខ្មាស ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន (យកមុខ) ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ ។ ចំណែកបុគ្គលអ្នកមានសេចក្ដីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក ។ ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកវត្ថុដែលគេមិនបានឲ្យ ក្នុងលោកផង សេពប្រពន្ធរបស់អ្នកដទៃផង ជនណា ផឹកទឹកសុរា និងមេរ័យផង ជននោះឯងឈ្មោះថា គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត ។ ម្នាលបុរសដ៏ចម្រើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយមានធម៌ដ៏លាមក រមែងមិនជាអ្នកសង្រួមដូច្នេះ លោភៈ និងសភាពមិនមែនធម៌ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបានសេចក្ដីទុក្ខអស់កាលយូរឡើយ ។ ជន រមែងឲ្យតាមសទ្ធា តាមសេចក្ដីជ្រះថ្លា បុគ្គលណា ជាអ្នកអៀនខ្មាសក្នុងទឹក និងភោជនរបស់ជនទាំងឡាយដទៃ ជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ឡើយ ។ លុះតែសេចក្ដីអៀនខ្មាសនោះ បុគ្គលណា បានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបានសមាធិចិត្តក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ។ ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្តាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន ។ ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថា រមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សី បិទបាំងអត្តភាព ដោយវត្ថុសម្រាប់បិទបាំង (មានមែកឈើជាដើម) ដូច្នោះ ។ កាលបុគ្គលគយឃ្លាំមើលទោសរបស់បុគ្គលដទៃ ជាប្រក្រតី មានការសំគាល់ហេតុក្នុងការពោលទោស (អ្នកដទៃ) ជានិច្ចជាប្រក្រតី អាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ ។ ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយ ក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឺតយូរឡើយ ។ ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។ ចប់ មលវគ្គ ទី១៨ ។

ធម្មដ្ឋវគ្គ កែប្រែ

[២៩] បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាត់សេចក្ដីទាំងពីរ គឺសេចក្ដីពិត និងសេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ (ដល់ទោស) បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌ ។ បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។ បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ។ បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថាចាស់ជាមោឃៈ ។ លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ ។ បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យ (ល្អ) ឬដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្ត ក៏មិនទាន់បានទេ ។ លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះជាអ្នកមានទោស ខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថាជាមនុស្សល្អបាន ។ បុគ្គល មិនបានឈ្មោះថាជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្ដីប្រាថ្នា និងលោភៈ ឈ្មោះថាជាសមណៈដូចម្តេចបាន ។ លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ ។ បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះ មិនទាន់បានទេ ។ លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តិដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្ដីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ ។ បុគ្គលមានសេចក្ដីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ដូចបុគ្គលកាន់ជញ្ជឹង ហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះហៅថា មុនី ដោយហេតុនោះ ។ បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។ ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល និងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណ មានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។ ចប់ ធម្មដ្ឋវគ្គ ទី១៩ ។

មគ្គវគ្គ កែប្រែ

[៣០] ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺអរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្ដីបរិសុទ្ធិនៃទស្សនៈ ផ្លូវដទៃ មិនមានទេ ។ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះជាផ្លូវញ៉ាំងមារឲ្យវង្វេង អ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន ។ ផ្លូវនេះហើយ ដែលតថាគតដឹងថា ជាផ្លូវកំចាត់បង់កូនសរ ប្រាប់ដល់អ្នកទាំងឡាយ សេចក្ដីព្យាយាម ញ៉ាំងកិលេសឲ្យក្តៅសព្វ អ្នកទាំងឡាយ គប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន ។ កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធិ ។ កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង នាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធិ ។ កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង មិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធិ ។ បុគ្គលនៅកំឡោះមានកំឡាំង ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែង ក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គលខ្ជិល (នោះ) រមែងមិនបានផ្លូវបញ្ញាឡើយ ។ បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជំរះកម្មបថទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោក អ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ ។ ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្ដីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា ដឹងការប្រកប និងការមិនប្រកប ទាំងពីរនេះថា ជាគន្លងនៃសេចក្ដីចម្រើន និងសេចក្ដីវិនាសហើយ ប្រាជ្ញាចម្រើនឡើងដោយប្រការណា គួរតម្កល់ខ្លួនទុក ដោយប្រការនោះ ។ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (ព្រោះ) ភ័យកើតអំពីកិលេសដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ហើយចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចដើមឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារីដរាបណា នរជននោះឯង តែងមានចិត្តជាប់ចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ ។ អ្នកចូរដកសេចក្ដីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្តុះនូវផ្លូវសន្តិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ ។ អញនឹងនៅក្នុងទីនេះ អស់វស្សានរដូវ អញនឹងនៅក្នុងទីនេះក្នុងហេមន្តរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្ដីអន្តរាយឡើយ ។ មច្ចុ គឺសេចក្ដីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ ក្នុងកូន និងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗនោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់ ។ កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ សេចក្ដីទីពឹងក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីទៅកាន់ព្រះនិព្វានឲ្យបាន ។ ចប់ មគ្គ ទី២០ ។

បកិណ្ណកវគ្គ កែប្រែ

[៣១] បើឃើញសេចក្ដីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។ ជនប្រាថ្នាសេចក្ដីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ ។ របស់ណា ដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចម្រើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្ដីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ ។ លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណា បានប្រារព្ធប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយ ៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ ។ បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្ស័ត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចជាដែន ប្រព្រឹត្តទៅ មួយអន្លើ ដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។ បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាស្តេច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំជាគម្រប់ ៥ ផង (ដែលនៅស្កាត់ផ្លូវ) បានហើយ រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។ សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។ សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។ សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។ សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃសព្វកាល ។ ចិត្តរបស់ពួកជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។ ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល ។ ការចេញបួស បានដោយក្រ ការត្រេកអរត្រូវ បានដោយក្រ ផ្ទះទាំងឡាយ មានការនៅគ្រប់គ្រងដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា [អាចារ្យខ្លះ ប្រែថា ការនៅរួមដោយជនមិនស្មើគ្នា ព្រោះបទថា ទុក្ខោសមានសំវាសោ អាចកាត់បទជា ទុក្ខោ + អសមានសំវាសោ យ៉ាងនេះបាន ។ អដ្ឋកថា ក៏មានពន្យល់ដែរ ចំណែកសេចក្ដី បានសេចក្ដីល្អទាំង ២យ៉ាង គឺការមិននៅរួមនឹងមនុស្សស្មើគ្នា ក៏ជាការក្រ នៅរួមនឹងមនុស្សមិនស្មើគ្នា ក៏ជាការក្រ ។] (ដែលមិនមានសេចក្ដីកោតក្រែង) ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខ ធ្លាក់ជាប់តាមផង ។ បុគ្គលអ្នកមានសទ្ធា បរិបូរណ៌ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណា ៗ គេតែងបូជា ក្នុងប្រទេសនោះ ៗ ។ ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្តដូច្នោះ ពួកអសប្បុរស (ទុកជាឋិតនៅ) ក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ ក្នុងវេលាយប់ ។ បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯងទូន្មានខ្លួន គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់ ។ ចប់ បកិណ្ណកវគ្គ ទី២១ ។

និរយវគ្គ កែប្រែ

[៣២] អ្នកពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ (អំពើអាក្រក់) ហើយ និយាយថា អញមិនធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោក (ស្មើគ្នា) នោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត ។ ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ តែ (ប្រព្រឹត្ត) ធម៌ដ៏លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមកនោះ ។ បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងក្តៅ មានពណ៌ដូចអណ្តាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្តសីល មិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរដូចម្តេចបាន ។ នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក ។ (ហេតុនៃសេចក្ដីទុក្ខ ៤ យ៉ាងផ្សេងទៀត) គឺ បានរបស់មិនជាបុណ្យ ១ មានគតិអាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ ។ ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈ ដែលបព្វជិតកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង ។ កម្មណាមួយ ដែលធូរថយក្ដី វត្តណាមួយដែលសៅហ្មងក្ដី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្ដីរង្កៀសក្ដី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ ។ បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង ។ អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា) អំពើអាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្តៅក្រហាយក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ ។ នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅយ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងនោះ កុំឲ្យខណៈ [ខណ-សព្ទនេះ ប្រែថា “ពេលល្អ” ចែកចេញជា៤យ៉ាងគឺ ពុទ្ធុប្បាទក្ខណោ ពេលដែលព្រះពុទ្ធបានត្រាស់ ១ មជ្ឈិមប្បទេសេ ឧបត្តិក្ខណោ ពេលដែលសត្វកើតឡើងក្នុងមជ្ឈិមប្បទេស ១ សម្មាទិដ្ឋិយា បដិលទ្ធក្ខណោ ពេលដែលត្រូវបានសម្មាទិដ្ឋិ ១ ឆន្នមាយតនានំ អវេកល្លក្ខណោ ពេលដែលមិនវិកលអាយតនៈប្រាំមួយ ១ ។ អដ្ឋកថា ។] កន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយ ដែលឲ្យខណៈកន្លងហើយ រមែងសោកស្តាយ ក្នុងនរកមីរដេរដាស ។ សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលគេត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។ សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថាជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញក្នុងហេតុដែលគេត្រូវខ្លាច ថាជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។ សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលឥតទោស ថាជាហេតុមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ ។ សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោស ថាជារបស់មានទោសផង ដឹងរបស់មិនមានទោស ថាជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ ។ ចប់ និរយវគ្គ ទី២២ ។

នាគវគ្គ កែប្រែ

[៣៣] តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរី កាលអត់ទ្រាំចំពោះព្រួញ ដែលរបូតចេញអំពីធ្នូ ក្នុងសង្គ្រាមដូច្នោះ ព្រោះថា ជនទ្រុស្តសីល មានច្រើននាក់ ។ ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ ទៅកាន់ទីប្រជុំ ព្រះរាជា តែងស្តេចឡើងកាន់វាហនៈ ដែលទូន្មានហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាអ្នកមានខ្លួនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត ។ ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀនប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ ។ បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថាទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ ។ ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក បើនាយហត្ថាចារ្យចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឭកដល់ព្រៃខ្ទឹងដែលដំរីនោះធ្លាប់នៅ ។ កាលណា បុគ្គលអ្នកមានសេចក្ដីងោកងុយផង អ្នកបរិភោគភោជន មានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹម ដោយសូករភត្ត កាលនោះ បុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គភ៌រឿយ ៗ ។ ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការ ដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្ដីសប្បាយក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរ សង្កត់សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។ អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញ ចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន ។ បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មានស្មារតី គ្របសង្កត់សេចក្ដីអន្តរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញ់នោះឯង ។ បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រាច់ទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋ ដែលទ្រង់ឈ្នះហើយ ស្តេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ ។ ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាតប្រសើរផុត (ព្រោះថា) សហាយតាគុណ រមែងមិនមានក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ ។ កាលបើសេចក្ដីត្រូវការ កើតឡើងហើយ សំឡាញ់ទាំងឡាយ នាំសេចក្ដីសុខមកឲ្យ សេចក្ដីត្រេកអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្ដីសុខមកឲ្យ បុណ្យ នាំសេចក្ដីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្ដីសុខមកឲ្យ ។ សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យក្នុងលោក មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកឲ្យ សេចក្ដីប្រតិបត្តិល្អក្នុងសមណៈ នាំសេចក្ដីសុខមកឲ្យក្នុងលោក មួយទៀត សេចក្ដីប្រតិបត្តិល្អ ក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកឲ្យ សីល នាំសេចក្ដីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្ដីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកឲ្យ ។ ចប់ នាគវគ្គ ទី២៣ ។

តណ្ហាវគ្គ កែប្រែ

[៣៤] តណ្ហា តែងចម្រើនដល់មនុស្សអ្នកមានការប្រព្រឹត្តិ ដោយសេចក្ដីប្រមាទជាប្រក្រតី ដូចវល្លិ រួបរឹតដើមឈើហើយ ចម្រើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំដូចស្វា កាលប្រាថ្នាផ្លែឈើ លោតទៅក្នុងព្រៃ ដូច្នោះដែរ ។ តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្ដីសោកស្តាយ តែងចម្រើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្តាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ ពន្លកលូតលេចឡើង ដូច្នោះដែរ ។ ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្ដីសោកស្តាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ ។ ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្ដីចម្រើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំង គាស់ស្បូវរណ្តាសចោលចេញ ដូច្នោះ ។ មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុស ដូច្នោះឡើយ ។ កាលបើឫសឈើ មិនមានសេចក្ដីអន្តរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ កាលបើតណ្ហានុស័យ បុគ្គល កំចាត់មិនទាន់បានហើយ ទុក្ខ (មានជាតិទុក្ខជាដើម) នេះ ក៏តែងកើតរឿយ ៗ មានឧបមេយ្យដូច្នោះឯង ។ ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិក្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ ។ ខ្សែតណ្ហាទាំងឡាយ តែងហូរទៅក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហា ដូចជាវល្លិនោះ កើតឡើងហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិត គឺបញ្ញា ។ សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្ដីស្រឡាញ់ផង រមែងមានដល់សត្វ ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្ដីរីករាយ អ្នកស្វែងរកសេចក្ដីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិ និងជរា ។ ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលព្រានទាក់បានហើយដូច្នោះ ពួកសត្វ ដែលជាប់ក្នុងសំយោជនៈ និងសង្គធម៌ (ធម៌ជាគ្រឿងជំពាក់) តែងដល់នូវសេចក្ដីទុក្ខរឿយ ៗ អស់កាលអង្វែង ។ ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ ។ បុគ្គលណា មិនមានអាល័យ ក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃ គឺតបធម៌ ជាអ្នករួចស្រឡះចាកព្រៃ គឺតណ្ហា ហើយស្ទុះទៅរកព្រៃ គឺតណ្ហាវិញ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះឯង បុគ្គលនោះ រួចចាកចំណង គឺឃរាវាសហើយ ស្ទុះទៅរកចំណង គឺឃរាវាសវិញ ។ ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញ មិនហៅចំណងនោះ ថាជាចំណងមាំមួនឡើយ ។ ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណី និងកុណ្ឌលទាំងឡាយក្ដី សេចក្ដីអាឡោះអាល័យកូន និងប្រពន្ធទាំងឡាយក្ដី អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្ដីត្រេកអរ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ (ទាញសត្វទំលាក់ទៅក្នុងអបាយ) ជាចំណងធូរទេ ប៉ុន្តែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយ កាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។ ពួកជនណា ត្រេកអរដោយអំណាចរាគៈ ពួកជននោះ តែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាងទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាត់ខ្សែតណ្ហានោះ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះទុក្ខទាំងពួង ចេញទៅ ។ អ្នកចូរដោះ (សេចក្ដីអាល័យ) ក្នុងកាលមុនចេញ ចូរដោះ (សេចក្ដីអាល័យ) ក្នុងខាងក្រោយចេញ ចូរដោះ (សេចក្ដីអាល័យ) ក្នុងកាលជាកណ្តាលចេញ (កាលបើធ្វើយ៉ាងនេះ) អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះ ចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិ និងជរាទៀតឡើយ ។ តណ្ហា រមែងចម្រើនក្រៃលៃង ដល់ជនដែលវិតក្កៈញាំញី មានតម្រេកក្លៀវក្លា យល់ឃើញអារម្មណ៍ថាល្អ បុគ្គលនោះឯង ឈ្មោះថាធ្វើចំណងឲ្យមាំមួន ។ លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្កៈ មានស្មារតីសព្វកាល តែងចម្រើនអសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។ បុគ្គលណា ដល់សេចក្ដីសម្រេច គឺអរហត្ត ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរ គឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្គុំគ្នាហើយនេះ របស់បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត ។ បុគ្គលណា មិនមានតណ្ហា មិនមានសេចក្ដីប្រកាន់មាំ ជាអ្នកឈ្លាស ក្នុងនិរុត្តិ (វាចាជាគ្រឿងសំដែងចេញ) និងបទដ៏សេស ដឹងច្បាស់ នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាងដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស ។ តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុព្ភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅ ក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណាជាគ្រូអាចារ្យទៀត ។ ធម្មទាន ឈ្នះអាមិសទានទាំងពួង ធម្មរស ឈ្នះរសទាំងពួង សេចក្ដីត្រេកអរក្នុងធម៌ ឈ្នះសេចក្ដីត្រេកអរទាំងពួង ការអស់តណ្ហា ឈ្នះទុក្ខទាំងពួង ។ ភោគៈទាំងឡាយ រមែងសម្លាប់បុគ្គលអ័ប្បប្រាជ្ញា ប៉ុន្តែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានទេ ឯបុគ្គលអ័ប្បប្រាជ្ញា រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់ក្នុងភោគៈ ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានរាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានរាគៈអស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្ដីច្រណែន ជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានសេចក្ដីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន ។ ចប់ តណ្ហាវគ្គ ទី២៤ ។

ភិក្ខុវគ្គ កែប្រែ

[៣៥] ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្តាតប្រពៃ ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។ ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាពជាអ្នកត្រេកអរក្នុងការចម្រើនកម្មដ្ឋានដែលមានក្នុងខ្លួន ជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថា ភិក្ខុ ។ ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផងបាន ភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ ។ ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយ ៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ ។ ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន (ដែលកើតឡើងដោយធម៌) មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃ រមែងមិនបានសមាធិឡើយ ។ បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតា និងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាមជាគ្រឿងអាស្រ័យរស់នៅដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស ។ បុគ្គលណា មិនមានសេចក្ដីប្រកាន់ក្នុងនាម និងរូប ថាជារបស់អញ ដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្តាយ ព្រោះនាម និងរូបដែលមិនមាន បុគ្គលនោះឯង តថាគតហៅថា ភិក្ខុ ។ ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។ ម្នាលភិក្ខុ ចូរអ្នកស្តារទូក គឺអត្តភាពនេះ ទូកដែលអ្នកស្តារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយអំពីនោះ នឹងអាចដល់នូវព្រះនិព្វាន ។ ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងចំពាក់ ៥ (រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។ ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរកុំជាអ្នកប្រមាទផង ចិត្តរបស់អ្នក ចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ ។ ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ប្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន ។ សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ដោយប្រពៃ ។ ភិក្ខុពិចារណាការកើតឡើង និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ បីតិ និងបាមោជ្ជៈនោះ ឈ្មោះថាជាអមតធម៌ របស់បណ្ឌិតអ្នកដឹងធម៌ទាំងឡាយ ។ គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្តោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ (ម្នាលភិក្ខុ) អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស ។ ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈចេញ ដូចម្លិះជំរុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ ។ ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មាចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។ អ្នកចូរដាស់តឿនខ្លួនដោយខ្លួនឯង ចូរពិនិត្យខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះបើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ ។ មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯងជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ ។ ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ ។ ភិក្ខុណានៅកម្លោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក ។ ចប់ ភិក្ខុវគ្គ ទី២៥ ។

ព្រាហ្មណវគ្គ កែប្រែ

[៣៦] ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជាអ្នកដឹងព្រះនិព្វានដែលបច្ច័យតាក់តែងមិនបាន ។ កាលណាព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេស គ្រឿងប្រកបសត្វទុកទាំងអស់របស់ព្រាហ្មណ៍ អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន ។ ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយ និងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា (សេចក្ដីប្រកាន់អាយតនៈមិនមានដល់បុគ្គលណា) តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍ ។ តថាគតហៅបុគ្គលអ្នកចម្រើនឈាន មានធូលី គឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសាវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះ ថាជាព្រាហ្មណ៍ ។ ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង ក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធ រមែងរុងរឿងដោយតេជះរហូតថ្ងៃ និងយប់ទាំងអស់ ។ អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថាព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តិរម្ងាប់ អ្នកដែលបណ្តេញមន្ទិលនៃខ្លួន ហេតុនោះទើបតថាគតហៅថា បព្វជិត ។ ព្រាហ្មណ៍ មិនគប្បីប្រហារព្រាហ្មណ៍ទេ (ចំណែក) ព្រាហ្មណ៍ (ដែលត្រូវគេប្រហារហើយ) មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។ ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរបន្តិចបន្តួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្ដីទុក្ខព្រោះវត្ថុនោះ ៗ ក៏រម្ងាប់ទៅបាន ។ អំពើអាក្រក់ ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត របស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គល ដែលបានសង្រួមដោយឋានទាំង ៣ នោះ ថាជាព្រាហ្មណ៍ ។ បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះដោយគោរព ដូចព្រាហ្មណ៍ដែលគោរពបូជាភ្លើងដូច្នោះដែរ ។ បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិ ក៏មិនមែន សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ផង ។ នែអ្នកអ័ប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្តានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយរាគាទិក្កិលេស អ្នកឈ្មោះថាដុសខាត់តែកាយខាងក្រៅទេ ។ តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើនឈានក្នុងព្រៃនោះ ថាជាព្រាហ្មណ៍ ។ តថាគតនឹងហៅអ្នកកើត អំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណីជាមាតា ថាជាព្រាហ្មណ៍ ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី (អ្នកពោលថាចម្រើន) ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្ដីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។ បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។ តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទីត ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសសរខឿន ដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថាជាព្រាហ្មណ៍ ។ បុគ្គលណា មិនប្រទូស្ត អត់សង្កត់ពាក្យជេរផង ការបៀតបៀន និងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្តិជាពលៈ មានខន្តិជារេហ៍ពលនោះឯង ថាជាព្រាហ្មណ៍ ។ តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហាគ្រឿងប៉ោងចិត្ត មានឥន្ទ្រិយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា មានចិត្តមិនបានជាប់នៅ ក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារៈ ដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយ ថាជាព្រាហ្មណ៍ ។ តថាគតហៅ បុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស អ្នកឈ្លាសក្នុងផ្លូវ និងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍ ។ តថាគតហៅ បុគ្គលដែលមិនច្រឡំដោយជនទាំងឡាយ ពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ជាអ្នកត្រាច់ទៅដោយមិនមានសេចក្ដីអាល័យ មានសេចក្ដីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី ដែលមាំមួន គឺមិនមានតក់ស្លុតក្ដី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះពួកជនដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្ដីប្រកាន់ ចំពោះពួកជនដែលមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។ រាគៈ ទោសៈ មានៈ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះអំពីចុងដែលស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុឲ្យដឹងសេចក្ដីបាន ជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាឲ្យទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្ដីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍ ។ អ្នកណា មិនមានសេចក្ដីអាល័យគឺតណ្ហា មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់ធម៌ តថាគតហៅបុគ្គលនោះ ដែលមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះអរហត្តផលដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ក្នុងលោកនេះ លះបង់បុណ្យ និងបាបទាំង ២ និងកិលេសជាគ្រឿងចំពាក់ (មានរាគៈជាដើម) ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្ដីសោក មានធូលី គឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍ ។ តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្ដីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា កន្លងផ្លូវវាង គឺរាគៈ និងភក់ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងអន្លង់ទាំង ៤ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្ដីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេសហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គល ដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា លះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គលដែលផុតស្រឡះចាកកិលេស ជាគ្រឿងប្រកបទាំងពួងនោះ ថាជាព្រាហ្មណ៍ ។ តថាគតហៅបុគ្គល ដែលលះបង់សេចក្ដីត្រេកអរ ក្នុងកាមគុណ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្ដីព្យាយាមនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា ដឹងច្បាស់ចុតិ និងបដិសន្ធិរបស់ពួកសត្វ ដោយអាការទាំងពួងបាន តថាគត ហៅបុគ្គលដែលជាអ្នកមិនជាប់នៅក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថាជាព្រាហ្មណ៍ ។ ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្តនោះ ថាជាព្រាហ្មណ៍ ។ បុគ្គលណា មិនមានសេចក្ដីកង្វល់ ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្តាលផង តថាគតហៅបុគ្គល ដែលជាអ្នកមិនមានកង្វល់ មិនមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍ ។ តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំ ឈ្នះមារ មិនមានកិលេសជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាប្រាហ្មណ៍ ។ បុគ្គលណា ដឹងច្បាស់ខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនផង ឃើញច្បាស់ឋានសួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញ ស្រេចកិច្ចហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គល ដែលជាអ្នកប្រព្រឹត្ត ព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍ ។ ចប់ ព្រាហ្មណវគ្គ ទី២៦ ។

ឯកសារយោង កែប្រែ

ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ធម្មបទគាថា​ (សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២)

ធម្មបទ